អានតួអត្ថបទ
រុស្ស៊ី

បក្សកាន់​អំណាច​ព្រួតគ្នា​វាយប្រហារ​​អតីត​មេដឹកនាំ​សូវៀត​ Gorbatchev​

មូលហេតុ​មកពី​លោក Gorbatchev ​ហ៊ាន​ទិតៀន​បក្សកាន់​អំណាច​ឈ្មោះ​“ យេឌីណាយ៉ា រ៉ូស្យ៉ា “​ បក្សដែល​មាន​រូប​លោកនាយក​រដ្ឋមន្ត្រី​ពូទីន​បុរស​ខ្លាំង​នៅរុស្ស៊ី​ធ្វើជា​ប្រធាន​ ក៏ដូចជា​ទិតៀន​រូបលោក​ពូទីន​ផ្ទាល់​និង​ទិតៀន​”សម្ព័ន្ធ​កាន់អំណាច​” នៅ​រុស្ស៊ី ​គឺ​លោក​ “មេដវេដេវ-ពូទីន”​ ថ្វីដ្បិតតែ​មាន​ការ​សរសើរ​រូប​លោក​មេដវេដេវ​ក៏ដោយ។

​លោក Gorbatchev ​ហ៊ាន​​ទិតៀន​​បក្សកាន់​​អំណាច​​ឈ្មោះ​​“ យេឌីណាយ៉ា រ៉ូស្យ៉ា “​​ បក្ស​ដែល​​មាន​​រូប​លោក​នាយក​​រដ្ឋមន្ត្រី​​ពូទីន​​បុរស​​ខ្លាំង​​នៅរុស្ស៊ី​​ធ្វើជា​​ប្រធាន​​
​លោក Gorbatchev ​ហ៊ាន​​ទិតៀន​​បក្សកាន់​​អំណាច​​ឈ្មោះ​​“ យេឌីណាយ៉ា រ៉ូស្យ៉ា “​​ បក្ស​ដែល​​មាន​​រូប​លោក​នាយក​​រដ្ឋមន្ត្រី​​ពូទីន​​បុរស​​ខ្លាំង​​នៅរុស្ស៊ី​​ធ្វើជា​​ប្រធាន​​ © Reuters/Sergei Karpukhin
ផ្សាយពាណិជ្ជកម្ម

ដើមហេតុ​គឺមកពី​ក្នុង​សម្ភាសន៍​ឲ្យ៣ថ្ងៃ​មុន​ទៅ​វិទ្យុ​ប្រជាប្រិយ​មួយ​នៃ​ក្រុងម៉ូស្គូ​ លោក​ Gorbatchev ​ល្បីខាង​ធ្វើ​នយោបាយ​កំណែ​ទម្រង់​ក្រោម​ ឈ្មោះ ​ថា​” Perestroika “ ​ដែលបាន​ដឹកនាំ​សហភាព​សូវៀត​អស់​៦ឆ្នាំ​ ពីឆ្នាំ​១៩៨៥​លុះទាល់​តែ​រដ្ឋនេះ​រលាយ​បាត់​ទៅ ​ក្នុងឆ្នាំ​ ១៩៩១ ​បាន​ថ្លែងថា​ ៖ ​បក្សកាន់​អំណាច ​ ​“ យេឌីណាយ៉ា ​រ៉ូស្យ៉ា “​ មាន​រូប​ពូទីន​ជា​ប្រធាន ​កំពុង​អូសទាញ​ប្រទេស​រុស្ស៊ី ​ឲ្យដើរ​ថយក្រោយ។ ​ដូច្នេះ ​យើងមិនអាច​ជឿទុក​ចិត្ត​លើបក្សនេះ​ឡើយ។​ បក្សនេះ​ ត្រូវនឹង​បំណង​ចង់បាន​របស់​ពូទីន​ដែល​ចង់​រក្សាទុក​ស្ថានភាព​ឲ្យនៅ​ដដែល​គឺនៅ​តោង​អំណាច​ជាប់​ ប៉ុន្តែ​ មិនមែន​ដើម្បី ដោះស្រាយ​ឲ្យបាន​រួចឡើយ​នូវ​បញ្ហា​ដែល​កំពុង​ចោទ​យ៉ាងមោះមុត។

 
ក្នុងសម្ភាសន៍​នោះ លោក​ Gorbatchev​ បែរ​ទៅជា​សរសើរ​ លោក​ប្រធានាធិបតី​ មេដវេដេវ​ ថា ​ជាមនុស្ស​មាន​សមត្ថភាព​មាន​ចំណេះ​ដឹងជ្រៅជ្រះ ​និងជា​អ្នកច្បាប់​ដ៏ជំនាញ​ប៉ុន្តែ​ដោយ​មកពី​លោក​ មេដវេដេវ​ មាន​លក្ខណៈ​ជ្រាយ​ទន់ខ្សោយ ​គាត់​ហាក់​បី​ចងដៃ​ចងជើង​ដោយ​លោក​ ពូទីន​ មិនអាច​វាត​សកម្មភាព​ខ្លួន​ទៅកើត​ឡើយ។

សំដីលោក​ Gorbatchev ​បានញ៉ាំងឲ្យ​មាន​ប្រតិកម្ម​ពុះខ្ជោល ពីខាង​បក្ស​កាន់អំណាច។​ លេខា​បក្សនេះ​ លោក Serguei Neverov ដោយថ្លែង​ល្ងាច​ម្សិលមិញ​ បាន​បដិសេធ​ច្រានចោល ការ​ទិតៀន​ពីខាងលោក​Gorbatchev ​ទាំងក្រើន​រំលឹកថា ៖​

- ពិតជារូប ​Gorbatchev ​ដែលតែ​ក្នុង​រយៈពេល​៦ឆ្នាំសោះ​នៃ​អំណាចខ្លួន​បាន​បណ្តោយ​ឲ្យ​មហាអំណាច​សូវៀត​រលំ​រលាយ​ទៅ។
- តើបុគ្គល​បែបយ៉ាង​ Gorbatchev ​ដែលក្នុង​ខែមីនា​កន្លង​ទៅ បាន​ប្រារព្ធយ៉ាង​ហ៊ឺហា ​ខួបកំណើត ​៨០ឆ្នាំ​របស់​ខ្លួន​ នៅឯក្រុង​ Londres ​មានសិទ្ធិ​ថ្លែង​ដែរ​ឬ​ អំពី​អ្វីដែលជា​ ក្តី​ប្រាថ្នា​ចង់បាន​របស់​ប្រជាជន​រុស្ស៊ី?
- ពិតជារូប Gorbatchev ដែលធ្វើ​ឲ្យរុស្ស៊ី​វិះៗ​បាត់បង់​ទាំងអធិបតេយ្យ​ខ្លួន​ទៅទៀត។​ មិនមែន​ ចៃដន្យ​ទេ​ដែល​Gorbatchev​ មាន​ប្រជាប្រិយភាព​នៅ​បស្ចិមលោក ​ជាងនៅ​ក្នុង​ប្រទេសខ្លួន​ ពីព្រោះ​លោកខាងលិច​មិនដែល​ប្រាថ្នា​ឃើញ​ប្រទេស​រុស្ស៊ី​មាន​មហិទ្ធិឫទ្ធិ​ខ្លាំងក្លា​ឡើយ។

គួររំលឹកថា បក្សកាន់​អំណាច “ យេឌីណាយ៉ា រ៉ូស្យ៉ា “ ជា​បក្ស​មាន​អាសនៈ​ច្រើន​លើសលុប​ដល់ទៅ​៣១៥អាសនៈ​ក្នុង​ចំណោម​អាសនៈ​ទាំងអស់​៤៥០​នៃ​រដ្ឋសភា​នីតិកាល​បច្ចុប្បន្ន​នៅរុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ