អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំងនឹងបង្កើត​​ច្បាប់​ថ្មីប្រឆាំង​ភេរវកម្ម​ដូច​អាមេរិក​ក្រោយ​មហាភេរវកម្ម​១១កញ្ញា ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការតស៊ូមតិ​បាន​ផុស​ផុល​ស្ទើរ​គ្រប់​មាត់​ ចំពោះ​វិធានការ​ការ​ពារ​សន្តិសុខ​ជាតិ និង​ជាពិសេស​ដើម្បី​រក​វិធានការ​តប​នឹង​អំពើ​ភេរវកម្ម។ មាន​វិធានការ​ជា​ច្រើន​ត្រូវ​បាន​ព្រលយ​ឱ្យ​ដឹង តែ​ភាព​ចម្រូង​ចម្រាស​ក៏​មាន​ច្រើន ! ហើយ​គឺ​នៅ​ថ្ងៃ​នេះ​តែ​ម្តង​ដែល​សភា​បារាំងត្រូវ​​អនុម័ត​ថា​តើ​គួរ​បន្ត​ឬ​បញ្ឈប់​​​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​ជីហាត​នៅអ៊ីរ៉ាក់ និង​ត្រូវ​​​ពិភាក្សា​ស្តី​អំពី​ការ​បង្កើត​ច្បាប់​ថ្មី​ប្រឆាំង​នឹង​ភេរវកម្ម​។ ក្នុង​ពេល​ជា​មួយគ្នា កាសែត​Charlie-Hebdo បាន​បង្ហាញ​ជា​សាធារណៈ​អំពី​ទ្រង់ទ្រាយ​និង​ខ្លឹមសារ​នៃ​កាសែត ដែល​ត្រូវ​ចេញ​លក់​ នៅ​ថ្ងៃពុធទី ១៤ មករា ២០១៥។

សភា​បារាំង​ត្រូវ​ពិភាក្សា​ស្តី​ពី​ការ​បង្កើត​ច្បាប់​ថ្មី​ប្រឆាំង​ភេរវកម្ម
សភា​បារាំង​ត្រូវ​ពិភាក្សា​ស្តី​ពី​ការ​បង្កើត​ច្បាប់​ថ្មី​ប្រឆាំង​ភេរវកម្ម REUTERS/Charles Platiau
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​បារាំង​ បាន​ប្រកាស​ចាត់​វិធានការថ្មី​​តឹង​រឹង​បំផុត​ប្រឆាំង​នឹង​ភេរវកម្ម ​​ប៉ុន្តែ​នាយក​រដ្ឋមន្ត្រី​​បាន​បដិសេធ​មិន​បញ្ចេញ​សកម្មភាព​អ្វី​ដោយ​បង្ខំ​ឡើយ។ បារាំង​កំពុង​តែ​រិះរក​មធ្យោបាយ​ប្រឆាំង​អំពើភេរវកម្ម ដោយ​យក​ច្បាប់​មក​ធ្វើ​ជា​អាវុធ។

 
ជួន​ចំ​ពេល​ជា​មួយ​គ្នា​នេះ សភា​បារាំង​ថ្ងៃ​នេះ​ ត្រូវ​បើក​កិច្ច​ប្រជុំ​ ​ដើម្បី​អនុម័ត​ថា​តើ​គួរ​បន្ត​ ឬ​អត់​ប្រតិបត្តិការ​ប្រឆាំង​នឹង​ភេរវកម្ម​ជីហាត​នៅ​អ៊ីរ៉ាក់។ នេះ​ជា​របៀប​វារៈ​ធម្មតា​របស់​បារាំង​មុន​នឹង​ចេញ​ឬ​បន្ត​យុទ្ធនាការ​នៅ​ក្រៅប្រទេស។ សូម​បញ្ជាក់​ថា ជន​ជីហាត​បារាំង​ទាំង​បី​ដែល​បាន​បង្ក​ភេរវកម្ម​បង្ហូរ​ឈាម​នៅ​ទីក្រុង​ប៉ារីស​ សប្តាហ៍​មុន បាន​អះអាង​ធ្វើ​សកម្មភាព​ដើម្បី​សង​សឹក​បារាំង​ដែល​ទៅ​វាយប្រហារ​នៅ​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​អ៊ីរ៉ាក់។

កិច្ចប្រជុំ​សភា​ថ្ងៃ​នេះ​ក៏​ត្រូវ​​ជជែក​គ្នា​ស្តី​ពី​ការ​បង្កើត​ច្បាប់ថ្មី​ទៀត​​ប្រឆាំង​ភេរវកម្ម។ ការ​តស៊ូ​មតិ​មាន​ច្រើន​ចំណុច​ណាស់ ដូចជា​​ការតាមដាន ការ​បង្កើត​បញ្ជី​ឈ្មោះ​អ្នក​ដំណើរ​ ។ល។ និង​។ល។ ហើយ​អ្វី​លាន់​ឮ​ស្ទើរ​គ្រប់​មាត់​ចង់​បាន​នោះ គឺ​ការ​បង្កើត​ច្បាប់​ថ្មីប្រឆាំង​ភេរវកម្ម​ដូច​នៅ​សហរដ្ឋ​អាមេរិក ដែល​មាន​ឈ្មោះ​ថា Patriot Act។ ច្បាប់​នេះ ត្រូវ​បាន​រដ្ឋាភិបាល​អាមេរិក​របស់​លោក ហ្ស័ក ប៊ូស ស្នើ​ទៅ​សភា និង​អនុម័ត​តែ​៤៥​ថ្ងៃ​ក្រោយ​មហាភេរវកម្ម​ប្រឆាំង​សហរដ្ឋ​អាមេរិក​ថ្ងៃ​ទី ១១​កញ្ញា​២០០១។ ក៏​ប៉ុន្តែសម្រាប់​អ្នក​នយោបាយបារាំង ច្បាប់​អាមេរិក​នេះ មាន​លក្ខណៈ​រំលោភ​មូលដ្ឋាន​គ្រឹះ​នៃ​សេរីភាព​​ខ្លាំងណាស់ អាច​លប​ស្តាប់​ ចូល​ចាប់​ ឆែកឆេរ​ដោយ​មិន​បាច់​ប្រាប់ ​និង​ជាពិសេស ​ប្រយោជន៍​តិច​តួចខាង​ប្រឆាំង​ភេរវកម្ម​ ជា​ឧទាហរណ៍​ នៅក្នុង​ឆ្នាំ​២០១៣​ ក្នុង​ចំណោម​សំណុំ​រឿង​១១១២៩ មាន​តែ​៥១​ប៉ុណ្ណោះ​ជា​ករណី​ភេរវកម្ម​ ជិត​មួយ​ម៉ឺន​ករណី​ជា​ការ​ជួញ​ដូរ​គ្រឿង​ញៀន។ នេះ​បើ​តាម​តួលេខ​របស់អង្គការ​សហភាព​អាមេរិក​ដើម្បី​សេរីភាព​ជន​ស៊ីវិល។

ដោយ​មាន​គំរូ​នេះ បារាំង​មិន​ចង់ធ្វើ​អ្វី​ឱ្យ​លឿន​ជ្រុល​ និង​ឱ្យ​ហួស​ហេតុពេក​ទេ។ តែ​អាច​ស្រង់​គំនិត​ខ្លះពី​Patriot Act ដូច​ដែល​មាន​ចែង​ក្នុង​​​ច្បាប់​ទើប​អនុម័ត​​កាលពី​ខែ​វិច្ឆិកា២០១៤ ពង្រឹង​មធ្យោបាយ​តាមដាន​​​ទូរគមនាគមន៍។​

លោក អូបាម៉ា សម​តែ​មក​ចូល​រួម​ដង្ហែក្បួន​នៅ​ប៉ារីស

នៅ​ល្ងាច​មិញ សេតវិមាន​បានចេញ​មុខ​​សម្តែង​ការ​សោក​ស្តាយ​ នៅ​ពេលឃើញ​លោក​អូបាម៉ា ជា​ប្រធានាធិបតី​មិន​ធ្វើ​ដំណើរ​មក​ក្រុង​ប៉ារីស ដើម្បី​​លើក​ទឹក​ចិត្ត​ប្រទេស​ដែល​សហរដ្ឋ​អួត​ថា​ជា​សម្ព័ន្ធមិត្ត​ដ៏​ស្និទ្ធ​ម្នាក់ ជា​អ្នក​ដែល​បានសហការ​ដោយ​គ្មាន​រួញ​រា​​ចូល​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម​ជីហាត​នៅ​អ៊ីរ៉ាក់ រហូត​ទទួល​ថ្ម​បាក់​ខ្លួន​ឯង។ អ្នក​នាំ​ពាក្យវិមាន​ប្រធានាធិបតី​បាន​ថែម​បន្ទោស​លោក អូបាម៉ា ថា​គួរ​តែ​បញ្ជូន​តំណាង​ប្រទេស​ថ្នាក់​កំពូលៗ​ដូច​ជា​អនុប្រធានាធិបតី ចូ បៃដិន ឬ​យ៉ាង​ហោច​ណាស់​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ លោក​ចន ឃែរី​ដែរ (លោកឃែរី ដែល​កំពុង​ស្ថិត​នៅ​ឥណ្ឌា​ក្បែរ​បារាំងស្រាប់) មិន​មែន​​ត្រឹម​តែ​ឯកអគ្គរដ្ឋទូត​​អាមេរិក​ប្រចាំ​ក្រុង​ប៉ារីស​ប៉ុណ្ណោះ​ទេ។ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក ដែល​អញ្ជើញ​មក​ប៉ារីស​ បាន​ត្រឹម​មក​ជួប​ប្រជុំ​ស្តី​ពី​បញ្ហា​សន្តិសុខ​ តែ​មិន​បាន​ចុះ​ថ្នល់​ជាមួយ​គេ​ឯង​ទេឡើយ​។
​លោក ឃែរី ទើប​តែ​នៅ​ថ្ងៃ​ម្សិលមិញ បាន​ប្រកាស​នឹង​មក​សម្តែង​សាមគ្គី​ភាព​ជាមួយ​បារាំង​នៅ​សប្តាហ៍​ក្រោយ។

រូបថ្លុក Mahomet នៅ​ទំព័រ​មុខ​កាសែតCharlie Hebdo លេខ​1178  ចេញ​ផ្សាយ​នៅ​ថ្ងៃពុធ​ទី ១៤​មករា ២០១៥
រូបថ្លុក Mahomet នៅ​ទំព័រ​មុខ​កាសែតCharlie Hebdo លេខ​1178 ចេញ​ផ្សាយ​នៅ​ថ្ងៃពុធ​ទី ១៤​មករា ២០១៥

កាសែតCharlie-Hebdo ចេញ​ផ្សាយ​ជា​ថ្មី​ ចាប់​ពី​​ថ្ងៃពុធ​ទី ១៤​ មករា ២០១៥

“កំប្លែង​ឱ្យ​សើច" នេះ​ជា​ស្មារតី​របស់​​កាសែត​Charlie-Hebdo។ ហើយ​​​គោលការណ៍នេះ​​បន្ត​ឆ្លុះ​បញ្ចាំង​នៅក្នុង​ទំព័រ​កាសែត ចេញ​ផ្សាយ​នៅ​ថ្ងៃស្អែក​ និង​លេខ​បន្ត​បន្ទាប់។ អ្នក​កាសែត​បាន​រួច​​ពី​សា្លប់​ នឹង​បន្ត​រក្សា​គោលការណ៍​និពន្ធ​ រិះគន់​នយោបាយ​ សាសនា​ ដូច​ទម្លាប់​ពី​មុន។
លេខ​ដែល​នឹង​ត្រូវ​ចេញ​ផ្សាយនៅ​ថ្ងៃ​ពុធ​ទី ១៤ មករា បាន​សរសេរ​ចប់​សព្វគ្រប់ អស់​ហើយ ដោយ​ប្រសិទ្ធិនាមថា លេខ​រួច​ពី​ស្លាប់ ក៏​ប៉ុន្តែ​មិន​មែន​ជា​លេខ​ពិសេស​សម្រាប់​ឧទ្ទិស​ដល់​ជន​រងគ្រោះ​បាត់​បង់​ជីវិត​ទេ ជា​កាសែត​ធម្មតា។ មាន​៨​ទំព័រ បោះផ្សាយ​ចំនួន​៣លាន​ច្បាប់ ជា​១៦​ភាសា និង​ដាក់​លក់​ក្នុង​ប្រទេស​ចំនួន​២៥។ ពី​មុន​មក​ស្ហាលី ចេញ​លក់​តែ​៦​ម៉ឺន​ច្បាប់​ប៉ុណ្ណោះ ក្នុង​មួយ​សប្តាហ៍។

ដោយ​គ្មាន​គំនិត​​ញុះញង់​បង្ក​រឿង នៅលើ​ទំព័រ​មុខ ស្ហាលី បាន​ជ្រើសរើស យក​រូប​ម៉ូហាម៉េត​ឈរ​​ស្រក់​ទឹក​ភ្នែក មក​ដាក់​ពេញ​មួយ​ទំព័រ​មុខ​តែ​ម្តង កាន់​បដា “Je suis Charlie” ខ្ញុំ​ជា​ស្ហាលី ​ ជាមួយ​នឹង​ចំណង​ជើងថា “អត់អោនទោស​ឱ្យ​ទាំង​អស់”។

សរសេរ​ដោយ​ក្រុម​អ្នក​កាសែត​ស្ហាលី​សុទ្ធ​សាធ គ្មាន​រូប​របស់​អ្នក​ផ្សេង​ដែល​ចង់​ឧទ្ទិស​​កាសែត​ឡើយ។ ​រូប​ថ្លុក​របស់​អ្នក​គំនូរ​ល្បីៗ​ដែល​បាន​ស្លាប់​នៅ​ក្នុង​ភេរវកម្ម​កាលពី​ថ្ងៃពុធ​មុន​ ក៏​នឹង​មាន​ចុះផ្សាយ​ក្នុង​ទំព័រ​កាសែត​ដូច​ទម្លាប់។

កាសែត​ស្ហាលី រក្សា​ទុក​ទាំង​ស្រុង​នូវ​គោលការណ៍​និពន្ធ វាយប្រហារ​តាម​បែប​កំប្លែង​ រិះគន់​ អ្នក​នយោបាយ សាសនា​ ​ តែ​គ្មាន​លក្ខណៈ​ញុះញង់​បង្ក​រឿង​ និង​គ្មាន​បង្កប់​អត្ថន័យ​រំលឹក​ ឬ​ឧទ្ទិស​ ឬ​បង្ហាញឈ្មោះ​អ្នក​កាសែត​ដែល​បាត់​បង់​ជីវិត​ទៅ​ហើយ​នោះ​ទេ។

កាសែត​ចង់​បង្ហាញ​ពី​ភាព​ធម្មតា ភាព​ដើម​របស់​ស្ហាលីដដែល ពោលគឺ​នៅ​រាល់​លេខ តាំង​ពី​ជាង​ម្ភៃ​ពីរ​ឆ្នាំ​មក៖ គ្រប់​លេខ​ត្រូវ​តែ​មាន​ រូប​ថ្លុក​សម្តេច​ប៉ាប យេស៊ូ ប្រធាន​វិហារ​កាតូលិក ប្រមុខ​សាសនា​ជ្វីហ្វ សាសនា​អ៊ីស្លាម និង​ម៉ូហាម៉េត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ