អានតួអត្ថបទ
បេឡូរុស្ស៊ី

ថ្ងៃ​១៣​មេសា​នេះ​នៅ​ បេឡូរុស្ស៊ី​ជា​ទិវា​កាន់​មរណទុក្ខ

កាន់​មរណទុក្ខ​នេះ​គឺ​ដើម្បី​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​ប្រជាពលរដ្ឋ​ដែល​បាន អភ័ព្វ​ស្លាប់​ទៅ​ក្នុង​អំពើ​ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​នៅ​ស្ថានីយ​ម៉េត្រូទីក្រុង Minsk រដ្ឋធានី​ប្រទេស​កាលពី​ល្ងាច​ម្សិលម៉្ងៃ។ ភេរវកម្ម នេះ​បាន​ផ្តាច់​ជីវិត​អ្នក​ដំណើរ​អស់ ១២​នាក់ និង​របួស​ជិត ២០០​នាក់។ បើ​លោក​ប្រធានាធិបតី Loukachenko ថ្លែងថា​ភេរវកម្ម​នេះ​អាច​ចាត់ចែង​ដោយ”​”កម្លាំងនៅក្រៅ”​នោះ​បក្ស​ប្រឆាំង​ ស្រាប់តែ​ទាមទារ​ឲ្យ​បិទ​ព្រំប្រទល់​ជាមួយ​រុស្ស៊ី​ដើម្បី​ខ្ទប់​ផ្លូវ​កុំ​ ឲ្យ​ភេរវជន​ជ្រៀតចូល​ទៅ​ក្នុង​ប្រទេស បេឡូរុស្ស៊ី-​ដោយ​ចេញ​ពី​ខាង​រុស្ស៊ី​ទៅ។

កុមារ​មួយរួបដាក់កម្រងផ្កានៅថ្ងៃពុធទី១៣មេសា២០១១នេះ នៅច្រកចូលនៃស្ថានីយ ម៉េត្រូ​ Oktyabrskaya ទីក្រុង Minsk ទីកន្លែងដែលមានអំពើភេរវកម្ម។
កុមារ​មួយរួបដាក់កម្រងផ្កានៅថ្ងៃពុធទី១៣មេសា២០១១នេះ នៅច្រកចូលនៃស្ថានីយ ម៉េត្រូ​ Oktyabrskaya ទីក្រុង Minsk ទីកន្លែងដែលមានអំពើភេរវកម្ម។ REUTERS/Vladimir Nikolsky
ផ្សាយពាណិជ្ជកម្ម

 

02:21

សេចក្តី​រាយការណ៍​របស់ កែវ ឆាយាពីទីក្រុង ម៉ូស្គូ

កែវ ឆាយា

ជាបឋម​សូម​រំលឹក​ថា គឺ​នៅ​ម្តុំ​ម៉ោង​៦​ល្ងាច​ថ្ងៃ​១១​មេសា​ម្សិលម៉្ងៃ​ដែល​ក្នុង​ស្ថានីយ​មួយ​នៃ​ម៉េត្រូ ចំ​កណ្តាល​ទីក្រុង​Minsk ពេល​ដែល​មនុស្ស​រាប់​រយ​នាក់​កំពុង​ឈរ​ចាំ​ការ​បើក​មក​ដល់​នៃរថភ្លើង​ដើម្បី​ឡើង​ជិះ ស្រាប់តែ​មាន​លាន់សូរ​ផ្ទុះ​គ្ឌាំង​បណ្តាល ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​អស់​១១​នាក់ ហើយ​​ម្នាក់​ទៀត​ក្រោយមក​ស្លាប់​នៅ​មន្ទីរពេទ្យ។ ពី​ក្នុង​ចំណោម​អ្នក​របួស ជិត​២០០​នាក់ ធ្ងន់​មែនទែន គឺ​៤០​នាក់។ ការ​ស៊ើប​អង្កេត​បង្ហាញ​ឲ្យ​ឃើញ​ថា ផ្ទុះ​នោះ​គឺ​ចេញ​ពី​ក្រោម​កៅអី​វែង ទុក​​សម្រាប់​អ្នក​ដំណើរ អង្គុយ​ចាំ​រថភ្លើង។

ថ្ងៃ​នេះ​កាសែត Kommersant នៃ​ក្រុង​ម៉ូស្គូ យោង​ទៅ​លើ​រូបភាព​ថត​ដោយ​Camera Video ដែល​​​ខ្លួន​ចេះ ​ទទួល​បាន​ពី​ប្រភព​ក្នុង​ក្រសួង​សន្តិសុខ KGB បេឡូរុស្ស៊ី ចុះផ្សាយ​ថា​ជន​ដែល​បាន​យួរ​ស្បោង​ផ្ទុក​ទៅ​ដោយ​ធាតុ​ផ្ទុះ​TNT ប្រមាណ​៥​គីឡូ​ក្រាម យក​ទៅ​លាក់​ទុក​ក្រោម​កៅអី​នោះ គឺ​មាន​មុខមាត់ មិនមែន​ជា​អ្នក​មក​ពី​តំបន់​ភ្នំ​Caucase ​ប្រកប​ដោយ ស្បែក​ពណ៌​ស្រអែម​ឡើយ តែ មាន​ទម្រង់​មុខ ជា​ពូជ​ស្លាវ​ដូច​រុស្ស៊ី និង​ទូទៅ ជា​សាសន៍​អឺរ៉ុប។ បុរស​នេះ បាន​ដើរ​យ៉ាង​ព្រងើយ​​ទៅ​ដាក់​ស្បោង​ខ្លួន​នោះ​នៅ​ខាង​ក្រោម​កៅអី​វែង​រួច តាម​ចលនា​ជន​នេះ​គេ​ឃើញ​ថា ស្បោង​នោះ​ឯង ពិត​ជា​ធ្ងន់។ បន្ទាប់​មក ជន​នេះ ​ក៏​ដើរ​យ៉ាង​ព្រងើយ​ចេញ ទៅ​វិញ​ដែរ។

មក​ទល់​ឥឡូវ​ KGB បេឡូរុស្ស៊ី​ឃាត់​ខ្លួន​ជន​ជាប់​សង្ស័យ​បាន​៧​នាក់​ហើយ។​ក្រសួង​សន្តិសុខ​នេះ ធ្វើការ​បកស្រាយ​៣​យ៉ាង អំពី​មូលហេតុ​នៃ​ភេរវកម្ម​នោះ គឺ​ថា ៖

ទី​១- នាំ​ជា​អស្ថិរភាព​ដល់​ស្ថានការណ៍​នៅ បេឡូ​រុស្ស៊ី។
ទី​២- វា​ជា​ការ​សងសឹក ពី​ខាង​ពពួក​អង្គការ​ជ្រុល​និយម។
ទី​៣- ភេរវកម្ម​នេះ អាច​ប្រព្រឹត្ត ដោយ​មនុស្ស​ដែល​មាន​ខួរក្បាល​ដើរ​មិន​ស្រួល។

តប​នឹង​សំដី​លោក​ប្រធានាធិបតី Loukachenko​ដែល​ថា ៖ “ កាដូ​នេះ​អាច​នាំ​ពី​ក្រៅ​មក ដើម្បី​ជួយ​ដល់​ពួក​នៅ​ក្នុង​ស្រុក “ មេបក្សប្រឆាំងមួយ គឺបក្ស” រណសិរ្សប្រជាជនបេឡារុស្ស៊ី “ លោក Kostusev ដែល​ធ្លាប់​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ទៅ​ផង ខំ​ថ្លែង​ដោះសា ដោយ​ប្រញាប់ប្រញាល់​ថា “ ជាមួយ​រុស្ស៊ី យើង​ត្រូវតែ​មាន​ទំនាក់​ទំនង​ល្អ ប៉ុន្តែ​ព្រំប្រទល់​ជាមួយ​ប្រទេស​នេះ មិន​ត្រូវ​បើក​ចំហ​ដូច​សព្វថ្ងៃ​ឡើយ ដែល​បង្ក​ជា​លក្ខណៈ​សម្រាប់​ការ​ជ្រៀតចូល ទៅ​ក្នុង​ដែនដី​បេឡូរុស្ស៊ី​នៃ​ពួក​ភេរវជន​ពី​ខាង​រុស្ស៊ី។
 

ចំណែក​រុស្ស៊ី​ផ្ទាល់​ដែលរ​មែង​រង​គ្រោះ​ដោយអំពើ​ភេរវកម្ម បាន​បញ្ជូន​ទៅ​ហើយ ទៅ​កាន់ បេឡូរុស្ស៊ី គឺ​ពួក​អ្នក​ឯកទេស​ខ្លួន ដើម្បី​ជួយ​វែកមុខ​រក​ឧក្រិដ្ឋជន​ដែល​បាន​បំផ្ទុះ​គ្រាប់បែក​ក្នុង​ម៉េត្រូ​ទីក្រុង​Minsk៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ