អានតួអត្ថបទ
កម្ពុជា

កែវយឹត​​តារាសាស្ត្រ​មិន​ធ្លាប់​មាន ​សម្រាប់​សិក្សា​អំពី​ចក្រវាឡ។​

កែវយឹត​នេះ ដែល​នឹង​ដើរ​តួ ជា “ ឱលោកនដ្ឋាន​តារាសាស្ត្រ​អន្តរជាតិ “ ប្រចាំ នៅអវកាស មាន​ឈ្មោះ​ថា RadioAstron។ វា​បាន​ត្រូវ​បង្ហោះ ចេញ​ពី​ផែនដី​ទៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ វេលា​ម៉ោង ៦​និង​៣១​នាទី​ដោយ​កាំជ្រួច​ពាំ​ផ្ទុក ឈ្មោះ Zenit-2SB ផលិត​រួម​គ្នា ដោយ រុស្ស៊ី​និង អ៊ុយក្រែន។ ពួក​អ្នកប្រាជ្ញ​ពិភពលោក​ទាំង​មូល នាំ​គ្នា​រង់ចាំ​ទៅ​ហើយ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ធ្វើ​ដោយ​កែវយឹត​ RadioAstron ដែល​ជា​ផ្លែផ្កា​នៃ ពួក​អ្នក​ឯកទេស​២០​ប្រទេស​ឯណោះ។

ផ្សាយពាណិជ្ជកម្ម

រំលង​៨​នាទី​និង​៥​វិនាទី​មក កាំជ្រួច​ពាំ​ផ្ទុក​នោះ បាន​ច្រាន ផ្កាយ​រណប​សិប្បនិមិ្មត ដែល បំពាក់​ទៅ​ដោយ កែវយឹត​ផ្ទាល់​ឲ្យ​វា​ឆ្លង​ចូល​មែនពិត ទៅ​ក្នុង​តារា​វិថី​ដែល​វា​ត្រូវ​បន្ត​ហោះ​ទៅ។

លុះ​ទៅ​ដល់​កំពស់ ៣៣៥.០០០គ.ម. ពី​ផែនដី​ផ្កាយ​រណប​នោះ​នឹង​ព្រលែង​ចេញ​មក គឺ កែវយឹត ដែល​មាន​រាង​ជា​ផ្កា​ផ្សំ​ឡើង​ពី​២៧​ត្របក​របស់​វា ហើយ​កញ្ចក់​វា មាន​វិជ្ឈមាត្រ​ដល់​ទៅ ១០​ម៉ែត្រ​ឯណោះ។

សម្រាប់​ជា​ការ​ប្រៀបធៀប​កែវយឹត​អាមេរិកាំង Hubble ដែល​បាន​ត្រូវ​បង្ហោះ​ទៅ​ក្នុង​ឆ្នាំ​១៩៩០ រួច​ដែល​នឹង​ដំណើរ​ការ​រហូត​ដល់​ឆ្នាំ​២០២០ មាន​វិជ្ឈមាត្រ​តែ ២​ម៉ែត្រ​៤​តឹក ហោះ​នៅ​កំពស់​តែ ៥៣៩​គ.ម. ហើយ​ចំណាយ​ពេល​តែ​១​ម៉ោង​៣៦​នាទី​ដើម្បី​ហោះ​ព័ទ្ធ​បាន​មួយ​​ជុំ ជុំវិញ​ផែនដី។

ចំណែក​កែវយឹត​ថ្មី​ឈ្មោះ RadioAstron ដែល​នឹង​ស្ថិត​នៅ​ប្រចាំការ ក្នុង​អវកាស​ដល់​ទៅ​កំពស់ ៣៣៥.០០០គ.ម. គឺ​ត្រូវ ស៊ី​ពេល​ដល់​ទៅ ជិត​១០​ថ្ងៃ​១០​យប់ ទំរាំ​ហោះ​បាន​១​ជុំ ជុំវិញ​ផែនដី។ កំពស់​ខ្ពស់​នេះ ដែល​នៅ​ចម្ងាយ​តែ ​៥០.០០០ឝ.ម.ពី​ព្រះចន្ទ ជា​ផ្កាយ​រណប​ធម្មជាតិ​ស្រាប់​របស់ ភព​ផែនដី​យើង​គឺ​អនុញ្ញាត​ឲ្យ​ប្រើ​ការ​បត់បែន​នៃ​តារា​វិថី របស់​លោក​ខែ សម្រាប់​កែវយឹត ទទួល​បាន​រូបភាព​កាន់តែ​ច្បាស់ អំពី​ទីដៅ​នៃ​ការ​ស្រាវជ្រាវ ក្នុង​ចក្រវាឡ។

មិន​តែ​ប៉ុណ្ណោះ ក្នុង​ឋានៈ​ជា “ ឱលោកនដ្ឋាន​តារាសាស្ត្រ​អន្តរជាតិ “ ប្រចាំការ​នៅ​កំពស់​ខ្ពស់ នៃ​អវកាស កែវយឹត​មាន​វិជ្ឈមាត្រ​ដល់​១០​ម៉ែត្រ​នោះ បំពាក់​ទៅ​ដោយ​សមត្ថភាព​មើល​ធ្លុះ ឃើញ​ភព​ឆ្ងាយៗ ក្នុង​ចក្រវាឡ ជាពិសេស​គឺ​ឃើញ​របស់​ដែល​ហៅ​ថា “ មហា​ប្រហោង​ខ្មៅ “ ដែល​កម្លាំង​ស្រូប​របស់​វា​ខ្លាំង​ទាល់​តែ​គ្មាន​អ្វី​មួយ អាច​ដក​ខ្លួន​ចេញ​រួច​ឡើយ​សូម្បីតែ​ពន្លឺ​ក៏​ទេ​ដែរ។ មហា​ប្រហោង​ខ្មៅ​បែប​នេះ កកើត​ឡើង គឺ​នៅ​ក្នុង​វង្វង់​កណ្តាល​នៃ​កញ្ចុំ​ផ្កាយ​ដែល​សកម្ម ដូច​យ៉ាង “ កញ្ចុំ​ផ្កាយ​គន្លង​ដំរីស “ ដែល​មាន​មាឌ ​ដល់​ទៅ ១០០​លាន​ដង ធំ​ជាង ព្រះអាទិត្យ។

ទិន្នន័យ​ទទួល​បាន​ដោយ កែវយឹត​អន្តរជាតិ RadioAstron ពី​ការ​ស្រាវជ្រាវ អំពី​ភព​ប្លែកៗ ក្នុង​ចក្រវាឡ​នឹង​ត្រូវ​បញ្ជូន​មក​ផែនដី ដោយ​ល្បឿន ១២៨ Megabit ក្នុង​១​វិនាទី​ ហើយ​សញ្ញា​វា​នឹង​ត្រូវ​ចាប់​យក​ដោយ​ស្ថានីយ​៣ កន្លែង​គឺ​ស្ថានីយ​ឈ្មោះ Pouchkino នៅ​ជាយ​ក្រុង​ម៉ូស្គូ , ស្ថានីយ ឈ្មោះ Green Bank នៅ​ស.រ.អា. និង​ស្ថានីយ​ឈ្មោះ Tidbinbilla នៅ​អូស្ត្រាលី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ