អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វិបត្តិ​អ៊ុយក្រែន​ ៖ រុស្ស៊ី​ព្រម​​ចរចា តែការ​​ចាប់​ផ្តើមស្មុគស្មាញ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភាព​តាន​តឹង​បាន​ឡើង​ដល់​កំរិត​កំពូល​នៅ​​​ចុង​សប្តាហ៍កន្លង​មក​នេះ វិបត្តិ​អ៊ុយក្រែន​បាន​ក្លាយ​ជា​វិបត្តិ​អន្តរជាតិ។ រដ្ឋាភិបាល​ក្រុង​គៀវ បាន​ប្រកាស​ថា​កំពុង​ស្ថិត​នៅ​លើ​មាត់​ជ្រោះ​នែ​គ្រោះ​មហន្តរាយ ​ព្រោះ​តែ​ការ​ប្រកាស​សង្គ្រាម​របស់​រុស្ស៊ី។ ​ក្រុម​បស្ចឹម​លោក បាន​បង្កើន​គំនាប គំរាម​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ចផង គំរាម​ចង់បណ្តេញ​រុស្ស៊ី​ចេញ​ក្រុម​ប្រទេស​មហា​អំណាច​មាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំងផង ព្រមទាំង​អំពាវនាវ​ឱ្យ​មាន​ការចរចា​ទៀត។ នៅ​ទី​បំផុត​ លោក​ពូទីន ប្រធានាធិបតី​រុស្ស៊ី បាន​សុខ​ចិត្ត​ទទួល​យក​ដំណោះស្រាយ​តាម​ផ្លូវ​នយោបាយ។ ហើយ​អ្នក​ដែល​អាច​ល្បួង​រុស្ស៊ី​ឱ្យ​ចូល​ចរចា​បាន​គឺ​លោកស្រី អង់ហ្គីឡា មែរគែល ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់។

លោក​ប្រធានាធិបតី​រុស្ស៊ី​Vladimir Poutine  និង​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ Angela Merkel.
លោក​ប្រធានាធិបតី​រុស្ស៊ី​Vladimir Poutine និង​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ Angela Merkel. (Photo : reuters)
ផ្សាយពាណិជ្ជកម្ម

សកម្មភាព​ការទូត​ មាន​លក្ខណៈ​ស្វាហាប់​ខ្លាំង​ណាស់​នារយៈពេល​ប៉ុន្មាន​ចុងក្រោយ​នេះ និង​ជាពិសេស​​ ក្រោយ​ពេល​ដែល​សភា​រុស្ស៊ី​បាន​ព្រមព្រៀង​ឱ្យ​កងទ័ព​រុស្ស៊ី​ចេញ​ធ្វើ​អន្តរាគមន៍​នៅ គ្រីមេ នៅ​អ៊ុយក្រែន ដើម្បី​ការពារ​សុវត្ថិភាព​ប្រជាជន​រុស្ស៊ី និង​ផល​ប្រយោជន៍​រុស្ស៊ី។ កាល​ពី​ថ្ងៃ​សៅរ៍ លោកប្រធានាធិបតីអាមេរិក បារ៉ាក់​អូបាម៉ា បាន​ទូរស័ព្ទ​ផ្ទាល់​ទៅ​លោកពូទីន និយាយ​រយៈ​ពេល​មួយម៉ោង​កន្លះ ប៉ុន្តែ​​លោក​ពូទីន​មិន​បាន​​ធ្វើ​ដឹង​ធ្វើ​ឮ​ទេ។

ប្រធានាធិបតីបារាំង​ ក៏​បាន​ទូរស័ព្ទ​ជួប​សមភាគី​រុស្ស៊ី​ដែរ។ ប្រធានាធិបតី​​នៃ​ក្រុម​ប្រទេស​មហាអំណាច​ខាង​លិច ទូរស័ព្ទ​ទាក់ទងគ្នា​យ៉ាង​ច្រវ៉ាត់​ច្រវែងបំផុត ដើម្បី​រិះរក​មធ្យោបាយ​បញ្ចុះ​បញ្ចូល​ឱ្យ​រុស្ស៊ី​បោះបង់​គំនិត​ប្រើ​កម្លាំង​យោធា​នៅអ៊ុយក្រែន។ ព្រោះ​បើ​សង្គ្រាម​រុស្ស៊ី​-អ៊ុយក្រែន ពិត​ជា​ផ្ទុះ​មែន​ នោះ​មាន​ន័យ​ថា​សន្តិភាព និង​សន្តិសុខ​អឺរ៉ុប​ក៏​ត្រូវ​ទទួល​រង​ការ​គំរាមកំហែងដែរ។

 
ពូទីន​ព្រម​ចូល​ចរចា
 
តែ​នៅ​ទីបំផុត​ គឺ​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ ជា​អ្នក​មាន​ស្នាដៃ​ជាងគេ (នៅ​ពេល​នេះម៉ោងនេះ)។ តាំង​ពី​ស្ថានភាព​នៅ​អ៊ុយក្រែន បាន​ក្លាយ​ជា​ភាព​តានតឹង​រវាង​រុស្ស៊ី​និង​អ៊ុយក្រែនមក អាល្លឺម៉ង់​មិន​បាន​ធ្វើ​អ្វី​ដែល​មាន​លក្ខណៈ​​ក្តុងក្តាំង​ទេ តែ​គ្មាន​ថ្ងៃ​ណា​មួយ​ដែល​ថា​លោកស្រី មែរកែល មិន​ទូរស័ព្ទ​ទៅ​ជួប​លោក​ពូទីន​ឡើយ។ ទាល់​តែ​ដល់​ល្ងាច​ថ្ងៃ​​អាទិត្យ​ម្សិលមិញ​ ទើប​លោកស្រី​បាន​ទទួល​ចម្លើយវិជ្ជមាន​ពីលោកពូទីន ថា​ព្រម បង្កើត​បេសកកម្ម​អង្កេត​មួយ និង​ព្រម​​បង្កើត​ក្រុមអន្តរការី ដើម្បី​ធ្វើការ​ចរចា​នយោបាយ ស្តី​ពី​វិបត្តិ​អ៊ុយក្រែន។ ក្រុម​អ្នក​​អន្តរការី​អន្តរជាតិ​នេះ ទំនង​ជា​នឹង​ត្រូវ​ស្ថិត​នៅក្រោម​ការ​ត្រួតពិនិត្យ​ដឹកនាំ​ដោយ​អង្គការ​សន្តិសុខ​និង​សហប្រតិបត្តិការ​អឺរ៉ុប ដែល​ហៅ​កាត់​ថា OSCE។ អង្គការ​ដែល​មាន​ប្រទេស​ស្វីស​ជា​ប្រធានផ្លាស់​វេន​តាំង​ពី​ដើម​ឆ្នាំ​២០១៤​មក។

ឆ្លើយ​នឹង​សំណួរ​ថា តើ​លោកស្រី​មែរគែល​បាន​និយាយ​អ្វី​ខ្លះ ? តាមការពិត​លោកស្រី​ ក៏​ប្រើ​ភាសា​បន្ទោសពូទីន​ដូចគ្នា “អន្តរាគមន៍​យោធា​នៅគ្រីមេ ជា​ទង្វើ​មិន​អា​ច​ទទួល​យក​បាន” “អ្នក​រំលោភ​ច្បាប់​អន្តរជាតិ” ... ប៉ុន្តែ​ក្រុង​បែរឡាំងបាន​យក​អនុសារណៈក្រុង​ប៊ុលដាប៉េស មក​ដាក់មុខ។ អនុសារណៈ​ឆ្នាំ​១៩៩៤ ដែល​រុស្ស៊ី​ក៏​មាន​ឈ្មោះ​ជា​​ហត្ថលេខី​ម្នាក់​ដែរ បាន​បង្កើត​ឡើង​​នៅ​ពេល​អ៊ុយក្រែន​បាន​ភ្ជាប់​ខ្លួន​ជា​ចូល​ជា​ប្រទេស​ក្នុង​សន្ធិសញ្ញា​មិន​រីកសាយភាយ​នុយក្លេអ៊ែរ។ នៅ​ក្នុង​កិច្ច​សន្យា​នោះ​ ក្រុង​គៀវ​ព្រម​បោះបង់​មហិច្ឆតា​ផលិត​អាវុធ​បរមាណូ​ ហើយ​ជា​ថ្នូរ​មក​វិញ រុស្ស៊ី សហរដ្ឋ​អាមេរិក និង​អង់គ្លេស​ សន្យា​គោរព​ឯករាជភាព បូរណភាព​ដែនដី និង​ព្រំដែន​អ៊ុយក្រែន។ ដូច្នេះ​ហើយ​ទើប​អាល្លឺម៉ង់​អាច​បន្ទោស​រុស្ស៊ី​បាន​នៅ ពេល​នេះ ថាកំពុង​តែ​ធ្វើ​ខុស​អនុសារណៈ។

រុស្ស៊ី​ហាក់​ស្តាប់​យល់​ភាសា​របស់​ប្រមុខ​ដឹកនាំអាល្លឺម៉ង់ ដោយ​មិន​សើរើ​បញ្ហា​បូរណភាព​ដែន​ដី​អ៊ុយក្រែន​ និង​បាន​បញ្ជាក់​ថា​មិន​ចង់​ធ្វើ​សង្គ្រាម​​ជាមួយ​ប្រទេស​ជាប់​របង​អ៊ុយក្រែន​ទេ។ ប៉ុន្តែ​នៅ​ផ្ទាល់​កន្លែង គ្រីមេ តាំង​ពី​ថ្ងៃ​សៅរ៍​ត្រូវ​ស្ថិតក្រោម​រដ្ឋបាល​មាន​និន្នាការ​រុស្ស៊ី​ និង​ក្រោមការ​ឈ្លានពាន​​របស់​យោធា​រុស្ស៊ី​ ជាមួយ​នឹង​ការ​ប្រកាស​ធ្វើ​ប្រជា​មតិ​ស្តី​អំពី​លក្ខន្តិកៈ​តំបន់​គ្រីមេ ពោល​គឺ​ដូច​អ្វី​ដែល​ម៉ូស្គូ​ចង់​បាន​។

REUTERS/Thomas Peter

 
ការទូត​នៅ​តែសកម្ម

គ្រប់​គ្នា​សុទ្ធ​តែ​ដឹង​និង​ទទួល​ស្គាល់​ថា​វិបត្តិ​អ៊ុយក្រែន-រុស្ស៊ី មិន​អាច​ដោះស្រាយ​តាម​ផ្លូវ​យោធា​បាន​ទេ គឺមាន​តែ​ដំណោះស្រាយ​នយោបាយ​តែ​ប៉ុណ្ណោះ ! ប៉ុន្តែ​នេះ​គ្រាន់​តែ​ចំណុច​វិជ្ជមាន​តូច​មួយ​ទេ គេត្រូវ​តែ​ប្រុង​ប្រយ័ត្ន​សិន ជា​ការព្រមព្រៀង​ចូល​ចរចា​ជា​គោលការណ៍ ហើយ​សំខាន់​ជាង​នេះ​ទៅ​ទៀត គឺ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឱ្យ​រុស្ស៊ី​ព្រម​បញ្ជូល​ទាហាន​ទៅ​ក្នុង​បន្ទាយ​វិញ​សិន​។ លក្ខខណ្ឌ និង​ដំណើរ​ដើម​ទង​នៃ​ការ​ចរចា​ មិន​ទាន់​ត្រូវ​បាន​កំណត់​នៅ​ឡើយ​ទេ។ ម្យ៉ាង​ទៀត​អឺរ៉ុប ដែល​តាំង​ខ្លួន​ជា​អន្តរការី​ មាន​បញ្ហា​ដូច​ជា​រាល់​លើក គឺ​និយាយ​មិន​សូវ​ត្រូវ​គ្នា។ ​

នៅ​ពេ​ល​នេះ​សកម្មភាព​ការទូត​នៅ​រញឹករញៃ​ដដែល។ សម្រាប់​សហភាព​អឺរ៉ុប អឺរ៉ុប​កំពុង​តែ​ប្រើ​វិធី​ខោក​ផង​អង្អែល​ផង​។ ​គេ​បាន​ទទួល​ព័ត៌មាន​មក​ថា​សកម្មភាព​រៀប​ចំ​​ជំនួប​កំពូល​នៃ​ក្រុម​ប្រទេស​មាន​ឧស្សាហកម្ម​លូតលាស់​ខ្លាំង​លើ​លក​ទាំង​៨ ឬ​​ហ្សេ ៨ ដែល​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​ក្រុង​សុតឈី​ ប្រទេស​រុស្ស៊ី​ នា​ខែ​មិថុនា​ខាង​មុខ បាន​ផ្អាក​។ ហើយ​ជា​សេចក្តី​សម្រេច​ដែល​មាន​ការព្រមព្រៀងរួម​គ្នា​ពី​សំណាក់​សហរដ្ឋ​អាមេរិក កាណាដា បារាំង​អាល្លឺម៉ង់ អង់គ្លេស និង​អ៊ីតាលី ព្រមទាំង​សហភាព​អឺរ៉ុប និង​ក្រុម​ប្រឹក្សា​អឺរ៉ុប។

គំនាប​លើ​រុស្ស៊ី​មិន​មែន​មាន​ត្រឹម​តែ​ពី​សំណាក់​សហភាព​អឺរ៉ុប​​ប៉ុណ្ណោះ​ទេ ម្សិលមិញ ក្នុង​នាម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង​៧​ប្រទេសនិង​សហភាព​អឺរ៉ុប​​ ​សេតវិមាន​ (សហរដ្ឋ​អាមេរិក) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ថា “ក្នុង​ស្ថានភាព​ជាក់ស្តែ​ង​ពេល​នេះ ​រុស្ស៊ី​​អាច​នឹងត្រូវ​ព្យួរ​ វត្តមាន​រុស្ស៊ី​ក្នុង​ក្រុម​ហ្សេ ៨​ គ្មាន​ន័យ”។ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក ចន ឃែរី បាន​ថែម​ទាំង​គំរាម​ថា ការ​បញ្ចេញ​រុស្ស៊ី​ចេញ​ពី​ក្រុម​ប្រទេស​មហាឧស្សាហកម្ម​ហ្សេ​ ៨  មក​ជា​​ហ្សេ៧វិញ គ្រាន់​តែ​ជា​ទណ្ឌកម្ម​ ដំណាក់កាលទីមួយ​ប៉ុណ្ណោះ។ ចំណែក​អង់គ្លេស​វិញ ថ្ងៃ​នេះ​​លោក​​រដ្ឋមន្ត្រី​ការបរទេស​កំពុង​ស្ថិត​នៅ​ក្រុង​គៀវ។ រដ្ឋមន្ត្រី​ការបរទេស​សហភាព​អឺរ៉ុប​ នឹង​ត្រូវ​ជួប​គ្នា​រសៀល​នេះ នៅទីក្រុង​ព្រុចសែល។ ថ្ងៃ​ស្អែក លោក​ចន​ឃេរី នឹង​អញ្ជើញ​ទៅ​ក្រុង​គៀវ។ លោក​អគ្គលេខាធិការ​​អង្គការ​សហប្រជាជាតិ​ បានគីមូន​ ប្រកាស​ថា​នឹង​ទៅ​ជួប​ប្រមុខ​ការទូត​រុស្ស៊ី។

ស្រមោល​សង្គ្រាម​ត្រជាក់

​តាំង​ពី​វិបត្តិ​អ៊ុយក្រែន​ផ្ទុះឡើង​ ប៉ុន្មាន​ខែ​ដំបូង​ រុស្ស៊ី មិន​សូវ​មាត់ក លូក​លាន់​អ្វី​ទេ ដោយ​អ្នក​ឯកទេស​ និង​វិភាគនយោបាយ​យល់​ថា​ រុស្ស៊ី​រវល់​រៀប​ចំ​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​ត្រជាក់​។ កីឡា​បាន​បិទ​បញ្ចប់​ប្រកប​ដោយ​ជោគជ័យ រុស្ស៊ី​ងាកមក​ចាត់ការ​អ៊ុយក្រែន​ បង្ក​បង្កើត​ឱ្យ​ភាព​តាន​តឹង​ភ្លាម។ ព្រោះ​រុស្ស៊ីរក្សា​រូប​ភាពអតីតកាល​ដែល​ខ្លួន​​ជា​ចក្រភព​ ជា​អតីត​សហភាព​សូវៀត​ដ៏​ធំធេង​។

តាំង​ពី​របប​កុម្មុយនិស្ត​សូវៀត​ដូលរលំ​ទៅ ជម្លោះ​និង​សង្គ្រាម​តែ​ង​កើត​ឡើង​ជា​ញឹក​ញប់​ រវាង​រុស្ស៊ី​ជាមួយ​នឹង​បណ្តា​ប្រទេស​ជា​អតីត​រដ្ឋ​រណប​សហភាព​សូវៀត មាន​ជា​អាទិ៍ វិបត្តិ​នៅ​អតីត​យូហ្កោស្លាវី ពី​ឆ្នាំ​ ១៩៩១-២០០១, សង្គ្រាម​នៅ​អាប់ខាហ្ស៊ី ១៩៩២-៩៣, នៅឆេតឆេនី ១៩៩៤-៩៦ និង​១៩៩៩-២០០០ ហើយ​ចុង​ក្រោយ​នឹង​ថ្មីៗ​បំផុត គឺ​សង្គ្រាម​នៅ​ហ្ស័កហ្ស៊ី កាលពី​ឆ្នាំ​២០០៨ ដែល​កាលណោះ​រុស្ស៊ី​បាន​ប្រើ​លេស​តែ​មួយ​ គឺ​ការពារ​បណ្តា​ជន​រុស្ស៊ី​នៅ​អូសឺទីត​ខាង​ត្បូង។

លេស​ដដែល​នេះ​ត្រូវ​បាន​យក​មក​ប្រើ​ទៀត​នៅអ៊ុយក្រែន តែ​ជាក់​ស្តែង​ទៅ​នោះ​គ្មាន​បណ្តា​ជនរុស្ស៊ី​ណា​ម្នាក់​នៅគ្រីមេ ត្រូវ​រក​ការ​គំរាម​កំហែង​ផង​។ ពោលគឺ​រុស្ស៊ី​ចង់​បង្ហាញ អំណាច​របស់ខ្លួន​លើ​អតីត​ក្រុម​រដ្ឋ​រណប​អតីត​សហភាព​សូវៀត ដូច​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់​ ដែល​ជា​សង្គ្រាម​មនោគមវិជ្ជា បែក​ចែក​រវាង​លោក​ខាង​លិច សេរី និង​ប្លុក​ខាងកើត​កុម្មុយនិស្ត។ ដូច្នេះ​ វា​មិន​ខុស​ទេ​ដែល​ពេល​នេះ​គ្រប់​គ្នា​សំឡឹង​ឃើញ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ក្រុម​មហាអំណាច​លិច កើតនោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ