អានតួអត្ថបទ
អេហ្ស៊ីប-រុស្ស៊ី

លោក​ពូទីន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ នៅ​អេហ្ស៊ីប ដើម្បី​​បង្កើន​ឥទ្ធិពល​រុស្ស៊ី​

លោក​ប្រធានាធិបតី​រុស្ស៊ី វ្លាដេមៀ ពូទីន ត្រូវ​អញ្ជើញ​ទៅ​ដល់​ក្រុង​គែរ ប្រទេស​អេហ្ស៊ីប នា​រសៀល​ថ្ងៃ​ចន្ទ​ទី ៩ កុម្ភៈ​២០១៥។ កម្មវត្ថុ​នៃ​​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈ​ពេល​ពីរ​ថ្ងៃនេះ គឺ​ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ យោធា​ ជាមួយ​អេហ្ស៊ីប។ និយាយ​ជា​រួម​រុស្ស៊ី​កំពុង​ឆ្លៀត​ចង់​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​នៅអេហ្ស៊ីប ខណៈ​ដែល​ប្រទេស​អារ៉ាប​ដ៏​ធំ​មួយ​នេះ កំពុង​មាន​ទំនាក់ទំនងមិន​សូវ​រលូន​ជាមួយ​មហាមិត្តសហរដ្ឋ​អាមេរិក​​។

លោក Vladimir Poutine និង​លោក​ Abdel Fattah al-Sissi ក្នុង​ជំនួប​ថ្ងៃ​ទី ១២ សីហា ២០១៤
លោក Vladimir Poutine និង​លោក​ Abdel Fattah al-Sissi ក្នុង​ជំនួប​ថ្ងៃ​ទី ១២ សីហា ២០១៤ REUTERS/Alexei Druzhinin/RIA Novosti/Kremlin
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​ប្រធានាធិបតី​រុស្ស៊ី ពូទីន អញ្ជើញ​ទៅ បំពេញ​ទស្សនកិច្ច​នៅ​ក្នុងក្រុង​គែរ ជា​ថ្មី គិត​ចាប់​ពី​ឆ្នាំ​២០០៥​មក (ឆ្នាំ​ដែល​អេហ្ស៊ីប​មាន​លោក ម៉ូបារ៉ាក់ ជា​អ្នក​ដឹកនាំប្រទេស​នៅ​ឡើយ)

 
នា​ឱកាស​ទស្សនកិច្ច​ពីរ​ថ្ងៃ​នេះ ភាគី​ទាំង​ពីរ​​​នឹង​ពិភាក្សា​​រួម​គ្នា​ អំពី​យន្ត​ការ​​ចង់​ដាក់​ឱ្យ​ដំណើរការ​កិច្ចព្រមព្រៀងដែល​​អេហ្ស៊ីប​និង​រុស្ស៊ី ធ្លាប់​បាន​ជជែក​គ្នា​ខ្លះ​រួច​មក​ហើយ កាលពី​ ទស្សនកិច្ច​របស់​ប្រធានាធិបតី​អេហ្ស៊ីប ស៊ីស៊ី ( Abdel Fattah al-Sissi) នៅ​ម៉ូស្គូ​ នាខែ​សីហា​ឆ្នាំ​២០១៤ កន្លង​ទៅ។ កិច្ចសន្យា​បង្កើត​​តំបន់​ផ្តោះប្តូរ​ពាណិជ្ជកម្ម​សេរី​ ក្នុង​តំបន់​ក្បែរ​ព្រែក​ជីក​Suez  រវាង​ក្រុង​គែរ និង​ម៉ូស្គូ តែ​បៀឡារុស្ស៊ី និង​កាហ្សាក់ស្ថាន​ ចូល​រួម​ដែរ ​ ​ ជា​ចំណែក​មួយ​នៃ​គម្រោង​កិច្ច​ព្រមព្រៀងនេះ។

ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ និង​សេដ្ឋកិច្ច​ នឹង​ត្រូវ​បាន​ប្រមុខ​ដឹកនាំ​ទាំង​ពីរ​គិត​គូរ​ជា​ពិសេស​ ហើយអាច​នឹង​មាន​ការ​ចុះ​ហត្ថលេខា​លើ​​កិច្ចព្រមព្រៀង​វិនិយោគ​មួយ​ចំនួន​ផង។ កិច្ច​សហប្រតិបត្តិការ​​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវនិយម​អន្តរជាតិ វិបត្តិ​នៅ​ស៊ីរី អ៊ីរ៉ាក់ លីប៊ី​ ឬ​ក៏​ជម្លោះ​អ៊ីស្រាអែល​ ប៉ាឡេស្ទីនក៏​មិន​ត្រូវ​បាន​មើល​រំលង​ដែរ។

ការ​ដឹក​បញ្ជូន​អាវុធ​រុស្ស៊ី ទៅ​ឱ្យ​អេហ្ស៊ីប ដូច​ជាយន្តហោះ​ចម្បាំង Mig 29 ​ ប្រព័ន្ធ​ខែល​ប្រឆាំង​រថក្រោះKorent ឧទ្ធម្ភាគចក្រចម្បាំង ដែល​បាន​ប្រគល់​ឱ្យ​មួយ​ភាគ​ទៅ​ហើយ​កាលពី​ឆ្នាំ​២០១៣  ក៏​ជា​ប្រធានបទ​សំខាន់​ក្នុង​របៀប​វារៈ​នៃ​ទស្សនកិច្ច​នេះ​ដែរ។ នេះ​បើ​តាមប្រភព​អេហ្ស៊ីប។

 
អេហ្ស៊ីប​ជា​មហាមិត្ត​របស់​​សហរដ្ឋ​អាមេរិក ! ​មាន​ប្រជាជន​ច្រើន​​គេ​ ក្នុង​ចំណោម​បណ្តា​ប្រទេស​អារ៉ាប តែ​ក៏​ជា​ប្រទេស​ដែល​រុស្ស៊ី ចង់​បង្កើន​ប្រយោជន៍​ការ​ទូត និង​សេដ្ឋកិច្ច​ជាមួយ​ដែរ។ ​

អាមេរិក​រិះគន់ ​រុស្ស៊ី​ចូល​ស្និទ្ធ​នឹង​អេហ្ស៊ីប

អេហ្ស៊ីប​តាំង​ពី​ឆ្នាំ​២០១១​មក បាន​ស្គាល់​រលក​បះបោរប្រជាជន​ធ្វើ​​បដិវត្ត​ទម្លាក់​ប្រធានាធិបតី​ផ្តាច់​ការ កាន់​អំណាច​ម្នាក់​ឯង​ជាង​៣០​ឆ្នាំ ម៉ូបារ៉ាក់។ ប្រមុខ​រដ្ឋ​ថ្មី លោក ស៊ីស៊ី ជា​អតីត​មេទ័ព បាន​ឡើង​កាន់​អំណាចដោយ​ច្រាន​​ទម្លាក់និង​ចាប់​ខ្លួន​​ប្រធានាធិបតីប្រសូត​ចេញ​ពី​​​អ៊ីស្លាម​និយម នៅពាក់​កណ្តាល​ឆ្នាំ​២០១៣ ដឹកនាំ​ប្រទេស​ផ្តាច់ការ និង​គាប​បង្ក្រាប ខ្លាំង​ជា​សម័យ​ម៉ូបារ៉ាក់​ទៅ​ទៀត។ បស្ចឹម​លោក បាន​រិះគន់​គ្រប់​មាត់ អាមេរិក​ក៏​បានប្រទេស​ម្ចាស់​ជំនួយ​ដ៏​ធំ​របស់​អេហ្ស៊ីប​ក៏​សម្រេច​បង្ក​ក​ជំនួយ​ និង​ទើប​ស្តារ​ឡើង​វិញ​មួយ​ភាគ​នៅ​ឆ្នាំ​២០១៤ នៅ​ពែល​លោក​ស៊ីស៊ី បាន​ជាប់​ឆ្នោតជា​ប្រធានាធិបតី បន្ទាប់​ពី​បាន​កម្ចាត់​បក្ស​នយោបាយ​ប្រឆាំង ក្រុម​អ៊ីស្លាម​ជ្រុល​និយម បក្ស​សេរីនិយម។

​ឯរុស្ស៊ីវិញ ​មិន​ដែល​ខ្វល់​នឹង​បញ្ហា​សិទ្ធិមនុស្ស​ ក៏​បាន​លេច​មុខ​លេច​មាត់​ខ្លាំង ក្លាយ​ជា​អ្នក​គាំទ្រ​របប​ដឹកនាំ​​ដោយ​យោធា​របស់​អេហ្ស៊ីប​ ដ៏​សំខាន់​បំផុត។ ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បន្ទាប់​មក​ជា​ប្រធានាធិបតី​អេហ្ស៊ីប បាន​ចុះ​ឡើង​ទៅ​ជួប​ប្រធានាធិបតី​រុស្ស៊ី​ដល់​ផ្ទះ ដើម្បី​​រក​ទិញ​សព្វាអាវុធ​​ពី​រុស្ស៊ី។

ដូច្នេះ ក្នុង​ពេល​ដែល​បស្ចឹម​លោក​ មាន​ជំហរ​មិន​ជាក់លាក់​ ប្រទាញ​ប្រទង់​នយោបាយ​ចំពោះ​តំបន់​ដើមបូព៌ា គឺ​ជា​ការ​ធម្មតា​តែ​លោក​ពូទីន ត្រូវ​ឆក់​ឱកាស​នេះ​ បន្ត​រក្សា​ភាព​ល្អូក​ល្អើន​ជាមួយ​រដ្ឋាភិបាល​អេហ្ស៊ីប​នោះ។ ការ​​រិះគន់​ជា​ប់រហូត​មក​ របស់​អាមេរិក​អំពី​ដំណើរ​ថយ​ក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​អេហ្ស៊ីប​ ដូច​ជាបាន​​បើក​ច្រក​ឱ្យ​ម៉ូស្គូ​​អាច​ជ្រៀត​ចូល​បាន​យ៉ាង​ងាយ​ទៅ​ពង្រឹង​ឥទ្ធិពលរបស់​ខ្លួន​​នៅអេហ្ស៊ីប។ ម្យ៉ាង​ទៀត រុស្ស៊ី​ចេះ​ផ្លុំ​ភ្លើង បង្ហាញ​ថា​ម៉ូស្គូ​កំពុង​ក្លាយ​ជា​តួ​អង្គ​មិន​អាច​ខ្វះ​បាន​ក្នុង​វិបត្តិ​នៅ​តំបន់​ដើមបូព៌ា​ និង​កំពុង​ស្វែង​រក​សម្ព័ន្ធ​មិត្ត​ដែល​គ្មាន​នរណា​ក្រៅ​ពី​អេហ្ស៊ីប​នេះ​ឡើយ។

ឯ​ចំណែក​អេហ្ស៊ីប​របស់​លោក ស៊ីស៊ី​ ក៏​ត្រូវ​ការ​រុស្ស៊ីដែរ។ អេហ្ស៊ីប​មិនមែន​ប្រហែល​លេង​ល្បែង​ក្រឡាប់​ចាក់​ប្តូរ​សម្ព័ន្ធមិត្ត​ទេ តែ​អេហ្ស៊ីប​អោប​រុស្ស៊ី​ គឺ​ក្នុង​បំណង​កុំ​ឱ្យ​​អាមេរិកអាច​ដាក់​សម្ពាធ​លើ​អេហ្ស៊ីប​ខ្លាំង​ជ្រុល​ពេក។ អាមេរិក ​​បាន​សុខ​ចិត្ត​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​អេហ្ស៊ីប តាំង​ពី​៣៥​ឆ្នាំ​មក​ដើម្បី​ជា​ថ្នូរ​នឹង​សន្តិភាព​​អេហ្ស៊ីប-អ៊ីស្រាអែល។ ហើយរ​ដ្ឋាភិបាល​លោក​ស៊ីស៊ី​ក៏​ត្រូវ​រ៉ូវ​ជាមួយ​អ៊ីស្រាអែល ដូច្នេះ​គ្មាន​អ្វី​ដែល​ត្រូវ​ខ្លាច​សហរដ្ឋ​អាមេរិក​ទេ ល្បែង​សម្ព័ន្ធភាព​នេះ​មាន​​ផ្តល់​តែ​ប្រយោជន៍​ដល់​អេហ្ស៊ីប​​ និង​ធ្វើ​ឱ្យ​រុស្ស៊ី​រីក​រាយ​ប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ