អានតួអត្ថបទ
អឺរ៉ុប

ក្រោយ​ភេរវកម្មនៅ​ប៉ារីស សហភាព​អឺរ៉ុប​ចង់​ពង្រឹងមធ្យោបាយប្រឆាំង​ភេរវកម្ម​

​ប្រទេស​នៅ​អឺរ៉ុប​ និង​សហភាព​អឺរ៉ុប​ ចង់​យក​ភេរវកម្ម​​នៅ​ទីក្រុង​ ធ្វើ​ជា​មេរៀន ! និង​ជំរុញ​ឱ្យ​សមាជិក​ទាំង​អស់​គិត​គូរ​ចង់​ពង្រឹង​​កិច្ចសហប្រតិបត្តិការ​​រវាង​គ្នា ដើម្បី​ទប់​ស្កាត់​ភេរវកម្ម​ដែល​អឺរ៉ុប​ពេល​នេះ​កំពុង​ប្រឈម​ខ្លាំង។​ ប៉ុន្តែ​គ្រប់​វិធានការ​និង​មធ្យោបាយ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​​​ត្រូវ​ជាប់​គាំង ដោយ​ប្រទេស​ជា​សមាជិក​និយាយ​មិន​ត្រូវ​គ្នា។

ទាហាន​​ការ​ពារ​សន្តិសុខ​នៅ​មុខ​សាលា​រៀនជ្វីហ្វ ក្នុង​ក្របខ័ណ្ឌ​ត្រៀម​អាសន្ន​ភេរវកម្ម
ទាហាន​​ការ​ពារ​សន្តិសុខ​នៅ​មុខ​សាលា​រៀនជ្វីហ្វ ក្នុង​ក្របខ័ណ្ឌ​ត្រៀម​អាសន្ន​ភេរវកម្ម REUTERS/Gonzalo Fuentes
ផ្សាយពាណិជ្ជកម្ម

កែប្រែ​សន្ធិសញ្ញាSchengen ត្រួត​ពិនិត្យ​ស៊ីជម្រៅ​អ្នក​ដំណើរ​សង្ស័យ បង្កើត​បញ្ជី​ព័ត៌មាន​អ្នក​ដំណើរផ្លូវ​អាកាស​ថ្នាក់​​អឺរ៉ុប (PNR) ចែក​រំលែក​ព័ត៌មាន​រវាង​ភ្នាក់ងារ​ស៊ើប​ការណ៍​ ប្រយុទ្ធ​ប្រឆាំង​នឹង​ចរាចរណ៍​អាវុធ ត្រួត​ពិនិត្យ​អ៊ីនធ័រនែតដើម្បី​ទប់​ស្កាត់​​ការ​ផ្តាច់​ខ្លួន​ទៅ​ជា​ជន​ជ្រុលនិយម ... រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បារាំង​ ​បាន​​រាយ​មុខ​វិធានការ​​ដែល​អឺរ៉ុប​ត្រូវអនុវត្ត។

ទាំង​នេះ​មិន​មែន​ជា​គំនិត​ថ្មីថ្មោង​ទេ។ អ្នក​ទទួល​ខុស​ត្រូវ​ផ្នែក​ប្រឆាំង​ភេរវកម្ម​សហភាព​អឺរ៉ុប​បាន​លើក​ឡើង​ពី យុទ្ធសាស្ត្រ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្តាច់​ខ្លួន​ទៅធ្វើ​ជីហាត តាំង​ពី​ឆ្នាំ​២០០៨ ប៉ុន្តែ​ប្រទេស​ជា​សមាជិក​មិន​ព្រមព្រៀង​គ្នា។ នៅ​អឺរ៉ុប​នៅ​តែ​និយាយ​មិន​ត្រូវ​គ្នា​លើ​និយម​ន័យ​ “យុទ្ធជន​បរទេស” បើ​ទោះ​បី​ជា​ពេល​នេះ មាន​យុវជន​អឺរ៉ុប​ជាង​បីពាន់​នាក់ ក្នុង​នោះ ១ពាន់​នាក់​ជា​បារាំង​ បាន​ភ្ជាប់​ខ្លួន​ទៅ​នឹងពួកអ៊ីស្លាម​ជ្រុល​និយម​នៅ​ស៊ីរី និង​អ៊ីរ៉ាក់​ក៏​ដោយ។ សម្រាប់​អ្នក​ឯកទេស ការ​ផ្តោះ​ប្តូរ​ និង​ចែក​ចាយ​ព័ត៌មាន​ ជា​គន្លឹះ​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​​ចលនា​យុវជន​​ចេញ​ទៅ​ធ្វើ​ជីហាត ប៉ុន្តែ​ប្រទេស​នីមួយៗ​មិន​ចង់​បាត់​បង់ មិនចង់​ឃើញ​ព័ត៌មាន​លេច​​សាយ​ភាយ​ច្រើន​ប្រទេស​ពេក​ ចូល​ចិត្ត​កិច្ចសហប្រតិបត្តិការ​ទ្វេ​ភាគី ជា​ក្រុម​តូចៗជាង។

 
ការ​ត្រួត​ពិនិត្យ​​និង​តាមដាន​ការ​ធ្វើ​ដំណើរ​ជា​វិធានការ​មួយ​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​ដែរ។ ប៉ុន្តែ​សម្រាប់​សភាអឺរ៉ុប​ ដើម្បី​អាច​បង្កើត​បញ្ជី​ព័ត៌មាន​អ្នក​ដំណើរ​ គេ​ត្រូវ​ការ​ច្បាប់​​អឺរ៉ុប​ដើម្បី​ការពារ​ទិន្និន័យ​បុគ្គល ជា​ហេតុ​ធ្វើ​ឱ្យ​ជាប់​គាំង​តាំង​ពី​ឆ្នាំ​២០០១​មក។ សេរីភាព​នៃ​ការ​ធ្វើ​ដំណើរ​ស្រប​តាម​សន្ធិសញ្ញា​Schengen ក៏​កំពុង​ត្រូវ​បាន​គាស់​កកាយ​។ ជា​ធម្មតា​ គ្មាន​ទេ​ការ​ត្រួត​ពិនិត្យ​ជា​ស្វ័យប្រវត្តិ​តាម​ព្រំដែន​​ប្រទេស​ជា​សមាជិក​សន្ធិសញ្ញា ប៉ុន្តែ​កាលពី​ថ្ងៃអាទិត្យ​ ក្រោយហេតុការណ៍​ភេរវកម្ម​នៅ​ប៉ារីស​មក រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​អេស្ប៉ាញ បាន​ផ្លុំ​ភ្លើង​ដោយ​ចង់​ដាក់​ឱ្យ​ប៉ូលិស​ត្រួត​តាម​ព្រំដែន តែ​ត្រូវ​បាន​នាយក​រដ្ឋមន្ត្រី​កាយ​កប់​វិញ នៅ​ថ្ងៃ​ចន្ទ​ទី​១១​មករា​​ថា​គ្មានការ​កែប្រែ​សន្ធិសញ្ញា​ជា​ឯកតោ​ភាគី​ទេ។

យ៉ាង​ណា​ក៏​ដោយ ក៏​វិធានការ​ទាំង​នេះ​នឹង​ត្រូវ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​និង​យុត្តិធម៌​សហភាពអឺរ៉ុប​លើក​មកពិភាក្សា​គ្នា​នៅ​ចុង​ខែ​នៅ​ប្រទេស​ឡេតូនី​ជា​ប្រធាន​ផ្លាស់​វេន ឬ​អាច​ឆាប់​ជាង​នេះ​បើ​យោល​ទៅ​តាម​ស្ថានការណ៍​អាសន្នបច្ចុប្បន្ន ហើយ​ជំនួប​វិសាមញ្ញមួយ​​ត្រូវ​ចាប់​ផ្តើម​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ​តែ​ម្តង​ នៅទីក្រុង​ព្រុចសែល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ