អានតួអត្ថបទ
បេឡូរុស្ស៊ី

សហភាព​អឺរ៉ុប នៅ​លើ​ផ្លូវ​ដាក់​ទណ្ឌកម្ម​ជា​ថ្មី ទល់​នឹង​បេឡូរុស្ស៊ី

បញ្ហា​នេះ កំពុង​ស្ថិត​នៅ​ក្នុង​ការ​ពិនិត្យមើល​របស់​ថ្នាក់ដឹកនាំ​បណ្តា​ប្រទេស​សហភាព ​អឺរ៉ុប ក្រោយ​ពី​បេឡូរុស្ស៊ី បាន​បិទ​ឲ្យ​ឈប់​ដំណើរការ​ទៅ​ ការិយាល័យ​របស់​ “ អង្គការ​ដើម្បី​សន្តិសុខ និង​សហប្រតិបត្តិការ​នៅទ្វីប​អឺរ៉ុប “ ហៅ​កាត់​ថា OSCE។ មូលហេតុ​នៃ​ការ​បិទ​នេះ គឺ​មក​ពី OSCE ដែល​មាន​ឯកទេសកម្ម​ខាង​តាម​ដាន​អំពី​ការ​បោះឆ្នោត​នៅ​តាម​ប្រទេស​សមាជិក​ ខ្លួន បាន​សន្និដ្ឋាន​ថា ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​បេឡូរុស្ស៊ី ក្នុង​ខែធ្នូ​កន្លង​ទៅ មិន​បាន​ឆ្លើយ​ស្រប​នឹង​ស្តង់ដារ​ប្រជាធិបតេយ្យ​ទេ៕

លោកស្រី Viviane Reding សមាជិក​នៃ​គណៈកម្មការ​អឺរ៉ុប
លោកស្រី Viviane Reding សមាជិក​នៃ​គណៈកម្មការ​អឺរ៉ុប REUTERS / Thierry Roge
ផ្សាយពាណិជ្ជកម្ម

02:52

សេចក្តីរាយការណ៍​របស់ កែវ ឆាយា ពីទីក្រុងម៉ូស្គូ

កែវ ឆាយា

នៅ​ដើម​ឡើយ គួរ​រំលឹក​ថា ជា​លទ្ធផល​នៃ​ការ​បោះឆ្នោត​នោះ គឺ​លោក Alexandre Loukachenko ដែល​កាន់អំណាចកំពូល​នៅ​បេឡូរុស្ស៊ី​តាំង​ពី​ឆ្នាំ​១៩៩៤​មក កាន់​នេះ គឺ​ដោយ​កណ្តាប់ដៃ​ដែក​ បង្ក្រាប​ពួក​ប្រឆាំង​គ្មាន​ប្រណី​ឡើយ ត្រូវ​បាន​ប្រកាស​ថា ឈ្នះឆ្នោត​ទៀត​ហើយ​ ឈ្នះ​ដោយ​សឡេង​​គាំទ្រ​ដល់​ទៅ​ជិត ៨០%​ឯណោះ សំរាប់​អាណត្តិ​៥ឆ្នាំ​ទៅ​មុខ​ទៀត។ ពី​ក្នុង​ចំណោម​បាតុករ​ប្រមាណ ៥ពាន់នាក់​ដែល​បាន​ចុះ​ថ្នល់​សំដែង​ការ​តវ៉ា​ទល់​នឹង​លទ្ធផល​នេះ ជាង​៦០០នាក់ បូក​ទាំង​បេក្ខជន​ប្រធានាធិបតី​ខាង​បក្សប្រឆាំង​ចំនួន ៧នាក់​ផង បាន​ត្រូវ​ប៉ូលីស​វាយ​ធ្វើ​បាប​យ៉ាង​ដំណំ ហើយ​​ចាប់​ឃុំឃាំង រួច​ទោះ​បី​សឹង​ពាក់​កណ្តាល​ពេល​ថ្មីៗ បាន​ត្រូវ​ព្រលែង​ឲ្យ​មាន​សេរីភាព​ក្តី ក៏​អ្នក​ដែល​នៅ​ជាប់ឃុំ កំពុង​រង់ចាំ​ការ​កាត់ទោស​ដោយ​តុលាការ ដែល​ស្រប​នឹង​បទ​ចោទប្រកាន់”​បង្ខូច​សណ្តាប់ធ្នាប់​សង្គម” គឺ​អាច​ជាប់​គុក​រហូត​ដល់ ១៥ឆ្នាំ​ឯណោះ។

ដោយ​បំផុស​មក​នូវ​សំណើ​ឲ្យ​ដាក់​ទណ្ឌកម្ម​ទល់​នឹង​​រូប​លោក Loukachenko និង​ពួក​មន្ត្រី​របស់​គាត់ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​Suede លោក Karl Bildt បាន​ថ្លែង​ថា ឥឡូវ​ពួក​អ្នកទោស​នយោបាយ​នៅ​បេឡូរុស្ស៊ី ស្រាប់​តែ​កើន​ឡើង ច្រើន​ជាង​មុន​ឆ្ងាយ ដូច្នេះ​សហភាព​អឺរ៉ុប​គប្បី​លើក​យក​មក​អនុវត្ត​វិញ ទណ្ឌកម្ម​ក្នុង​ទម្រង់​ជា​ការ​ហាម​ប្រាម​កុំ​ឲ្យ​មន្ត្រី​មួយ​ចំនួន​របស់​បេឡូរុស្ស៊ី បូក​ទាំង​រូប​លោក​ប្រធានាធិបតី Loukachenkoផង ធ្វើ​ដំណើរ​ចូល​​ក្នុង​គ្រប់​តែ​២៧​ប្រទេស​សហភាពអឺរ៉ុប។ ប្រមុខការទូត Suede កត់​សំគាល់​ថា កាល​ពី​ឆ្នាំ ២០០៨ សហភាព​អឺរ៉ុប​បាន​លុប​ទៅ​វិញ​ទណ្ឌកម្ម​បែប​នេះ ដែល​មាន​អនុវត្ត​អស់​២ឆ្នាំ​ជាប់ លុប​នេះ​គឺ​ក្រោយ​ពី​ឃើញ​អាជ្ញាធរ​បេឡូរុស្ស៊ី​បាន​ព្រលែង​ចេញ​ពី​ពន្ធនាគារ នូវ​មេដឹកនាំ​មួយចំនួន​ខាងបក្ស​ប្រឆាំង។

កាល​ណោះ ក្នុង​បញ្ជី​ហាមប្រាម​របស់​សហភាព​អឺរ៉ុប គឺ​មាន​រូប​លោក Loukachenko ផ្ទាល់ និង​មន្ត្រី​៣៥នាក់​ទៀត​ដែល​នាំ​មុខ​គេ​ដោយ​រូប​លោកស្រី​ប្រធាន​ឝ.ជ.ប​.បេឡូរុស្ស៊ី ល្បី​ខាង​ប្រកាស​ឲ្យ​លោក​ Loukachenko ឈ្នះឆ្នោត​ជា​ប្រធានាធិបតិ ពី​មួយ​អាណត្តិ ទៅ​មួយ​អាណត្តិ លើក​នេះ ជា​អាណត្តិទី​៤។ តាម​សំដី​រដ្ឋមន្ត្រី​ការបរទេស Suede ទណ្ឌកម្ម​លើក​នេះ ប៉ះ​មិន​គ្រាន់​លើ​​បំរាម​ហាម​មិន​ឲ្យ​ថ្នាក់​ដឹកនាំ​បេឡូរុស្ស៊ី ធ្វើ​ដំណើរ​ចូល​សហភាព​អឺរ៉ុប​ប៉ុណ្ណោះ​ទេ តែ​ក៏​ប៉ះ​លើ​ការ​ព្យួរ​ទុក​សិន ជំនួយ​សេដ្ឋកិច្ច​ដែល​សហភាព​អឺរ៉ុប​គ្រោង​ផ្តល់​ទៅ​បេឡូរុស្ស៊ី ក្នុង​ទំហំ ៣.០០០លានអឺរ៉ូ សំរាប់​៣ឆ្នាំ​ចំពោះ​មុខ។

រដ្ឋាភិបាល​អាល្លឺម៉ង់ ប្រទេស​ជា​ក្បាល​ម៉ាស៊ីន​សហភាព​អឺរ៉ុប​ក៏​បាន​ប្រកាស​ឲ្យ​ដឹង​ទៅ​ហើយ​ថា ខ្លួន​កំពុង​ពិនិត្យ​មើល​បញ្ហា​ដាក់​ទណ្ឌកម្ម​ជា​ថ្មី​ទល់​នឹង​រដ្ឋអំណាច​លោក Loukachenko។ ក៏​ប៉ុន្តែ ប្រធានាធិបតី Lituanie បាន​ថ្លែង​ថា គឺ​ជា​កំហុស​ទេតើ ដែល​អស់​ជាង​១០ឆ្នាំ​មក​ហើយ បង្ខាំង​ប្រទេស​បេឡូរុស្ស៊ី​ឲ្យ​ស្ថិត​នៅ​ឯកា​តែ​ឯង ពីព្រោះ​នយោបាយ​បង្ខា​បង្ខាំង​នេះ​រឹត​តែ​ពង្រឹង​អំណាច លោក Loukachenko​ ទៅ​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ