អានតួអត្ថបទ

ហេតុ​អ្វី​បាន​ជា​ប្រមុខ​រដ្ឋ​ប្រទេស​ធំៗ​​សម្រុកនាំ​គ្នា​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​អាហ្សង់ទីន ?

អម​ដំណើរ​ដោយ​ថៅកែ​ក្រុមហ៊ុន​ជាង​៣០​រូប និង​កីឡាករ​បាល់ទាត់​ផង លោក ហ្វ្រង់ស័រ ​ហូឡង់ ប្រធានាធិបតី​បារាំង បាន​អញ្ជើញ​ទៅ​ដល់​​ប្រទេស​អាហ្សង់ទីន​ហើយ​នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ។ អាហ្សង់ទីន​ដែល​ទើប​មាន​ប្រធានាធិបតី​ថ្មី មាន​នយោបាយ​សេដ្ឋកិច្ច​ថ្មី ដែល​មាន​ន័យ​ស្មើ​នឹង​ការ​បើក​ឱកាស​ថ្មី​​ឱ្យពិភពលោក។

ប្រធានាធិបតី​បារាំង ចុះ​ពី​យន្តហោះ​នៅ​ក្រុង​ Buenos Airesដើម្បី​ជួប​សមភាគី​អាហ្សង់ទីន ថ្ងៃទី ២៤ កុម្ភៈ ២០១៦
ប្រធានាធិបតី​បារាំង ចុះ​ពី​យន្តហោះ​នៅ​ក្រុង​ Buenos Airesដើម្បី​ជួប​សមភាគី​អាហ្សង់ទីន ថ្ងៃទី ២៤ កុម្ភៈ ២០១៦ AFP PHOTO / ANGELOS TZORTZINIS
ផ្សាយពាណិជ្ជកម្ម

លោក​ហ្វ្រង់ស័រ​ ហូឡង់ គឺ​ជា​ប្រធានាធិបតី​ប្រទេស​បស្ចឹម​លោក​​ ទី​មួយ​ដែល​​អាហ្សង់ទីន លា​កម្រាល​ព្រំ​ទទួល​ស្វាគមន៍ ជា​ទស្សនកិច្ច​ផ្លូវ​រដ្ឋ ដោយ​ប្រធានាធិបតី​អាហ្សង់ទីន​លោក ម៉ូរីស្យូ ម៉ាគ្រី ដែល​ទើប​ជាប់​ឆ្នោត​ថ្មីៗ កាលពី​ពីរ​ខែ​មុន។

 

ទស្សនកិច្ច​នៅអាហ្សង់ទីន​នេះ ជា​ដំណាក់​កាលទី​ពីរ នៃ​ដំណើរ​ទស្សនកិច្ច​មួយ​ជុំ​ធំ​ នៅទ្វីប​អាមេរិក​ខាង​ត្បូង​របស់​លោក​ហ្វ្រង់ស័រ ហូឡង់។ ម្សិលមិញ​ លោក​បាន​អញ្ជើញ​ទៅ ប្រទេស​ប៉េរ៉ូ ដើម្បី​អរគុណ​ក្រុង​លីម៉ា ដែល​បាន​ជួយ​ជ្រោម​ជ្រែង​​ឱ្យ​សម្រេច​កិច្ចព្រមព្រៀងស្តី​ពី​អាកាសធាតុ។ ហើយ​នៅ​ថ្ងៃ​ស្អែក​ លោក​នឹង​បន្ត​ទស្សនកិច្ច​នៅ​ប្រទេស​​អ៊ុយរ៉ាហ្កាយ។

នៅ​ក្នុង​អាណត្តិជា​ប្រធានាធិបតី​នេះ លោក​ហ្វ្រង់ស័រ​ហូឡង់ បាន​អញ្ជើញ​ទៅ​រួច​ហើយ​ប្រទេស​ប្រេស៊ីល ម៉ិចស៊ិក ​គុយប៉ា ​និងថ្ងៃ​នេះ​នៅ​អាហ្សង់ទីន។ លោក​ប្រធានាធីបតី​ ចង់​ភ្ជាប់​ទំនាក់​ទំនង​​ជា​មួយ​តំបន់​នេះ​ ឱ្យ​មាន​សណ្តាប់​ធ្នាប់​ឡើង​វិញ ព្រោះ​​បារាំង​ច្រើន​ភ្លេច​​ភូមិភាគ​នេះ។ គេ​ត្រូវ​សើរើ​ដល់​១៩​ឆ្នាំ​មុន​ទើប​ឃើញ​មាន​ប្រធានាធិបតី​បារាំង​មក​អាហ្សង់ទីន។

អាហ្សង់ទីន គឺ​ជា​ប្រទេស​ដែល​មាន​កម្លាំង​សេដ្ឋកិច្ច​លំដាប់​ទី​បី​ ប្រចាំអាមេរិកឡាទីន និង​មាន​សម្បូរ​ធនធាន​ធម្មជាតិ​​ច្រើន​ ទើប​លោក​ហ្វ្រង់ស័រ​ហូឡង់ ចង់​​សាកល្បង​​ជួយ​​ផ្តល់​កម្លាំងប៉ូវ​បន្ថែម​​ដល់​ក្រុមហ៊ុន​បារាំងជា​ច្រើន​​ដែល​តាំង​ទីរក​ស៊ី​នៅ​អាហ្សង់ទីន​រួច​ហើយ និង​សម្រួល​ឱ្យ​ក្រុមហ៊ុន​ថ្មី​អាច​មក​ឈរ​ជើង​រក​ស៊ី​បាន។ ជា​សរុប​មាន​ក្រុមហ៊ុន​បារាំង ប្រមាណ​២៣០​ រក​ស៊ី​នៅ​ទីនេះ និង​មាន​សលផល​ពាណិជ្ជកម្ម​ដល់​ទៅ​​ជាង​មួយ​ពាន់​លាន​អឺរ៉ូ​នៅ​ឆ្នាំ​២០១៥​កន្លង​មក​នេះ។

ប៉ុន្តែ​នៅ​ក្នុង​អំឡុងពេល​ទស្សនកិច្ច​នេះ នឹង​គ្មាន​ទេ ការ​ប្រកាស​ចុះ​ហត្ថលេខា​ពាណិជ្ជកម្ម​ធំៗឡើយ​ គឺ​មាន​តែ​ការ​ចុះ​កិច្ច​សហប្រតិបត្តិការ​ពង្រឹង​ចំណងលើ​វិស័យ​ផ្សេងៗ​ ដូច​ជា​​វិទ្យាសាស្ត្រ អវកាស ឧត្តមសិក្សា​និង​វប្បធម៌​។

អាហ្សង់ទីន​ជា​ប្រទេស​មួយ​ដែល​មាន​បណ្តាញ​សម្ព័ន្ធភាព​បារាំង​ធំជាង​គេ ហេតុដូច្នេះ​ហើយ​បាន​ជាប្រធានាធិបតី​អាហ្សង់ទីន​ចង់​ប្រើ​ឱកាស​នេះ​ដើម្បី​ពង្រឹង​​ទំនាក់ទំនង​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​បារាំង។

ទិសដៅ​ទស្សនកិច្ច​ដ៏​ពេញ​និយម

ប្រមុខ​រដ្ឋាភិបាល​អ៊ីតាលី បាន​នាំ​មុខ​លោក​ហ្វ្រង់ស័រ​ ហូឡង់​ទៅ​ទៀត ! លោក ម៉ាតេអូ រេនហ្ស៊ី បាន​អញ្ជើញ​ទៅ​អាហ្សង់ទីន កាលពី​សប្តាហ៍​មុន​ តែ​មិន​សូវ​មាន​អ្នក​និយាយ​ ព្រោះ​មិន​មែន​ជា​ទស្សនកិច្ច​ផ្លូវ​រដ្ឋ។ ឯលោក​ បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​អាមេរិក នឹង​ត្រូវ​អញ្ជើញ​មក​ដល់​ក្រុង​ប៊ុយណូហ្សែរ នៅ​រវាង​មួយ​ខែ​ទៀត​ខាង​មុខ​។

វ៉ាស៊ីនតោន​ក៏​ត្រូវ​ការ​​បញ្ជាក់​វត្តមានអាមេរិក​​ លើ​តំបន់​ភូមិភាគ​អាមេរិក​ខាង​ត្បូង ប្រជែង​ជាមួយ​បារាំងដែរ​ បន្ទាប់​បែរ​ខ្នង​ដាក់​អស់​រយៈ​ពេល​ពេញ​ទសវត្សរ៍មក។ ដំណើរ​មក​ដល់​របស់​លោកអូបាម៉ា ដែល​បង្ក​បង្កើត​ឱ្យ​មាន​ពាក្យ​អាស្រូវ​រអេច​រអូច​ទៅ​ហើយ ព្រោះ​លោក​បាន​ជ្រើសរើស​ចំ​ថ្ងៃ​ខួប ៤០​ឆ្នាំ នៃ​ការ​ធ្វើ​រដ្ឋ​ប្រហារ​​យោធា ​ទម្លាក់​រដ្ឋាភិបាល។ ហើយ​រដ្ឋ​ប្រហារឆ្នាំ​១៩៧៦​​នោះ​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​​ពី​សហរដ្ឋ​អាមេរិក ដែ​ល​បន្ទាប់​មក​បាន​រុញ​ច្រាន​អាហ្សង់ទីន​ឱ្យ​ធ្លាក់​ក្នុង​របប​ដឹកនាំ​យោធា​ផ្តាច់ការ​អស់​ជាច្រើន​ឆ្នាំ និង​បន្សល់​ទុក​នូវ​ស្នាម​របួស​ ព្រមទាំង​ការ​បែក​បាក់​ បាត់បង់​ជីវិត​មនុស្ស​អស់​ច្រើន​​រក​មិនឃើញ​ ទល់​សព្វថ្ងៃ។ លោក​ហ្វ្រង់ស័រ​ហូឡង់​ក៏​បាន​ទៅ​គោរព​​​វិញ្ញាណក្ខន្ធ​ ​ជន​រងគ្រោះជាង​១ម៉ឺននាក់ ក្នុង​​នោះ២២​នាក់​ជា​បារាំង។

អាហ្សង់ទីន​ ទើប​មាន​ប្រធានាធិបតី​ថ្មី ដែល​ជា​អ្នកស្តាំ​កណ្តាលនិយម បាន​ន័យ​ថា​ជា​អ្នក​​និយម​ទីផ្សារសេរី។ ដូច្នេះ​អ្វីៗ​ក៏​ត្រូវ​តែ​ប្តូរ​ផ្លាស់​ដែរ។ ជាមួយ​រដ្ឋាភិបាល​ថ្មី ការ​ត្រូត​ពិនិត្យ​ទីផ្សារ​រូបិយបណ្ណ ត្រូវ​លុប​ចោល សហគាស​បរទេស​អាច​នាំ​ភាគ​ចំណេញ​របស់​ខ្លួន​ទៅ​ប្រទេស​ដើម​បាន។

ដើម្បី​ទាក់ទាញ​វិនិយោគទុន​បរទេស​ ប្រធានាធិបតី​អាហ្សង់ទីន​ថ្មី លោក ម៉ាគ្រី ដែល​ជា​កូន​កាត់​អ៊ីតាលី រកស៊ី​មាន​បាន​នៅ​អាហ្សង់ទីន បាន​លើក​ចេញ​នូវ​រាល​បម្រាម​​ពាក់ព័ន្ធ​នឹង​ការ​នាំចូល បន្ធូរ​បន្ថយ​ពន្ធ​​លើ​ឧស្សាហកម្ម កសិកម្ម និង​ការ​រុករ៉ែ។ ដោយ​សារ​តែ​នយោបាយ​បើក​ចំហ​ទីផ្សារ​ទៅ​រក​អន្តរជាតិ​នេះហើយ ទើប​ប្រមុខ​មុខ​រដ្ឋ-រដ្ឋាភិបាល​​បរទេស​ជា​បន្ត​បន្ទាប់​​ផ្តើម​ធ្វើ​ដំណើរ​មក​អាហ្សង់ទីន ដើម្បី​ជា​ការ​បើក​ផ្លូវ​ឱ្យ​ក្រុមហ៊ុន​សហគ្រាស​របស់​ខ្លួន​មក​វិនិយោគ​ក្នុង​ប្រទេ​សនេះ។

សូម​បញ្ជាក់​ថា អាហ្សង់ទីន បាន​ជួប​គ្រោះ​ក្ស័យ​ធន តាំង​ពី​ឆ្នាំ​២០០១​មក ដែល​ជាឧបសគ្គ​បិទ​ខ្ទប់​ប្រទេស​នេះ មិន​ឱ្យ​ចូល​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ​បាន​ទេ។ នយោបាយ​ដឹកនាំ​ដោយ​ការ​ត្រួត​ត្រា​យ៉ាង​តឹង​រឹង ការ​ពារ​ប្រយោជន៍​សេដ្ឋកិច្ច​ជាតិ​ជ្រុល​ហួសហេតុ ​របស់​​ប្រធានាធិបតី​មុនៗ​បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​អាហ្សង់ទីន​ថប់​ដង្ហើម​ខ្លាំង​វិះ​ស្លាប់។

​ប្រធានាធិបតី​អាហ្សង់ទីន​ថ្មី បាន​សម្រេច​ភ្ជាប់​ខ្លួន​ឡើង​វិញ​ជាមួយពិភពលោក ​បើក​ទម្លាយ ដាក់​ប្រព័ន្ធ​មាន​តម្លាភាព​ ប៉ុន្តែ​កា​រប្តូរ​ផ្លាស់នេះ​​អាចនឹង​ធ្វើ​ឱ្យ​សង្គម​មាន​សម្ពាធ​បន្តិច​ហើយ ជាក់​ស្តែងបាតុកម្ម​មួយ​បាន​រៀប​ចំ​ឡើង​ចំ​ថ្ងៃ​មក​​ដល់​របស់​លោក​ហ្វ្រង់ស័រ ហូឡង់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ