អានតួអត្ថបទ
បារាំង

Charlie Hebdo​រងភេរវកម្ម​ ដោយសារ​តែ​ចង់​រក្សា​សេរីភាព​បញ្ចេញមតិ

ប្រទេស​បារាំង​ទាំងមូល នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ​កាន់ទុក្ខ​ជាតិ ចំពោះ​ជនរងគ្រោះ អ្នកកាសែត​ទស្សនាវដ្តី​រូបត្លុក​Charlie Hebdo និង​ប៉ូលិស ដែល​ត្រូវ​បាន​ក្រុមជន​ឈាម ត្រជាក់​បាញ់​សម្លាប់ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ។ អំពើ​ភេរវកម្ម​​សម្លាប់​អ្នកកាសែត បាន​កើត​ឡើង ទំាងថ្ងៃ​ត្រង់ នៅ​កណ្តាល​ក្រុង​ប៉ារីស នៅ​ក្នុង​ទីស្នាក់ការ​ផ្ទាល់​របស់​ទស្សនាវដ្តី។ អ្នកកាសែត​៨​នាក់ ដែល​សុទ្ធ​តែ​អ្នកគំនូរ​ល្បីៗ​ក្នុង​ប្រទេស​បារំាង និង​ប៉ូលិស​២​នាក់ បាន​ស្លាប់ នៅក្នុង​ព្រឹត្តិការណ៍​បាញ់​ប្រហារ​របស់​ឧក្រិដ្ឋជន។  

រូបគំនូរ​របស់​plantuដើម្បី​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​អ្នកកាសែត​របស់​Charlie Hebdo ដែល​ត្រូវ​ភេរវករ​បាញ់​សម្លាប់​កាលពីថ្ងៃ​ពុធ​ទី ៧​មករា ២០១៥nvier 2015
រូបគំនូរ​របស់​plantuដើម្បី​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​អ្នកកាសែត​របស់​Charlie Hebdo ដែល​ត្រូវ​ភេរវករ​បាញ់​សម្លាប់​កាលពីថ្ងៃ​ពុធ​ទី ៧​មករា ២០១៥nvier 2015 Plantu / Le Monde
ផ្សាយពាណិជ្ជកម្ម

នៅ​កណ្តាលថ្ងៃ​ត្រង់ ម្សិលមិញ ជនបិទ​មុខ​មួយក្រុម ដែល​តាម​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​បាន​និយាយ​ថា មាន​គ្នា​២​នាក់ បាន​ចូល​ទៅ ក្នុង​ទីស្នាក់ការ​របស់​ទស្សនាវដ្តី​ Charlie Hebdo ក្នុង​សង្កាត់​ទី ១១ កណ្តាល​ក្រុង​ប៉ារីស។ តាម​សាក្សី​របស់​ស្រ្តី​អ្នកកាសែត​ម្នាក់ ដែល​ស្ថិតនៅ​ក្នុង​ហេតុការណ៍ ជន​បិទមុខ បាន​ភ្ជង់​កាំភ្លើង បញ្ជា​ឲ្យ​នាង​ចុច​លេខកូដ ដើម្បី​បើកទ្វារ​ចូល​ទៅក្នុង​អគារ​របស់​ទស្សនាវដ្តី។ បន្ទាប់មក ឧក្រិដ្ឋជន​បាន​ឡើង​ទៅ​ជាន់​ខាងលើ ដែល​ជា​ការិយាល័យ​និពន្ធ​របស់​Charlie Hebdo។ ឃាតករ​បាន​បាញ់​សម្លាប់​អ្នកកាសែត ៨​នាក់ ភ្ញៀវ​របស់​ទស្សនាវដ្តីម្នាក់ និង​ប៉ូលិស​ម្នាក់ ដែល​មាន​ភារកិច្ច ត្រូវ​យាម​ការពារ​សន្តិសុខ ឲ្យ​ប្រធាន​ទស្សនាវដ្តី​ម្នាក់​ប៉ុណ្ណោះ។

 
បន្ទាប់ពី​បាញ់​សម្លាប់​អ្នកកាសែត ឧក្រិដ្ឋជន​បិទ​មុខ​បាន​ចេញ​មក​ក្រៅវិញ និង​បាន​បាញ់​កាំភ្លើង​AK ទៅលើ​ប៉ូលិស​ពីរ បីនាក់ រហូត​ធ្វើ​ឲ្យ​ប៉ូលិស​ត្រូវ​ដកថយ រក​កន្លែង​លាក់ខ្លួន។ នៅក្នុង​ពេល​នោះ ឧក្រិដ្ឋជន​​មា្នក់​បាន​ស្រែកជា​ភាសា​អារ៉ាប់​ថា ព្រះគឺ​ធំអស្ចារ្យ ចំណែកម្នាក់ទៀត បាន​ស្រែក​ជា​ភាសា​បារាំងថា គេ​បាន​សម្លាប់​ Charlie Hebdo ដើម្បី​សងសឹក​ឲ្យ​ព្យាការី ម៉ូហាម៉េដ។

តាម​រដ្ឋអាជ្ញា​បារាំង មនុស្ស​១២​នាក់ បាន​ស្លាប់​នៅក្នុង​ព្រឹត្តិការណ៍​បាញ់​ប្រហារ​ទៅលើ​ទស្សនាវដ្តី Charlie Hebdo។ ព្រឹត្តិការណ៍​បាញ់​សម្លាប់​អ្នកកាសែត កើតមាន​តែ​ជាង​១០​នាទី​ប៉ុណ្ណោះ។ បើមើលវីដេអូ​ដែល​អ្នកជិតខាង​ថតបាន ឃាតករ​ត្រូវ​គេសំគាល់​ឃើញថា បាន​បាញ់​សម្លាប់​មនុស្ស​​ដោយ​ឈាម​ត្រជាក់ និង​ធ្វើ​សកម្មភាព​ប្រកប​ដោយ​វិជ្ជាជីវៈ​បំផុត ពោល​គឺ​គេ​បាន​ទទួល​ការហ្វឹកហាត់​ប្រើ​កាំភ្លើង​យ៉ាង​ស្ទាត់​ជំនាញ។

តាម​ប៉ូលិស​បារាំង ឃាតកម្ម​ទៅ​លើ​អ្នកកាសែត ត្រូវ​បាន​ឧក្រិដ្ឋជន រៀបចំ​ទុកជាមុន ព្រោះថា គេ​បាន​តាមដាន​ដឹងថា នៅ​ថ្ងៃ​ពុធ ម្សិលមិញ ជា​ថ្ងៃ​ប្រជុំ​ប្រចាំ​សប្តាហ៍ ដូច្នេះ មាន​អ្នកកាសែត​សឹង​ទាំងអស់​បាន​មក​ធ្វើការ។

Charlie Hebdo

រូបត្លុក​ម៉ូហាម៉េដ​

Charlie Hebdo ជា​ទស្សនាវដ្តី​រូបត្លុក​កំប្លែង ប៉ុន្តែ បង្កប់​ការ​រិះគន់។ ទស្សនាវដ្តីនេះ​មិន​សូវ​មាន​ចេញផ្សាយ​ច្រើន​ទេ ប៉ុន្តែ គេ​ចាប់អារម្មណ៍​ច្រើន​ Charia Hebdo ដោយសារ​តែ​ទស្សនាវដ្តី​នេះ​បង្ហាញ​រូបត្លុក​ច្រើន​ដែល​និយាយ​លេបខាយ រិះគន់​មិនថា ព្រះ​យេស៊ូ ឬ​ព្យាការី មូហាម៉េដ។ តាំងពី​ឆ្នាំ ២០០៦ ទស្សនាវដ្តី​មួយ​នេះ​បាន​រង​ការគំរាមកំហែង​ពី​ក្រុមអ៊ីស្លាម​ជ្រុលនិយម ដោយសារ​តែក្រុមនេះ បាន​ចាត់ទុក​រូបគំនូរ​ត្លុក​របស់ Charlie Hebdo (រូប​ម៉ូហាម៉េដ​មាន​ដាក់​​គ្រាប់បែក​​ក្នុង​ក្បាល) ថា មាន​លក្ខណៈ​សើចចំអក មើលងាយ​ព្យាការី ម៉ូហាម៉េដ ។ កាលពី​ឆ្នាំ ២០១១ ទីស្នាក់ការ​របស់​ Charlie Hebdo​ត្រូវ​បាន​ដុត​បំផ្លាញ បន្ទាប់ពី​ទស្សនាវដ្តី​ចេញផ្សាយ​លេខ​ពិសេស បែបកំប្លែង មួយ ដែល​មាន​ឈ្មោះ​ថា Charia Hebdo ឬ​ទស្សនាវដ្តី​ច្បាប់​អ៊ីស្លាម Charia​ និង​ដែល​មាន​ព្យាការី មូហាម៉េដ​ជា​និពន្ធនាយក។ យុវជន​អាយុ​២៣​ឆ្នាំ​ម្នាក់​ត្រូវ​ចាប់ខ្លួន ដោយសារ​តែ​បាន​បង្ហោះ​សារ​អំពាវនាវ​តាម​អ៊ីនធ័រនែត ឲ្យ​គេ​កាត់ក​អ្នកកាសែត​ដែល​ហ៊ាន​សើចចំអក​ឲ្យ​ព្រះ​អ៊ីស្លាម​របស់​គេ។

នៅ​ឆ្នាំ ២០១១ រដ្ឋាភិបាល​បារាំង​បាន​ចាត់ទុក​ការដុត​បំផ្លាញ​ទីស្នាក់ការ​ Charlie Hebdo​ថា ជាអំពើ​ភេរវកម្ម។ ចំណែក​អ្នកគំនូរ​សំខាន់ៗ​របស់​ទស្សនាវដ្តី​ត្រូវ​បាន​ទទួល​ការការពារ​ជាប់ជានិច្ច​ពី​ប៉ូលិស។ គឺ​ទើប​តែ​មួយ​ឆ្នាំ​ចុងក្រោយនេះ ដោយសារ​តែ​កម្រិត​គំរាមកំហែង​ហាក់​ថយចុះ គេ​បាន​ដក​ការការពារ​ពី​អ្នកគំនូរ​ដែល​អាច​រងការគំរាមកំហែង ប៉ុន្តែ នៅ​រក្សា​ទុក សម្រាប់​តែ​ប្រធាន​ទស្សនាវដ្តី​តែ​ប៉ុណ្ណោះ គឺ​លោក​Stephane Charbonnier ហៅ​Charb។

ពីលើ​ឆ្វេងមក​ស្តាំ លោក​Charb លោក​Wolinski លោក​Tignous លោក​Cabus
ពីលើ​ឆ្វេងមក​ស្តាំ លោក​Charb លោក​Wolinski លោក​Tignous លោក​Cabus

ស្លាប់ដើម្បី​ការពារ​សេរីភាព​បញ្ចេញមតិ
អ្នកកាសែត​ដែល​ស្លាប់​ដោយសារ​ឧក្រិដ្ឋជន​ឈាមត្រជាក់ គឺ​សុទ្ធ​តែ​ជា​អ្នកគំនូរ​ល្បីៗ​ឈ្មោះ នៅ​ក្នុង​ប្រទេស​បារាំង ដូចជា Charb លោក Cabu ​លោកWolinski និង​Tignous។ គេ​ច្រើន​ឃើញ​ស្នាដៃ​របស់​ពួកគេ នៅតាម​ទស្សនាវដ្តី និង​កាសែត​បារាំង ដូចជា Le canard enchainéeដែល​ជា​កាសែត​រូបត្លុក​ដ៏ល្បីល្បាញ​របស់​បារាំង  លោក​ Charb​ដែល​ជា​ប្រធាន​ទស្សនាវដ្តី ជា​ម្ចាស់​រូបគំនូរ​ត្លុក​ដែលបង្ហាញ​ពី​ព្យាការី មូហាម៉េដ ជិះរទេះកង់ រុញ​ដោយ​បុរស​ជ្រុលនិយម​ម្នាក់។ រូបត្លុក​នេះ​បាន​បង្ក​ឲ្យ​មាន​ការមិនពេញ​ចិត្ត​ពីសំណាក់​សហគមន៍​អ៊ីស្លាម និង​ការគំរាមកំហែង​ពី​ក្រុមជ្រុលនិយម។ ប៉ុន្តែ លោក​ Charb​ធ្លាប់​បាន​អះអាង​ថា នេះ​ជា​សេរីភាព​បញ្ចេញ​មតិ​របស់លោក នៅក្នុង​ប្រទេស​បារាំង និងថា លោក​មិន​ចុះចាញ់ នឹង​ការសំឡុត​របស់​ក្រុមជ្រុលនិយម​ទេ។ លោក​ថែម​ទាំង​ហ៊ាន​និយាយ​ថា លោក​ស៊ូស្លាប់ ដោយឈរ  ប៉ុន្តែ​មិន​លត់​ជង្គង់ ទេ។

អ្នកគំនូរ​ផ្សេងទៀត ដូចជា​លោក​Cabu លោកWolinski និង​Tignous​ជាដើម សុទ្ធ​តែ​បាន​ទទួល​ការគំរាមកំហែង​អាយុជីវិត ប៉ុន្តែ ពួកគេ​នៅ​តែ​ហ៊ាន​បន្ត​គូរគំនូរ​ឲ្យ​ទស្សនាវដ្តី ទៅតាម​ការយល់ឃើញ​របស់គេ។ សម្រាប់​ពួកគេ គ្មានអ្វី​ដែល​រារាំង បិទខ្ទប់​សេរីភាព​បញ្ចេញមតិ​របស់​ពួកគេ​បាន​ទេ។ អ្នកគំនូរ​ដូចជា​Charb Cabu Wolinski Tignous និង​អ្នកកាសែត​ដែល​ត្រូវ​ឃាតករ​បាញ់​កាលពីថ្ងៃ​ម្សិលមិញ ត្រូវ​បាន​ពិភពលោក​ទាំងមូល ចាត់ទុក​ជា​វីរជន ដែល​បាន​បាត់បង់​ជីវិត ដើម្បី​បុព្វេហតុ​ការពារ​សេរីភាព​បញ្ចេញ​មតិ។ សេរីភាព​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន ដែល​មានតម្លៃ​ខ្ពស់ មិន​អាច​កាត់ថ្លៃ​បាន និង​ដែល​​គេ​មិន​អាច​ប៉ះពាល់​បាន នៅក្នុង​ប្រទេស​បារាំង ក៏​ដូចជា​នៅ​កន្លែង​ដទៃ​ទៀត នៅក្នុង​ពិភពលោក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ