អានតួអត្ថបទ
ស៊ែរប៊ី

ការបញ្ជូនខ្លួន Ratko Mladic ទៅតុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នៅទីក្រុង​ឡាអេ​

លោក​ Ratko Mladic ​អតីត​ប្រមុខ​យោធា​ស៊ែរប៊ី​នៅ​បូស្នី​(អតីត​យូហ្គោស្លាវី)​ ​ ដែល​ជាប់ចោទ​ពីបទ​ប្រល័យ​ពូជសាសន៍​ ​ ឧក្រិដ្ឋកម្ម​សង្គ្រាម ​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ ហើយដែល​តុលាការព្រហ្មទណ្ឌ​អន្តរជាតិ​នៅទីក្រុង​ឡាអេ​បាន​តាម​រក​ចាប់​ខ្លូន​អស់រយៈ​ពេល​ ១៦ឆ្នាំ​មកហើយ​នោះ​ ​ ​ បាន​ត្រូវ​គេ​បញ្ជូន​ខ្លួន​ទៅ​ប្រទេស​ហូឡង់​​កាលពី​ថ្ងៃ​អង្គារ​ទី៣១​ឧសភា​ ឆ្នាំ២០១១​ម្សិលមិញ។

យន្តហោះ​ដឹកបញ្ជូន​ Ratko Mladic បាន​ទៅដល់​ទីក្រុង​ឡាអេនៅថ្ងៃទី៣១​ឧសភា​ឆ្នាំ២០១១
យន្តហោះ​ដឹកបញ្ជូន​ Ratko Mladic បាន​ទៅដល់​ទីក្រុង​ឡាអេនៅថ្ងៃទី៣១​ឧសភា​ឆ្នាំ២០១១ ©​ REUTERS/Robin van Lonkhuijsen
ផ្សាយពាណិជ្ជកម្ម

សេចក្តី​ថ្លែងការណ៍​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នៅទីក្រុង​ឡាអេ​បាន​ឲ្យដឹងថា​ ​ អតីត​ឧត្តមសេនីយ​ស៊ែរប៊ី​Ratko Mladic​បាន​ត្រូវ​គេ​បញ្ជូន​មក​ដល់​មន្ទីរ​ឃុំឃាំង​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នៅ​ម៉ោង​១៩​និង​៥០នាទី​ម៉ោងសាកល​ កាលពី​ថ្ងៃ​អង្គារ​ទី៣១​ឧសភា​ឆ្នាំ២០១១​ម្សិលមិញ។

 
លោក​Ratko Mladic ​អតីត​ប្រមុខ​យោធា​ស៊ែរប៊ី​នៅ​បូស្នី​(អតីត​យូហ្គោស្លាវី)​មាន​អាយុ​៦៩ឆ្នាំ​បាន​ត្រូវ​គេ​ដឹក​បញ្ជូន​មក​ប្រទេស​ហូឡង់​តាមរយៈ​យន្តហោះ​មួយគ្រឿង​ដែលមាន​ចារឈ្មោះ​ថា​ “​សាធារណរដ្ឋ​ស៊ែរប៊ី​”​ ​ នេះ​បើយោងតាម​រូបភាព​ដែល​បាន​ផ្សាយ​ឲ្យឃើញ​ដោយ​ទូរទស្សន៍​សាធារណៈ​ហូឡង់។

សូមបញ្ជាក់ថា​ ​ អតីត​ឧត្តមសេនីយ​ស៊ែរប៊ី​Ratko Mladic​បាន​ត្រូវ​គេ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​មុន​នៅ​Lazarevo​ដែល​ជា​ភូមិ​តូច​មួយ​ឋិត​នៅ​ប៉ែក​ឦសាន​នៃ​ប្រទេស​ស៊ែរប៊ី។​ លោក​Ratko Mladic​បាន​ធ្វើការ​ប្រឆាំង​នឹង​ការ​បញ្ជូន​រូបលោក​ទៅ​ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នៅទីក្រុង​ឡាអេ​ ​ ដោយបាន​អះអាង​ថា​លោក​មាន​ជម្ងឺ​ឈឺ​ធ្ងន់។​ ក៏​ប៉ុន្តែ​តុលាការ​នៃ​ប្រទេស​ស៊ែរប៊ី​បាន​បដិសេធ​ការ​ប្រឆាំង​តវ៉ា​របស់​លោក​Ratko Mladic​ ​ ហើយក៏​បាន​សម្រេច​បញ្ជូន​ខ្លួន​លោក​​Ratko Mladic​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នៅ​ប្រទេស​ហូឡង់។

លោក​Ratko Mladic ​ជាប់ចោទ​ពីបទ​ប្រល័យ​ពូជសាសន៍​ ​ ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ ​ ដែលបាន​ប្រព្រឹត្ត​នារយៈពេល​សង្គ្រាម​នៅ​បូស្នី​(អតីត​យូហ្គោស្លាវី)​នៅឆ្នាំ​១៩៩២-១៩៩៥។​ សង្គ្រាម​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ប្រមាណ​១០០ ០០០នាក់​និង​បាន​ជម្លៀស​ប្រជាជន​ប្រមាណ​២លាន២សែននាក់​ ​ ហើយជា​ពិសេស​មាន​ការ​សម្លាប់​រង្គាល​នៅ​Srebrenica​នៅខែ​កក្កដា​ឆ្នាំ១៩៩៥​ ​ ដែលជា​ការសម្លាប់​រង្គាល​មួយ​ដ៏​ធំធេង​ពុំដែល​កើត​មាន​នៅ​អឺរ៉ុប​ចាប់តាំងពី​សង្គ្រាម​លោក​លើកទីពីរ​មក។​ ការ​សម្លាប់​រង្គាល​នៅ​Srebrenica​នេះ​បាន​បណ្តាល​ឲ្យ​ប្រជាជន​កាន់សាសនា​អ៊ីស្លាម​ស្លាប់​ប្រមាណ​៨ ០០០នាក់។

នៅឯ​ទីក្រុង​Bruxelles​ឯណោះ​ ​ លោក​ស្រី​Catherine Ashton ប្រមុខ​ការទូត​អឺរ៉ុប​បាន​អបអរ​នឹង​ការ​បញ្ជូន​ខ្លួន​Ratko Mladic ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នៅទីក្រុង​ឡាអេ​ដោយបាន​ថ្លែង​ថា​ ​ “​ការ​កាត់ក្តី​ដោយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ​នឹង​ជួយ​បំភ្លឺ​បង្ហាញ​ការពិត​ហើយក៏​​ជា​កាតព្វកិច្ច​មួយ​ជួយ​រក​​យុត្តិធម៌​ជូន​គ្រួសារ​អ្នករងគ្រោះ​ផងទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ