អានតួអត្ថបទ
រុស្ស៊ី-អ៊ុយក្រែន

ម៉ូស្គូ​អំពាវនាវ​អន្តរជាតិ ឲ្យ​គិតគូរ​អំពី ”ទំនោរ​ជាតិ​និយមជ្រុល” នៅ​អ៊ុយក្រែន

សេចក្តីអំពាវនាវ ឲ្យ​សហគមន៍​អន្តរជាតិ​ចាត់​វិធានការ នៅពី​មុខ​ការងើប​មុខ នៃ​ពួក​ជាតិនិយមជ្រុល នៅ​អ៊ុយក្រែន ត្រូវ​បាន​បន្លឺ​ឡើង​ថ្ងៃ ២៦​មីនា ដោយ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក Serguei Lavrov ក្នុង​សន្និសីទ​កាសែត នៅ​ប្រទេសក្វាតេម៉ាឡា (Guatemala) ជា​ដំណាក់​ចុង​ក្រោយ​នៃ ដំណើរ​ទស្សនកិច្ច​របស់​គាត់ នៅ​តាម​ទ្វីប​អាមេរិកឡាទីន។ ប្រាកដ​ណាស់​ដែល ទស្សនកិច្ចនេះ តាំង​គោលដៅ រឹត​ចំណង​ជាមួយ​បណ្តា​ប្រទេស​តំបន់​នេះ ដែល​ធ្លាប់​ស្ថិត​ក្រោម​ឥទ្ធិពល​ស.រ.អា.​ជា​មហាអំណាច ដែល​បាន​ឆ្លង​មហាសមុទ្រ​អាត្លង់ទិក មក​ពង្រឹង​ទីតាំង​ខ្លួន នៅ​អឺរ៉ុប​នៅ​ជាប់​នឹង​ចង្កេះ​រុស្ស៊ី​ទៅ​ហើយ។

លោករដ្ឋមន្ត្រីការបរទេស​រុស្ស៊ី (ឆ្វេង) ជួូប​ជាមួយ​ប្រធានាធិបតី​ក្វាតេម៉ាឡា
លោករដ្ឋមន្ត្រីការបរទេស​រុស្ស៊ី (ឆ្វេង) ជួូប​ជាមួយ​ប្រធានាធិបតី​ក្វាតេម៉ាឡា © Reuters
ផ្សាយពាណិជ្ជកម្ម

តាមប្រសាសន៍​លោក​ប្រមុខ​ការទូត​រុស្ស៊ី ដែល​ថ្លែង​ក្នុង​សន្និសីទ​កាសែត​នោះ ៖ “ស្ថានការណ៍​នៅ​អ៊ុយក្រែន​គឺ​ហួសហេតុ ដោយ​មកពី​មនោសញ្ចេនា​ជាតិនិយមជ្រុល ស្រាប់តែ ពុះ​ខ្ជោល​បាន​ដៃ​ឡើង​វិញ”។

 
លោក Serguei Lavrov បន្ថែមថា ៖ ម៉ូស្គូ​ទាមទារ​ឲ្យ​ចាត់​វិធានការ​ខាន​មិន​បាន ដើម្បី​បញ្ចៀស កុំ​ឲ្យ​អ៊ុយក្រែន​ប្រែ​ក្លាយ​ទៅ រដ្ឋ​ជាតិនិយម​មួយ ដែល​មិន​ឆ្លើយ​ស្រប​សោះ​ឡើយ​នឹង​បទដ្ឋាន ណា​ក៏ដោយ​របស់​សហភាព​អឺរ៉ុប។ គួរនិយាយថា ពិតជា​សហភាព​អឺរ៉ុប​នេះ ដែល​អ៊ុយក្រែន​ខ្លួន​ឯង តែង​ថ្លែង​ក្តែងៗ ថា​​ចង់​ចូល​ជា​សមាជិក។

ដោយឡែក លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី បាន​សំដែង​អំណរគុណ​ទៅ​កាន់​បណ្តា​រដ្ឋ​អាមេរិក ឡាទីន ដែល​មិន​ព្រម​ធ្លាក់​ខ្លួន សាមគ្គី​ជាមួយ​ទណ្ឌកម្ម​របស់​បស្ចិមលោក​ប្រឆាំង​រុស្ស៊ី។  
គឺ​នៅក្វាតេម៉ាឡាដែល​ថ្ងៃ​ព្រហស្បត៍​ទី​២៦​មីនា ប្រមុខ​ការទូត​រុស្ស៊ី​បាន​បញ្ចប់​ទស្សនកិច្ច​ខ្លួន តាម​ទ្វីប​អាមេរិកឡាទីន ក្រោយពី​គាត់​បាន​ទៅ​កាន់​ប្រទេស គុយបា កូឡុំប៊ី នីការ៉ាហ្គេ។ ជាការកត់សម្គាល់ កូឡុំប៊ី​តែង​ត្រូវ​គេ​ចាត់ទុក​ជា​ដៃគូ​របស់​ស.រ.អា.​ទេ​តើ។ ទោះយ៉ាងណាក្តី ក៏​ក្នុង​សេចក្តី​ថ្លែងការណ៍ បូក​សរុប​លទ្ធផល​នៃ​កិច្ចចរចា ជាមួយ​សមភាគី​រុស្ស៊ី រដ្ឋមន្ត្រី​ការបរទេស គុយបា កូឡុំប៊ី នី នីការ៉ាហ្កា ក្វាតេម៉ាឡា​សុទ្ធ​តែ​គូស​បញ្ជាក់​ថា គោលជំហរ​ប្រកាន់​យក ដោយ​អាមេរិកឡាទីន និង រុស្ស៊ី ចំពោះ​បញ្ហា​អន្តរជាតិ ឬ​មួយ​ត្រូវគ្នា​ទាំង​ស្រុង ឬ​មួយ​ស្រដៀង​គ្នា ដោយ​ចាត់ទុក​ជា​ ការ​មិន​អាច​ទទួល​យក​បាន​ឡើយ ៖
-ទណ្ឌកម្ម​ប្រឆាំង​គុយបា ក៏ ដូចជា ប្រឆាំង​ប្រទេស​ឯ​ទៀត
-និង ការលូកដៃ​របស់ ស.រ.អា.​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង របស់​វ៉េណេស៊ុយអេឡា។

តាមកាសែតក្រុងម៉ូស្គូ Kommersant លេខ​ថ្ងៃ​នេះ​សរសេរ ៖ អាច​ចាត់ទុក ជា​ព្រឹត្តិការណ៍ ចម្បង​នៃ​ទស្សនកិច្ច​គាត់​នៅក្វាតេម៉ាឡា លោក​ប្រមុខ​ការទូត​រុស្ស៊ី Lavrov បាន​ជួប​ចរចា ជាមួយ​សមភាគី នៃ​៨​ប្រទេស​-​សមាជិក “ប្រព័ន្ធ​សមាហរ័ណកម្ម​អាមេរិក​កណ្តាល” គឺ ប្រទេស បេលី ហុងឌូរ៉ាស ក្វាតេម៉ាឡា សាធារណរដ្ឋ​ដូមីនីក​ កូស្តារីកា​ នីការ៉ាហ្កា​ ប៉ាណាម៉ា​ សាលវ៉ាដរ​​ ដោយ រុស្ស៊ី​ប្រាថ្នា​ក្លាយ​ជា​ដៃ​គូ​របស់​ប្រព័ន្ធ​នេះ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ