អានតួអត្ថបទ
លីទុយអានី

លីទុយអានីតាំងពីកណ្តាលអធ្រាត្រយប់មិញមកចូលក្នុងតំបន់ ចាយលុយអឺរ៉ូ

ដូច្នេះ​ចាប់ពី​ថ្ងៃ​១​មករា​ឆ្នាំ​២០១៥​នេះ​ទៅ លីទុយអានី​ក្លាយ​ជា​សមាជិក​ទី​១៩​នៃ​តំបន់​ចាយ​លុយ​​អឺរ៉ូ​ជា​ជំនួស​រូបិយវត្ថុជាតិ​របស់​ខ្លួន​គឺ​ប្រាក់ Litas។ ព្រឹត្តិការណ៍​នេះ ឆ្លុះ​ឲ្យ​ឃើញ ពី​ក្តី​សង្ឃឹម​របស់​ប្រទេស​នៅ​ជាប់​សមុទ្រ​បាល់ទីក​នេះ ភ្ជាប់​ខ្លួន​ឲ្យ​កាន់តែ​មាំ ទៅ​នឹង​អឺរ៉ុប​ខាង​លិច​នៅ​ពីមុខ​មហិច្ឆិតា​ជាយថាហេតុ​របស់​ក្រុង​ម៉ូស្គូ​និង​ទោះបី ការ​ចាយ​លុយ​អឺរ៉ូ អាច​បង្ក​ឲ្យ​ទំនិញ​ឡើង​ថ្លៃ​ក្នុង​ប្រទេស​ក្តី។ 

តារាង​តម្លៃ​ម្ហូប​អាហារ​​ត្រូវ​គេ​ដាក់​​​បង្ហាញ​ននៅក្រុង Vilnius ប្រទេសលីទុយអានី​ គិត​ជា​លុយ​អឺរ៉ូ​ផង​និង​លុយ​ក្នុង​ស្រុក​ផង​
តារាង​តម្លៃ​ម្ហូប​អាហារ​​ត្រូវ​គេ​ដាក់​​​បង្ហាញ​ននៅក្រុង Vilnius ប្រទេសលីទុយអានី​ គិត​ជា​លុយ​អឺរ៉ូ​ផង​និង​លុយ​ក្នុង​ស្រុក​ផង​ REUTERS/Ints Kalnins
ផ្សាយពាណិជ្ជកម្ម

មុន​លីតុយអានី​មាន​ប្រទេស​ពីរ​ផ្សេង​នៃ​តំបន់​បាល់ទីក បាន​ចូល​ក្នុង​តំបន់​ចាយ​លុយ​អឺរ៉ូ ជា​ជំនួស​រូបិយវត្ថូ​ជាតិ​ខ្លួន​ទៅ​ហើយ​ពោ​លគឺ​អេស្តូនី បាន​ចូល​៤​ឆ្នាំ​មុន​នា​ថ្ងៃ​១​មករា​ឆ្នាំ​២០១១ ហើយ​៣​ឆ្នាំ​ក្រោយ​មក​នា​ថ្ងៃ​១​មករា​ឆ្នាំ​២០១៤ គឺ​ឡេតូនី ដែល​បាន​ត្រូវ​ទទួល​ឲ្យ​ចូល។

ឧទ្ទិស​ដល់​ពិធី​ដ៏​ឧឡារឹក​នេះ ប្រធានាធិបតី​លីទុយអានី លោកស្រី Dalia Grybauskaite ថ្លែង​ថា​សម្រាប់​លីទុយអានី ការ​ភ្ជាប់​ខ្លួន​ទៅ​នឹង​តំបន់​ប្រាក់​អឺរ៉ូ ជា​និមិត្តរូប​នៃ​សមាហរ័ណកម្ម សេដ្ឋកិច្ច​និង​នយោបាយ​កាន់តែ​ធំធេង​ឡើង​ជាមួយ​បស្ចិមលោក។ ព្រឹត្តិការណ៍​នេះ ជា​ការ​បង្ហើយ​រួច​ជាស្រេចបាច់​ដំណើរ​ការ​សមាហរ័ណកម្ម​យើង​ក្នុង​សហភាព​អឺរ៉ុប​និង​ជា​ការ​ធានា សន្តិសុខ​ដល់​សេដ្ឋកិច្ច​និង​នយោបាយ​យើង។

ជា​ការ​កត់​សម្គាល់ លីទុយអានី​ដែល​ត្រូវ​បាន​ទទួល​ឲ្យ​ចូល​ជា​សមាជិក​នៃ​តំបន់​ប្រាក់​អឺរ៉ូ ពីព្រោះ​ប្រទេស​នេះ​ចេះ​ឆ្លើយ​ស្រប​នឹង​លក្ខណៈ​វិនិច្ឆ័យ​ទាមទារ​ដោយ​សន្ធិសញ្ញ​ចុះ​នៅ​ក្រុង Maastricht ប្រទេស​ហូឡង់​កាលពី​ឆ្នាំ​១៩៩២ ដែល​ស្តី អំពី​ការ​កសាង សហភាព​រូបិយវត្ថុ រួមតែ​មួយ​របស់​អឺរ៉ុប ពោលគឺ​ប្រទេស​ជា​បេក្ខជន​មិន​ត្រូវ​មាន​បំណុល​រដ្ឋ លើស​ពី ៦០% ​នៃ​ផលិតផល​សរុប​ក្នុង​ប្រទេស​ហៅ​ថា PIB និង​មិន​ត្រូវ​មាន​អតិផរណា​លើស​ពី ៣%​ នៃ PIB ឡើយ។

ថ្ងៃ​ទី​១​មករា​នេះ​ឯង​ដែល​ប្រទេស​តំបន់​បាល់ទីក​មួយ​ទៀត​គឺ​ឡេតូនី ឡើង​ធ្វើ​ជា​ប្រធាន​ផ្លាស់វេន​របស់​សហភាព​អឺរ៉ុប​សម្រាប់​ឆមាស​ទី​១​ឆ្នាំ​២០១៥។ គួរ​និយាយ​ថា ឡេតូនី អេស្តូនី លីទុយអានី ជា​បី​ប្រទេស​នៃ​តំបន់​បាល់ទីក ដែល​ធ្លាប់​បាន​ស្ថិត​នៅ​ក្រោម​ការ​កាន់កាប់​នៃ​របប​សូវៀត​អស់​កន្លះ​សតវត្សរ៍​ពី​ឆ្នាំ​១៩៤០​ដល់​១៩៩០ លុះ​ក្នុង​ឆ្នាំ ២០០៤ ត្រូវ​បាន​ទទួល​ឲ្យ​ចូល​ជា​សមាជិក​បក្សសម្ព័ន្ធ​អូតង់​ផង​សហភាព​អឺរ៉ុប​ផង។

ឥឡូវ បី​ប្រទេស​នេះ នាំ​គ្នា​ព្រួយបារម្ភ​នឹង​នយោបាយ​វិមាន​ក្រេមឡាំង ចំពោះ​រដ្ឋ​អ៊ុយក្រែន និង​ភាព​សកម្ម​យោធា​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ​រុស្ស៊ី​នៅ​ក្បែរ​ព្រំ​ប្រទល់​ខ្លួន។

ស្រប​នឹង​ការ​ស្ទង់​មតិ​ពី​ក្នុង​ចំណោម​បណ្តាជន ៣​លាន​៣​សែន​នាក់​នៅ​លីទុយអានី មាន ដល់​ទៅ ៥៣% ដែល​សាទរ​ចំពោះការ​ដែល​ប្រទេស​ខ្លួន ត្រូវ​បាន​ទទួល​ឲ្យ​ចូល ក្នុង​តំបន់ ចាយ​លុយ​អឺរ៉ូ​ជា​ជំនួស​រូបិយវត្ថុ​ជាតិ​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ