អានតួអត្ថបទ
ក្រិក-បារំាង

បារំាង-ក្រិក៖ប៉ារីស​សន្យា​ជួយ​អាថែន​ឲ្យ​សម្រេច​គម្រោង​កំណែទម្រង់​

 លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស័រ ហូឡង់​បាន​បញ្ចប់​ទស្សនកិច្ច​រយៈពេល ២ថ្ងៃ​នៅ​ក្នុង​ប្រទេស​ក្រិក។ នៅ​ថ្ងៃ​សុក្រ ទី២៣ តុលា​ដែល​ជា​ថ្ងៃ​ទី២ និង​ថ្ងៃ​ចុង​ក្រោយ​នៃ​ទស្សនកិច្ច លោក​ហូឡង់ និង​លោក​នាយករដ្ឋមន្រ្តី​ក្រិក​អាឡិចស៊ី ស៊ីប្រាស​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​មួយ​ស្តីពី « ដៃគូ​យុទ្ធសាស្រ្ត​ដើម្បី​អនាគត »។ នៅ​ក្នុង « ដៃគូ​យុទ្ធសាស្រ្ត​ដើម្បី​អនាគត » ទីក្រុង​ប៉ារីស​បាន​សន្យា​ជួយ​ទីក្រុង​អាថែន​ឲ្យ​សម្រេច​បាន​នូវ​គម្រោង​កំណែទម្រង់​មួយ​ចំនួន​របស់​ខ្លួន។ 

លោកប្រធានាធិបតីបារំាងហ្រ្វង់ស័រ ហូឡង់ (រូបស្តាំ) កំពុងជល់​កែវ​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី​ក្រិក​អាឡិចស៊ី ស៊ីប្រាស
លោកប្រធានាធិបតីបារំាងហ្រ្វង់ស័រ ហូឡង់ (រូបស្តាំ) កំពុងជល់​កែវ​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី​ក្រិក​អាឡិចស៊ី ស៊ីប្រាស FP/AF
ផ្សាយពាណិជ្ជកម្ម

 

គឺ​នៅ​ក្រោយ​ជំនួប​រវាង​លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស័រ ហូឡង់ និង​លោក​នាយករដ្ឋមន្រ្តី​ក្រិក​អាឡិចស៊ី ស៊ីប្រាស​ដែល​ប៉ារីស និង​អាថែន​បាន​ឯកភាព​គ្នា​ក្នុង​ការ​បង្កើត​ឲ្យ​មាន​គណៈកម្មាធិការ​ចម្រុះ​បារំាង ក្រិក​មួយ។ គណៈកម្មាធិការ​នេះ​នឹង​អនុញ្ញាត​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​នៅ​លើ​វិស័យ​អាទិភាព​មួយ​ចំនួន​រវាង​ប៉ារីស និង​អាថែន ដូច​យ៉ាង​ជួយ​ធ្វើ​ឲ្យ​ទំនើបកម្ម​ផ្នែក​រដ្ឋបាល​ក្រិក ការ​អភិវឌ្ឍន៍​នៃ​ការ​ដោះដូរ​សេដ្ឋកិច្ច និង​វិនិយោគ ព្រម​ទំាង​កិច្ចសហប្រតិបត្តិការ​នៅ​ក្នុង​វិស័យ​អប់រំ ភាសា និង​សកលវិទ្យាល័យ​ជា​ដើម។ លោក​ហូឡង់​បាន​បញ្ជាក់​ថា បារំាង​នៅ​តែ​បន្ត​ស្ថិត​ក្បែរ​ក្រិក និង​បន្ត​ជួយ​ក្រិក​ជានិច្ច។

គួរ​ជម្រាប​ជូន​ថា​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ គឺ​បារំាង​ជា​អ្នក​ដែល​បាន​ជួយ​រដ្ឋាភិបាល​ក្រិក​របស់​លោក​អាឡិចស៊ី ស៊ីប្រាស​ឲ្យ​ងើប​ផុត​ពី​វិបត្តិ​ដែល​ក្រិក​មាន​ជាមួយ​ដៃគូ​អឺរ៉ុប។ កាល​ណោះ ក្រិក​បាន​ទទួល​ការ​គំរាមកំហែង​ពី​ការ​ដក​ខ្លួន​ចេញ​ពី​តំបន់​ចាយ​ប្រាក់​អឺរ៉ូ។ តែ​ទីបំផុត​ក្នុង​ថ្ងៃទី១៣ កក្កដា ទីក្រុង​អាថែន​បាន​យល់​ព្រម​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដែល​ក្រិក​យល់ព្រម​ទទួល​ប្រាក់កម្ចី​ថ្មី​របស់​អន្តរជាតិ​ជា​ថ្នូរ​នឹង​ការ​បន្ត​អនុវត្តន៍​នយោបាយ​ត្បិតត្បៀត។ លោក​ហូឡង់​បាន​បន្ថែម​ថា ថ្នាក់ដឹកនំា​ក្រិក​ចង់​ឲ្យ​គម្រោង​កំណែទម្រង់​របស់​ខ្លួន​ទទួល​បាន​ជោគជ័យ តែ​ក្រិក​មិន​អាច​ធ្វើ​តែ​ម្នាក់​ឯង​ដោយ​គ្មាន​ការ​ជួយ​ពី​ដៃគូ​អឺរ៉ុប​បាន​ឡើយ។

ជា​ការ​ឆ្លើយ​តប​វិញ លោក​នាយករដ្ឋមន្រ្តី​ក្រិក​អាឡិចស៊ី ស៊ីប្រាស​បាន​ចាត់​ទុក​ទស្សនកិច្ច​របស់​លោក​ហូឡង់​ថា មាន​សារៈសំខាន់​ខ្លំាង​ណាស់ ព្រោះ​វា​បាន​ធ្វើ​ឡើង​ចំ​ពេល​ដែល​សហភាពអឺរ៉ុប​កំពុង​ស្ថិត​លើ​កំណាត់​ផ្លូវ​មួយ​នៃ​ការ​វិល​ទៅ​រក​តម្លៃ​ពិត​របស់​អឺរ៉ុប។ ទស្សនកិច្ច​របស់​លោក​ហូឡង់​បាន​បិទបញ្ចប់​តាម​រយៈ​សុន្ទរកថា​របស់​លោក​នៅ​រដ្ឋសភា​នា​រសៀល​ថ្ងៃ​សុក្រ ទី២៣ តុលា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ