អានតួអត្ថបទ
ក្រិក-អឺរ៉ុប-HRW

ប្រែក្លាយក្រិកឲ្យទៅជាឃ្លាំងយក្ខសំរាប់ដាក់ជនអន្តោប្រវេស្តន៍ពុំមែនជាដំណោះស្រាយសមស្របទេ

នៅ​ក្នុង​វិបត្តិ​ជនភៀសខ្លួន​នៅ​អឺរ៉ុប លោកស្រី Eva Cosse អ្នក​ជំនាញរបស់​អង្គការ​ការពារ​សិទ្ធ​មនុស្ស​ Human Rights Watch ទទួល​បន្ទុក​កិច្ចការ​ក្រិកបាន​ថ្លែង​អះអាង​ថា”ប្រទេស​ក្រិកក៏​មាន​ភារៈកិច្ច​​ទទួល​ខុសត្រូវ​មួយ​ផ្នែក​ដែរ​នៅ​លើ​​បញ្ហា​ជនអន្តោប្រវេស្តន៍ ក៏ប៉ុន្តែ​ប្រែ​ក្លាយ​​​ក្រិក​ឲ្យ​ទៅ​ជា​ឃ្លាំង​យក្ខ​ស្តុក​ទុក​​ជន​អន្តោប្រវេស្តន៍ ពុំមែន​ជា​ដំណោះស្រាយ​សម​ហេតុ​សម​ផល​ឡើយ​។​ 

ជនភៀសខ្លួននិងអន្តោប្រវេស្តន៍ជិះលើសាឡាងមួយគ្រឿងនៅផែ Pirée ជិតក្រុង Athènes, ថ្ងៃ២៧មករា២០១៦
ជនភៀសខ្លួននិងអន្តោប្រវេស្តន៍ជិះលើសាឡាងមួយគ្រឿងនៅផែ Pirée ជិតក្រុង Athènes, ថ្ងៃ២៧មករា២០១៦ REUTERS/Alkis Konstantinidis
ផ្សាយពាណិជ្ជកម្ម

សហភាពអឺរ៉ុប ទើបព្រមានក្រិកថា” ពីអំណេះទៅ បើក្រិកពុំពង្រឹងការត្រួតពិនិត្យលំហូរ​អន្តោប្រវេស្តន៍​នៅ​តាម​ព្រំដែន​ខ្លួនជាមួយតួកគីឲ្យបានម័តធ្យ័តនោះទេ សហភាពអឺរ៉ុប​នឹងចាត់វិធានការត្រួតពិនិត្យព្រំដែននៅក្នុងបណ្តាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀង​ Schengen​ សំរាប់រយៈពេល​២​ឆ្នាំ។​

 
រដ្ឋមន្ត្រីបែលហ្សិកមួយរូប បានបញ្ចេញយោបល់ដោយសុំឲ្យបង្កើតជំរំដ៏ធំមហិមា​មួយ​នៅ​លើ​ទឹកដី​ក្រិកនិងដែលអាចទទួលជនអន្តោប្រវេស្តន៍រហូតដល់៣០ម៉ឺននាក់ បន្តែ​​ប្រទេស​ហូឡង់​បាន​ទាមទារឲ្យក្រិក​ធ្វើការបញ្ជូនជាបន្ទាន់​ពួកអន្តោប្រវេស្តន៍​ដែល​ទើប​ចូលមកដល់​ទឹកដី​ក្រិក​​នោះ ​ឲ្យត្រឡប់ទៅតួកគី​វិញ ដើម្បី​ប្តូរជាមួយនឹងកិច្ចសន្យាទទួលយក​ជនភៀសខ្លួន​​២៥​ម៉ឺននាក់​​នៅក្នុងទឹកដីអឺរ៉ុ​បដែលបច្ចុ​ប្បន្ន​កំពុងសំចតនៅក្នុងទឹកដីតួកគី​។

សំណើ​រនេះ ត្រូវបានលោកស្រី​ ​ Eva Cosse​ អ្នកជំនាញរបស់ Human Rights Watch​ រិះគន់ទិះតៀន ថា “តួកគី ពុំអាចចាត់ទុកជា​ប្រទេស​មួយប្រក​បដោយ​សុវត្ថិភាព​សំរាប់ការ​វិល​ត្រឡប់​ដោយស្វ័យប្រវត្តិរបស់ជនអន្តោប្រវេស្តន៍នោះទេ”។

រីឯ ប្រទេសអឺរ៉ុបផ្សេងទៀត បាន​ស្តីបន្ទោសទីក្រុងអាថែន ថាពុំ​បានធ្វើការចុះបញ្ជី​និង​ប្រមែប្រមូល​​ស្នាមក្រយៅដៃរបស់ជនអន្តោប្រវេស្តន៍​រាប់ពាន់នាក់ឲ្យ​បានត្រឹមត្រូវទេ​ដែល​ទើប​​ធ្វើដំណើរចូលទៅ​ដល់ទឹកដីក្រិកជារៀងរាល់ថ្ងៃ។គ្រាន់តែក្នុងឆ្នាំ​២០១៥​ចំនួន​ជន​អន្តោប្រវេស្តន៍​ចូលក្នុងទឹកដីក្រិកមានចំនួនរហូតដល់​ ៨៥ ម៉ឹននាក់ ។

លោកស្រី |Eva Cosse អ្នក​ជំនាញរបស់​អង្គការ​ការពារ​សិទ្ធ​មនុស្ស​ Human Rights Watch ​វិញ បានគូសបញ្ជាក់ថា រដ្ឋាភិបាលក្រិកនៅតែ​ពុំទាន់ចាត់វិធានការបានល្អត្រឹមត្រូវ​ទេ​នៅក្នុង​ការ​ទទួល​ជនភៀសខ្លួន ​ជាអាទិ៍នៅលើបញ្ហា ស្រ្តី​មានផ្ទៃពោះ​ កូនក្មេងៗ ដែលគ្មានអ្នក​អម​ដំណើរ​ ​ឬក៏ជនពិការជាដើម។​ មិនតែប៉ុណ្ណោះ បណ្តាជនដែល​ដាក់ពាក្យ​សុំសិទ្ធិជ្រកកោន ក៏​​ជួ​បប្រទះ​នឹងបញ្ហាពិបាកស្មុកស្មាញក្រែលែងទៀតផង។
 

អង្គការ Amnesty international វិញ បានត្អូញត្អែរអំពីស្ថានភាពដ៏យ៉ាប់យឺននៅ Idomeni ដែល​ជាតំបន់ព្រំដែនរវាងក្រិកនិងម៉ាសេដ៊ន។ ​នៅទីនោះ ជនអន្តោប្រវេស្តន៍ និង​ជនភៀសខ្លួន​រាប់ពាន់នាក់ដែល​ប៉ុនប៉ង​ឆ្លងកាត់តំបន់ព្រំដែន នាំ គ្នា​ស្នាក់​អាស្រ័យ​នៅ​ពេលយប់លើ​ទីកន្លែងស្ថានីយចាក់សាំងមួយ ​ដោយពួកគេត្រូវ​ប្រឈមមុខនឹង​ស្ថានភាព​អាកាសធាតុដ៏ត្រជាក់ខ្លាំងនិងដោយលំបាកទាំ្រទ្រជា​កៃ្រលែង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ