អានតួអត្ថបទ
អ៊ុយក្រែន

វិបត្តិអ៊ុយក្រែន ៖ អូតង់​ជួប​ប្រជុំ​បន្ទាន់ ស្វែង​រក​វិធី​ល្បួង​រុស្ស៊ី

បន្ទាប់​ពី អង្គការ​សហប្រជាជាតិ សហរដ្ឋ​អាមេរិក ថ្ងៃ​នេះ​ដល់​វេន​អូតង់​ម្តង ដែលបើក​ប្រជុំ​បន្ទាប់​ ស្តី​ពី​ស្ថានការណ៍​នៅ​អ៊ុយក្រែន។ បក្ស​សម្ព័ន្ធ​អាត្លង់ទិក ឬ​អូតង់​ បាន​ចាត់​ទុក​សកម្មភាព​រុស្ស៊ីធ្វើ​ចំពោះ​អ៊ុយក្រែន ថា​ជា​ការ​គំរាម​កំហែង​​សន្តិភាព​ និង​សន្តិសុខ​អឺរ៉ុប និង​តម្រូវ​ឱ្យ​ម៉ូស្គូ​បញ្ឈប់​ជា​បន្ទាន់​​រាល់​សកម្មភាព​និង​ការ​គំរាមកំហែង​តាម​ផ្លូវ​យោធា​​​លើ​ប្រទេស​ជិត​ខាង​អ៊ុយក្រែន។ អឺរ៉ុប​កោះ​ហៅ​ឯកអគ្គរដ្ឋ​ទូត​ចូល​ជួប ! បស្ចឹម​លោក​ប្រកាស​ផ្អាក​មិន​ទៅ​ចូល​រួម​ប្រជុំ​ហ្សេ ៨ ជា​បន្តបន្ទាប់។ នៅ​ផ្ទាល់​កន្លែង​ យោធា​រុស្ស៊ី​បាន​បិទ​ខ្ទប់​ មូលដ្ឋាន​ទ័ព​អ៊ុយក្រែនមួយ​កង។

ក្រុមប្រដាប់​អាវុធនៅ​មុខ​រដ្ឋ​សភា​ Crimée ថ្ងៃទី ១ មីនា ២០១៤
ក្រុមប្រដាប់​អាវុធនៅ​មុខ​រដ្ឋ​សភា​ Crimée ថ្ងៃទី ១ មីនា ២០១៤ REUTERS/David Mdzinarishvili
ផ្សាយពាណិជ្ជកម្ម

 

នៅ​ថ្ងៃ​អាទិត្យ​នេះ ក្រោម​ការ​ផ្តួច​ផ្តើម​គំនិត​របស់​ប៉ូឡូញ អង្គការ​អូតង់​ បាន​បើក​សម័យ​ប្រជុំ​បន្ទាន់​មួយ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​គំរាម​កំហែង​ធ្វើ​អន្តរាគមន៍​យោធា​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន។ ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​ជា​សមាជិកអង្គការ​ទាំង​២៨​ប្រទេស​ បាន​មក​ជួប​ជុំ​គ្នា​នៅ​ទីស្នាក់​ការ នាទីក្រុង​ព្រុច​សែល​ប្រទេស​បែលហ្សិក នៅ​វេលា​ម៉ោង​១២​ម៉ោង​សកល មុន​​នឹង​បើក​ជំនួប​មួយ​ទៀត​ជាមួយ​សមភាគី​អ៊ុយក្រែន​ពីរ​ម៉ោង​បន្ទាប់។

តាម​ច្បាប់​ចែង​ក្នុង​សន្ធិសញ្ញា​អង្គការអូតង់ ជំនួប​ប្រជុំ​បន្ទាន់ ការពិភាក្សា​គ្នា ត្រូវ​រៀប​ចំ​ឡើង​ភ្លាម ប្រសិន​បើ​មាន​ប្រទេសជា​សមាជិក​ណា​មួយ​ស្នើ​ឡើង ឬ​ប្រទេស​ជា​សមាជិក​រង​ការ​គំរាម​កំហែង​យោធា។ ហើយ​បើ​តាម​មាត្រា​ទី ៥ ដើម្បី​ការពារ​ប្រយោជន៍​រួម​ អូតង់​អាច​នឹង​ចេញ​ធ្វើ​ជា​អ្នក​ជំនួយ រាប់​ទាំង​មធ្យោបាយ​យោធា​ផង​ ប្រសិន​បើ​រដ្ឋ​ជា​សមាជិក​ណា​មួយ​រង​ការ​វាយ​ប្រហារ។ ប៉ុន្តែ​ក្នុង​ករណី​អ៊ុយក្រែន​នេះ ក្រុង​គៀវ​មិន​មែន​ជា​សមាជិក​អូតង់​ទេ។ កាលពី​ឆ្នាំ​២០០៨ អូតង់​បាន​បើក​ទ្វារ​ចំហចង់​ទទួល​អ៊ុយក្រែន​  ក្រោម​ក្រសែ​ភ្នែក​ក្តៅ​ក្រហាយ​របស់​រុស្ស៊ី តែនៅ​​ឆ្នាំ​២០១០​មក​ រដ្ឋាភិបាលអ៊ុយក្រែន​របស់​លោក​ប្រធានាធិបតីវិចទ័រ យ៉ានូកូវិច បាន​បោះបង់​ចោលមហិច្ឆតា​ចង់​ចូល​ជា​សមាជិក​អូតង់។ ​​

ដូច្នេះ​ គេ​មិន​ត្រូវ​រង់​ចាំ​អ្វី​ពី​ជំនួប​ប្រជុំ​នេះ ក្រៅ​អំពី​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​និង​អំពាវនាវ​ឱ្យ​រុស្ស៊ី​បោះបង់​គំនិត​ប្រើ​កម្លាំង​យោធា ឬ​ក៏​បញ្ជាក់​អំពី​ផល​វិបាក​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​រុស្ស៊ីនិង​អូតង់​ ជុំ​វិញ​សំណុំ​រឿង​មួយ​ចំនួន​ដូច​ជា​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវនិយម។

ជំនួប​នេះ​ប្រព្រឹត្ត​ទៅក្នុង​ខណៈ​ដែល​សកម្មភាព​ការទូត​មាន​លក្ខណៈ​ស្វាហាប់​​បំផុត ដើម្បី​ធ្វើ​យ៉ាង​ណា​បញ្ចុះ​បញ្ចូល​រុស្ស៊ី​ឱ្យបោះបង់គំនិត​ចង់​ធ្វើ​អន្តរាគមន៍​យោធា​នៅ​អ៊ុយក្រែន និង​ក្នុង​ខណៈ​ដែល​កងទ័ព​រុស្ស៊ី​បាន​ផ្តើម​ជា​ស្រេច​ធ្វើ​សកម្មភាព​បិទ​ខ្ទប់​កង​កម្លាំង​ឆ្នាំ​សមុទ្ទ​អ៊ុយក្រែន​ នៅ​គ្រីមេ​ កាលពី​រសៀល​ថ្ងៃ​អាទិត្យ។ ឯការ​ថ្កោល​ទោស​និង​ដាក់​គំនាប​លើ​រុស្ស៊ី​មានកាន់​តែ​ច្រើន​ឡើងៗ។ បារាំង អង់គ្លេស​បាន​បញ្ជាក់​ពី​ចេតនា​ព្យួរ​វត្តមាន​ក្នុងជំនួបហ្សេ ៨ ដូច​សហរដ្ឋ​អាមេរិក​និង​កាណាដា​ដែរ។​ នៅថ្ងៃចន្ទ​នេះ សហភាព​អឺរ៉ុប​ក៏ត្រូវ​បើក​ជំនួប​បន្ទាន់​របស់​ខ្លួន​ដែរ។ អឺរ៉ុប​ទំនង​ជា​កំពុង​រិះរក​វិធី​ភ្ជាប់​​ផ្លូវចរចា​ ឱ្យ​រុស្ស៊ីនិង​អ៊ុយក្រែន តាម​រយៈ​​អង្គការ​សហប្រជាជាតិ​ ឬ អូសេដេអឺ អង្គការ​ដើម្បី​សន្តិសុខ និង​កិច្ចសហប្រតិបត្តិការ​អឺរ៉ុប ជា​អន្តរការី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ