អានតួអត្ថបទ
អាមេរិក-អ៊ុយក្រែន

ទស្សនកិច្ច​លោក​ប្រមុខ​ការទូត​អាមេរិក​នៅ​រដ្ឋធានី​អ៊ុយក្រែន​​

សាច់រឿង​ចម្បង​នៃ​កិច្ចចរចា លោក រដ្ឋមន្ត្រី​ការបរទេស ស.រ.អា. John Kerry នៅ​ក្រុងគៀវ​ថ្ងៃ​ទី​៥​កុម្ភៈនេះ ដូច​ដែល​កាសែត The New York Times បាន​ចុះផ្សាយ គឺ​ជុំវិញ​បញ្ហា ដែល​ថា ក្រុង​វ៉ាស៊ីនតោន អាច​ផ្តល់​អាវុធមែន​ពិត ទៅ​បំពាក់​កងទ័ព​អ៊ុយក្រែន ដែល​នាពេល ចុងក្រោយ ចេះតែ​រងទទួល​បរាជ័យ លើ​សមរភូមិ​តំបន់បះបោរ​ប៉ែក​ខាងកើត​ប្រទេស។ ប៉ុន្តែ សម្ព័ន្ធមិត្ត​របស់​អាមេរិក ដូច​ជា​បារាំង អាល្លឺម៉ង់ បាន​ប្រកាស​ថាគេ​សម្រេច មិន​បញ្ជូន​អាវុធ​ទៅ​អ៊ុយក្រែន​​​​ឡើយ ហេតុ​ដែល​តាម​មតិ​ពួក​អ្នកវិភាគ គឺ​ដើម្បី​កុំ​បង្ក​ជាលេស សម្រាប់​ក្រុងម៉ូស្គូ។ 

ប្រមុខការទូតអាមេរិកJohn Kerry (ស្តាំ) ចាប់ដៃលោក Petro Poreshenko (ឆ្វេង) នៅថ្ងៃ៥កុម្ភៈ២០១៥
ប្រមុខការទូតអាមេរិកJohn Kerry (ស្តាំ) ចាប់ដៃលោក Petro Poreshenko (ឆ្វេង) នៅថ្ងៃ៥កុម្ភៈ២០១៥ REUTERS/Jim Watson/Pool
ផ្សាយពាណិជ្ជកម្ម

 

 
ថ្លែង​ទៅ​ពួក​អ្នកាសែត​នៅ​ក្រុងវ៉ាស៊ីនតោន អ្នកនាំពាក្យ​ផ្លូវការ​របស់​សេតវិមាន លោក Josh Earnest បាន​លំអិត​ថា ជាប្រតិកម្ម​នឹង​ដំណឹង​ទម្លាយ​ចេញ​មក ដោយ​ប្រព័ន្ធផ្សព្វផ្សាយ អំពី​រឿង​ថា​អាមេរិក​អាច​ចាប់​ផ្តើ​ផ្តល់​អាវុធ​ដែល​ហៅ​ថា​”នាំ​មរណភាព” ទៅ​ឲ្យ​ក្រុងគៀវ ទាំង​សេតវិមាន ទាំង​ក្រសួង​ការពារជាតិ រំពឹង​ខ្លាំង​ជាង​គឺ​ទៅលើ​ការ​ខំប្រឹងប្រឺង​តាម​ផ្លូវការទូត​ក្នុង​ឋានៈ​ជា​មធ្យោបាយ​ដោះស្រាយ​វិបត្តិ​នៅអ៊ុយក្រែន។

មន្ត្រីនេះ​នៃ​រដ្ឋបាល​អាមេរិក គូស​បញ្ជាក់ថា លោក​ប្រធានាធិបតី​ស.រ.អា. បារ៉ាក់ អូបាម៉ា ដូច​មុន​ដដែល នៅ​តែ​បន្ត​ប្រកាន់​យក​យុទ្ធសាស្ត្រ “​បង្ខាំង​របប​ពូទីន​នៅ​រុស្ស៊ី ឲ្យ​នៅ​ឯកោ តទៅ​ទៀត​ លើឆាក​អន្តរជាតិ “ លុះទាល់តែ​បង្ខំ​ក្រុងម៉ូស្គូ​ឲ្យ​ផ្លាស់​ប្តូរ​គោលជំហរ​ខ្លួន​ចំពោះ​អ៊ុយក្រែន។

ចំណែក​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​អាមេរិក​លោក​ឧត្តមនាវីត្រី ​John Kirby ថ្លែង​ទៅ​ពួក​អ្នក​កាសែត បាន​រំលឹកថា ស.រ.អា​.កំពុង​ផ្តល់​ទៅ​ហើយ​នូវ​ការគាំទ្រ​ដល់​អ៊ុយក្រែន​ដោយ​បញ្ជូន​ទៅ គឺអ្វី​ដែល​ហៅ​ថា ជំនួយ​យោធា​”មិន​នាំ​មរណភាព” ។ ព្រមជាមួយនេះ តំណាង​មន្ទីរ​បញ្ចកោណ​ក៏​បង្ហើប​ឲ្យ​ដឹង​ថា ក្រសួង​គាត់​នឹង​ពិនិត្យ​មើល​សំណូមពរ​របស់​រដ្ឋាភិបាល​អ៊ុយក្រែន ដែល​សុំ​ទាំង​ជំនួយ​“មិន​នាំ​មរណភាព” ទាំង​ជំនួយ​ “នាំមរណភាព”។

គួរនិយាយថា ក្នុង​ដំណាក់​បច្ចុប្បន្ន​បារាំង​គ្មាន​ចេតនា​ផ្តល់​អាវុធ​“នាំ​មរណភាព” ទៅ​ឲ្យ​ អ៊ុយក្រែន​ឡើយ។ សេចក្តីនេះ ថ្លែង​ថ្ងៃ​៤​កុម្ភៈ ដោយ​រដ្ឋមន្ត្រី​ការពារជាតិ​បារាំង លោក Jean-Yves Le Drian ក្នុង​សន្និសីទ​កាសែត រួម​ជាមួយ​សមភាគី​កាណាដា។ ឥរិយាបថ​បែប​នេះ​ក៏ ត្រូវ​បាន​សំដែង​ប៉ុន្មាន​ថ្ងៃ​មុន ដោយ​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ Angela Merkel ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ហុងគ្រី។

ជាការ​កត់​សម្គាល់ លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី ស៊ែរហ្គៃ ឡាវ៉្រូវ តែង​គូស​បញ្ជាក់​ថា រុស្ស៊ី មិនមែន​ជា​ភាគី​ជាប់​ក្នុង​ជម្លោះជាមួយ​អ៊ុយក្រែន​ឡើយ។ សង្គ្រាម​នៅ​អ៊ុយក្រែន ជា​ជម្លោះ​ផ្ទៃក្នុង សុទ្ធសាធ​របស់​ប្រទេស​នេះ ហើយ​ច្រក​ចេញតែមួយ​គត់ គឺ​ឲ្យ​ក្រុងគៀវ ធ្វើ​កិច្ចចរចា​រក​សន្តិភាព ជាមួយ ភាគី​បះបោរ​នៅ​តំបន់​ខាង​កើត​អ៊ុយក្រែន​ទៅ។ រុស្ស៊ី​ត្រៀម​ចាត់ចែង កិច្ចចរចា​បែប​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ