អានតួអត្ថបទ
បារាំង

​ក្រោយ​ភេរវកម្ម​ជីហាត​ប៉ារីស ទាហាន​បារាំង​រង​​​ការ​​វាយប្រហារ​កាំបិត​កណ្តាល​​ប្រជុំជន

កំពុង​ឈរការពារ​នៅ​មុខ​សាលា​រៀន​ជ្វីហ្វ​ក្រុង​នីស ភាគ​ខាង​ត្បូង​ប្រទេស​បារាំង ស្រប​តាម​ផែនការ​ត្រៀម​អាសន្នភេរវកម្ម ទាហាន​​បី​នាក់​បាន​រង​របួស ក្នុង​​ការ​វាយប្រហារ​ដោយ​​កាំបិត​ ពី​សំណាក់​ជន​ពាល​ជ្រុល​និយម​ ម៉ូសា គូលីបាលី នៅ​រសៀល​ថ្ងៃ​អង្គារ​ទី ៣​កុម្ភៈ ២០១៥។​ ប្រវត្តិ​របស់​ជន​ដៃ​ដល់ បាន​បង្ហាញ​អំពី​ទម្រង់​​នៃ​ការ​គំរាម​កំហែង​បែប​ថ្មី ដែល​ក្រុម​ភ្នាក់ងារ​ស៊ើប​អង្កេត​បារាំង​ត្រូវ​ប្រឈម ៖ ជា​ក្មេង​ពាលក្នុង​ភូមិ គ្មាន​ទំនាក់ទំនង​ជា​មួយ​ពួក​ជីហាត តែ​​ក្នុង​មួយ​ប៉ប្រិច​ភ្នែក​ក៏​ប្តូរចិត្ត​​លើក​កាំបិត​បញ្ចេញ​សកម្មភាព​បែប​ជ្រុលនិយម។

ទាហាន​បារាំង​ដែល​ការពារ​នៅ​មុខ​មជ្ឈមណ្ឌល​សហគមន៍​ជ្វីហ្វ ក្រុង​នីស ក្នុង​ក្របខ័ណ្ឌផែនការ​ត្រៀម​អាសន្នភេរវកម្ម
ទាហាន​បារាំង​ដែល​ការពារ​នៅ​មុខ​មជ្ឈមណ្ឌល​សហគមន៍​ជ្វីហ្វ ក្រុង​នីស ក្នុង​ក្របខ័ណ្ឌផែនការ​ត្រៀម​អាសន្នភេរវកម្ម REUTERS/Eric Gaillard
ផ្សាយពាណិជ្ជកម្ម

ចាប់​ខ្លួន​បាន​ភ្លាម​ក្រោយពី​ដក​កាំបិត​ទៅ​ចាក់​ទាហានពីរ​នាក់​​ឱ្យ​របួស​ស្រាល ទាហាន​ទីបី​ចាប់​បង្ក្រាប​ ជនដៃ​ដល់​មាន​ឈ្មោះ​ថា ម៉ូសា គូលីបាលី មាន​ដើម​កំណើត​ជា​អ្នក​ជាយ​ក្រុង​ប៉ារី

មាន​អាយុ​៣០​ឆ្នាំ មាន​ត្រកូល​ដូច​គ្នា​នឹង​ភេរវជន​ជីហាតនៅ​ក្រុង​ប៉ារីសអាមេឌី គូលីបាលី​​មែន ​ ប៉ុន្តែ​គ្រប់​ប្រភព​​អង្កេត សុទ្ធ​តែ​អះអាង​ថា​ ម៉ូសា គូលីបាលី គ្មាន​ពាក់ព័ន្ធ​នឹងភេរវកម្ម​កាលពី​ខែ​មករា​។ ម្តាយ បង​ប្អូន​​ប្រុសស្រី​ របស់​ជន​ដៃដល់​ចាក់​ទាហាន​នៅ​នីស ម្សិលមិញ ត្រូវ​​បាន​ប៉ូលិស កោះ​ហៅ​មក​សួរ​ចម្លើយ​ទាំង​អស់។

ប៉ុន្តែ ម៉ូសា គូលីបាលី​ ធ្លាប់​មាន​ប្រវត្តិ​មិន​ល្អ ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ប៉ូលិស តាំង​ពី​ជាង​១០​ឆ្នាំ​មកហើយ ក្នុង​បទ​លួច ប្រើ​គ្រឿង​ញៀន ជេរ​ប្រមាថ​ខ្លាំងៗ​ភ្នាក់ងារ​រដ្ឋ ជា​ក្មេង​ពាល​ក្នុង​ភូមិ ធ្លាប់​ត្រូវ​តុលាការ​កាត់​ទោស​៦​លើក​ ក្នុង​រវាង​ពី​ឆ្នាំ​២០០៣ ដល់​២០១២ ឱ្យ​បង់​ពិន័យ ឬ​ជា​ការ​ជាប់​ទោស​នៅ​ក្រៅ​ឃុំ។ គឺ​ទើប​តែ​នៅ​ពេល​ថ្មីៗ​នេះ​ទេ ដែលភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ចាប់​ផ្តើម​តាមដាន​ និង​លប​ស្តាប់ ម៉ូសា គូលីបាលី​ ដោយ​សង្កេត​ឃើញ​មាន​អាកប្បកិរិយា​​ជា​អ៊ីស្លាម​​​ជ្រុល​និយម​។

​បាត់​ដានឈឹងពី​រ៉ាដានៅដើម​ឆ្នាំ ២០១៤​ ស្រាប់​តែ​នៅ​ថ្ងៃ​ទី២៧​មករា​២០១៥ ​ម៉ូសាគូលីបាលី បាន​លេច​មុខ​ជា​ថ្មី​នៅ​ខេត្ត​ក័រ (កោះ​របស់​បារាំង) ចេញ​ដំណើរ​ទៅ​ប្រទេស​តួកគី ដោយ​ទិញ​សំបុត្រ​យន្ត​ហោះ​តែ​ទៅ និង​ដោយ​ឆ្លង​កាត់​ក្រុង​ជា​ច្រើន មុន​នឹង​ដល់​ទិសដៅ​ក្រុង​អ៊ីស្តង់ប៊ូល​របស់​តួកគី។ ជា​ហេតុ​ធ្វើ​ឱ្យ​ភា្នក់ងារ​សង្ស័យ​ថា ម៉ូសាគូលីបាលី​ទំនង​ជា​ចង់​ធ្វើ​ដំណើរ​បន្ត​ទៅ​ស៊ីរី ទើប​បាន​ទាក់ទង​អាជ្ញាធរ​តួកគី​អំពី​វត្តមាន​របស់​ជន​សង្ស័យ​នេះ។

ចាប់​បញ្ជូន​ឱ្យ​ត្រលប់​មក​ក្រុង​នីស​​វិញ​នៅ​ថ្ងៃ​ទី​២៩​មករា ប៉ូលិស​បារាំង​រង់ចាំ​ទទួល​ជា​សេ្រច​ ប៉ុន្តែ​ដោយ​គ្មាន​ឯកសារ​ភស្តុតាង​ផ្លូវ​ច្បាប់គ្រប់គ្រាន់ គូលីបាលី​ ក៏​ត្រូវ​​ដោះ​លែង​ឱ្យ​​មាន​សេរីភាព​ និង​ដាក់​ឱ្យ​ស្ថិត​នៅក្រោម​ការ​តាមដាន។

មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង គូលីបាលី​បាន​បញ្ចេញ​សកម្មភាព​វាយប្រហារ​​ប្រឆាំង​ទាហាន​​ ការពារ​នៅ​មុខ​សាលា​សហគមន៍​ជ្វីហ្វ​ដែល​ជា​ផ្ទាំង​ស៊ីប​ប្រកប​ដោយ​និមិត្តរូប។ ថ្វី​បើ​​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ចៀស​មិន​ប្រើ​ពាក្យ​ថា​ ភេរវកម្ម ដោយ​ចាត់​ទុក​ត្រឹម​សកម្មភាព​ឧក្រិដ្ឋ​មែន ប៉ុន្តែ​ក្រុមប៉ូលិស​ប្រឆាំង​ភេរវកម្ម​បាន​ចាប់​ផ្តើម​បើក​អង្កេត​ភ្លាម។ ការវាយប្រហារ​នេះ​បាន​ធ្វើ​ឱ្យ​គេ​នឹក​គិត​ដល់​ការ​វាយប្រហារចាក់​ប៉ូលិស​នឹង​កាំបិត​កាលពី​ថ្ងៃ​ទី​២០​ធ្នូ​។ ជន​ដៃ​ដល់​មាន​​សញ្ញា​ផ្តាច់​ខ្លួន​ជា​អ៊ីស្លាម​ជ្រុល​និយម​ ហើយ​ក្នុង​ថ្ងៃ​តែ​មួយ​នោះ​ អង្គការ​រដ្ឋ​អ៊ីស្លាម​បាន​ផ្សព្វផ្សាយ​វីដេអូ ប្រកូកប្រកាស​ឱ្យ​ “បំផ្ទុះ​ប្រទេស​បារាំង” ដោយ​ប្រើ​កាំបិត​សម្លាប់​ប៉ូលិស ឬ​ទាហាន បើ​មិន​បាន​មក​ហ្វឹកហាត់​ដល់​ស៊ីរី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ