អានតួអត្ថបទ
បារាំង

ប្រព័ន្ធ​ផ្សព្វផ្សាយ​បារាំងបើក​​យុទ្ធនាការ​ ២៤​ម៉ោង​នៃ​កីឡាស្ត្រី

ស្រ្តីក្នុងវិស័យកីឡា។ នៅប្រទេស​បារាំង នៅថ្ងៃនេះ ប្រព័ន្ធផ្សព្វផ្សាយ​មិនថា រដ្ឋ ឬ​ឯកជន​នឹង​ផ្តោតកម្មវិធីផ្សាយ​របស់ខ្លួន​ដើម្បី​និយាយតែ​ពីកីឡាករ​ជា​ស្រ្តី។ វិទ្យុបារាំង​អន្តរជាតិ​ក៏​បាន​ចូលរួម​នៅក្នុង​យុទ្ធនាការ​ថ្ងៃនេះ​ដែរ។ យុទ្ធនាការ​ដែល​មាន​ឈ្មោះថា​២៤​ម៉ោង​នៃ​កីឡា​របស់ស្រ្តី ចេញ​ពី​គំនិតផ្តួចផ្តើម​របស់​ឧត្តមក្រុមប្រឹក្សា​ប្រព័ន្ធផ្សព្វផ្សាយ​ជាតិ​បារាំង ជាមួយ​ក្រសួង​កីឡា និង​អង្គការ​សមាគម​ដែល​ធ្វើការ​ទៅលើ​កីឡា​របស់​ស្រ្តី។ នេះ​ជា​លើកទីពីរ​ដែល​យុទ្ធនាការ​និយាយពីស្រ្តី​ក្នុង​វិស័យ​កីឡា​ត្រូវ​បាន​រៀបចំ​ក្នុង​ប្រទេស​បារាំង។

២៤​ម៉ោង​នៃ​កីឡាស្ត្រី
២៤​ម៉ោង​នៃ​កីឡាស្ត្រី
ផ្សាយពាណិជ្ជកម្ម

ជំរុញស្រ្តី​ឲ្យមានមុខកាន់តែច្រើន​​នៅក្នុង​កីឡា បើអាចទៅរួច នៅក្នុង​កីឡា​អាជីព។ ទូរទស្សន៍ វិទ្យុ កាសែត និង​បណ្តាញ​សង្គម​នៅលើ​អ៊ីនធ័រនែត​គឺ​ជា​ឧបករណ៍​ផ្សព្វផ្សាយ​យ៉ាង​មាន​ប្រសិទ្ធិភាព​ដើម្បី​សម្រេច​គោលដៅ​នេះ។ នៅថ្ងៃនេះ ប្រព័ន្ធផ្សព្វផ្សាយ​នឹង​រក្សា​ម៉ោងផ្សាយ​ដើម្បី​និយាយ​ជាពិសេស​ពី​ស្រ្តី​ក្នុង​វិស័យកីឡា។ គ្រប់ភាគី មិនថា ប្រព័ន្ធផ្សព្វផ្សាយ ឬ​ក្រុមហ៊ុន​ឯកជន​ត្រូវ​បាន​ជំរុញ​ឲ្យ​និយាយ​ និង​ជួយ​ឧបត្ថម្ភ​កីឡាការនី នៅ​បារាំង​។ ​​ នៅ​​យប់ថ្ងៃ​​សុក្រ​ម្សិលមិញ សមាគម​Femix sport ដៃគូ​សហការ​រៀបចំ​កម្មវិធី​២៤ម៉ោង​នៃកីឡារបស់ស្រ្តី បាន​ចាប់ផ្តើម​ផ្តល់​រង្វាន់​លើក​ទឹកចិត្ត​ដល់​អ្នកដែល​បាន​បោះវិនិយោគ​លើ​កីឡាស្រ្តី អាជ្ញាកណ្តាល​ជា​ស្រ្តី និង​សមាគម​ដែល​ធ្វើការ​ផ្នែក​កីឡាស្រ្តី។ ​អ្នកស្រី​Carole Bretteville ប្រធាន​គណៈកម្មការជាតិនៃ​ស្រ្តី និង​កីឡា​របស់​សហព័ន្ធ​កីឡា​ និង​សហគ្រាស និង​ជា​ប្រធាន​របស់​Femix នៅ​ខេត្ត​Alsace​បាន​និយាយ​ថា៖

“មាន​កីឡាការនី​តិចណាស់​ដែលគេ​ថតនៅតាម​ទូរទស្សន៍​រដ្ឋ​ ឯកជន ឬ​និយាយ​ចុះផ្សាយ​នៅ​តាម​ទំព័រ​កាសែត។ នៅក្នុង​យុទ្ធនាការ​២៤ម៉ោង​នៃកីឡា​របស់ស្រ្តី នៅថ្ងៃ​នេះ យើង​បាន​ចំណាយ​លុយ​ដើម្បី​ទិញ​កម្មវិធី​ជាច្រើននៅ​តាម​វិទ្យុទូរទស្សន៍ ដើម្បី​ឲ្យគេ​និយាយ​រយៈពេល​២៤ម៉ោង ពី​ព្រឹត្តិការណ៍​កីឡា​របស់ស្រ្តី។ មានន័យថា នឹង​មានអ្នកកាសែត​ស្រ្តី​ដែល​ធ្វើ​អត្ថាធិប្បាយ​លើការប្រកួតកីឡា។ យើង​នឹង​ធ្វើការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផងដែរ​ពី​ការប្រកួត​នានា​ដែល​មាន​ស្រ្តី​ជា​កីឡាក។ ធ្វើដូច្នេះ គឺមនុស្ស​គ្រប់គ្នា​នឹង​​ទៅចូល​រួម​មើលការប្រកួត​ និង​លើកទឹកចិត្ត​ស្រ្តី​ដែល​ជា​កីឡាករ។”

 
សម្រាប់Carole Bretteville ការដែល​​ប្រព័ន្ធផ្សព្វផ្សាយ​និយាយកាន់តែច្រើនពីស្រ្តី​នៅក្នុង​វិស័យ​កីឡា នោះ​នឹង​ជំរុញ​ឲ្យ​ស្រ្តី​ធ្វើកីឡា​កាន់តែច្រើន។

“គំនិត​របស់យើង​គឺ​ជំរុញ​ឲ្យមនុស្ស​ស្រ្តី​ធ្វើកីឡា។ នៅពេល​ដែល​​ប្រព័ន្ធផ្សព្វផ្សាយ​មិនសូវនិយាយ​ពីកីឡារបស់ស្រ្តី នោះ​ស្រ្តី​ក៏​មិនសូវ​ធ្វើកីឡា​ដែរ។ ធម្មតាទេ នៅពេល​មនុស្ស​ស្រី​មើល​ការប្រកួតកីឡា​នៅ​តាម​ទូរទស្សន៍ អ្នកឃើញ​តែ កីឡាករប្រុស។ អីចឹង​មនុស្សស្រី​គិតថា កីឡា​មិនមែនសម្រាប់មនុស្ស​ស្រីទេ។ ការធ្វើកីឡា​មិនថា កីឡា​អាជីព ​គឺ​ល្អ​សម្រាប់​សុខភាព​។ យើងដឹងថា មនុស្ស​ស្រី​ជាង​៥០​ភាគរយ​ នៅពេល​ខ្លួន​ពេញវ័យ​បាន​បោះបង់​ចោល​ការធ្វើកីឡា។ ការសិក្សា​របស់យើង​មួយ​បង្ហាញ​ថា មនុស្ស​ស្រី​ចំណាយ​ពេល​ជាច្រើន​ម៉ោង​នៅ​កន្លែងធ្វើការ ចំណែកមនុស្ស​ប្រុស​នៅតែ​បន្ត​ធ្វើកីឡា ឬ​ចេញ​ទៅទាត់បាល់ នៅខាងក្រៅ។ ម្យ៉ាងទៀត ជីវិត​ជា​ម្តាយ​បាន​រារាំង​ស្រ្តី​មិន​ឲ្យ​អាច​ធ្វើកីឡា។ នៅក្នុង​គ្រួសារ​ជាច្រើន ស្រ្តី​នៅផ្ទះមើលកូន ចំណែក​មនុស្សប្រុស​នៅតែ​អាច​ធ្វើកីឡាដូចមុន។ ដូច្នេះ ដោយ​បង្ហាញ​ថា ស្រ្តី​មិនថា​ជា​ម្តាយ ឬ​ជា​អ្នកធ្វើការ សុទ្ធតែ​អាច​ធ្វើកីឡា។ នៅក្នុង​យុទ្ធនាការ​របស់យើង​លើកនេះ ប្រព័ន្ធផ្សព្វផ្សាយ​នឹង​បង្ហាញថា មាន​កីឡា​ច្រើន​ប្រភេទ​ដែល​ស្រ្តី​អាច​ធ្វើបាន និង​មាន​កីឡាការនី​ដែល​ជា​គំរូ​សម្រាប់មនុស្ស​ស្រី​ដែល​ចង់​ធ្វើកីឡា។”

កីឡាការនី​បាល់ទាត់​ចាប់ផ្តើម​មាន​​តាំងពី​​ទសវត្សរ៍ ឆ្នាំ ១៩៧០ និង​Rugby នៅ​ឆ្នាំ ១៩៨០។ ជិត​កន្លះទសវត្សរ៍ ស្រ្តី​នៅក្នុង​កីឡា​នៅ​តែ​មិនទាន់​ត្រូវ​គេ​លើក​តម្លៃ និង​និយាយ​ច្រើន។ ស្រ្តីកីឡាករ​មាន​និយាយ លេចមុខ​នៅក្នុង​ប្រព័ន្ធផ្សព្វផ្សាយ នៅពេល​ណា​ដែល​ពួកគេ​បាន​ឈ្នះ​រង្វាន​មេដាយ​តែប៉ុណ្ណោះ។ នៅក្នុង​ប្រទេស​អភិវឌ្ឍ​ដូចជា​បារាំង គំនិត​ផ្តល់​តម្លៃ​ស្រ្តី កីឡាករ​នៅមិនទាន់​រីកចម្រើននៅឡើយ ហើយទិវា ២៤ម៉ោង​នៃ​កីឡា​របស់ស្រ្តី នៅថ្ងៃនេះ គ្រាន់តែ​កូនម៉ាស៊ីនតូចមួយ​ដែល​អាច​ជួយ​ជំរុញ បន្ថែម​ឲ្យ​ប្រព័ន្ធផ្សព្វផ្សាយ​និយាយ​កាន់តែ​ច្រើន​ពីស្រ្តី។ កាសែត វិទ្យុ និង​ទូរទស្សន៍​និយាយ​ច្រើន​ពីស្រ្តីកីឡាករ នោះ ក្រុមហ៊ុន​ឯកជន​នឹង​សម្រុកមក​បោះទុន​វិនិយោគកីឡា​ ស្រ្តី ដោយ​គ្មានរង់ចាំយូរ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ