អានតួអត្ថបទ
ក្រិក

លោ​ក​អាឡិចស៊ីស ស៊ីប្រាស​ជាប់ឆ្នោត​ជា​នាយករដ្ឋមន្រ្តី​ក្រិក​បន្ត​ទៀត

នេះ​ជាលើកទីបី​ហើយ ក្នុងពេល​មួយឆ្នាំនេះ ដែល​គណបក្ស​ស៊ីរីហ្សា ដឹកនាំដោយ លោក អាឡិចស៊ីស ស៊ីប្រាស នាយករដ្ឋមន្ត្រី​ក្រិក បាន​ទទួល​ជ័យជំនះ​ក្នុង​ការបោះឆ្នោត។ លោក​អាឡិចស៊ីស ស៊ីប្រាស បាន​រំលាយ​រដ្ឋាភិបាល កាលពី​ខែសីហា កន្លងទៅ ដើម្បីឲ្យ​ប្រជាជន​ក្រិក បោះឆ្នោត​សាជាថ្មីម្តងទៀត ថាតើពួកគេ ពិតជា​ចង់ឲ្យលោក និង​គណបក្សលោក បន្តដឹកនាំ​ក្រិក ទៀត​ឬយ៉ាងណា។ ជាការដឹកនាំមួយ ដែល​មាន​បន្ទុក​យ៉ាង​លំបាកបំផុត ព្រោះ​រដ្ឋាភិបាលក្រិក ត្រូវធ្វើយ៉ាងណា ជ្រោង​សេដ្ឋកិច្ច និង​ជីវភាព​ប្រជាជនក្រិក ឲ្យ​ងើបឡើងវិញ។

លោក​អាឡិចស៊ីស ស៊ីប្រាស (Alexis Tsipras) នៅ​យប់ថ្ងៃ​អាទិត្យ ២០កញ្ញា ២០១៥
លោក​អាឡិចស៊ីស ស៊ីប្រាស (Alexis Tsipras) នៅ​យប់ថ្ងៃ​អាទិត្យ ២០កញ្ញា ២០១៥ REUTERS/Alkis Konstantinidis
ផ្សាយពាណិជ្ជកម្ម

នៅវេលាម៉ោង ៨ល្ងាច ម៉ោងនៅក្រិក លោក អាឡិចស៊ីស ស៊ីប្រាស បានលេចមុខឡើង ក្នុងទឹកមុខ​ញញឹម ដោយសារ​តែបាន​ទទួល​លទ្ធផល​បណ្តោះអាសន្ន នៃ​ការ​រាប់សន្លឹកឆ្នោត។ តាមលទ្ធផល ជាជំហានដំបូង នៃចំនួន​សន្លឹកឆ្នោត ជាង៥៤% ដែលរាប់រួច បានបង្ហាញថា គណបក្ស​ស៊ីរីហ្សា របស់លោក បាន​ទទួលសម្លេង ៣៥,៥៤% ដែលស្មើនឹង​អាសនៈ​ចំនួន ១៤៥ ក្នុង​ចំណោម​អាសនៈ៣០០ នៅសភាក្រិក។

ចំណែក គណបក្សស្តាំនិយម​ប្រជាធិតេយ្យថ្មី ដែលជា​គូប្រជែង យ៉ាង​ប្រផិតប្រផើយ ជាមួយ​គណបក្ស​ស៊ីរីហ្សា បានទទួល​សម្លេង ២៨,១១% ស្មើនឹង ៧៥អាសនៈ។ ក្រៅពីនេះ នៅមាន​គណបក្ស ស្តាំនិយមជ្រុល ដែលបាន​សម្លេងឆ្នោត ៧,០៩% ស្មើនឹង​១៩អាសនៈ គណបក្សសង្គមនិយម Pasok បាន​សម្លេង ៦,៤២% ស្មើនឹង ១៧កៅអី គណបក្ស​កុម្មុយនីស្ត KKE បានសម្លេង ៥,៤៨% ស្មើ១៥អាសនៈ គណបក្ស​កណ្តាលនិយម Potami បាន​សម្លេង ៣,៩៣% ស្មើនឹង១០កៅអី គណបក្ស​ស្តាំនិយមឯករាជ្យ បានសម្លេង ៣,៦៨ ស្មើនឹង១០កៅអី ហើយជាចុងក្រោយ គឺ​គណបក្ស​សហព័ន្ធកណ្តាលនិយម បានសម្លេង ៣,៤៣% ដែល​ស្មើនឹង ១០កៅអីដែរ។
 

នេះ​ជា​ជ័យជម្នះ​ដ៏សំខាន់​សម្រាប់​គណបក្ស​ស៊ីរីហ្សា (...) សម្រាប់​ក្រិក (...) ហើយ​វា​ក៏​មាន​សារៈសំខាន់ដែរ​សម្រាប់​អឺរ៉ុប។

01:17

ប្រសាសន៍​របស់​លោក​ហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតី​បារាំង

ទោះបីជាយ៉ាងណាក៏ដោយ យើងមិនអាចចាត់ទុក​ថានេះ គឺជាជោគជ័យ ដ៏ត្រចះត្រចង់ របស់លោក អាឡិចស៊ីស ស៊ីប្រាស បានទេ ព្រោះចំនួន ប្រជាជន​ដែលមិនបាន​មកបោះឆ្នោត មានប្រហែលជា​ជាង ៤០% ឯណោះ។ ប៉ុន្តែយ៉ាងណាក៏ដោយ ជ័យជំនះនេះ សបញ្ជាក់​ថា ក្នុងចំណោម​ប្រជាជនក្រិក ភាគច្រើន គេនៅតែបន្ត​ផ្តល់សេចក្តីទុកចិត្ត ជូនលោក ក្នុងការ​តស៊ូមតិ ជាមួយ​សហភាពអឺរ៉ុប ព្រមទាំង​ក្រុមម្ចាស់បំណុល ដើម្បីផ្តល់​ក្តីសង្ឃឹមថ្មី ដល់សេដ្ឋកិច្ច និង​ប្រជាជនក្រិក ដែល​រស់ក្នុង​វិបត្តិ ជិត១០ឆ្នាំមកហើយ។

ថ្វីដ្បិតតែ​សម្លេងឆ្នោត ឈ្នះមិនគ្រប់គ្រាន់ ឲ្យលោក អាឡិចស៊ីស ស៊ីប្រាស ឈានទៅបង្កើត​រដ្ឋាភិបាល តែម្នាក់ឯង​ក៏ដោយ ក៏សម្លេងឆ្នោតនេះ អាចធ្វើ ឲ្យគណបក្ស​លោក ចាប់ដៃជាមួយ​គណបក្សណាមួយ ដើម្បី​បានទទួល​សម្លេងភាគច្រើន ក្នុងសភា ព្រមទាំងអាច​បង្កើតរដ្ឋាភិបាលចម្រុះមួយ។ តាមការប៉ាន់ស្មាន លោក អាឡិចស៊ីស ស៊ីប្រាស ប្រហែលជាអាច​ចាប់ដៃ ជាមួយ​គណបក្ស​ស្តាំនិយមឯករាជ្យ ដែលលោក​ធ្លាប់ បានចាប់ដៃ​បង្កើត​រដ្ឋាភិបាលចម្រុះ​រួចម្តងទៅហើយ កាលពីអាណត្តិមុន។ ដូចនេះ សម្ព័ន្ធភាពថ្មីនេះ អាចនឹងធ្វើឲ្យលោក បានអាសនៈសរុប ១៥៥ ដែលជា​សម្លេងភាគច្រើនដាច់ខាត ក្នុងសភាថ្មី។ ប៉ុន្តែចំនួននេះ វានៅមានលក្ខណផុយស្រួយណាស់ ពោលគឺ វាលើសតែ៤កៅអី​ប៉ុណ្ណោះ ពីចំនួនកំណត់។ ដូច្នេះ គេមិនទាន់ប្រាកដទេ​ថា រដ្ឋាភិបាល​ក្រិកថ្មី ជា​រដ្ឋាភិបាលចម្រុះ រវាងតែពីរ​គណបក្ស ឬ​អាច​ច្រើនជាងនេះ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ