អានតួអត្ថបទ
ម៉ាសេដ្វាន-ជនភៀសខ្លួន

ជនភៀសខ្លួន​រាប់​ពាន់​នាក់​សម្រុក​ចូល​​អឺរ៉ុប តាម​​ប្រទេស​ម៉ាសេដ្វាន

ប្រទេស​ម៉ាសេដ្វាន ​ដែល​មាន​ព្រំដែន​ជាប់​នឹង ​ភាគ​ខាង​ជើង​ប្រទេស​ក្រិក ​កំពុង​តែ​ប្រឈម​មុខ​យ៉ាង​ធ្ងន់ធ្ងរ​ ដោយសារ​ជនភៀស​ខ្លួន​រាប់​ពាន់​នាក់ ​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​ស៊ីរី ​កំពុង​សំរុក​ឆ្លង​ព្រំដែន ​​ចូលទៅ​ក្នុង​ទឺកដី​ខ្លួន​​ ​ដើម្បី​បន្ត​ធ្វើ​ដំណើរ​ ឡើង​រថភ្លើង​ ឆ្ពោះ​ទៅ​កាន់​ប្រទេសនៅអ៊ឺរ៉ុប​ខាងលិច។ អាជ្ញាធរ​ប្រទេស​នេះ ​បាន​ធ្វើ​ការ​ស្តី​បន្ទោស​ ដល់​អាជ្ញាធរ​ក្រិក​ ថា​មិន​​ត្រឹម​តែ​បណ្តែតប​ណ្តោយ​មិន​ការពារ​ព្រំដែន​ហើយ​ ថែម​ទាំង​មាន​រៀបចំ​សេវា​ដឹក​ជញ្ជូន​ជនភៀសខ្លួន​ មក​ដាក់​ក្បែរ​នៅ​ព្រំដែន​ទៀត។

ជនភៀសខ្លួន រាប់ពាន់នាក់ បានឆ្លង​​ចូល​ទៅ​ប្រទេស​ម៉ាសេដ្វាន ក្នុង​ក្រុង​ Gevgelija ដើម្បីដណ្តើម​គ្នា​ឡើង​ជិះ​រថភ្លើង​ ឆ្លង​ទៅ​ប្រទេសស៊ែប៊ី
ជនភៀសខ្លួន រាប់ពាន់នាក់ បានឆ្លង​​ចូល​ទៅ​ប្រទេស​ម៉ាសេដ្វាន ក្នុង​ក្រុង​ Gevgelija ដើម្បីដណ្តើម​គ្នា​ឡើង​ជិះ​រថភ្លើង​ ឆ្លង​ទៅ​ប្រទេសស៊ែប៊ី REUTERS/Ognen Teofilovski
ផ្សាយពាណិជ្ជកម្ម

ទីក្រុង Gevgelija ​នៅ​ក្បែរ​​ព្រំដែន​​រវាង​​ម៉ាសេដ្វាន និង​​ក្រិក ​កំពុង​តែ​ក្លាយ​ជា​ទីតាំង​ប្រយុទ្ធ​តស៊ូ​​ រវាង​អាជ្ញាធរ​ម៉ាសេដ្វាន​ និង​ក្រុមជន​ភៀសខ្លួន​រាប់ពាន់​នាក់ ដែល​បាន​ធ្វើ​ដំណើរ​ផ្សេង​ព្រេង​ ឆ្លង​ទូក​មក​ដល់​ក្រិក​​ ហើយ​ចង់​បន្ត​ដំណើរ​នេះ​ទៅ​​សុំ​សិទ្ធិ​ជ្រក​កោន​ ​នៅ​តាម​បណ្តា​ប្រទេស​អឺរ៉ុប​ភាគ​ខាង​លិច​ និង​ភាគ​ខាង​ជើង។

អស់​រយៈ​ពេល​៣ថ្ងៃ​មក​ហើយ ​ដែល​អាជ្ញាធរ​ម៉ាសេដ្វាន ​ព្យាយាម​រារាំង​ ក្រុម​ជន​ភៀស​ខ្លួន​ ប្រមាណ​ជា​ ជាង​១៥០០​នាក់ ​មិន​ឲ្យ​ចូល​ទៅ​ក្នុង​​ទឹកដី​ម៉ាសេដ្វាន។ កាល​ពី​ថ្ងៃ​សៅរ៍ ​ទី​២២​ សីហា ​នគរ​បាល​ព្រំដែន​ម៉ាសេដ្វាន ​បាន​ប្រើ​គ្រាប់​បែក​ផ្សែង​ជា​ច្រើន​គ្រាប់ ​ដើម្បី​បំបែក​ក្រុម​ជន​ភៀស​ខ្លួន​ ​ដែល​ព្យាយាម​រុញ​ច្រាន​គ្នា​ ដណ្តើម​​ឆ្លង​ព្រំដែន។ មាន​ជន​ភៀស​ខ្លួន​ យ៉ាង​ហោច​ណាស់​៤​នាក់​ បាន​រង​របួស​ផង​ដែរ។
 

La police  macédonienne fait barrage à plusieurs milliers de migrants stationnés à la frontière entre la Macédoine et la Grèce, le 21 août 2015.
La police macédonienne fait barrage à plusieurs milliers de migrants stationnés à la frontière entre la Macédoine et la Grèce, le 21 août 2015. REUTERS/Ognen Teofilovski

ថ្វី​បើ​មាន​ការ​បដិសេធ​ ពី​អាជ្ញាធរ​ម៉ាសេដ្វាន ​ប៉ុន្តែ​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​គ្រូពេទ្យ​គ្មាន​ព្រំដែន​ បាន​បញ្ជាក់​ថា ​នរគរ​បាល​ព្រំដែន​ម៉ាសេដ្វាន​ ​បាន​ប្រើ​កម្លាំង​ជ្រុល​ហួសហេតុ​ ដូចជា ​បាញ់​គ្រាប់បែក​ផ្សែង ​បាញ់​គ្រាប់​កាំភ្លើង​ប្លាស្ទិក ​និង​បាន​យក​ដំបង​វាយ​ទៅ​លើ​ ជន​​ភៀស​ខ្លួន ​បណ្តាល​ឲ្យ​របួស​​ជា​ច្រើន​នាក់។​ ទី​បំផុត​ទៅ អាជ្ញាធរ​ម៉ាសេដ្វាន បាន​អនុញ្ញាត​ឲ្យ​ជន​ភៀសខ្លួន​​ដែល​ងាយ​រងគ្រោះ​ ដូចជា​គ្រួសារ ​ដែល​មាន​កូន​តូចៗ ​​ជា​ច្រើន​រយ​នាក់ ​ឆ្លង​ចូល​ទៅ​កាន់​ក្រុង Gevgelija។

សូមបញ្ជាក់ថា ជា​ច្រើន​សប្តាហ៍​មក​ហើយ​ ដែល​ម៉ាសេដ្វាន​បន្ធូរបន្ថយ​ បណ្តោយ​ឲ្យ​ជន​ភៀស​ខ្លួន​ ឆ្លង​កាត់​តាម​ទឹកដី​ខ្លួន ​ប៉ុន្តែ​រយៈ​ពេល​ចុង​ក្រោយ​នេះ ​ស្ថាន​ភាព​កាន់​តែ​ធ្ងន់​ធ្ងរ។ ​ជន​ភៀស​ខ្លួន​ទាំងអស់​ ​មាន​បំណង​ឡើង​ជិះ​រថភ្លើង​ នៅ​ក្រុង​ Gevgelija ​ដើម្បី​បន្ត​ដំណើរ​ទៅ​ប្រទេស​ស៊ែប៊ី ​មុន​នឹង​បន្ត​ឆ្ពោះ​ទៅ​ប្រទេស​សហភាព​អឺរ៉ុប។ ការនេះ​បាន​ធ្វើ​ឲ្យ​ជន​ភៀស​ខ្លួន​ ប្រវាយ​ប្រតប់​គ្នា ​ដណ្តើម​គ្នា​ឡើង​ជិះ​រថភ្លើង​ យ៉ាង​អាណាធិបតេយ្យ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ម៉ាសេដ្វាន​ Ivo Kotevski ​បាន​បន្ទោស​ដល់​អាជ្ញាធរ​ក្រិក ​ថា​មិន​បាន​ជួយ​ការពារ​ព្រំដែន ​ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ថែម​ទាំង​បាន​ដឹក​ជញ្ជូន​ជន​ភៀស​ខ្លូន ​មក​ដាក់​ចោល​ក្បែរ​ព្រំដែន​ម៉ាសេដ្វាន​ទៀត។ យ៉ាង​ណាមិញ ​អាជ្ញាធរ​ម៉ាសេដ្វាន​ ក៏​បាន​ធ្វើ​ដូចគ្នា​ដែរ ​ដោយ​បាន​អំពាវ​នាវ​សុំ​ជំនួយ​ពី​ប្រទេស​ជិត​ខាង​ ​ដើម្បី​បន្ថែម​ទូរ​រថភ្លើង​ និង​រថយន្ត​ក្រុង​ ​ដើម្បី​ដឹក​ជញ្ជូន​ជន​ភៀស​ខ្លួន។
 

ជនភៀសខ្លួន នៅ ក្រុង Demir Kapia ប្រទេស​ Macédoine កំពុង​អង្គុយ​ចាំ​រថភ្លើង​បើក​កាត់​ ដើម្បី​លោត​តោង ធ្វើដំណើរ​ទៅ​ស៊ែប៊ី
ជនភៀសខ្លួន នៅ ក្រុង Demir Kapia ប្រទេស​ Macédoine កំពុង​អង្គុយ​ចាំ​រថភ្លើង​បើក​កាត់​ ដើម្បី​លោត​តោង ធ្វើដំណើរ​ទៅ​ស៊ែប៊ី REUTERS/Ognen Teofilovski

តំណាង​ឧត្តម​ក្រុម​ប្រឹក្សា​ទទូល​បន្ទុក​ជន​ភៀសខ្លួន ​បាន​បញ្ជាក់​ថា ​លោក​បាន​ទទួល​ការ​ធានា​ ពី ​រដ្ឋមន្ត្រី​ការ​បរទេស​ម៉ាសេដ្វាន​ថា ​ពី​ពេល​នេះ​ទៅ ​ម៉ាសេដ្វាន ​និង​មិន​បិទ​ព្រំដែន​ទេ។ ជា​តួ​លេខ ​ចាប់​តាំង​ពី​ខែ​មិថុនា​មក​ មាន​ជន​ភៀស​ខ្លួន​ ប្រមាណ​ជា ​៤២០០០​នាក់ ​ក្នុង​នោះ ​មាន​កុមារ​៤០០០​នាក់ ​ ដែល​បាន​ឆ្លង​ មក​ដល់​ប្រទេស​ម៉ាសេដ្វាន។ ចំណែក​ក្រិក​វិញ ​បាន​ស្រង់​ស្ថិតិ​ថា ​គិត​ពី​ដើម​ឆ្នាំ​២០១៥​មក ​មាន​ជន​ភៀស​ខ្លួន​ចំនួន ​១សែន ​៦ម៉ឺន​នាក់ ​ដែល​ឆ្លង​មក​ដល់​ប្រទេស​ខ្លួន។ ដោយ​ឡែក ​នៅ​ក្នុងសមុទ្រ​ម៉េឌីទែរ៉ានេ​ ឯ​ណោះ ​អាជ្ញាធរ​អ៊ីតាលី ​ទើប​បាន​ជួយ​សង្រ្គោះ ​ទូក​ដឹក​ជន​ភៀស​ខ្លួន ​យ៉ាងហោច​ណាស់ ​៣០០០​នាក់ ​ដែល​ហៀប​នឹង​លិច​នៅ​ក្នុង​សមុទ្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ