អានតួអត្ថបទ
សហភាពអឺរ៉ុប-ជនភៀសខ្លួន

វិបត្តិ​ជន​អន្តោប្រវេសន៍​នៅ​អឺរ៉ុប កាន់តែ​បន្ទាន់​ និង​ ធ្ងន់ធ្ងរ

គ្រាន់​តែ​ក្នុង​រយៈពេល​មួយ​សប្តាហ៍​កន្លង​ទៅ​ ​មាន​ជន​អន្តោប្រវេសន៍​ចំនួន ​២ម៉ឺន​១ពាន់​អ្នក ​ដែល​បាន​ធ្វើ​ដំណើរ​ មក​ដល់​កោះ​កូស ​ភាគ​អាគ្នេយ៍​ប្រទេស​ក្រិក។ ជន​អន្តោប្រវេសន៍​ទាំង​នោះ ​បាន​ធ្វើ​ដំណើរ​ថ្មើរ​ជើង ​ឆ្លងកាត់​ប្រទេស​ផ្សេងៗ ក្នុង​តំបន់​បាល់កង់ ​មុន​នឹង​ឆ្លង​ទៅ​ដល់​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប ​ដូច​ជា​អាល្លឺម៉ង់ បារាំង ​អូទ្រីស ​ជាដើម។ ដូច​គ្នា ​ជាមួយ​នឹង​អ៊ីតាលី ​ក្រិក​ គ្មាន​លទ្ធភាព​គ្រប់គ្រាន់​ ដើម្បី​ទទួល​ជន​ភៀស​ខ្លួន​ ដែល​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ លោក​ស្រី ​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ ​បាន​អំពាវនាវ​ ឲ្យ​សហភាព​អឺរ៉ុប ​រក​ដំណោះ​ស្រាយ​រួម​មួយ ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។

នគរ​បាល​ក្រិក​ ប្រឹងប្រឺងទប់ក្រុុម​ជនអន្តោប្រវេស្តន៍ ​ដែល​ដណ្តើម​គ្នា​ បញ្ច្រៀត​ចូល​ទៅ​កន្លែង​ចុះ​ឈ្មោះ​សុំលិខិត​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ ​ដែលចេញ​ដោយ​អាជ្ញាធរ​ក្រិក ថ្ងៃទី ១២ សីហា​​ ២០១៥
នគរ​បាល​ក្រិក​ ប្រឹងប្រឺងទប់ក្រុុម​ជនអន្តោប្រវេស្តន៍ ​ដែល​ដណ្តើម​គ្នា​ បញ្ច្រៀត​ចូល​ទៅ​កន្លែង​ចុះ​ឈ្មោះ​សុំលិខិត​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ ​ដែលចេញ​ដោយ​អាជ្ញាធរ​ក្រិក ថ្ងៃទី ១២ សីហា​​ ២០១៥ REUTERS/Alkis Konstantinidis
ផ្សាយពាណិជ្ជកម្ម

ពេល​វេលា​កាន់តែ​ទៅ​មុខ ​វិបត្តិ​ជន​អន្តោប្រវេសន៍ ​នៅ​អឺរ៉ុប​ កាន់តែ​ធ្ងនធ្ងរ​ទៅៗ។ កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ អ៊ីតាលី​បាន​ជួប​ការ​លំបាក​ច្រើន​ជាង​គេ ​ដោយសារ​តែ​មាន​ជន​អន្តោប្រវេសន៍​ ជា​ច្រើន​ម៉ឺន​នាក់ ​បាន​ឆ្លង​ទូក មក​ដល់​ទឹកដី​របស់​ខ្លួន។ ឥឡូវ​ពេល​នេះ ​គឺ​ក្រិក​ម្តង ​ដែល​កំពុង​តែ​ជួប​ការ​លំបាក។ដោយ​គ្រាន់តែ​យើង​ក្រឡេក​មើល​ លើ​តួលេខ​ផ្លូវការ​ នៃ​ការ​មក​ដល់​ របស់​ជន​អន្តោប្រវេសន៍​ គឺ​យើង​ដឹង​រួច​ទៅ​ហើយ​ថា​ ស្ថានការណ៍​វា​ធ្ងន់ធ្ងរ​ និង​បន្ទាន់​កំរិត​ណា។

 
ទឹក​បាក់​ទំនប់ ​ទប់​ខាង​លិច ​ធ្លាយ​ខាង​កើត៖
តួលេខ​ខែកក្កដា ​ឆ្នាំ​២០១៥​ នេះ​ គឺ​មាន​ចំនួន​លើស​មួយ​គុណ​ជា​បី ​បើ​ប្រៀបធៀប​ទៅ ​ខែ​កក្កដា​ឆ្នាំ​២០១៤ ​ពោល​គឺ ​ចំនួន​ជន​អន្តោប្រវេសន៍ ​ដែល​បាន​មក​ដល់​ព្រំដែន​សហគមន៍​អឺរ៉ុប ​គឺ​មាន​ចំនួន​ ១សែន ​៧ពាន់​៥រយ​នាក់។ នេះ​យើង​នៅ​មិនរាប់​ ចំនួន​មនុស្ស​ដែល​មិន​បាន​មក​ចុះ​ឈ្មោះ​ផង។ បើ​គិត​ពី​ដើម​ឆ្នាំ ​មក​ដល់​ពាក់​កណ្តាល​ខែ​សីហា​នេះ ​ មាន​ជន​អន្តោប្រវេសន៍​ ចំនួន​១សែន​ ៦ម៉ឺន​នាក់ ​ដែល​បាន​មក​ដល់​ក្រិក ​តាម​ផ្លូវ​ទឹក។ ហើយ​អ្នក​ដែល​មក​ដល់​តាម​ផ្លូវ​គោក ​ឆ្លង​តាម​តួកគី ​​មាន​ជិត​២ម៉ឺន​នាក់​ផ្សេង​ទៀត។នៅក្រិក​ គ្រាន់​តែ​សប្តាហ៍​មុន ​មាន​ជន​អន្តោប្រវេសន៍​ មក​ដល់ ​ចំនួន ​២ម៉ឺន​១ពាន់​នាក់ ​ វា​សឹង​តែ​ស្មើ​ចំនួន​សរុប ​កាល​ពី​ឆ្នាំ​ទៅ​ នៅ​ក្រិក។ ហើយ​វា​មិន​ទាន់​ឈប់​ត្រឹមហ្នឹង​ទេ​ គឺ​ជន​អន្តោប្រវេសន៍ ​នឹង​បន្ត​មក​ថែមទៀត ​កាន់​តែ​ច្រើន។
 

ទូកជនភៀសខ្លួន ចេញដំណើរ ពី​តួកគី  ពេល​​ត្រូវ​ជួយសង្រ្គោះ​អូស​យក​មក​ដល់​ឆ្នេរ កោះ​កូស ប្រទេសក្រិក
ទូកជនភៀសខ្លួន ចេញដំណើរ ពី​តួកគី ពេល​​ត្រូវ​ជួយសង្រ្គោះ​អូស​យក​មក​ដល់​ឆ្នេរ កោះ​កូស ប្រទេសក្រិក REUTERS/Yannis Behrakis

កោះ​កូស ​នៅ​ភាគ​អាគ្នេយ៍​ក្រិក ​ក្បែរ​នឹង​ឆ្នេរ​ប្រទេស​តួកគី ​កំពុង​ជួប​ការ​លំបាក​ជាង​គេ ​ដោយសារ​តែ​មាន​ជន​អន្តោប្រវេសន៍​ជា​ច្រើន ​បាន​មក​ដល់ ​ហើយ​អាជ្ញាធរ​ក្រិក ​គ្មាន​លទ្ធភាព​ គ្រប់គ្រាន់​ដើម្បី​ទទួល​ពួក​គេ​ទេ។ ក្នុង​មួយ​យប់ៗ​ មាន​ជន​អន្តោប្រវេសន៍​មក​ដល់​តាម​ទូក ​ជាច្រើន​រយ​នាក់។ បើ​យើង​មើល​រូបភាព​​ដែល​គេ​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍​ក្រិក​វិញ ​យើង​ឃើញ​ថា ​វា​អនោចអធម៌​ណាស់​ ព្រោះ​ជន​អន្តោប្រវេសន៍​រាប់​ពាន់​នាក់ ​ទាំង​ក្មេង ​ទាំង​ចាស់ ​ដេក​រកេតរកូត​តាមផ្លូវ ​តាម​​ទីវាល​ ក្រោម​កំដៅ​ថ្ងៃ​ក្តៅ​ហែង។ ដោយសារ​តែ​ខ្វះ​លទ្ធភាព​ រដ្ឋាភិបាល​ក្រិក​ បាន​ផ្តល់​អាទិភាព​ ទៅ​ឲ្យ​តែ ​ជន​អន្តោប្រវេសន៍​​ ដែល​មក​ពី​ស៊ីរី ​តែ​ប៉ុណ្ណោះ ​ព្រោះ​ពួក​គេ​ រត់​គេច​ចេញ​ពី​សង្រ្គាម។ សហគម​អឺរ៉ុប ទើប​បាន​សន្យា​ថា ​នឹង​ផ្តល់​កញ្ចប់​ថវិកា​បន្ទាន់​ ដល់​ក្រិក ​ដើម្បី​យក​ទៅ​ដោះស្រាយ ​ក្នុង​ការ​ចំណាយ​ទទួល​ជន​ភៀសខ្លួន។ តែ​ទោះ​បី​ជា​យ៉ាងណា ​ក៏វា​នៅ​តែ​មិន​គ្រប់គ្រាន់​ដែរ។

ប្រទេស​ខាង​ជើង​អឺរ៉ុប ​ជា​គោលដៅ​ចុង​ក្រោយ​ របស់​ជន​អន្តោប្រវេសន៍៖
ជន​អន្តោប្រវេសន៍​ទាំង​នេះ ​ភាគ​ច្រើន​លើស​លប់ ​គឺ​មិនចង់​សុំសិទ្ធិ​រស់នៅ​ ក្នុង​ប្រទេស​ក្រិក ​រឺ​អ៊ីតាលី​ទេ។ គោលដៅ​របស់​ពួក​គេ ​គឺ​ទៅ​ប្រទេស​ណា ​ដែល​មាន​ស្ថានភាព​សេដ្ឋកិច្ច​ ល្អ​ប្រសើរ ​មាន​ការ​យក​ចិត្ត​ទុកដាក់​ពី​រដ្ឋ និង​សំបូរ​ការងារ​ធ្វើ។ ប្រទេស​គោលដៅ​ធំៗ​ របស់​ជន​អន្តោប្រវេសន៍​ទាំង​នោះ​​ រួមមាន ​អាល្លឺម៉ង់ ​អង់គ្លេស ​បារាំង ​ស៊ុយអែដ​ និង​ហ្វាំងឡង់​ជាដើម។ ដូច​យើង​បាន​ដឹង​ស្រាប់​ហើយ ​កាល​ពី​ប៉ុន្មាន​ខែ​មុន ​ជន​​អន្តោប្រវេសន៍ ​ដែល​មក​ដល់​អ៊ីតាលី ​ នាំគ្នា​បន្ត​ដំណើរ​ ដើម្បី​ឆ្លង​ទៅ​បារាំង។ ឥឡូវ​ពេល​នេះ ​មាន​ដំណឹង​ជា​ច្រើន ​ដែល​បាន​រ៉ាយរ៉ាប់ ​ពី​ការ​ធ្វើ​ដំណើរ ​របស់​ជនភៀស​ខ្លួន ​ចេញ​ពី​ប្រទេស​ក្រិក ​ឆ្លងចូល​ទៅ​តំបន់​បាល់កង់​ រាប់ពាន់​គីឡូម៉ែត្រ ​មុន​នឹង​ទៅ​ដល់​ប្រទេស​ហុងគ្រី​ រឺ​អូសទ្រីស​ ដែល​ជា​សមាជិក​សហភាព​អឺរ៉ុប។

កាល​ពី​ខែ​កក្កដា ​សហភាព​អឺរ៉ុប ​បាន​មូល​មតិ​គ្នា ​ផ្តល់​អាទិភាព​ដល់​ជន​អន្តោប្រវេសន៍ ​មក​ពី​ប្រទេស​ស៊ីរី ​ចំនួន​២ម៉ឺន ២ពាន់​៥រយ​នាក់ ​ដោយ​បាន​ផ្តល់​សិទ្ធិ​ជ្រកកោន ​ក្នុង​នាម​ជា​ជន​ភៀស​ខ្លួន។ ប៉ុន្តែ​ជន​អន្តោប្រវេសន៍​ ជាង​៤ម៉ឺន​នាក់​ទៀត​ អត់​មាន​ប្រទេស​ណា​ ទទួល​ស្គាល់​ថា​ជា​ជន​ភៀស​ខ្លួន ​និង​ទទួល​ឲ្យ​ស្នាក់​នៅ​ទេ។ ជន​អន្តោប្រវេសន៍​ទាំង​នោះ ​គឺ​នៅ​រាយប៉ាយ ​រសាត់​អណ្តែត​ពាសពេញ​ហ្នឹង ​គ្មាន​ក្រដាស​ស្នាម​ត្រឹមត្រូវ​តាម​ច្បាប់ ​គ្មាន​កន្លែង​ស្នាក់​នៅ ​គ្មាន​ការងារ​ធ្វើ។

គួរ​រំលឹក​ថា​ តាម​ច្បាប់ ​ជន​អន្តោប្រវេសន៍​ទាំង​អស់ ​ដែល​បាន​ធ្វើ​ដំណើរ ​មក​ដល់​ទឹកដី​សហភាព​អឺរ៉ុប ​គឺ​ត្រូវ​បំពេញ​បែប​បទ​សុំ​សិទ្ធិ​ជ្រក​កោន ​ក្នុង​នាម​ជា​ជនភៀស​ខ្លួន។ មាន​លក្ខខណ្ឌ​ច្រើន​ណាស់ ​ដែល​ត្រូវ​បំពេញ​ មុននឹង​គេ​ទទួល​ស្គាល់​ ថា​ជា​ជន​ភៀស​ខ្លួន ​ឧទាហរណ៍​ដូចជា​ស្ថានភាព​សង្រ្គាម​ នៅ​ក្នុង​ប្រទេស​កំណើត​ជា​ដើម ​ដែល​ធ្វើ​ឲ្យ​ជន​នោះ​អាច​ជួប​នឹង​គ្រោះថ្នាក់​ ​បើសិន​ជា​ត្រូវ​បញ្ជូន ​ឲ្យ​ត្រឡប់​ទៅ​វិញ។

លក្ខខណ្ឌ​មួយ​ទៀត ​ដោយ​យោង​ទៅតាម​កិច្ច​ព្រមព្រៀង​ក្រុង​ឌុបប្លាំង​ គឺ​តំរូវ​ឲ្យ​ជន​អន្តោប្រវេសន៍ ​ធ្វើ​បែប​បទ​សុំ​សិទ្ធិ​ជ្រក​កោន ​ជា​ជន​ភៀស​ខ្លួន ​ក្នុង​ប្រទេស​ទីមួយ​ ដែល​​ខ្លួន​បាន​មក​ដល់។ អញ្ចឹង​គឺ​មាន​តែ​អ៊ីតាលី ​និង​ ក្រិក​ទេ ​ក្នុង​ករណី​នេះ ​ដែល​ត្រូវ​ទទួល​ដោះស្រាយ​ពាក្យសុំ​ទាំង​អស់​នេះ។ នេះ​ហើយ​ជា​ការ​ត្អូញត្អែរ​ របស់​ក្រិក ​និង​អ៊ីតាលី ​ ព្រោះ​គេ​គ្មាន​លទ្ធភាព​ធ្វើ​វា​ទេ ​ ហើយ​ជន​អន្តោប្រវេសន៍​ ទៀតសោត ​ក៏​គ្មាន​នរណា​ចង់​នៅ​ក្រិក ​និង​អ៊ីតាលី​ដែរ។
 
ជន​អន្តោប្រវេសន៍ ​ជាង​៦សែន​នាក់ ​ដាក់ពាក្យ​សុំ​សិទ្ធិ​ជ្រកកោន​នៅ​អាល្លឺម៉ង់ ​ឆ្នាំ​២០១៥៖
មាន​ជន​អន្តោប្រវេសន៍​ច្រើន​ណាស់ ​បាន​មក​ដល់​អាល្លឺម៉ង់ ​នា​រយៈ​ពេល​ចុង​ក្រោយ​នេះ​ ហើយ​ដែល​ធ្វើ​ឲ្យ​ស្ថានភាព​មាន​ការ​ផ្លាស់ប្តូរ ​និង​ត្រូវ​រក​ដំណោះ​ស្រាយ​បន្ទាន់។ តួលេខ​ឆ្នាំ​២០១៤​ បង្ហាញ​ថា ​មាន​ជន​អន្តោប្រវេសន៍ ​២សែន​នាក់​ ដែល​បាន​ដាក់​ពាក្យ​សុំសិទ្ធិ​ជ្រកកោន​ ​នៅ​អាល្លឺម៉ង់។ ហើយ​បើ​តាម​ការ​ប៉ាន់ស្មាន ​ឆ្នាំ​២០១៥​នេះ ​មាន​ចន្លោះ​ពី ​៦ ​ទៅ ៧សែន​នាក់​ ឯណោះ។

ដំណោះស្រាយ ​វា​មាន​ទាំងផ្ទៃ​ក្នុង​របស់​អាល្លឺម៉ង់​ផ្ទាល់ ​និង​ដំណោះស្រាយ​រួម​គ្នា ​រវាង​ប្រទេស​សហភាព​អឺរ៉ុប​ទាំង​មូល។ ក្នុងន័យ​នេះ ​រដ្ឋាភិបាល​អាល្លឺម៉ង់ ​ចង់​សំដៅឲ្យ​មាន​ការ​សហការ​គ្នា​ ឲ្យ​បាន​ច្រើន ​ពី​សំណាក់​ប្រទេស​មាជិក​ផ្សេងទៀត។ លោកស្រី​អង់ហ្គេឡា មែគែល ​បាន​ចាត់​ទុក​ថា ​បញ្ហា​ជន​អន្តោប្រវេសន៍​ ដែល​កំពុង​តែ​ចោទ​ឡើង​នេះ ​វា​មិន​ត្រឹមតែ​ជា​បញ្ហា​មនុស្សធម៌​ដែល​ត្រូវ​ដោះស្រាយ​បន្ទាន់​ប៉ុណ្ណោះ​ទេ​ តែ​វា​ជា​បញ្ហា​ការទូរ ​និង​យុទ្ធសាស្ត្រ​ក្នុង​តំបន់​ ដែល​សមាជិក​សហភាព​អឺរ៉ុប​ត្រូវតែ​រួមគ្នា​ដោះស្រាយ។ កន្លង​មក ​រដ្ឋាភិបាល​អាល្លឺម៉ង់ ​ធ្លាប់​បាន​ស្នើរ​ថា ឲ្យ​មាន​ការ​បែងចែក​កូតា​គ្នា ​ឲ្យ​ស្មើរភាព​ មិនមែន​ម្នាក់​យក​រួច​ខ្លួន​ តែរៀងៗ​ខ្លួន​ទេ។ ប៉ុន្តែ​សំណើរ​នេះ​បាន​ជួប​បរាជ័យ​ទៅហើយ។

តារាង​បញ្ជីរ​ឈ្មោះ  ​”ប្រទេស​គ្មាន​គ្រោះ​ថ្នាក់”៖
ពេល​នេះ ​ អាល្លឺម៉ង់ ចង់​ស្នើរ​ថា ​បើមិន​បង្កើត​កូតា​ក៏​ហី​ចុះ ​ តែ​ត្រូវរួម​គ្នា​ បង្កើត​ជា​តារាង​ឈ្មោះ​ប្រទេស​ប្រភព​ដើម ​របស់​ជន​អន្តោប្រវេសន៍ ​ដែល​អាច​ចាត់​ទុក​ថា​ ជា​ប្រទេស​មិនមាន​គ្រោះថ្នាក់។ សរុប​ទៅ​គេ​ចង់​បែកចែង ​ឲ្យ​ច្បាស់​លាស់​ថា ​ជន​អន្តោប្រវេសន៍​ មាន​ពីរ​ប្រភេទ​ មួយ​ជា​ជន​អន្តោប្រវេសន៍ ​ដែល​រត់​គេច​ពី​សង្រ្គាម ​មួយ​ទៀត​ ជា​ជន​អន្តោប្រវេសន៍​សេដ្ឋកិច្ច ​ដែល​រត់​មក ​ដើម្បី​រក​ការងារ​ធ្វើ ​ព្រោះ​ប្រទេស​ដើម​កំណើត​ខ្លួន ​ពុំ​មាន​សង្រ្គាម ​និង​គ្រោះថ្នាក់​នោះ​ទេ។

ដូច្នេះ ​ក្នុង​គំនិត​នេះ ​គេ​ចង់​ផ្តល់​អាទិភាព ​ ទទួល​តែ​ជន​អន្តោប្រវេសន៍ ​ដែល​មក​ពី​ប្រទេស​ណា ​ដែល​មាន​សង្រ្គាម ​មាន​គ្រោះ​ថ្នាក់​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​ការ​បែងចែក​ ធ្វើ​តារាង​រាយ​ឈ្មោះ​ប្រទេស​នេះ ​នៅ​មិន​ទាន់​ប្រាដក​ថា ​អាច​ធ្វើ​ទៅ​រួច​ទេ ​ ព្រោះ​សូម្បី​តែ​ផ្ទៃ​ក្នុង​អាល្លឺម៉ង់ ​ក៏​និយាយ​មិន​ទាន់​ត្រូវ​គ្នា​ដែរ។

គម្រោង​៤ចំណុច ​លើក​ឡើង​ដោយ​បារាំង​ និង​អាល្លឺម៉ង់៖
បើ​យោង​តាម​ប្រសាសន៍​របស់​លោក ​ឡូរង់ ហ្វាប៊្យូស ​រដ្ឋមន្ត្រី​ការបរទេស​បារាំង ​បាន​បញ្ជាក់​ថា ​គម្រោង​រួមគ្នា ​រវាង​​អាល្លឺម៉ង់ ​និង​បារាំង ​ដែល​គេ​កំពុង​តែ​សិក្សា ​គឺ​ឈរ​លើ​ចំណុច​៤​សំខាន់៖

១- ​បង្កើត​ជា ​ចំណុច​ទីតាំង​ចុះ​ឈ្មោះ​ទទួល​ពាក្យ​សុំ​សិទ្ធិ​ជ្រកកោន ​ឲ្យ​បាន​ច្រើន ​នៅ​តាម​កន្លែង​ដែល​ជន​ភៀសខ្លួន​មក​ដល់ ​ដូច​ជា​នៅ​ក្រិក​ អ៊ីតាលី ​និង​ ហុងគ្រី ​ជាដើម។

២- ​បន្ទាប់​ពី​ទទួល​ពាក្យសុំ​ហើយ ​ត្រូវ​ធ្វើ​យ៉ាងណា ​សម្រេច​ផ្តល់​ចម្លើយ ​ឲ្យ​បាន​ឆាប់​រហ័ស ​ដើម្បី​ទទួល​ស្គាល់​សិទ្ធិ​ជា​ជន​ភៀស​ខ្លួន។ ចំណែក​អ្នក​ដែល​ត្រូវ​គេ​បដិសេធ​ មិន​ទទួល​ស្គាល់ ​ គឺ​ត្រូវ​រៀបចំ​ បញ្ជូន​ជន​នោះ ​ត្រឡប់​​ទៅ​ប្រទេស​ដើម​វិញ ​ឲ្យ​បាន​ឆាប់​រហ័ស។

៣- ​ទីបី ​គឺ ​ត្រូវ​ជួយ​ប្រទេស​ដើម​របស់​ជន​ភៀសខ្លួន​ ក្នុង​ការ​ស្វែងរក​ស្ថិរភាព​សង្គម ​និង​សេដ្ឋកិច្ច ​ដើម្បី​ធ្វើ​យ៉ាងណា ​ ឲ្យ​ប្រជាជន​រស់នៅ​ក្នុង​ជីវភាព ​និង​លក្ខខណ្ឌ​ល្អ​ប្រសើរ។ ធ្វើ​ដូច្នេះ​ ទើប​ពួកគេ​មិន​ធ្វើ​ចំណាក​ស្រុក។

៤- ​ជាចុង​ក្រោយ ​គឺ ​ជួយ​ប្រទេស​ដែល​នៅ​ក្បែរ​ខាង ​ជាប់​ព្រំដែន​សហភាព​អឺរ៉ុប ​ ឲ្យ​ប្រទេស​ទាំង​នោះ ​អាច​ទាក់ទាញ​ ជន​អន្តោប្រវេសន៍​បាន​ខ្លះ ​ កុំ​ឲ្យ​ជន​អន្តោប្រវេសន៍​ ប្រើប្រាស់​ប្រទេស​ទាំង​នោះ ​គ្រាន់​តែ​ជា​ប្រទេស​ឆ្លងកាត់

តាម​ការ​គ្រោងទុក​ លោកស្រី​អង់ហ្គេឡា ​មែគែល ​និង​ជួប​លោក​ប្រធានាធិបតី​បារាំង ​នៅ​ក្រុង​ប៊ែកឡាំង​ នៅ​ថ្ងៃ​ចន្ទ​ក្រោយ ​ដើម្បី​ពិភាក្សា​គ្នា ​រក​ដំណោះ​ស្រាយ លើ​វិបត្តិ​ជន​អន្តោប្រវេសន៍​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ