អានតួអត្ថបទ
ក្រិក-អឺរ៉ុប

វិបត្តិ​ហិរញ្ញវត្ថុ​ក្រិក​បាន​ប្រែ​ក្លាយ​ទៅ​ជា​សោកនាដកម្ម​

ការ​ប្រយុទ្ធ​តទល់​គ្នា​រវាង​ក្រុមបាតុករ​ និង​នគរបាល​ក្រិក​កាលពី​ថ្ងៃពុធ​ម្សិលមិញ​នៅ​ទីក្រុង​Athènes​បាន​បណ្តាល​ ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាងតិច​៣នាក់។​ ទាំងនេះ​បាន​ធ្វើឲ្យ​តម្លៃ​ភាគហ៊ុន​នៅ​ទីផ្សារ​ទូទាំង​ពិភពលោក​ធ្លាក់​ស្រុត ​ចុះ​យ៉ាងខ្លាំង​ ដោយ​គេ​បារម្ភ​ខ្លាច​វិបត្តិ​ហិរញ្ញវត្ថុ​​ក្រិក​រីក​រាលដាល​ដល់​ប្រទេស​ដទៃ ​ទៀត។

នករបាលក្រិក​​ម្នាក់​​រងគ្រោះ​​នឹង​ការគប់ដប​​ប្រេងសាំង​នៅក្នុង​បាតុកម្ម​​នៃ​ថ្ងៃទី៥-៥-២០១០​​នៅ​ទីក្រុង​Athènes
នករបាលក្រិក​​ម្នាក់​​រងគ្រោះ​​នឹង​ការគប់ដប​​ប្រេងសាំង​នៅក្នុង​បាតុកម្ម​​នៃ​ថ្ងៃទី៥-៥-២០១០​​នៅ​ទីក្រុង​Athènes ©Pascal Rossignol/Reuters
ផ្សាយពាណិជ្ជកម្ម

01:37

សេចក្តីរាយការណ៍​របស់​ សៀក​ សារិន

បាតុកម្ម​ដ៏​ធំ​ធេង​ប្រឆាំង​នឹង​ផែនការ​ត្បិតត្បៀត​តឹងរ៉ឹង​របស់​រដ្ឋាភិបាល​ក្រិក​បាន​ប្រែក្លាយ​ទៅជា​សោកនាដកម្ម​ដ៏​គួរ​ឲ្យ​សោក​ស្តាយ។​ យ៉ាងតិច​មាន​បុគ្គលិក​ធនាគារ​បីនាក់​បាន​រងគ្រោះ​ស្លាប់​ដោយ​អគ្គីភ័យ​ដែល​បាន​ឆាបឆេះ​ដោយ​ការ​គប់​ដប​ប្រេងសាំង​ទៅលើ​អាគារ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​លោក​ប្រធានា​ធិបតី​ក្រិក​បាន​បញ្ជាក់​ថា​ “​យើង​ទាំងអស់​គ្នា​សុទ្ធ​តែ​មាន​ការ​ទទួល​ខុស​ត្រូវ​ យើង​ត្រូវ​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ប្រទេស​ក្រិក​ធ្លាក់​ទៅក្នុង​ជ្រោះ​មហន្តរាយ។​”

 
ឆ្លើយតប​ទៅនឹង​ការ​អំពាវនាវ​របស់​ក្រុម​សហជីព​ ប្រជាជន​ក្រិក​យ៉ាង​តិច​៥០ ០០០នាក់​បាន​នាំគ្នា​ចុះ​ថ្នល់​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ផែនការ​ត្បិតត្បៀត​តឹងរ៉ឹង​របស់​រដ្ឋាភិបាល​Georges Papandréou។​ មាន​ប្រជាជន​ក្រិក​​ប្រមាណ​៣០ ០០០នាក់​បាន​ធ្វើ​បាតុកម្ម​ទីក្រុង​Athènes ​ ហើយ​និង​ប្រមាណ​២០ ០០០នាក់​បាន​ធ្វើ​បាតុកម្ម​ទីក្រុង​Salonique ឋិត​នៅ​ប៉ែក​ខាង​ជើង​នៃ​ប្រទេស។

គួរកត់​សម្គាល់ថា​ វិធានការ​ដែល​មាន​នៅ​ក្នុង​ផែនការ​ត្បិតត្បៀត​តឹងរ៉ឹង​របស់​រដ្ឋាភិបាល​Georges Papandréou​មាន​ជាអាទិ៍​៖
-តម្លើង​អត្រា​ពន្ធ​លើ​តម្លៃ​បន្ថែម​TVA ពី​២១%​ទៅ២៣%។
-តម្លើង​ពន្ធ​លើ​កញ្ចប់​បារី​និង​សុរា។
-លុបចោល​ប្រាក់​បៀវត្សរ៍​បន្ថែម​សម្រាប់​ខែទី១៣​និង​ខែទី១៤​សម្រាប់​អ្នក​រដ្ឋការ​ណា​ដែលមាន​ប្រាក់​បៀវត្សរ៍​លើស​ពី​៣ ០០០€​ក្នុង​១ខែ។
-អាយុ​អាច​ចូលនិវត្តន៍​បាន​នឹង​ត្រូវ​តម្លើង​ដល់​៦០ឆ្នាំ។

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ទីផ្សារ​ភាគហ៊ុន​នៅ​ទីក្រុង​Tokyo​បាន​ធ្លាក់​ស្រុត​បាត់បង់​អស់​-៣,២៧%​បន្ថែម​ទៀត។​ ចំណែក​ឯ​ប្រាក់​អឺរ៉ូ​វិញ​១€​ប្តូរ​បានតែ​១$២៧សេន​ប៉ុណ្ណោះ។​ ទាំងនេះ​ ដោយហេតុ​តែ​មាន​ការ​បារម្ភ​ខ្លាច​វិបត្តិ​ហិរញ្ញវត្ថុ​ក្រិក​រីក​រាល​ដាល​ដល់​ប្រទេស​អឺរ៉ុប​ដទៃ​ទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ