អានតួអត្ថបទ
ប៉ាគីស្ថាន-សហភាពអឺរ៉ុប

ប៉ាគីស្ថាន ​បញ្ជូន​ជន​ភៀស​ខ្លួន​ តាម​យន្តហោះ​ត្រឡប់​មក​ក្រិក​វិញ

ក្រិក​ដែល​បាន​បញ្ជូន​យន្តហោះ​មួយ ​ដឹក​ជន​ភៀស​ខ្លួន​ ចំនួន​ ៤៩​នាក់​ ទៅ​កាន់​ប្រទេស​ប៉ាគីស្ថាន​ ទើប​តែ​ត្រូវ​បាន​ប្រទេស​ប៉ាគីស្ថាន ​រុញ​យន្តហោះ​ត្រឡប់​មក​វិញ ​ជាមួយ​ជន​ភៀស​ខ្លួន​៣០​នាក់ ​នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ​ដោយទទួល​យក​ជន​ភៀស​ខ្លួន​ចំនួន​ តែ​១៩​នាក់​ ប៉ុណ្ណោះ។ ប៉ាគីស្ថាន ​បាន​បញ្ជាក់​ថា ​គ្មាន​អ្វី​ដែល​អាច​អះអាង ​ថា​ជនភៀស​ខ្លួន​ទាំង​នោះ​ គឺ​ជា​ជនជាតិ​ប៉ាគីស្ថាន​ទេ ​ហើយ​វា​គឺ​ជា​តួនាទី​របស់​អាជ្ញាធរ​ក្រិក ​ដែល​ត្រូវ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់ ​មុន​នឹង​បញ្ជូន​មក​កាន់​ប្រទេស​គេ។

មន្ត្រីការពារ​ព្រំដែន​ស្លូវ៉េនី ឈរនៅ​ចំពោះមុខ​ជនភៀស​ខ្លួន​រាប់រយនាក់​ នៅ​ច្រកព្រំដែន​ចូល​ប្រទេស​អូទ្រីស
មន្ត្រីការពារ​ព្រំដែន​ស្លូវ៉េនី ឈរនៅ​ចំពោះមុខ​ជនភៀស​ខ្លួន​រាប់រយនាក់​ នៅ​ច្រកព្រំដែន​ចូល​ប្រទេស​អូទ្រីស REUTERS/Leonhard Foeger
ផ្សាយពាណិជ្ជកម្ម

គ្រាន់តែ​យន្តហោះ​បាន​ចុះចត​ចំនួន​៣ម៉ោង ​នៅ​ទីក្រុង​អ៊ីស្លាម៉ាបាត ​ប្រទេស​ប៉ាគីស្ថាន ​យន្តហោះ​នោះ​ត្រូវ​បាន​អាជ្ញាធរ​ប៉ាគីស្ថាន ​បញ្ជារ​ឲ្យ​ចេញ​ដំណើរ​ត្រលប់​ទៅ​ប្រទេស​ក្រិក​​វិញ។ ក្រិក​បាន​បញ្ជូន​យន្តហោះ​នោះ ​ដោយ​ដឹក​អ្នក​ដំណើរ​ចំនួន ​៤៩​នាក់ ​ដែល​ក្រិក​អះអាង​ថា​​ ជា​ជន​អន្តោប្រវេសន៍​ប៉ាគីស្ថាន ​ ហើយ​បាន​លួច​ឆ្លង​ចូល​ទៅ​ក្រិក ដើម្បី​សំដៅ​ទៅ​សុំ​សិទ្ធិ​ជ្រកកោន​ នៅ​បណ្តា​ប្រទេស​អ្នក​មាន​នៅ​អឺរ៉ុប។ បន្ទាប់​ពី​បាន​ត្រួត​ពិនិត្យ​អ្នក​ដំណើរ​ទាំង​៤៩​នាក់ ​ អាជ្ញាធរ​ប៉ាគីស្ថាន​ បាន​ទទួល​យក​មនុស្ស​តែ​១៩​នាក់​ប៉ុណ្ណោះ ​ឯ​ចំណែក​៣០​នាក់​ផ្សេង​ទៀត ​ ត្រូវ​បញ្ជូន​ឲ្យ​ឡើង​យន្តហោះ​ត្រឡប់​មក​ក្រិក​វិញ។ ប៉ាគីស្ថាន​បាន​អះអាង​ថា ​ មនុស្ស​ទាំង​នោះ​ ពុំ​មាន​ក្រដាសស្នាម​អ្វី​ជាក់​លាក់ ​បញ្ជាក់​ថា​ពួក​គេ​ ពិត​ជា​ជនជាតិ​ប៉ាគីស្ថាន​នោះ​ទេ។

 
សូម​បញ្ជាក់​ថា ​កាល​ពី​ដើម​ខែ​វិច្ឆិកា ​ប៉ាគីស្ថាន​ធ្លាប់​បាន​ប្រកាស​ព្យួរ​ទុក​កិច្ច​ព្រមព្រៀង​ទទួល​យក​ជន​អន្តោប្រវេសន៍​ប៉ាគីស្ថាន​ត្រឡប់​ពី​អឺរ៉ុប​ទៅ​វិញ ​លើកលែង​តែ​ពី​ប្រទេស​អង់គ្លេស។ ប៉ាគីស្ថាន​បាន​លើក​មូលហេតុ​ថា ​ កន្លង​មក​ពុំមាន​ការ​ត្រួត​ពិនិត្យ​ ឲ្យ​បាន​ច្បាស់លាស់​ បញ្ជាក់​ថា​ជន​អន្តោប្រវេសន៍​ ពិត​ជា​ជនជាតិ​ប៉ាគីស្ថាន​ទេ។ ប៉ុន្តែ​បន្ទាប់​ពីមាន​អន្តរាគមន៍​របស់​ភ្នាក់ងារ​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការ​ជន​ភៀសខ្លួន ​ទើប​ប៉ាគីស្ថាន​ យល់​ព្រម​អនុវត្ត​ កិច្ចព្រមព្រៀង​ឡើងវិញ ​កាល​ពី​១០​ថ្ងៃមុន។

យ៉ាងណា​ក៏ដោយ ​យន្តហោះ​ដឹក​ជន​អន្តោប្រវេសន៍​នា​ពេល​នេះ ​ត្រូវ​បាន​ប៉ាគីស្ថាន​បរិហារ​ថា ​មិន​គោរព​ទៅ​តាម​លក្ខខណ្ឌ​ដែល​មាន​ចែង​ ក្នុង​កិច្ច​ព្រមព្រៀង ​ដោយសារ​ខាង​សហភាព​អឺរ៉ុប​ មិន​បាន​បញ្ជូន​លេខ​អត្ត​សញ្ញាណ​បណ្ណ​។ ចំណែក​ខាង​សហភាព​អឺរ៉ុប​បាន​បញ្ជាក់​ថា ​លេខ​លិខិត​ឆ្លង​ដែន​របស់​ជន​អន្តោប្រវេសន៍​ទាំង​៤៩​នាក់​ ត្រូវបាន​អាជ្ញាធរ​ក្រិក​បញ្ជូន​ទៅឲ្យ​អាជ្ញាធរ​ប៉ាគីស្ថាន ​តាំង​ពី​មុន​​​ម្លេះ​ ហើយ​ចំណែក​លេខ​អត្តសញ្ញាណបណ្ណ ​គឺ​វា​មិនមាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​ថា ​ជា​តួនាទី​របស់​សហភាព​អឺរ៉ុប​ ដែល​ត្រូវ​តែ​ផ្តល់​ឲ្យ​ទេ។ លេខ​អត្តសញ្ញាណបណ្ណ ​គឺ​មាន​តែ​អាជ្ញាធរ​ប៉ាគីស្ថាន​មួយ​គត់ ​ដែល​អាច​ផ្តល់​ជូន​បាន។

ទាក់ទិន ​និង​វិបត្តិ​ជនភៀសខ្លួន​នេះ​ដែរ ​ នៅ​ក្នុង​សមុទ្រ​ម៉េឌីទែរ៉ាណេ ​ខាង​មុខ​ប្រទេស​លីប៊ី ​ក្រុម​សង្រ្គោះ​សហភាព​អឺរ៉ុប ​ និង​កង​ល្បាត​ដែន​សមុទ្រ​អ៊ីតាលី ​ទើប​បាន​ជួយ​សង្រ្គោះ​ជន​ភៀសខ្លួន​ចំនួន​ ១៥០០​នាក់ ​ កាល​ពី​ព្រឹក​ថ្ងៃព្រហស្បតិ៍ ​ដែល​ធ្វើ​ដំណើរ​គ​ជាន់​លើ​គ្នា​ តាម​ទូក​តូចៗ ​ចំនួន​៧។ គួរ​រំលឹក​ដែរ​ថា បន្ទាប់​ពី​បាន​ស្ងាត់​មួយ​រយៈ​ ក្រុម​ឈ្មួញ​ទុច្ចរិត​ បាន​ចាប់ផ្តើម​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​ជន​ភៀសខ្លួន​ឆ្លង​សមុទ្រ​ឡើង​វិញ ​ដោយសារ​តែ​អាកាសធាតុ​អំណោយ​ផល ​រលក​សមុទ្រ​មិន​សូវ​ធំ។
 

ការប៉ះទង្គិចគ្នា រវាង​ជនអន្តោប្រវេសន៍ និងអាជ្ញាធរក្រិក នៅព្រំដែន ម៉ាសេដ្វាន់ ថ្ងៃទី ៣ ធ្នូ ២០១៥
ការប៉ះទង្គិចគ្នា រវាង​ជនអន្តោប្រវេសន៍ និងអាជ្ញាធរក្រិក នៅព្រំដែន ម៉ាសេដ្វាន់ ថ្ងៃទី ៣ ធ្នូ ២០១៥ REUTERS/Alexandros Avramidis

ចំណែក​នៅ​ព្រំដែន​រវាង​ក្រិក ​និង​ប្រទេស​ម៉ាសេដ្វាន់​ឯនោះ ​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ក្រុម​ជន​អន្តោប្រវេសន៍ ​បាន​កើតឡើង​កាន់​តែ​ខ្លាំង ​បន្ទាប់​ពី​មាន​ជន​អន្តោប្រវេសន៍​ម្នាក់​ ស្លាប់​ដោយ​ឆក់​ចរន្ត​អគ្គីសនី ​នៅ​ពេល​ដែល​ជននោះ​ ព្យាយាម​ឡើង​ទៅ​លើ​ទូរថភ្លើង ​ចត​នៅ​ក្បែរ​ព្រំដែន។ រីឯ​ប្រទេស​ស្លូវ៉ាគី ​ និង​ប្រទេស​ហុងគ្រី ​ទើបតែ​បាន​ឲ្យ​ដំណឹង​ថា​ គេ​បាន​ដាក់​ពាក្យ​បណ្តឹង​រួចរាល់​ហើយ ​ទៅ​កាន់​តុលាការ​អឺរ៉ុប​ តវ៉ា​រឿង​កំណត់​កូតា​ចំនួន​ជន​ភៀស​ខ្លួន ​ដែល​ សហភាព​អឺរ៉ុប​បាន​ចាប់​បង្ខំ​ប្រទេស​ពួកគេ ​ ឲ្យ​ទទួល​យក​ជន​ភៀស​ខ្លួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ