អានតួអត្ថបទ
បារាំង

លោកស្រី Christine Lagarde ជា​បេក្ខនារី​នាំ​មុខគេ​នៅ​ក្នុងកិច្ច​ប្រជុំ​ជ្រើសរើស​អគ្គនាយក FMI

គឺ​នៅថ្ងៃ​ អង្គារ​ នេះដែល​ក្រុមប្រឹក្សា​ភិបាល​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ហៅកាត់ថា​ FMI នឹង​បើក​កិច្ចប្រជុំ​សិក្សា​ទៅលើ​បេក្ខភាព​ចំនួន​ពីរ​រូប ដែល​នឹង​ត្រូវ​ជ្រើសរើស​អោយ​ដឹកនាំ​ស្ថាប័ន​ខាងលើ។ លោកស្រី Christine Lagarde​ រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​បារាំង​ ដែលបាន​ទទួល​ការគាំទ្រ​ពី​ប្រទេស​ចិន អាចនឹង​អង្គុយ​កៅអី​អគ្គនាយក​។

លោកស្រី Christine Lagarde រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញ​វត្ថុ​បារាំង
លោកស្រី Christine Lagarde រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញ​វត្ថុ​បារាំង Reuters
ផ្សាយពាណិជ្ជកម្ម

ច្បាស់​ណាស់ បើ​មិនមាន​អ្វី​ប្រែប្រួល​នោះទេ លោកស្រី Christine Lagarde រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​បារាំង ទំនង​ជា​នឹង​ត្រូវ​ជ្រើសរើស​អោយ​កាន់ក្បាល​ម៉ាស៊ីន​របស់ មូល​និធិ​រូបិយវត្ថុ​អន្តរជាតិ​ហៅកាត់ ​ជា​ភាសាបារាំងថា​ FMI ។

 
នៅល្ងាចថ្ងៃ អង្គារ នេះ ក្រុមប្រឹក្សា​ភិបាល​របស់​ស្ថាប័ន​ខាងលើ ដែលមាន​សមាជិក ២៤ រូប នឹងបើក​កិច្ចប្រជុំ​ថ្លឹងថ្លែង​ពី​សមត្ថភាពរ​បស់ រដ្ឋមន្រ្តីស្រីវ័យ ៥៥ ឆ្នាំ​របស់​បារាំង និង លោក Agustin Carstens អគ្គទេសាភិបាល​របស់​ធនាគារ​ម៊ិចស៊ិច ដែល​មាន​វ័យតិចជាង​​លោកស្រី​តែពីរ​ឆ្នាំ​ប៉ុណ្ណោះ។

បើទោះបីជា ការជ្រើសរើស​ជាផ្លូវការ​មិនទាន់​បានប្រកាស​ចេញ​នៅឡើយ​ក៏ដោយ ក៏គេ​មើលឃើញ​យ៉ាងច្បាស់​នូវ​ការគាំទ្រ​របស់​សមាជិក​ជាច្រើន ទៅលើ​បេក្ខភាព​របស់ លោកស្រី Christine Lagarde ជាពិសេស​ពី​ប្រទេស​មហា​អំណាច​ចិន។ គ្រាន់​តែ​ប្រទេស​នេះមួយ ​មាន​សមាជិក​ដល់ទៅ​១០រូប​​ ទៅហើយ​។

ម្យ៉ាងវិញទៀត រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​របស់​សហរដ្ឋអាមេរិក ​ក៏បាន​ព្រលយ​ពាក្យ​ពីទំនោរ​របស់​ខ្លួនផង​ដែរ។​ « យើង​ចាប់​អារម្មណ៍​ឃើញថា មាន​ការគាំទ្រ​ជាច្រើន​ទៅលើ​បេក្ខជន​មួយរូប » នេះ​ជា​សំដី​របស់​លោក Timothy Geithner រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​របស់​សហរដ្ឋអាមេរិក។

ចំណែក​ឯ​បេក្ខភាព របស់​លោក Agustin Carstens ឯណោះវិញ​ ទំនង​ជាទទួល​បាន​ការគាំទ្រ​ពី​សមាជិក​តែ​៥​រូប​ប៉ុណ្ណោះ។

ការ​ដែល លោកស្រី Christine Lagarde ក្លាយ​ជា​បេក្ខនារី​នាំ​មុខគេ​ក៏​ដោយសារ​តែ គាត់​អាច​រក្សា​ស្ថិរភាព​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ FMI និង តំបន់​អឺរ៉ូផងដែរ។

គួរ​បញ្ជាក់​ដែរថា ​ការសំរេចជ្រើសរើស​អ្នក​ដឹកនាំ​ថ្មី​របស់​ស្ថាប័ន​ខាងលើ ក៏ដោយសារ​តែ អគ្គនាយក​ចាស់​ដែល​ជាជនជាតិ​បារាំង​ដែរ​នោះ គឺ​លោក​ Dominique Strauss Kanh បាន​លាលែង​ពីតំណែង​បន្ទាប់ពី​លោកត្រូវ​បាន​ជាប់​ចោទ​ពី​បទ​រំលោភសេព​សន្ថវៈ​ ហើយ​កំពុង​ប្រឈម​មុខច្បាប់​របស់​សហរដ្ឋ​អាមេរិកនាពេលបច្ចុប្បន្ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ