អានតួអត្ថបទ
អឺរ៉ុប

បាក់តេរី E.coli O 104​ ដ៏កាចសាហាវ​កំពុង​គំរាម​អឺរ៉ុប​

បាក់តេរីE.coli O 104 ដ៏​កាចសាហាវ​បាន​ចាប់​ធ្វើការ​គំរាម​មុនគេ​នៅ​ទីក្រុង​Hambourg ដែល​ឋិត​នៅ​ប៉ែកខាងជើង​នៃ​ប្រទេស​អាល្លឺម៉ង់។​ បាក់តេរី E.coli O 104​ដ៏ចម្លែក​និង​ដ៏​សាហាវ​នេះ​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​១៧នាក់​ ​ និង​បាន​រីក​រាលដាល​ដល់​ប្រទេស​ឯទៀតៗ​នៃ​សហភាព​​​អឺរ៉ុប​ ​ ហើយ​និង​បាន​ឆ្លង​រហូត​ដល់​សហរដ្ឋ​អាមេរិក​ផងទៀត។​ បើយោងតាម​របាយការណ៍​ចុងក្រោយ​របស់​សហភាព​អឺរ៉ុប​បាន​ឲ្យដឹងថា​ ​ ផ្លែត្រសក់​អេស្ប៉ាញុល​ដែល​គេ​សង្ស័យ​ពី​ពេល​ដំបូង​​ថា​មាន​ផ្ទុក​​ បាក់តេរី E.coli O 104​ដ៏​កាចសាហាវ​នោះ​ ​ បាន​ត្រូវ​អ្នកវិភាគ​វិនិច្ឆ័យ​ថា ​ជា​អ្នក​គ្មានការ​ទទួល​ខុស​ត្រូវ​ក្នុង​បញ្ហា​នេះឡើយ។

ផ្លែ​ត្រសក់​​អេស្ប៉ាញ​​ដែល​គេ​​សង្ស័យ​​ដោយ​ភ័ន្ត​ច្រឡំ​​ថា​ជា​​អ្នក​ដើមហេតុ​​នៃ​ការ​​ចម្លង​​ Bactérie E.​coli O ​104​បាន​ត្រូវ​គេ​ដឹកបោះចោល
ផ្លែ​ត្រសក់​​អេស្ប៉ាញ​​ដែល​គេ​​សង្ស័យ​​ដោយ​ភ័ន្ត​ច្រឡំ​​ថា​ជា​​អ្នក​ដើមហេតុ​​នៃ​ការ​​ចម្លង​​ Bactérie E.​coli O ​104​បាន​ត្រូវ​គេ​ដឹកបោះចោល REUTERS/Jon Nazca
ផ្សាយពាណិជ្ជកម្ម

បើយោងតាម​ការវិភាគ​ដែល​ធ្វើដោយ​អាជ្ញាធរ​អាល្លឺម៉ង់​និង​អាជ្ញាធរ​អេស្ប៉ាញ​នៅ​២៤ម៉ោង​ចុងក្រោយនេះ​បាន​ឲ្យ​ដឹងថា​ ​ ផ្លែ​ត្រសក់​ដែល​ផលិត​នៅ​ប៉ែកខាងត្បូង​នៃ​ប្រទេស​អេស្ប៉ាញ​ ​ ពុំមែន​ជា​ប្រភព​ នៃ​ការចម្លង​ បាក់តេរី E.coli O 104​ដ៏ចម្លែក​និង​ដ៏​កាច​សាហាវ​ឡើយ។​ ផ្លែ​ត្រសក់​អេស្ប៉ាញ​ដែល​គេ​សង្ស័យ​ដោយ​ភ័ន្ត​ច្រឡំ​ពី​ពេល​ដំបូង​ថា​ជា​អ្នក​ដើមហេតុ​ នៃ​ការ​ចម្លង​ បាក់តេរី E.coli O 104។

 
សូមរំលឹកថា​ ​ កាលពី​ថ្ងៃទី២៧​ឧសភា​ឆ្នាំ២០១១​កន្លង​ទៅ​ប្រទេស​អាល្លឺម៉ង់​បាន​ចោទ​ប្រកាន់ថា​ ​ ផ្លែ​ត្រសក់​ដែល​ផលិត​នៅ​ប៉ែកខាងត្បូង​នៃ​ប្រទេស​អេស្ប៉ាញ​ ​ មាន​ផ្ទុក​នូវ​ បាក់តេរី E.coli O 104​ដ៏​កាច​សាហាវ ​ដែលជា​ប្រភព​នៃ​វិបត្តិ​អនាម័យ​ចំណី​អាហារ​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​១៧នាក់។​ ការចោទ​ប្រកាន់នេះ​បាន​ត្រូវ​អាជ្ញាធរ​អេស្ប៉ាញ​បដិសេធ​តាំងពី​ពេល​ដំបូង។

មកទល់​ពេលនេះ​ ​ គេ​នៅ​ពុំទាន់​រកឃើញ​មូលហេតុ​និង​ប្រភព​ នៃ​ការចម្លង​ បាក់តេរី E.coli 0104​នៅ​ឡើយ។​ ទាំងនេះ​បាន​បណ្តាល​ឲ្យ​ប្រជាជន​អឺរ៉ុប​លែងហ៊ាន​ទិញ​ផ្លែត្រសក់​ ​ ផ្លែ​ត្រប់សណ្តាយ​ ​ ប៉េងប៉ោះ​ ​ ឬ​សាឡាដ​យកទៅ​បរិភោគ​ដូច​ពេលមុនៗ។​ ហេតុ​ដូច្នេះហើយ​បាន​ជា​ទីក្រុង​ម៉ាឌ្រីដ​បាន​បន្ទោស​ទីក្រុង​ប៊ែរឡាំង​ថា​ ​ ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​អាល្លឺម៉ង់​ទៅលើ​ ផ្លែ​ត្រសក់​ដែល​ផលិត​នៅ​ប៉ែកខាងត្បូង​នៃ​ប្រទេស​អេស្ប៉ាញ​បាន​ធ្វើឲ្យ​ផលិតករ​អេស្ប៉ាញ​ខាតបង់​ប្រាក់​ជាង​២០០លាន​អឺរ៉ូ​ក្នុង​១សប្តាហ៍​ ​ នេះ​បើ​ផ្អែកលើ​តួលេខ​របស់​សហព័ន្ធ​អេស្ប៉ាញ​ខាង​ផលិត​និង​នាំចេញ​ផ្លែឈើ​ហើយនិង​បន្លែ។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ ប្រទេស​រុស្ស៊ី​បាន​ហាមឃាត់​ពុំ​ឲ្យ​នាំចូល​បន្លែ​ស្រស់​មកពី​សហភាព​អឺរ៉ុប​ ​ ដោយ​អាជ្ញាធរ​រុស្ស៊ី​បារម្ភ​ខ្លាច​មាន​ការ​ចម្លង​ បាក់តេរី E.coli O 104។​ ហើយ​ការ​ហាម​ឃាត់​ពុំ​ឲ្យ​នាំចូល​បន្លែ​ស្រស់​មកពី​សហភាព​អឺរ៉ុប​នេះ​ ​ បាន​ចាប់​ចូល​ជា​ធរមាន​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។

បើ​យោងតាម​ប្រភព​អាល្លឺម៉ង់​បាន​ឲ្យ​ដឹងថា​ ​ តុល្យាការ​បច្ចុប្បន្ន​នេះ​មាន​អ្នក​ធ្លាក់​ខ្លួន​ឈឺ​ប្រមាណ​១ ៩០០នាក់​ ​ ហើយ​ក្នុង​ចំណោមនេះ​មាន​៣៧៣ករណី​ដែលមាន​លក្ខណៈ​ធ្ងន់ធ្ងរ។​ ជម្ងឺ​រាតត្បាត​ដោយសារ​ បាក់តេរី E.coli O 104បាន​រីករាលដាល ​​នៅ​ទូទាំង​សហភាព​អឺរ៉ុប​ ​ ហើយ​បាន​រាលដាល​ឆ្លងដល់​ទៅ​សហរដ្ឋ​អាមេរិក​ផងទៀត។​ លក្ខណៈ​មួយទៀត​គួរឲ្យ​កត់​សម្គាល់​គឺ​ ​ អ្នកទាំងនោះ​សុទ្ធតែ​បាន​ធ្វើការ​ឆ្លងកាត់​ប្រទេស​អាល្លឺម៉ង់​ ជា​ពិសេស​នៅ​តំបន់​នៃ​ទីក្រុង​Hambourg ដែល​ឋិត​នៅ​ប៉ែក​ខាងជើង​នៃ​ប្រទេស​អាល្លឺម៉ង់។

ចំណែកឯ​តួលេខ​នៃ​ចំនួន​មនុស្ស​ស្លាប់​វិញ​បាន​កើនឡើង​ដល់ទៅ​១៧នាក់​ដែល​ក្នុងនោះ​មាន​១៦នាក់​នៅ​ប្រទេស​អាល្លឺម៉ង់​ ​ ហើយនិង​ម្នាក់​នៅ​ប្រទេស​ស៊ុយអែដ។

រីឯ​រោគសញ្ញា​ដែល​បង្ហាញ​ឲ្យ​ដឹងថា​ ​ គេ​បាន​ទទួល​ការ​ចម្លង​ បាក់តេរី E.coli O 104​គឺ​ ​ ជាបឋម​មាន​ការ​រាករូស​ដោយ​មានឈាមក្នុងលាមក​ហើយនិង​មាន​​លេច​ចេញឈាម​នៅ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​។ ​ ​នៅក្នុង​ករណី​ដែល​ធ្លាក់​ធ្ងន់ធ្ងរ​គឺ​វា​ធ្វើឲ្យ​មាន​បញ្ហា​ប៉ះពាល់​ដល់​វក្កំ​ឬ​តម្រង​ទឹកនោម​ផងទៀត។​ ហេតុ​ដូច្នេះហើយ​ ​ បានជា​សហភាព​អឺរ៉ុប​កំពុង​ខិតខំ​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​ឲ្យដឹង​ពី​មូលហេតុ​ពិត​ប្រាកដ​នៃ​ការចម្លង​ បាក់តេរី E.coli O 104​ដ៏​កាច​សាហាវ​ដែល​កំពុង​តែ​គំរាម​អឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ