អានតួអត្ថបទ
កាណាដា

ការធ្លាក់​ចុះ​តម្លៃ​ប្រេង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កាណាដា​

ការ​ធ្លាក់ចុះ​​​តម្លៃ​ប្រេង​​នឹង​​ប៉ះពាល់​​ដោយ​​ផ្ទាល់​​ដល់​​កំណើន​​សេដ្ឋកិច្ច​​របស់​​ប្រទេស​​កាណាដា​​នៅ​​ឆ្នាំ​២០១៥ ​នេះ​​បើតាម​​ការ​សន្និដ្ឋាន​រួម​​របស់​​ក្រុម​អ្នក​វិភាគ​បើទោះ​ជា​​ពួកគេ​​មិន​​ចុះ​សម្រុង​គ្នា​​អំពី​​ទំហំ​​នៃ​​ផលវិបាក​ដែល​​នឹង​​អាច​មាន​​ចំពោះ​​សេដ្ឋកិច្ច​​កាណាដា​​ក៏ដោយ។

ការធ្លាក់ចុះតម្លៃប្រេងប៉ះពាល់ដល់សេដ្ឋកិច្ចកាណាដា
ការធ្លាក់ចុះតម្លៃប្រេងប៉ះពាល់ដល់សេដ្ឋកិច្ចកាណាដា REUTERS/Jo Yong-Hak/Files
ផ្សាយពាណិជ្ជកម្ម

សេដ្ឋកិច្ច​របស់​ប្រទេស​កាណាដា ក្នុង​ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ ពឹងផ្អែក​លើ​ឧស្សាហកម្ម​ចំរាញ់​ប្រេង​ដែល គេ​ឲ្យឈ្មោះ​ថា​មាសខ្មៅ។ ដោយសារតែ​វិស័យ​ប្រេង​មាន​សារៈសំខាន់​ខ្លាំង​បែប​នេះ​​ហើយ​ ទើប​ការធ្លាក់​ចុះ នៃ​តម្លៃ​ប្រេង​នឹង​មាន​ផលប៉ះពាល់​អវិជ្ជមាន លើ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កាណាដា នេះ​បើតាម ការព្យាករណ៍​របស់​ធនាគារ​អភិវឌ្ឍន៍ Nomura។

 
ការធ្វើអាជីវកម្ម និង​ឧស្សាហកម្ម​រ៉ែប្រេងកាត មានតួរលេខ​ស្មើ​នឹង៨%​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប (PIB) របស់​កាណាដា។ នៅឆ្នាំ២០១៤ កាណាដា​ផលិត​បាន​ប្រមាណ​ជាជាង ៣,៤លាន​ធុង (Barils) ក្នុង​មួយ​ថ្ងៃ ជាបរិមាណ​ដែល​កើន​ដល់​ទៅ ៣៦% បើ​ប្រៀប​ទៅ​នឹង ឆ្នាំ​២០១០ និង​ដែល​នាំឲ្យ​កាណាដា ឈរ​នៅលំដាប់​ទី៦​ចំណោម​ប្រទេស​ផលិត​ប្រេង​លើ​ពិភពលោក។

មុនពេលធ្លាក់ចុះ​ពាក់កណ្តាល​តម្លៃប្រេង​ដែល​បានចាប់​ផ្តើម​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៤ ធនាគារ កាណាដា​បាន​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​ចន្លោះ ២% ទៅ ២,៥% សម្រាប់ឆ្នាំ​២០១៥ ចំណែកឯ មូលនិធិរូបិយវត្ថុ​អន្ដរជាតិ ក៏បាន​ព្យាករណ៍​កំណើន ២,៤% ដែរ បើទោះ​ជា​មាន​ហានិភ័យ​​នៃ​បំណុល គ្រួសារ​នៅតែ​ខ្ពស់។ ក៏ប៉ុន្តែ​ក្រោយមក ជាមួយ​នឹងការធ្លាក់ចុះ​ក្នុង​វិស័យប្រេង​នេះ ទេសាភិបាល​ធនាគារ កណ្តាល​គឺ លោក Stephen Poloz បានព្យាករណ៍​បន្ថយ​កំណើន​មកត្រឹម​តែ​ចន្លោះ​ពី១,៧៥ទៅ២,២៥% ប៉ណ្ណោះ​សម្រាប់​ឆ្នាំ​២០១៥។ តួរលេខ​នៃកំណើន​នេះ​ក៏​ទំនងជា​នឹង​បន្ត​បន្ថយ​ទៀត​ដរាបណា​ ការធ្លាក់​ថ្លៃ នៃ​តម្លៃ​ប្រេង​នៅ​តែ​បន្ត។

ជាក់ស្តែង​នៅដើម​សប្តាហ៍​នេះ ប្រេង​មួយ​ធុង​ថ្លៃ​ត្រឹមតែ​៥៤​ដុល្លារ​ដែល​ជា​តម្លៃ ទាប​ជាងគេ​បំផុត​ក្នុង​រយៈពេល​ប្រាំឆ្នាំ​ចុងក្រោយ​នេះ។ ជាការធ្លាក់ថ្លៃ​ដែល​បណ្តាល​មក​ពី​ប្រទេស សមាជិក​​នៃ​អង្គការ​ប្រទេស​នាំចេញ​ប្រេង​ហៅ​កាត់ថា OPEP មិនព្រម​កាត់បន្ថយ​ការផលិត​ប្រេង​របស់ ខ្លួន និង​ម៉្យាងទៀត​មកពី​តម្រូវការ​ប្រេង​ទូទាំពិភពលោក​នឹង​នៅ​ទ្រឹង​ក្នុង​ឆ្នាំ២០១៥ នេះបើ​តាម​ការវិភាគ របស់ ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ (AIE)។ យ៉ាងណាមិញ ធនាគារ​អភិវឌ្ឍន៍ Nomura បាន​សន្និដ្ឋាន​ថា ការណ៍នេះ​នឹងនាំឲ្យ​ការធ្វើអាជីវកម្ម​ប្រេង​របស់​កាណាដា​ធ្លាក់​ដល់​កំរិត​មួយ ដែល​ទទួល​បាន​បា្រក់​ចំណេញ​តិច​បំផុត។

ក៏ប៉ុន្តែ​បើ​តាមការវិភាគ​របស់​ធនាគារជាតិ ការកាត់បន្ថយ​ក្នុង​វិស័យ​ប្រេង​នឹង​អាច​ប៉ះប៉ូវ​វិញ​ដោយ​កំណើន នៃ​ការនំាចេញ​ដែល​បណ្តាល​មកពី​ការធ្លាក់ចុះ​នៃ​ប្រាក់​ដុល្លារ​កាណាដា និង​ស្ថានភាព​ប្រសើរ​ឡើង​នៃ សេដ្ឋកិច្ច​របស់​អាមេរិក​ដែល​ជាដៃគូរ​ពាណិជ្ជកម្ម​ធំបំផុត​របស់​ប្រទេស​កាណាដា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ