អានតួអត្ថបទ
វិបត្តិបំណុល​ក្រិក

ក្រិក៖ ​ជិត​ដល់​ថ្ងៃ​ធ្វើ​ប្រជាមតិ ​ក្រុម”ព្រម”​ និង​ក្រុម​”មិនព្រម”​ មាន​កម្លាំង​ប្រហាក់​ប្រហែល​គ្នា

នៅ​សល់​ពេល​តែ​មួយ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ​ដែល​ប្រជាជន​ក្រិក ​ត្រូវ​ធ្វើការ​បោះឆ្នោត​ប្រជា​មតិ​ ថា​តើ​ត្រូវព្រម​​រឺ​មិន​ព្រម ​ទៅ​លើ​សំណើរ​របស់​សហភាព​អឺរ៉ុប ​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​រឹត​ត្បិត ​ជា​ថ្នូរ​នឹង​ប្រាក់​ជំនួយ។ លោក​នាយក​រដ្ឋមន្រ្តី​ក្រិក ​អាឡិចស៊ីស ​ស៊ីប្រា ​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ក្រិក​នាំ​គ្នា ​បោះឆ្នោត​បដិសេធ ​ព្រោះ​សម្រាប់​លោក ​ក្រិក​ចង់​នៅ​ក្នុង​រង្វង់​គ្រួសារ​អឺរ៉ុប ​បន្តែ​នៅ​ដោយ​មាន​កិត្តិយស ​និង​ភាព​ថ្លៃថ្នូរ​ មិនមែន​ដោយ​ត្រូវ​រង​ការ​ដាក់​គំនៀប​ហិរញ្ញវត្ថុ ​ពី​សហភាព​អឺរ៉ុប ​នោះ​ទេ។

នាយករដ្ឋមន្ត្រី​ក្រិក អាឡិចស៊ីស ស៊ីប្រា ពេល​ថ្លែង​តាមទូរទស្សន៍ ប្រកាសពីការ​ធ្វើ​ប្រជា​មតិ កាល​ពី​ថ្ងៃ​ទី ១ កក្កដា ២០១៥
នាយករដ្ឋមន្ត្រី​ក្រិក អាឡិចស៊ីស ស៊ីប្រា ពេល​ថ្លែង​តាមទូរទស្សន៍ ប្រកាសពីការ​ធ្វើ​ប្រជា​មតិ កាល​ពី​ថ្ងៃ​ទី ១ កក្កដា ២០១៥ REUTERS/ERT/Pool
ផ្សាយពាណិជ្ជកម្ម

យប់​ថ្ងៃ​សុក្រ​ នៅ​កណ្តាល​ក្រុង​អាតែន ​ខាង​មុខ​វិមាន​រដ្ឋសភា ​លោក​នាយករដ្ឋ​មន្រ្តី ​អាឡិចស៊ីស ស៊ីប្រា ​បាន​ធ្វើ​សន្ទរកថា​ ដែល​មាន​អ្នក​ចូលរួម​ប្រមាណ​ជា ​២៥០០០​នាក់។ អ្នក​ទាំង​នោះ ​សុទ្ធសឹង​តែ​ជា​ក្រុម​ប្រជាជន​ដែល​គាំទ្រ ការ​អំពាវនាវ​របស់​លោក ​នាយក​រដ្ឋមន្ត្រី​ក្រិក ​ថា​ត្រូវ​បោះឆ្នោត​ មិនព្រម​ ទទួល​យក​សំណើរ​របស់​សហភាព​អឺរ៉ុប។

 
ថ្លែង​ក្នុង​សន្ទរក​ថា ​លោក​នាយក​រដ្ឋមន្ត្រី​ក្រិក​ បាន​ពោល​ថា ​ប្រជាជន​ក្រិក​ត្រូវតែ​ជា​ម្ចាស់​វាសនា​ លើ​ប្រទេស​ជាតិ​ខ្លួន។ ដូច្នេះ​ការ​ធ្វើ​ប្រជាមតិ ​ថា​ព្រម ​រឺ​មិនព្រម ​គឺ​ជា​វិធី​តែ​មួយ​គត់ ​ដោយ​ផ្តល់​ការ​សម្រេច​ចិត្ត​ ដោយ​ផ្ទាល់​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​មូល​ ជា​អ្នក​សម្រេច។ លោក​បន្ត​ថា ​សម្រាប់​លោក ​លោក​សូម​ឲ្យ​ប្រជាជន​នាំគ្នា​បោះ​ឆ្នោត​បដិសេធ ​ព្រោះ​ថា​មិនមែន​យើង​មិនចង់​នៅ​ក្នុង​រង្វង់​គ្រួសារ​ប្រទេស​ចាយ​លុយ​អឺរ៉ូ​ទេ ​ប៉ុន្តែ​យើង​មាន​កិត្តិយស ​និង​ភាព​ថ្លៃថ្នូរ​របស់​យើង​ដែល​ត្រូវ​ការពារ។ ដូច្នេះ​បើ​យើង​ទ្រាំ​នៅ​ទាំង​វេទនា ​យើង​សុខចិត្ត​ដើរ​ចេញ​វា​ប្រសើរ​ជាជាង។

នៅ​​មិន​ឆ្ងាយ​ពីនោះ​ប៉ុន្មាន ​ក្រុម​អ្នក​ទាមទារ​ឲ្យ​បោះឆ្នោត​ព្រម​ទទួល​យក​ គម្រោង​របស់​អឺរ៉ុប ​ក៏​មាន​ចំនួន​មិន​តិច​ដែរ។ បើ​តាម​អាជ្ញាធរ ​មាន​មនុស្ស​ប្រមាណ​ជា ​២២០០០​នាក់ ​បាន​មក​ឈរ​ស្តាប់ ​ការ​ប្រកូក​ប្រកាស ​របស់​ក្រុម​ដែល​​យល់ព្រម​ នៅ​ក្នុង​ទីលាន​ពហុកីឡាដ្ឋាន ​ក្រុង​អាតែន។ សម្រាប់​ក្រុម​អ្នក​គាំទ្រ ​បើ​សិន​ជា​សម្លេង​បដិសេធ ​បាន​​ជោគជ័យ​​នៅ​ថ្ងៃ​អាទិត្យ​នេះ ​នោះ​ក្រិក​នឹង​ធ្លាក់​ កប់​ទៅ​ក្នុង​វិបត្តិ ​និង​ភាព​ចលាចល​ កាន់​តែ​ជ្រៅ។

យ៉ាង​ណាមិញ​ បើ​យោង​តាម​ការ​ស្ទាបស្ទង់​មតិ​ផ្លូវ​ការ​របស់​វិទ្យាស្ថាន​ពីរ ​ផ្សេង​គ្នា ​បាន​បង្ហាញ​ថា ​សម្លេង​ព្រម ​និង សម្លេង​មិន​ព្រម ​មាន​កម្លាំង​ប្រហាក់​ប្រហែល​គ្នា។ ការ​ស្ទាបស្ទង់​មតិ​ទីមួយ ​បង្ហាញ​ថា ​សម្លេង​ព្រម​ មាន​ចំនួន ​៤៤,៨% ​ទល់​នឹង​សម្លេង​មិន​ព្រម​៤៣,៤%។ ចំណែក​ការ​ស្ទាបស្ទង់​របស់​វិទ្យាស្ថាន​ទីពីរ ​បាន​បង្ហាញ​ថា​សម្លេង​មិន​ព្រម​ ​មាន​ចំនួន​ ៤៣% ទល់​នឹង​សម្លេង​ព្រម​ ចំនួន​ ៤២,៥%។

សូម​រំលឹក​ថា​ សហភាព​អឺរ៉ុប ​បាន​ដាក់​កំហឹត​នូវ​គម្រោង​ធ្វើ​កំណែ​ទម្រង់ ​យ៉ាង​តឹងរឹង​ ជា​ច្រើន​ចំណុច ​ទៅ​លើ​រដ្ឋាភិបាល​​​ក្រិក ​ជា​ថ្នូរ​នឹង​ប្រាក់​កម្ចី ​ចំនួន​ ៧ពាន់​លាន​អឺរ៉ូ ​ដែល​ក្រិក​ត្រូវការ​ ដើម្បី​យក​ទៅ​សង ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ។​ ប៉ុន្តែ​សម្រាប់​រដ្ឋាភិបាល​លោក ​អាឡិចស៊ីស ស៊ីប្រា ​កំណែ​ទម្រង់​យ៉ាង​តឹងរឹង​ ទាំង​នោះ​នឹង​ច្របាច់​ក​ ប្រជាជន​​ក្រិក ​ដែល​កំពុង​តែ​ក្រីក្រ​ស្រាប់​ទៅ​ហើយ ​ឲ្យ​រឹតតែ​វេទនា​ថែម​ទៀត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​កម្ចី​ថ្មី​នេះ ​នឹង​ពង្រីក​​ជា​កាប្រាក់​បន្ថែម ​ ធ្វើ​ឲ្យ​ក្រិក​ផុង​ខ្លួន​ កាន់​តែ​ជ្រៅ។ ចំណែក ​មូល​និធិ​រូបិយវត្ថុ​អន្តរជាតិ​ ដែល​ជា​ម្ចាស់​បំណុល គឺ​អង្គុយ​ចាំតែ​កើប​កាប្រាក់ ​យ៉ាង​ស្រួល​ជា​ទី​បំផុត។ អ្វី​ដែល​លោក ​នាយករដ្ឋ​មន្ត្រី​ក្រិក​បាន​ទាមទារ ​ គឺ​សុំឲ្យ​ម្ចាស់​បំណុល ​កាត់​បន្ថយ​បំណុល​ចំនួន​ ៣០% ​ព្រម​ទាំង​ពន្យា​ពេល​សង​រហូត​ដល់​២០​ឆ្នាំ​ទៀត។

ការធ្វើ​ប្រជាមតិ​ នៅ​ថ្ងៃ​អាទិត្យ​នេះ ​គឺ​ការ​សម្រេច​វាសនា​របស់​ក្រិក ​ថា​នឹង​នៅ​ រឺ​ក៏​នឹង​ដើរ​ចេញ​ពី​ក្រុម​ប្រទេស​ចាយ​លុយ​​អឺរ៉ូ។ ការ​នេះ ​បាន​ពុះ​ច្រៀក​ក្រិក​ចេញ​ជា​ពីរ ​ដោយ​មាន​ម្ខាង​ អ្នក​គាំទ្រ ​ម្ខាង​អ្នក​មិន​គាំទ្រ។ សម្រាប់​អ្នក​វិភាគ​មួយ​​ចំនួន​យល់​ថា ​ការ​ធ្វើ​ប្រជាមតិ​ដ៏​តក់​ក្រហល់​បែប​នេះ ​វា​មិនមែន​ជា​ការ​ល្អ​នោះ​ទេ ​ព្រោះ​ប្រជាជន​ គ្មាន​ពេល​វេលា​​គ្រប់គ្រាន់ ​ដើម្បី​ពិចារណា ​ស្វែង​យល់​ពី​ផលវិបាក ​គុណសម្បត្តិ ​គុណវិបត្តិ ​នៃ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន ​ឲ្យ​បាន​សព្វ​គ្រប់​ជ្រុងជ្រោយ​ឡើយ។ ការ​សម្រេច​ចិត្ត​របស់​គេ​ម្នាក់ៗ​ អាច​ធ្វើ​ទៅ​តាម​តែ​ចិត្ត​ឆេវឆាវ ​ខឹង​មួយ​ពេល ​រឺ​ក៏​ជឿ​តាម​តែ​គ្នា ​ប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ