អានតួអត្ថបទ
ស្វីស-ភេរវកម្ម

ក្រុង​ហ្សឺណែវ​ស្ថិត​ក្នុង​ភាព​អាសន្ន​ដើម្បី​បង្ការ​ភេរវកម្ម

ទីក្រុង​ហ្សឺណែវ ​របស់​ប្រទេស​ស្វីស ​ត្រូវ​បាន​ប្រកាស​ឲ្យ​ស្ថិត​នៅ​ក្នុង​ភាព​អាសន្ន ​ ដោយ​មាន​ការ​យាមកាម​យ៉ាង​តឹងរឹង ​ ដើម្បី​បង្ការ​ ខ្លាច​ក្រែង​មាន​ការ​វាយ​ប្រហារ​ភេរវកម្ម។ មនុស្ស​បួន​នាក់​ដែល​ត្រូវ​គេ​សង្ស័យ​ថា ​អាច​ជា​កូនចៅ ​របស់​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​កំពុង​ត្រូវ​បាន​នគរបាល​ស្វីស ​តាម​ប្រមាញ់​ចាប់​ យ៉ាងសកម្ម។ ក្រុង​ហ្សឺណែវ ​ដែល​សំបូរ​ទៅ​ដោយ ​ទីតាំង​របស់​ស្ថាប័ន​អន្តរជាតិ​ធំៗ​ កំពុង​ស្ថិត​នៅ​ក្នុង​គ្រោះថ្នាក់ ​ដោយសារ​តែ​ក្រុម​ភេរវកម្ម​ជីហាដ​អ៊ីស្លាម ​អាច​ធ្វើ​សកម្មភាព​ បាន​គ្រប់​ពេល​វេលា។

ខាងមុខ ច្រកចូល​វិមាន​អង្គការ​សហប្រជាជាតិ នៅទីក្រុង​ហ្សឺណែវ​ ថ្ងៃទី​​ ១០ ធ្នូ
ខាងមុខ ច្រកចូល​វិមាន​អង្គការ​សហប្រជាជាតិ នៅទីក្រុង​ហ្សឺណែវ​ ថ្ងៃទី​​ ១០ ធ្នូ REUTERS/Pierre Albouy
ផ្សាយពាណិជ្ជកម្ម

ការ​ប្រកាស​អាសន្ន​នៅ​ក្រុង​ហ្សឺណែវ ​ត្រូវ​បាន​ប្រកាស​តាំង​ពី​ល្ងាច​ថ្ងៃ​ពុធ​ទី​ ៩​ ធ្នូ ​ហើយ​បាន​បន្ត​រហូត​មក​ដល់​ថ្ងៃ​សុក្រ​នេះ​ទៀត។ នៅ​មិន​ដល់​មួយ​ខែ ​បន្ទាប់​ពី​ ភេរវកម្ម​ដ៏​សាហាវ​នៅ​ទីក្រុង​ប៉ារីស ​និង​បន្ទាប់​ពី​ទីក្រុង​ព្រុយសែល ​បាន​ប្រកាស​ភាព​អាសន្ន​ដែរ ​ ពេល​នេះ ​គឺ​ដល់​វេន​ទីក្រុង​ហ្សឺណែវ​របស់​ស្វីស ​ដែល​ជា​ទី​ក្រុង​អន្តរជាតិ​ សំបូរ​ទៅ​ដោយ ​ទីស្នាក់ការ​របស់​ស្ថាប័ន​អន្តរជាតិ​ធំៗ ​ដូច​ជា​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ​ រឺ​អង្គការ​សុខភាព​ពិភពលោក​ជាដើម។

 
ការ​ប្រកាស​ឲ្យ​ស្ថិត​នៅ​ក្នុង​ភាព​អាសន្ន​នេះ ​គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​នគរបាល​ស្វីល ​ បាន​ទទួល​បញ្ជារ​ ឲ្យ​តាមចាប់​មនុស្ស​៤នាក់ ​ ដែល​ត្រូវ​គេ​សង្ស័យ​ថា​ ជា​បក្សពួក​របស់​ចលនា​ជីហាដ​អ៊ីស្លាម ​ប្រចាំ​នៅ​ហ្សឺណែវ ​ និង​ដែល​ជា​កូនចៅ​ របស់​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម។ ដំណឹង​នេះ ​ ត្រូវ​បាន​ផ្តល់ឲ្យ​ដោយ ​ក្រុម​នគរបាល​សម្ងាត់​អាមេរិក ​ ហើយ​ថា ​មិនមែន​មាន​តែ​ទីក្រុង​ហ្សឺណែវ​មួយ​ទេ ​ដែល​អាច​ត្រូវ​ក្រុម​ជីហាដ ​វាយ​ប្រហារ ​ គឺ​នៅ​មាន​ក្រុង​តូរុងតូ ​ប្រទេស​កាណាដា ​និង​ទីក្រុង​ឈីកាហ្គោ​ផងដែរ។

សារព័ត៌មាន​ Le Matin​ ស្វីស​បាន​បោះផ្សាយ​រូបថត​មនុស្ស​ប្រុស​៤នាក់ ​ពុក​មាត់​ស្រម៉ូម ​ឈរ​ក្បែរ​គ្នា ដោយ​យក​ម្រាម​ចង្អុល​ដៃ ​លើក​ឡើង​ទៅ​លើ ​ជា​សញ្ញា​ថា​ពួក​គេ​ជា​ក្រុម​ជីហាដ ​បំរើ​ឲ្យ​មនោគមន៍​វិជ្ជា​​ របស់​​ក្រុម​អង្គការ​រដ្ឋអ៊ីស្លាម។ មនុស្ស​ទាំង​បួន​នេះ​ អាច​នឹង​កំពុង​សំងំ​លាក់​ខ្លួន​ ដើម្បី​ចេញ​ធ្វើ​សកម្មភាព​នៅ​ក្នុង​ក្រុង​ហ្សឺណែវ ​ ហើយ​បើ​យោង​តាម​នគរបាល​ស្វីស ​គឺ​មនុស្ស​ទាំង​បួន​នេះ​ មាន​អាវុធ​ និង​គ្រាប់​ផ្ទុះ ​ដ៏​សន្ធឹក​សន្ធាប់។

ក្រៅ​ពី​មនុស្ស​៤នាក់​ខាង​លើ ​នគរបាល​ស្វីស ​កំពុង​តាម​ចាប់​មនុស្ស​ពីរ​នាក់ ​ដែល​ធ្វើ​ដំណើរ​ជា​មួយ​រថយន្ត​មួយ ​ពាក់​ផ្លាក​លេខ​ចុះ​បញ្ជីរ​នៅ​ប៊ែលហ្សិក។ មនុស្ស​ម្នាក់​ក្នុង​ចំណោម​២នាក់​នេះ ​ ត្រូវ​នគរបាល​បារាំង​បញ្ជូន​ដំណឹង​ថា ​គឺ​ជា​បនភឿន​ របស់​ជន​ឈ្មោះ ​Salah Abdeslam  ​ដែល​ជា​ជន​ដៃដល់​ ធ្វើ​ភេរវកម្ម​នៅ​ក្រុង​ប៉ារីស ​ហើយ​ដែល​នគរបាល​បារាំង​ កំពុង​តាម​ប្រមាញ់។ ប៉ុន្តែ​យ៉ាង​ណាក៏​ដោយ ​ គេ​មិន​ប្រកដ​ថា ​ មនុស្ស​ពីរ​នាក់​នេះ ​ មាន​ជាប់​ពាក់ព័ន្ធ​ ជាមួយ​មនុស្ស​៤នាក់​ខាង​លើ​ទេ។

សូម​បញ្ជាក់​ថា ​ទីក្រុង​ហ្សឺណែវ​គឺ​ជា​បេះដូង​ នៃ​ស្ថាប័ន​អន្តរជាតិ​កំពូលៗ។ ឆ្លើយតប​នឹង​ការ​ប្រកាស​អាសន្ន​នេះ ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ ​ត្រូវ​បាន​ទាហាន​យាម​យ៉ាង​តឹងតែង ​ជា​ទីបំផុត។ មាន​បុគ្គលិក​អន្តរជាតិ​រាប់ពាន់​នាក់​ បំរើការ​នៅ​ក្នុង​វិមាន​អង្គការ​សហ​ប្រជាជាតិ។ ដោយឡែក ​ការ​ប្រជុំ​ស្តីពី​ដំណោះស្រាយ​សន្តិភាព​នៅ​ស៊ីរី​ រវាង​អនុរដ្ឋមន្ត្រី​អាមេរិក​ រុស្ស៊ី ​និង​អ្នក​តំណាង​អង្គការ​សហ​ប្រជា​ជាតិ ​ ដែល​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​វិមាន​អង្គការ​សហប្រជាជាតិ ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ ទៅ​ធ្វើ​នៅ​កន្លែង​សម្ងាត់​មួយ​ទៀត​ ដើម្បី​ការពារ​សន្តិសុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ