អានតួអត្ថបទ
រុស្ស៊ី-អូតង់

សមយុទ្ធ​កងអាកាស​លើកទី១ រវាង​រុស្ស៊ី និង​អូតង់

សមយុទ្ធ​ដែល​ចាប់​ផ្តើម​ថ្ងៃ៦ មិថុនា​នេះ នឹង​ប្រព្រឹត្ត​ទៅ​រហូត​ដល់​ថ្ងៃ ១០ មិថុនា ក្រោម​បាវចនា​ថា ”មេឃ​ប្រុងប្រយ័ត្ន” ហៅ​ថា “Vigilant Skies ឆ្នាំ២០១១” គឺ​តាំង​គោលដៅ​បញ្ចៀស​កុំ​ឲ្យ​កើត​មាន​ទៀត​ឡើយ មហាភេរវកម្ម​ប្រភេទ​ដូច​ការ​វាយប្រហារ​ពី​អាកាស ទៅ​លើ “មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក” នៅ​ក្រុងញីវយ៉ក​កាល​ពី ១០ឆ្នាំ​មុន។

ទង់ជាតិ​អូតង់ និងរុស្ស៊ី
ទង់ជាតិ​អូតង់ និងរុស្ស៊ី ©Reuters
ផ្សាយពាណិជ្ជកម្ម

តាម​ដែល​តំណាង​ផ្លូវការ​នៃ “ គណៈកម្មាធិការជាតិ​រុស្ស៊ី​ខាង​ប្រឆាំង​ភេរវកម្ម “ លោក នីកូឡៃ​ ស៊ីនសូវ​ប្រកាស​ឲ្យ​ដឹង​ចូលរួម​ក្នុង​លំហាត់សឹក ប្រឆាំង​ភេរវកម្ម​នៅ​អាកាស​នេះ គឺ យន្តហោះ​ប្រដេញ​របស់​អូតង់ និង​រុស្ស៊ី ដោយ​មិន​លំអិត​អំពី​ចំនួន​យន្តហោះ​ឡើយ។ តាម​ប្រសាសន៍​គាត់ លំហាត់សឹក​នេះ​ចែក​ជា​២ដំណាក់៖ មុន​ដំបូង វា​ប្រព្រឹត្ត​ទៅ គឺ​ក្នុង​ផ្ទៃមេឃ​ប៉ូឡូញ បន្ទាប់​មក គឺ​ក្នុង​លំហអាកាស​ប្រទេស​ទួរគី។

ភារកិច្ច​សមយុទ្ធ គឺ​បង្ហាញ​ឲ្យ​ឃើញ​ដោយ​រួម​គ្នា កម្មវិធី​មួយ​របស់​រុស្ស៊ី និង​អូតង់ ក្រោម​ឈ្មោះ​ថា “ គំនិត​ផ្តួចផ្តើម​ខាង​សហប្រតិបត្តិការ​ក្នុង​លំហអាកាស “ ដែល​ខ្លឹមសារ​វា គឺ ៖ បញ្ចៀស​ឲ្យ​ផុត​ពី​ការ​វាយប្រហារ​ភេរវនិយម​ដោយ​ប្រើ​យន្តហោះ​ស៊ីវិល ប្រភេទ​ដូច ការ​វាយប្រហារ​ទៅ​លើ​អគារ​ភ្លោះ​ដ៏​ស្កឹមស្កៃ​នៃ “មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក” នៅ​ក្រុង​ញីវយ៉ក​កាលពី​ថ្ងៃ ១១ កញ្ញា ឆ្នាំ២០០១។ បញ្ចៀស​នេះ គឺ​តាម​រយៈ​ការ​ផ្លាស់ប្តូរ​ពត៌មាន ស្តី​អំពី​ការ​ហោះហើរ​នៃ​យន្តហោះ​ស៊ីវិល​ក្នុង​លំហអាកាស​របស់​២៨ប្រទេស​អូតង់ និង​លំហអាកាស​របស់​រុស្ស៊ី ហេតុ​ដែល​អនុញ្ញាត​ឲ្យ​ព្រមាន​ជា​មុន អំពី​អាកប្បកិរិយា​នៃ​យន្តហោះ​ណា គួរ​ឲ្យ​សង្ស័យ ពេល​វា​កំពុង​ហោះ​ក្នុង​ផ្ទៃមេឃ​លុះ​ទាល់​តែ​តម្រូវ​ឲ្យ​គូភាគី​សម្របសម្រួល​សកម្មភាព​ខ្លួន សម្រាប់​បញ្ចេញ​ប្រតិកម្ម​លឿនរហ័ស ទាន់​ពេល​វេលា ទល់​នឹង​គ្រោះថ្នាក់​ភេរវកម្ម។

គួរ​រំលឹក​ថា កម្មវិធី​ក្រោម​ឈ្មោះ​ថា “ គំនិត​ផ្តួចផ្តើម​ខាង​សហប្រតិបត្តិការ​ក្នុង​លំហអាកាស “ គ្រាន់​តែ​ជា​មុខព្រួញ​មួយ​នៃ​សហប្រតិបត្តិការ​រុស្ស៊ី-អូតង់​លើ​វិស័យ​បែប​យ៉ាង ៖ប្រយុទ្ធ​ទល់​នឹង​ភេរវកម្ម សហប្រតិបត្តិការ​ជុំវិញ​ស្ថានការណ៍​នៅ​អាហ្វហ្កានីស្តង់ សហប្រតិបត្តិការ​យោធា ប្រតិបត្តិការ​ខាង​ជួយ​យក​អាសា​អ្នក​ធ្លាក់​ក្នុង​អាសន្ន​អន្ធក្រ​នៅ​សមុទ្រ ដំណោះស្រាយ​ស្ថានការណ៍​វិបត្តិ។ល។

អូតង់​ដែល​តែង​ត្រូវ​សហភាពសូវៀត​ចាត់​ទុក​ជា​សត្រូវ​ខ្លួន បាន​ផ្តើម​សហការ​ជាមួយ​ប្រទេស​រុស្ស៊ី​សម័យថ្មី គឺ​ក្នុង​ឆ្នាំ១៩៩៧ ដោយ​ឈរ​លើ “ ឯកសារ​ជា​មូលដ្ឋាន​ស្តី​អំពី​ទំនាក់ទំនង​ទៅវិញ ទៅមក សហប្រតិបត្តិការ និងសន្តិសុខ “ ចុះ​ឆ្នាំ​១៩៩៧៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ