អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ុយក្រែន​និង​លោក​ខាង​លិច​ព្រមាន​រុស្ស៊ី​កុំឲ្យ​ចូល​ធ្វើ​អន្តរាគមន៍​យោធា​នៅ​អ៊ុយក្រែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​ព្រហស្បតិ៍​នេះ សភា​អ៊ុយក្រែន​បាន​បោះឆ្នោត​តែងតាំង​រដ្ឋាភិបាល​បណ្តោះអាសន្ន​ថ្មីមួយ ដែល​មាន​នាយករដ្ឋមន្រ្តី​ជា​អ្នក​នយោបាយ​មាន​ទំនោរ​ទៅរក​សហភាព​អឺរ៉ុប។ ក្នុង​ពេល​ជាមួយគ្នា នៅ​ប៉ែក​ខាង​កើត​ប្រទេស​អ៊ុយក្រែន ជន​ប្រដាប់អាវុធ​​មួយ​ក្រុម​បាន​ចូល​កាន់កាប់ និង​ដោតទង់ជាតិ​រុស្ស៊ី នៅ​លើ​អគាររដ្ឋាភិបាល។ ហេតុការណ៍​នេះ​កើតឡើង មួយថ្ងៃ​ក្រោយ​ពី​លោក​ពូទីន​បញ្ជា​ឲ្យ​កងទ័ព​រុស្ស៊ី​ស្ថិត​ក្នុង​សភាព​ប្រុងជើងការ​ខ្ពស់។

ប៉ូលិស​អ៊ុយក្រែន​ត្រូវ​បាន​ដាក់ពង្រាយ​នៅ​ក្បែរ​វិមាន​សភា​តំបន់ Crimée នៅព្រហស្បតិ៍ ២៧ កុម្ភៈ ក្រោយ​ពី​ក្រុម​ប្រដាប់អាវុធ​បាន​ចូល​កាន់កាប់ និង​ដោតទង់ជាតិ​រុស្ស៊ី នៅទីនោះ
ប៉ូលិស​អ៊ុយក្រែន​ត្រូវ​បាន​ដាក់ពង្រាយ​នៅ​ក្បែរ​វិមាន​សភា​តំបន់ Crimée នៅព្រហស្បតិ៍ ២៧ កុម្ភៈ ក្រោយ​ពី​ក្រុម​ប្រដាប់អាវុធ​បាន​ចូល​កាន់កាប់ និង​ដោតទង់ជាតិ​រុស្ស៊ី នៅទីនោះ REUTERS/Baz Ratner
ផ្សាយពាណិជ្ជកម្ម

 

ក្រុមជន​ប្រដាប់អាវុធ ដែល​មាន​គ្នា​ប្រហែល​ជា ៥០នាក់ បាន​ចូល​ដណ្តើម​កាន់កាប់​អគារ​រដ្ឋាភិបាល និង​សភា​តំបន់​ Crimée (ខាងកើត​ប្រទេស​អ៊ុយក្រែន ក្បែរ​ព្រំដែន​រុស្ស៊ី) ​ តាំង​ពី​ព្រឹកព្រលឹម​ថ្ងៃ​ព្រហស្បតិ៍ នៅ​ពេល​ដែល​មិនទាន់​មាន​មនុស្ស​មក​ធ្វើការ។ ក្រោយ​មក​ពី​គេ​បាន​រារាំង​បុគ្គលិក​មិន​ឲ្យ​ចូល​ទៅធ្វើការ ហើយ​គេឃើញ​មាន​ទង់ជាតិ​រុស្ស៊ី​ត្រូវ​បាន​បង្ហូត​ឡើង នៅលើ​អគារ​រដ្ឋាភិបាល​នេះ។

រហូតមកទល់​នឹង​ពេលនេះ គេ​មិនទាន់​អាច​ដឹង​ច្បាស់​នៅឡើយទេ​ថា តើក្រុមជន​​នេះ គឺ​ជា​ក្រុម​ខាងណា ហើយ​ទាមទារ​ចង់​បាន​អ្វី។ យោងតាម​មន្រ្តី​រដ្ឋាភិបាល​អ៊ុយក្រែន ក្រុម​ប្រដាប់អាវុធ​នេះ​​មាន​បំពាក់​ទៅដោយ​អាវុធ​ទំនើបៗ និង​ស្លៀកពាក់​ក្នុង​ឯកសណ្ឋាន​​តាម​របៀប​ជា​ក្រុម​ទាហាន​ប្រយុទ្ធ ប៉ុន្តែ មិនមាន​​សញ្ញា​សម្គាល់​ថា​ជា​ក្រុម​ណា​ទេ។

ការចូល​កាន់កាប់​អគាររដ្ឋាភិបាល នៅ​ Crimée ​នេះ​បាន​កើតមាន​ឡើង មួយថ្ងៃ​ក្រោយ ពី​​មាន​ការ​ប្រឈមមុខ​ដាក់គ្នា​យ៉ាង​ខ្លាំង កាល​ពីថ្ងៃពុធ រវាង​​​ម្ខាង​ក្រុម​អ្នក​គាំទ្រ​រុស្ស៊ី និង​ម្ខាង​ទៀត​គាំទ្រ​សហភាព​អឺរ៉ុប។ ក្រុម​អ្នក​គាំទ្រ​រុស្ស៊ី បាន​ទាមទារ​ឲ្យ​​សភា​តំបន់ Crimée ដែល​បច្ចុប្បន្ន​ជា​តំបន់​ស្វយ័ត ធ្វើការ​បោះឆ្នោត​អនុម័ត​​​ផ្តាច់​ខ្លួន​ចេញ​ពី​អ៊ុយក្រែន ហើយ​ទៅ​ភ្ជាប់​ខ្លួន​ជាមួយ​នឹង​រុស្ស៊ី​វិញ។

គួរ​បញ្ជាក់ថា តំបន់​ Crimée ធ្លាប់​ជា​ទឹកដី​របស់​រុស្ស៊ី ប៉ុន្តែ ត្រូវ​បាន​កាត់​មក​ដាក់​ជា​ទឹកដី​អ៊ុយក្រែន កាល​ពី​ឆ្នាំ​១៩៥៤ នៅ​ពេល​ដែល​រុស្ស៊ី និង​អ៊ុយក្រែន ស្ថិត​នៅ​ក្នុង​ប្រទេស​តែមួយ គឺ​សហភាព​សូវៀត។ រហូត​មក​ទល់​នឹង​សព្វថ្ងៃ​នេះ ប្រជាជន​ដែល​រស់​នៅ​ក្នុង​តំបន់​ Crimée ភាគច្រើន​ជា​អ្នក​មាន​ដើម​កំណើត​រុស្ស៊ី និយាយ​ភាសា​រុស្ស៊ី ហើយ​នៅតែ​ចិញ្ចឹមចិត្ត​ថា តំបន់​នេះ គឺ​ជា​ទឹកដី​រុស្ស៊ី។

មូលដ្ឋាន​ទ័ព​ជើងទឹក​ដ៏ធំមួយ​ក៏​ត្រូវ​បាន​រុស្ស៊ី​ដាក់តាំង នៅ​ក្នុង​តំបន់ Crimée នេះ​ដែរ ទៅតាម​កិច្ចព្រមព្រៀង​ជួល ដែល​លោក​អតីត​ប្រធានាធិបតី​អ៊ុយក្រែន យ៉ានូកូវិច ទើបនឹង​បាន​ពន្យារពេល​រហូតដល់​ឆ្នាំ​២០៤២។

ក្រោយ​ពីមាន​ហេតុការណ៍​​ជន​ប្រដាប់អាវុធ​ចូល​ទៅកាន់កាប់ និង​បង្ហូតទង់ជាតិ​រុស្ស៊ី ​នៅលើ​អគារ​រដ្ឋាភិបាល ​​នៅ​តំបន់ Crimée​ នេះ ក្រសួង​ការបរទេស​អ៊ុយក្រែន​បាន​កោះហៅ​ភារៈធារី​នៃ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​ទីក្រុង Kiev មក​ធ្វើការ​ព្រមាន​កុំ​ឲ្យ​​រុស្ស៊ី​រំលោភ​លើ​​បូរណភាព​ទឹកដី​របស់​អ៊ុយក្រែន។

ប្រធានាធិបតី​ស្តីទី​របស់​អ៊ុយក្រែនវិញ​​បាន​ព្រមាន​ទៅ​រុស្ស៊ី​ថា នៅក្នុង​តំបន់ Crimée កងទ័ព​រុស្ស៊ី​អាច​ធ្វើ​សកម្មភាព​​តែ​នៅ​ក្នុង​មូលដ្ឋាន​ទ័ព​​ជើងទឹក​របស់​ខ្លួន​តែ​ប៉ុណ្ណោះ ដោយ​គោរព​ទៅ​តាម​កិច្ចព្រមព្រៀង​ ដែល​បាន​ចុះ​ជាមួយគ្នា​​រួចហើយ។ រាល់​សកម្មភាពរបស់​កងទ័ព​រុស្ស៊ី ដែល​ធ្វើឡើង​​​នៅ​ក្រៅ​មូលដ្ឋាន​ទ័ព​នេះ នឹង​ត្រូវ​ចាត់ទុក​ថា​ជា​អំពើ​ឈ្លានពាន​មក​លើអ៊ុយក្រែន។
 
គួររំឭកថា ចាប់តាំង​ពី​សភា​អ៊ុយក្រែន​បោះឆ្នោត​ទម្លាក់​លោក​យ៉ានូកូវិច​ពី​តំណែង​ជា​ប្រធានាធិបតី គេ​សង្កេត​​ឃើញថា ​​រុស្ស៊ី​បាន​បង្កើន​សកម្មភាព​​ចម្លែក​ខុស​ពីធម្មតា ដោយ​បាន​ដាក់ពង្រាយ​រថពាសដែក​ នៅ​ពីមុខ​មូលដ្ឋាន​ទ័ព​ជើងទឹក នៅ Crimée។

លើសពីនេះ​ទៅទៀត កាល​ពីថ្ងៃ​ពុធ​ម្សិលមិញ​នេះ លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន បាន​ចេញ​​បញ្ជា​ដល់​កងទ័ព​រុស្ស៊ី​ទាំង​ប្រមាណ​ជា ១៥ម៉ឺននាក់ ដែល​ឈរជើង​​​នៅ​ប៉ែក​ខាងលិច​ប្រទេស​រុស្ស៊ី ​​​ក្បែរ​​ព្រំដែន​អ៊ុយក្រែន ឲ្យ​ស្ថិត​ក្នុង​ភាព​​ប្រុងជើងការ​ខ្ពស់​ ក្នុង​ការ​ហាត់សម ដើម្បី​ពិនិត្យ​មើល​អំពី​ភាព​ប្រុងប្រៀបខ្លួន​ប្រយុទ្ធ ​របស់​កងទ័ព ចាប់តាំង​ពី​ទ័ព​ថ្មើរជើង កងរថក្រោះ នាវាចម្បាំង និង​យន្តហោះ​ចម្បាំង។

ការ​បញ្ចេញ​សាច់ដុំ​យោធា​របស់​រុស្ស៊ី បូករួម​ជាមួយ​នឹង​​សកម្មភាព​ជនប្រដាប់អាវុធ​ចូល​ កាន់កាប់ និង​ដោតទង់ជាតិ​រុស្ស៊ី នៅ​លើ​អគារ​រដ្ឋាភិបាល នៅ Crimée នៅ​ព្រឹកថ្ងៃ​ព្រហស្បតិ៍​នេះ​ទៀត ទើប​ធ្វើ​ឲ្យ​រដ្ឋាភិបាល​អ៊ុយក្រែន​​មាន​ការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង ខ្លាច​ក្រែង​​រុស្ស៊ី​យក​លេស​អ្វីមួយ ដើម្បី​ចូល​ធ្វើ​អន្តរាគមន៍​យោធា​នៅ​អ៊ុយក្រែន។

លោក​ចន ឃែរី រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​​អាមេរិក ​ក៏​បាន​​ធ្វើការ​ព្រមាន​​ដល់​រុស្ស៊ី​ដែរ​ថា អំព​ការ​ធ្វើ​អន្តរាគមន៍យោធា​រុស្ស៊ី​នៅ​អ៊ុយក្រែននេះ។ ប្រមុខការទូត​​អាមេរិក​បាន​រំឭក​រុស្ស៊ី​ឡើងវិញថា កន្លងមក ​រុស្ស៊ី​​តែងតែ​ប្រឆាំង​នឹង​អន្តរាគមន៍​យោធា តាំង​ពី​នៅ​លីប៊ី រហូត​ដល់​ស៊ីរី​ ដូច្នេះ រុស្ស៊ី​ក៏​​ត្រូវតែ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​នេះ​ដែរ ចំពោះ​ករណី​អ៊ុយក្រែន។

អគ្គលេខាធិការ​អង្គការ​អូតង់​វិញ​​ក៏​បាន​ព្រមាន​រុស្ស៊ី​ដែរ​​ថា កុំ​ឲ្យ​ធ្វើ​សកម្មភាព​ណាមួយ ដែល​នាំ​ឲ្យ​ស្ថានភាព​នៅ​តំបន់ Crimée រាលដាល​កាន់តែ​ធ្ងន់ធ្ងរ ហើយ​​អាច​បង្ក​ឲ្យ​មាន​ការ​យល់ច្រឡំ​គ្នាណាមួយ។ ប្រទេស​នៅ​ក្នុង​តំបន់​អឺរ៉ុប​ផ្សេងទៀត រួមមាន អង់គ្លេស ប៉ូឡូញ និង​លីទុយអានី ជាដើម ក៏​បាន​ធ្វើការ​ព្រមាន​ស្រដៀង​គ្នា​នេះដែរ។

នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ដែរ លោក​យ៉ានូកូវិច បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ចុះផ្សាយ​ក្នុង​បណ្តាញ​ព័ត៌មាន​រុស្ស៊ី​ថា លោក​នៅតែ​ជា​ប្រធានាធិបតី​អ៊ុយក្រែន​ដដែល ដោយ​ចាត់ទុក​សេចក្តីសម្រេច​របស់​សភា ដែល​ដកតំណែង​លោក កាល​ពី​ថ្ងៃ​សៅរ៍ ២២កុម្ភៈ គឺ​ជា​ទង្វើ​ខុសច្បាប់។ លោក​យ៉ានូកូវិច ក៏​បាន​ស្នើសុំ​ផងដែរ​ឲ្យ​រុស្ស៊ី​ធានា​សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​លោក។ សំណើ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​រុស្ស៊ី​ទទួល​យក។

មន្រ្តី​រដ្ឋាភិបាល​រុស្ស៊ី ដែល​មិន​បញ្ចេញ​ឈ្មោះ ហើយ​ដែល​ត្រូវ​បាន​ដកស្រង់​សម្តី​ដោយ​​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​រុស្ស៊ី ក៏​បាន​បង្ហើប​ឲ្យដឹង​ផងដែរ​ថា នៅ​ពេលនេះ លោក​យ៉ានូកូវិច បាន​រត់​ចេញ​ពី​អ៊ុយក្រែន ហើយ​កំពុង​ស្ថិត​ក្នុង​ប្រទេស​រុស្ស៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ