អានតួអត្ថបទ
ស្វ៊ីស

លោក​សេប ប្លាធ័រ ជាប់ឆ្នោត​ធ្វើ​ជា​ប្រធាន​​ FIFAមួយ​អាណត្តិទៀត

រឿង​អាស្រូវ​ពុករលួយនៅក្នុង​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA ​មិនបាន​ធ្វើ​ លោក​ សេប ប្លាធ័រ​ខ្ទាត​ចេញ​ពីតំណែង។ នៅក្នុង​សមាជ​របស់​សហព័ន្ធកាលពីថ្ងៃ​សុក្រ​ទី ២៩ ឧសភា ក្នុង​ទីក្រុង​ហ្ស៊ុយរិក ប្រទេស​ស្វ៊ីស ​លោក​សេប ប្លាធ័រ​ត្រូវ​បាន​បោះឆ្នោត ជ្រើសតាំង​​ឲ្យ​ធ្វើ​ជា​ប្រធាន​​សហព័ន្ធ​បាល់ទាត់​ពិភពលោក​ FIFA ​បន្តទៅទៀត រហូត​ដល់​ឆ្នាំ ២០១៩។ លោក​សេប ប្លាធ័រ​បាន​ទទួល​សំឡេង ១៣៣ នាំមុខ គូប្រកួតប្រជែង​ ព្រះរាជបុត្រ​ហ្សកដានី ដែល​បាន​ទទួល​សំឡេង​ឆ្នោត​៧៣ នៅក្នុង​ការបោះឆ្នោត ដែល​ចូលរួម​ពី​សហព័ន្ធ​បាល់ទាត់​ចំនួន ២០៩ ក្នុង​ពិភពលោក។ 

Joseph Blatter dit Sepp» en conférence de presse à Zurich le samedi 30 mai 2015.
Joseph Blatter dit Sepp» en conférence de presse à Zurich le samedi 30 mai 2015. REUTERS/Arnd Wiegmann
ផ្សាយពាណិជ្ជកម្ម

លោក​សេប ប្លាធ័រ​(Joseph Blatter) ជាប់​ឆ្នោត ក្លាយ​ជា​ប្រធាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក​មួយ​អាណត្តិទៀត ​មិនមែន​ជា​រឿង​ភ្ញាក់ផ្អើល។ លោក​សេប ប្លាធ័រ ដែល​ដឹកនាំ​​សហព័ន្ធ​បាល់ទាត់​ FIFA បួន​អាណត្តិ​ជាប់គ្នា មាន​សង្ឃឹម​ច្រើន​នឹង​ចូល​កាន់តំណែង​ជា​ប្រធាន​ FIFA បើប្រៀបធៀប​ទៅនឹង​ព្រះរាជបុត្រ​ហ្សកដានី អាលី ប៊ីន ហ៊ូសេន។ នោះ​ក៏ព្រោះថា លោក​សេប ប្លាធ័រ​បាន​ទទួល​ការគំាទ្រ​ច្រើន​ពី​សហព័ន្ធ បាល់ទាត់អាហ្វ្រិក (៥៤សហព័ន្ធ) និង​អាស៊ី (៤៦)ដែល​ជា​សមាជិក​ភាគច្រើន នៅក្នុង​សហព័ន្ធ​បាល់ទាត់​ FIFA។ សំឡេង​ឆ្នោត​គាំទ្រ​១៣៣ ក្នុង​ចំណោម​សំឡេង​ឆ្នោត​សរុប ២០៦ ដែល​​លោក​សេប ប្លាធ័រ​បាន​ទទួល បាន​បញ្ជាក់​ពីការគាំទ្រ គ្មាន​ងាករេ​របស់​​អ្នកដែល​ធ្លាប់​ស្មោះស្ម័គ្រ​នឹង​លោក។

 
នៅមុន​ពេល​បោះឆ្នោត​ទៅទៀត ​មេដឹកនាំ​សហព័ន្ធ​បាល់ទាត់​អាហ្វ្រិក បាន​អះអាង​រួចហើយថា លោក​នឹង​បោះឆ្នោត​ឲ្យ​លោក​សេប ប្លាធ័រ​ ដែល​សក្តិសម​នឹង​​​ទទួល​តំណែង​ជា​ប្រធាន​ FIFA​មួយ​អាណត្តិ​ទៀត។ នៅក្នុង​អាណត្តិរបស់​​លោក​សេប ប្លាធ័រ អាហ្វ្រិក​ខាងត្បូង ជា​ប្រទេស​ទីមួយ​ក្នុង​ដែនដី​អាហ្វ្រិក​ដែល​ FIFA ​បោះឆ្នោត​ជ្រើសរើស​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួតបាល់ទាត់​ពិភពលោក ឆ្នាំ ២០១០។

វាមិនមែន​ជា​រឿង​ភ្ញាក់ផ្អើល​ដែល​លោក​សេប ប្លាធ័រ​ចូល​ដឹកក្បាល​ម៉ាស៊ីន​ FIFA នៅ​អាណត្តិ​ទី​៥​របស់លោក។ ប៉ុន្តែ អ្វី​ដែល​គេ​មិន​បាន​ទន្ទឹង​រង់ចាំ នោះ​គឺ​នេះ​ជា​លើក​ទី១​ ចាប់តាំង​ពីលោក​ចូល​កាន់​តំណែង ជា​ប្រធាន​ FIFA ដែល​លោក​សេប ប្លាធ័រ មិន​បាន​ទទួល​សំឡេង​ឆ្នោត​ភាគច្រើន នៅក្នុង​ការបោះឆ្នោត។ ​រឿង​អាស្រូវ​ពុករលួយ ដែល​បាន​ផ្ទុះ​តាំង​ពីថ្ងៃ​ពុធ ក្រោយ​រដ្ឋអាជ្ញា​អាមេរិក​ចេញ​ដីកា​ចាប់​ខ្លួន មន្រ្តី​ជាន់ខ្ពស់​របស់​ FIFA នាយករដ្ឋមន្រ្តី​អង់គ្លេស បាន​ចូលរួម ជាមួយ សហព័ន្ធ​បាល់ទាត់​អឺរ៉ុប ​ចេញមុខ​ប្រឆាំង​មិន​បោះឆ្នោត​គាំទ្រ និង​ទាមទារ​​ឲ្យ​លោកសេប ប្លាធ័រ ចុះចេញ​ពី​តំណែង។ ​ខុសពី​អាហ្វ្រិក និង​អាស៊ី សហព័ន្ធ​អឺរ៉ុបដែល​មាន​៥៣​សំឡេងប្រកាស​គាំទ្រ​ព្រះរាជបុត្រ​ហ្សកដានី ដែល​ជាគូប្រជែង​របស់​លោក​សេប ប្លាធ័រ។

កាលពី​ថ្ងៃសុក្រ ដោយសារ​លោក​មិន​បាន​ទទួល​សំឡេង ​២ភាគបី នៃសំឡេង​សរុប គេ​បាន​ប្រកាស​បោះឆ្នោត​នៅ​ជុំ​ទី​២។ ប៉ុន្តែ នៅ​ចុងបញ្ចប់ លោក​សេប ប្លាធ័រ​ ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ ថាជាអ្នកឈ្នះឆ្នោត បន្ទាប់ពី​ព្រះរាជបុត្រ​ហ្សកដានី ដែល​បាន​ទទួល​សំឡេង​តែ ៧៣ បាន​ដកខ្លួន​ចេញពី​ការបោះឆ្នោត​នៅ​ជុំ​ទី២។

អាច​និយាយ​បាន​ថា រឿង​អាស្រូវ​​ពុករលួយ​ក្នុង​ចំណោម​មន្រ្តីជាន់ខ្ពស់​​របស់​ FIFA ទោះ​ជា​មិន​បាន​ធ្វើ​ឲ្យ​លោក​ប្លាធ័រ ខ្ទាត​ចេញ​ពី​តំណែង​មែន ប៉ុន្តែ វា​អាច​ជា​សារ​ព្រមាន​​​​​​​​​​​​​​​សម្រាប់​អនាគត​មេដឹកនាំ​FIFA។ នៅក្រោយ​ជាប់ឆ្នោត​ជាផ្លូវការ លោក​សេប ប្លាធ័របាន​ឡើង​ថ្លែង​អំណរគុណ​​ និង​សន្យា​ទទួល​ខុសត្រូវ និង​រៀបចំ​កែលម្អ​ ស្តារ​មុខមាត់FIFA ​ឡើងវិញ នៅក្រោយ​ រឿង​អាស្រូវ​ពុករលួយ។

ក្នុងវ័យ ៧៩​ឆ្នាំ លោក​សេប ប្លាធ័រ​ ដែល​ដឹកនាំ​FIFAតាំង​ពី​ឆ្នាំ ១៩៩៨ នឹង​បន្តដឹកនាំ​ស្ថាប័ន​កំពូល ​ FIFA ដែល​នឹង​មាន​ថវិកា​៨២២​លាន​ដុល្លារ ​នៅ​ឆ្នាំ ២០១៦។ នៅក្នុង​សមាជ​កាលពីថ្ងៃ​សុក្រ ​ FIFAបាន​សម្រេច​ផងដែរ​នឹង​ថា បញ្ជូន​ទឹកប្រាក់​២២០​លាន​ដុល្លារ​សម្រាប់​ការអភិវឌ្ឍន៍។ ៥៥លាន​ដុល្លារ​សម្រាប់​សហព័ន្ធ​ជា​សមាជិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ