អានតួអត្ថបទ
ភេរវកម្ម

ក្រុង​ប្រ៊ុយសែល ​ប្រកាស​អាសន្ន​ ខ្លាច​មាន​ភេរវកម្ម

ជាង​មួយសប្តាហ៍ ​ ក្រោយ​ហេតុការណ៍​ភេរវកម្ម​ នៅ​ក្រុង​បារីស ​និង​បន្ទាប់​ពី​មាន​ការ​តាម​ប្រម៉ាញ់ ​ពួក​បណ្តាញ​ភេរវជន​ទាំង​នៅ​បារាំង​ ទាំង​នៅ​ប៊ែលហ្សិក ​នៅ​ថ្ងៃនេះ ​ ទីក្រុង​ប្រ៊ុយសែល​ បាន​ត្រូវ​ប្រកាស​ឲ្យ​ស្ថិត​ក្នុង​ភាព​អាសន្ន ​ក្នុង​កំរិត​បន្ទាន់ ​ដើម្បី​បង្ការ​ ក្រែង​មាន​ភេរវកម្ម។ ស្រប​ពេល​នេះដែរ ​កាល​ពី​យប់​ថ្ងៃ​សុក្រ​ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ ​ទើប​បាន​អនុម័ត​លើ​សេចក្តី​សម្រេច​ចិត្ត​មួយ ​ដែល​មាន​ខ្លឹមសារ ​បោស​សម្អាត​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​ ឲ្យ​វិនាស ​ដើម្បី​ស្ថាបនា​សន្តិភាព​ពិភពលោក​ឡើងវិញ។ តួកគី ​ ដែល​មាន​ព្រំដែន​ជាប់​ស៊ីរី ​មាន​តួនាទី​សំខាន់​ណាស់ ​ក្នុង​កិច្ចការ​នេះ ​ព្រោះ​តាម​ការ​ស៊ើបអង្កេត ​ តួកគី​នេះ​ហើយ ​ ដែល​ជា​ច្រក​ចេញចូល​ ដោយ​សេរី ​របស់​ពួក​ភេរវករ​ជីហាដ។

ទាហាន កំពុងយាមកាម​យ៉ាងម៉ត់ចត់ នៅលើទីលាន ​កណ្តាលក្រុងប្រ៊ុយសែល ថ្ងៃទី ២០ វិច្ឆិកា ២០១៥
ទាហាន កំពុងយាមកាម​យ៉ាងម៉ត់ចត់ នៅលើទីលាន ​កណ្តាលក្រុងប្រ៊ុយសែល ថ្ងៃទី ២០ វិច្ឆិកា ២០១៥ REUTERS/Yves Herman
ផ្សាយពាណិជ្ជកម្ម

ទីក្រុង​ប៊្រុយសែល ​ត្រូវ​ដាក់​ឲ្យ​ស្ថិត​ក្នុង​ភាព​អាសន្ន៖

ខុស​ពី​ទីក្រុង​ប៉ារីស ​រដ្ឋធានី​ប្រទេស​បារាំង ​ដែល​ជា​និម្មិតរូប​នៃ​សិទ្ធិ​សេរីភាព​ និម្មិត​រូប​នៃ​សេចក្តី​ស្នេហា ​ ទីក្រុង​ប្រ៊ុយសែល ​រដ្ឋធានី​ប្រទេស​ប៊ែលហ្សិក ​ គឺ​ប្រៀប​ដូច​ជា​ស្នូល​ចំណុច​កណ្តាល​ របស់​ទ្វីប​អឺរ៉ុប។ ក្រុង​ប្រ៊ុយសែល​ជា​និម្មិតរូប ​នៃ​អំណាច​រដ្ឋបាល​របស់​សហភាព​អឺរ៉ុប​ទាំងមូល ​ ព្រោះ​ទី​នោះ​ហើយ​ ដែល​ជា​ទីស្នាក់ការ​នៃ​ស្ថាប័ន​កំពូលៗ ​របស់​សហភាព​អឺរ៉ុប។ ដូច្នេះ ​ទាំង​នេះ ​ គឺ​ជា​មូលហេតុ ​ដែល​អាច​ធ្វើ​ឲ្យ​ក្រុង​ប្រ៊ុយសែល ​ក្លាយ​ជា​ចំណី ​របស់​ក្រុម​ភេរវករ​ជីហាដ​អ៊ីស្លាម ​បន្ទាប់​ពី​ទីក្រុង​ប៉ារីស។
 
អញ្ចឹង​ហើយ ​បាន​ជា​នៅ​ព្រឹក​ថ្ងៃ​ សៅរ៍​ អាជ្ញាធរ​ក្រុង​ប្រ៊ុយសែល ​ដោយ​មាន​ការ​ពិនិត្យ​ពិចារណា​យ៉ាង​ល្អិតល្អន់​ ពី​ក្រុម​ស៊ើប​អង្កេត​ពិសេស​ របស់​ប៊ែលហ្សិក ​បាន​សម្រេច​ដាក់​ទីក្រុង​ប្រ៊ុយសែល ​ក្នុង​ភាព​អាសន្ន។ ភាព​អាសន្ន​នេះ​ មាន​ន័យ​យ៉ាងម៉េច? ​គឺ​ថា ​ជា​ការ​បង្ការ ​ ជា​ការ​ត្រៀម​លក្ខណៈ ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន ​ ខ្លាច​ក្រែង​ ក្រុម​ភេរវករ​ធ្វើ​ប្រតិបត្តិការ​ណាមួយ។

ការ​ប្រកាស​ភាព​អាសន្ន ​គឺ​គេ​មាន​កម្រិត​របស់​វា ​ ដោយ​យោង​ទៅ​លើ​គ្រោះថ្នាក់ ​និង​អាទិភាព ​ដែល​ទាំង​អស់​មាន​៤​កម្រិត។ សម្រាប់​ប្រទេស​ប៊ែលហ្សិក​ទាំង​មូល ​ក្រោយ​ពី​មាន​ហេតុការណ៍​បាញ់រះ​នៅ​ ប៉ារីស​ គឺ​គេ​បាន​ប្រកាស​ភាព​អាសន្ន​កម្រិតទីបី។ ប៉ុន្តែសម្រាប់ក្រុងប្រ៊ុយសែល នៅថ្ងៃនេះ បានតម្លើង ដល់កំរិតខ្ពស់បំផុត គឺកំរិតទី៤។ អាជ្ញាធរ​ក្រុង​ប្រ៊ុយសែល ​បាន​បញ្ជារ​ឲ្យបិទ​ ចរាចរណ៍​រថភ្លើង​ ក្រោមដី​ទាំងស្រុង ​នៅ​ក្នុង​ទីក្រុង។ ស្ថានីយ៍​ទាំងអស់​ ត្រូវ​បិទទ្វារ​ រហូត​ទាល់​តែ​មាន​ការ​សម្រេច​ ថ្មីទៀត។ បន្ថែម​ពីនេះ ​ អាជ្ញាធរ​ប៊ែលហ្សិក ​បាន​ស្នើ​ទៅ​ដល់​ សង្កាត់​ទាំង​១៩ ​នៃ​ទីក្រុង​ប្រ៊ុយសែល ​ឲ្យ​បិទផ្អាក​ រាល់​ការ​ជួបជុំ​ទាំង​អស់ ​ ឧទាហរណ៍​ ដូច​ជា​ការ​ប្រគុំ​តន្ត្រី ​ការ​ប្រកួត​កីឡា​ជា​ដើម ​ ដើម្បី​ចៀសវាង ​មិន​ឲ្យ​មាន​មនុស្ស​មក​កកកុញ ​ផ្តុំគ្នា​ច្រើន ​តែ​មួយ​កន្លែង។

ដូច​ដែល​យើង​បាន​តាមដាន ​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ ពី​សកម្មភាព​តាម​ចាប់​ក្រុម​ភេរវករ ​គឺ​យើង​សង្កេត​ឃើញ​ថា ​ក្រុង​ប្រ៊ុយសែល ​គឺ​ជា​ជង្រុក​របស់​ក្រុម​ជីហាដ​អ៊ីស្លាម ​ដែលវា​ចេញ​ចូល ​និង​សំងំ​លាក់ខ្លួន។ ប៉ុន្មាន​ម៉ោង ​មុន​និង​ចេញ​សេចក្តី​សម្រេច​នេះ ​អាជ្ញាធរ​ប៊ែលហ្សិក ​ទើបតែ​បាន​ចាប់​ជន​សង្ស័យ​ម្នាក់​ទៀត ​ នៅ​ក្នុង​ក្រុង​ប្រ៊ុយសែល ​ ហើយ​ដែល​ជននេះ ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បណ្តាញ​ក្រុម​ជីហាដ ​ដែល​បាន​ធ្វើ​ភេរវកម្ម​ នៅ​ក្រុង​ប៉ារីស ​កាល​ពី​សប្តាហ៍​មុន។

តួកគី ​ច្រក​ចេញចូល​ដោយ​សេរី ​របស់​ពួក​ជីហាដ​អ៊ីស្លាម៖
តួកគី​គឺ​ជាស្ពាន​ឆ្លង​របស់​ក្រុម​ជីហាដ ​អ៊ីស្លាម ​ដើម្បី​ចូល​ទៅ​ស៊ីរី​ ហើយ​ត្រឡប់​ចូល​មក​អឺរ៉ុប​វិញ ​ ដើម្បី​ធ្វើ​ភេរវកម្ម។ ដូច​ដែល​យើង​បាន​តាម​ដាន ​ ការ​ស៊ើបអង្កេត​ ស្តី​ពី​បណ្តាញ​ក្រុម​ភេរវកម្ម ​ដែល​បង្ករ​ការ​បាញ់​ប្រហារ​នៅប៉ារីស យើង​ឃើញ​ថា ​ពួកនេះ ​ បាន​ចេញ​ចូល​ឆ្លងកាត់​តួកគី ​មិន​ចេះ​តិច​លើក​ទេ ​ ហើយ​គ្មាន​នរណា ​ខ្វល់ខ្វាយ​តាម​ចាប់​ទេ ​ រហូត​ទាល់តែ​ពួក​នេះ​ចេញ​ធ្វើ​ភេរវកម្ម ​ ទើប​នាំគ្នា ​បើក​ភ្នែក​ឡេងឡង់ៗ។

តាម​ព័ត៌មាន​ដែល​ទើប​ទទួល​បាន ​ គឺ​ខាង​តួកគី ​បាន​ចាប់​ជន​សង្ស័យ​ម្នាក់​ ឈ្មោះ ​អាម៉េដ ដាហម៉ានី ​អាយុ​២៦​ឆ្នាំ ​ជា​ជនជាតិ ​ប៊ែលហ្សិក ​ដើម​កំណើត​ ម៉ារ៉ុក ។ តាមការ​សង្ស័យ​ជន​នេះ ​ជា​បក្សពួក​ របស់​ក្រុម​ជីហាដ ​ ដែល​ធ្វើ​ភេរវកម្ម កាល​ពី​ថ្ងៃ​ទី​ ១៣ ​វិច្ឆិកា​ នៅ​ប៉ារីស។ នគរបាល​តួកគី ​បាន​តាម​ដាន​ជន​នេះ ​ពី​ព្រលាន​យន្តហោះ ​ហើយ​ទៅ​ចាប់​ដល់​កន្លែង​ស្នាក់នៅ​ នៅ​ភាគ​ខាង​ត្បូង​តួកគី​ ក្បែរ​ព្រំដែន​ ស៊ីរី។ បើ​តាម​ការ​សន្និដ្ឋាន ​ជន​នេះ ​កំពុង​តែ​រងចាំ​មេខ្យល់​ពីរ​នាក់ ​ ដើម្បី​ជួយ​នាំ​ឆ្លង​ចូល​ទៅ​ខាង​ស៊ីរី។

ហេតុអី ​បាន​ជា​គ្មាន​ការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​តឹងតែង​ បណ្តោយ​ឲ្យ​ក្រុម​ជីហាដ​ចេញ​ចូល​ឆ្លងតាម​តួកគី? ចម្លើយ​គឺ​ថា ​ វា​ស្មុគស្មាញ​បន្តិច ​តែ​បើ​និយាយ​ឲ្យ​ងាយ​យល់​គឺ​ថា ​ តួកគី​ដែល​ជា​ម្ចាស់​ផ្ទះ ​គ្មាន​សមត្ថភាព ​ ​រឺ​មួយ​ក៏​មាន​ តែ​គេ​មិន​សូវ​ចង់ធ្វើ។ យើង​ត្រូវ​យល់​ជា​បឋម​ថា​ ​អ្វីជា​ប្រយោជន៍​តួកគី? ​តួកគី ​កន្លង​មក​គឺ​ដេក​គងថ្ងាស​ចំាឲ្យ​តែ​របប​បាស្ឆាអាល់ អាសាដ​រលំ ​ដើម្បី​ពង្រីក​ឥទ្ធិពល​ខ្លួន​ម្តង។ ដូច្នេះ ​ មាន​ប្រយោជន៍​អ្វី ​ដែល​តួកគី ​បិទ​ផ្លូវ​ មិន​ឲ្យ ​ក្រុម​យុវជន​បរទេស​ឆ្លង​ចូល​ទៅ​បំរើ​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម? ព្រោះ​ថា​ក្រុម​នេះ​ហើយ ​ ដែល​កំពុងតែ​ផ្តួល​រំលំ​របប​បាស្ឆា អាល់អាសាដ។  ហើយ​ចំណុច​មួយ​ទៀត​ គឺថា ​ ក្រុម​ឧទ្ទាម​គួដ​ នៅ​ស៊ីរី ​ក៏​នឹង​ថមថយ​កម្លាំងដែរ ​បើ​សិន​ជា​ក្រុម​ជីហាដ​ឈ្នះ។

ក៏​ប៉ុន្តែ​ពេល​នេះ​ ​ក្រុម​ជីហាដ​ មិនមែន​ឆ្លង​ទៅ​ស៊ីរី​ ហើយ ​នៅ​ទីនោះ​រហូត​ទេ ​ គឺ​ពួក​គេ ​ បក​ត្រឡប់​មកវិញ​ដើម្បី​មក​ធ្វើ​ភេរវកម្ម​នៅ​អឺរ៉ុប។ ស្រួល​មិន​ស្រួល ​ភេរវកម្ម​កន្លង​មក ​នៅ​ក្រុង​អ៊ីស្តង់ប៊ូល ​ក៏​អាច​ជា​ស្នាដែ​របស់​ពួក​នេះផង។ ហើយ​មួយ​វិញទៀត​ តួកគី​កំពុងតែ​ទទួល​ថ្មបាក់ ​ដោយសារ​តែ​កំហុស​ខ្លួន​ឯង ​ ព្រោះថា​ជន​ភៀសខ្លួន​ស៊ីរី ​បាន​រត់មក​នៅ​ពេញ​តួកគី។ អញ្ចឹង​ហើយ​បាន​ជា​ពេល​នេះ ​លោក​ប្រធានាធិបតី​តួកគី ​ដូច​ជា​បត់​ក្បាល  ​មក​សហការ​ជាមួយ​អឺរ៉ុប ​ក្នុង​ការ​ទប់ស្កាត់​ការ​ចេញចូល​របស់​ក្រុម​ជីហាដ។

ព្រំដែន​រវាង​តួកគី ​និង​ស៊ីរី ​មាន​ប្រហែល ​៩០០​គីឡូម៉ែត្រ។ តាម​ការ​ឲ្យដឹង​ពី​អ្នក​នាំពាក្យ​រដ្ឋាភិបាល​តួកគី ​គឺ​គេ​បាន​បិទ​ជិត​ទាំង​ស្រុង ​បាន​៧៥% ​ពោល​គឺនៅ​សល់​ចំនួន​ ៩៨​គីឡូម៉ែត្រ​ទៀត។ រដ្ឋមន្ត្រី​ការបរទេស​តួកគី​ បាន​ប្រកាស​ថា ​ តួកគី​មិន​អនុញ្ញាតិ ​ឲ្យ​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម​ យក​ទឹកដី​ខ្លួន ​ជា​ស្ពាន​ឆ្លង ​ដើម្បី​ទៅ​សម្លាប់​មនុស្សទេ។ គាត់​បន្ថែម​ថា ​តួកគី ​នឹង​ធ្វើ​ការ​រឹត​បន្តឹង ​ការ​យាមកាម​តាម​ព្រំដែន ​បើមិន​ជឿ​ចាំ​តែ​មើល​ចុះ។ ឥឡូវ​យើង​ចាំ​មើល ​ ថា​តួកគី​ធ្វើ​បាន​ប៉ុណ្ណា ​ព្រោះថា​នេះ​ មិនមែន​ជា​លើក​ទីមួយ​ទេ​ ដែល​តួកគី​ប្រកាស​រឹត​បន្តិង​ព្រំដែន​ជាមួយ​ស៊ីរី។

សេចក្តី​សម្រេចចិត្ត​របស់​អង្គការ​សហប្រជាជាតិ ​ផ្តល់​សន្ទុះថ្មី​ដល់​ការ​បោសសម្អាត​ក្រុម​ជីហាដ៖
សេចក្តី​សម្រេច​ចិត្ត​ ដែល​ក្រុម​ប្រឹក្សា​សន្តិសុខ ​របស់​អង្គការ​សហ​ប្រជា​ជាតិ ​ ទើប​តែ​បាន​បោះឆ្នោត​សម្រេច កាល​ពី​ល្ងាច​ថ្ងៃ​ម្សិលមិញ ​គឺ​មាន​ខ្លឹមសារ​អំពាវនាវ ​ ឲ្យ​ប្រជាជាតិ​ទាំង​អស់ ​រួមគ្នា ​កម្ទេច​ក្រុម​ជីហាដ​អង្គការ​រដ្ឋអ៊ីស្លាម​ ឲ្យ​វិនាស។ នេះ​ជា​លើក​ទី​មួយ​ហើយ ​ ដែល​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម​ ក្លាយ​ជា​កម្មវត្ថុ​ច្បាស់​លាល់ ​ នៃ​សេចក្តី​សម្រេច​ចិត្ត​របស់​អង្គការ​សហ​ប្រជា​ជាតិ។ ប៉ុន្តែ​យ៉ាង​ណាក៏​ដោយ ​ សេចក្តី​សម្រេច​ចិត្ត​នេះ ​មិន​បាន​ធ្វើការ​បញ្ជាក់​ទេ ​អំពី​ដំណើរ​ការ​កសាង​សន្តិភាព​នៅ​ស៊ីរី ​និង​ជា​ពិសេស ​អំពី​វាសនា​អំណាច​ របស់​បាស្ឆា ​អាល់អាសាដ។

តាមពិត​ សេចក្តី​សម្រេច​ចិត្ត​នេះជា​ ការ​ស្នើ​សុំ​ពីរ​ ​ដាច់​ដោយ​ឡែក ​ មួយ​របស់​បារាំង ​មួយ​របស់​រុស្ស៊ី។ ជា​គម្រោង​ដាច់​ដោយ​ឡែក​ពី​គ្នា ​​ក៏​ប៉ុន្តែ​ចំណុច​រួម​រវាង​សំណើ​រុស្ស៊ី ​និង​បារាំង ​គឺ​ថា ​ត្រូវ​កសាង​សម្ព័ន្ធមិត្ត​តែ​មួយ ​ដើម្បី​ធ្វើការ​ប្រយុទ្ធ​កម្ទេច​ក្រុម​ជីហាដ។

ថ្មីត្បិត​តែ​សេចក្តី​សមេ្រច​ចិត្ត​នេះ ​គ្រាន់តែ​មាន​លើ​ក្រដាស ​ដែល​មាន​លក្ខណៈ​នយោបាយ ​ក៏​ប៉ុន្តែ​វា​បង្ហាញ​ពី​ការ​សាមគ្គីភាព​របស់​ពិភពលោក​ទាំងមូល ​ចំពោះ​មុខ​គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយ​ក្រុម​ជីហាដ​អង្គការ​រដ្ឋអ៊ីស្លាម។ ផល​វិជ្ជមាន ​គឺមាន ​មាន​ត្រង់​ថា​ វា​រឹត​តែ​ផ្តល់​ភាព​ស្រប​ច្បាប់​ ​ដល់​ប្រតិបត្តិការ​ទម្លាក់​គ្រាប់ ​របស់​អាមេរិក​ បារាំង​ រស្ស៊ី នៅ​ស៊ិរី​ និង​នៅ​អ៊ីរ៉ាក់។ ហើយ​បន្ថែម​ពី​នេះ ​ ប្រទេស​មហាសេដ្ឋី​អារ៉ាប់​ធំៗ ​ដូច​ជា​កាតា ​អារ៉ាប៊ីសាអ៊ូឌិត ​ ដែល​កន្លង​មក​ឈរ​ឱបដៃ​មើល ​នឹង​ត្រូវ​តែ​រអៀស​ខ្លួន ​ហើយ​ចូលរួម​ជាមួយ​គេ​ជាមួយ​ឯង ​ក្នុង​ការ​កម្ទេច​ក្រុម​ជីហាដ​ ដ៏​ព្រៃផ្សៃ​នេះ។ ដូចគ្នា​ដែរ លោក​ដាវីដ ខាមេរុន ​នឹង​យក​សេចក្តី​សម្រេច​ចិត្ត​នេះ ​ទៅ​បង្ខំ​រដ្ឋសភា​អង់គ្លេស ​ឲ្យ​យល់​ព្រម​បញ្ជូន​ទ័ព ​ទៅ​ជួយ​អាមេរិក ​និង​បារាំង។ តាម​ការ​គ្រោងទុក ​ លោក​ដាវិដ​  ខាមឺរុន​ នាយករដ្ឋមន្ត្រី​អង់គ្លេស ​នឹង​ជួប​លោក​ ប្រធានាធិបតី​បារាំង ​នៅ​ថ្ងៃ​ចន្ទ ​ ដើម្បី​និយាយ​ការ​សហការ​យោធា ​ជាមួយ​គ្នា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ