អានតួអត្ថបទ
រុស្ស៊ី

រុស្ស៊ីបានសម្ពោធព្រលានអវកាសថ្មី Vostotchny

នៅ​វេលា​ម៉ោង ៥​និង​១​នាទី​ព្រឹកមិញ​ម៉ោង​ម៉ូស្គូ កាំជ្រួច​រុស្ស៊ី ធុន Soyuz  បញ្ឈរ ដល់​កំពស់ ៥១​ម៉ែត្រ ទម្ងន់​ដល់ ៣១៣ តោន បាន​ត្រូវ​បង្ហោះ​ចេញ ពី​ព្រលានអវកាស​ថ្មី របស់ រុស្ស៊ី ឈ្មោះ Vostotchny ប្រែ​មក​ថា បូព៌ា ស្ថិតនៅ​ចម្ងាយ​ជាង ៧.០០០គ.ម. ខាង​កើត​ពី រដ្ឋធានី ម៉ូស្គូ ដោយផ្ទុក​ទៅ​ជាមួយ គឺ ផ្កាយ​រណប ៣​គ្រឿង សរុប​ទៅ​ទម្ងន់ ៣​តោន ដើម្បី​ដាក់វា​ឲ្យ​ហោះ ជា​ប្រចាំ​នៅ​តាម​តារា​វិថី របស់​វា ព័ទ្ធជុំវិញ​ផែនដី សម្រាប់​បម្រើ​ដល់​គោលដៅ​វិទ្យាសាស្ត្រ។  ការ​បង្ហោះ​នេះ តាម​ដែល​វិមាន​ក្រេមឡាំង​ប្រកាស​ឲ្យ​ដឹង ត្រូវ​បាន​តាម​ដាន​ផ្ទាល់​ពី​ចម្ងាយ ដោយ​លោក​ប្រធានាធិបតី​ពូទីន ដែល​ខិត​ខំស្តារ​ឡើង​វិញ មហិច្ឆិតា​វិទ្យាសាស្ត្រ​របស់​រុស្ស៊ី។ 

កាំជ្រួច​រុស្ស៊ី​ Soyouz បង្ហោះចេញពី​ព្រលានអវកាស Gagarine
កាំជ្រួច​រុស្ស៊ី​ Soyouz បង្ហោះចេញពី​ព្រលានអវកាស Gagarine RFI/Simon Rozé
ផ្សាយពាណិជ្ជកម្ម

មិនមែន​ចៃដន្យ​ទេ ដែល​លោក​ប្រធានាធិបតី​ពូទីន បាន​តាមដាន​ការបង្ហោះ​នេះ ដោយ ផ្ទាល់​ភ្នែក ពីព្រោះ​ពិតជា​រូប​គាត់ ដែល​ក្នុង​ឆ្នាំ​២០០៧ បាន​បញ្ជា​ឲ្យសាងសង់​ឡើង ជា​ព្រលាន អវកាស​ដ៏ទំនើប​នេះ នៅលើដី​រុស្ស៊ីតែម្តង នៅ​ត្រង់​កន្លែងដែល​កាលមុន​ជា មូលដ្ឋាន​កង​កាំជ្រួច មីស៊ីល​សូវៀត ស្ថិតនៅ​តំបន់​មិន​សូវមាន​អ្នកស្រុក​រស់នៅ ឯ​ចុងបូព៌ា ដើម្បី​ក្នុង​អនាគត វា​នឹង​ចូល​ខ្លួន ទៅ​ជំនួស​ព្រលាន​បែប​នេះ ឈ្មោះ Baikonour បន្សល់​ទុក នៅ​លើ​ដែនដី​កាហ្សាក់ស្ថាន ក្រោយពីសហភាពសូវៀត​រលាយ​ទៅ ហើយ​រុស្ស៊ី បង្ខំចិត្ត​ជួល​វា​ប្រើ ដោយបង់ថ្លៃ​ក្នុង​មួយ​ឆ្នាំៗ ១១៥​លាន​ដុល្លារ។

 
តាមពិត ព្រលាន Vostotchny ត្រូវបាន​ចាប់​ផ្តើម សង់​គឺ​លុះក្នុង​ឆ្នាំ​២០១២ ហើយ​ទម្រាំ​សង់រួច វាបាន​ស៊ី​ពេល​ជាង​៤​ឆ្នាំ និង​បាន​តម្រូវ​ឲ្យ​ចំណាយ អស់ ប្រមាណ ៥.០០០​លាន​អឺរ៉ូ ដោយ​ប្រើ កម្លាំង​កម្មករ ១ម៉ឺន​នាក់​ឯណោះ។ ព្រលាន​នេះ មាន​ន័យ​ជា មជ្ឈមណ្ឌល​អវកាស ដោយ​ហេដ្ឋា​រចនាសម្ព័ន្ធ​វា រួម​ក្តោប​ផ្លូវដែក​ប្រវែង​១០០​គ.ម. និង ផ្លូវរថយន្ត ប្រវែង១០០​គ.ម.ដែរ ព្រម​ទាំង មាន​សង់​ឡើង​ជា បុរី​អវកាស សម្រាប់​បុគ្គលិក​បម្រើការ​ព្រលាន​នេះ រស់នៅ​ចំនួន​ដល់ ២ម៉ឺន៥ពាន់នាក់។

គុណសម្បត្តិ​នៃ​ព្រលាន​ថ្មី​នេះ គឺ វាស្ថិត​នៅ​លើ រយៈទទឹង ហៅថា Latilude របស់​ផែនដី ប្រហាក់ប្រហែល​នឹង ស្ថានភាព ព្រលាន Baikonour នៅ​កាហ្សាក់ស្ថាន ចម្ងាយ​ស្រដៀង​គ្នា​ពី ខ្សែ Equateur របស់​ផែនដី បាន​ន័យ​ថា ពេល​បង្ហោះកាំជ្រួច​ចេញ​ទៅ វា​រងទំនាញ​របស់​ផែនដី តិចជាង​ទំនាញ រង​ដោយ​កាំជ្រួច ពេល​បង្ហោះ​ចេញ​ពី ព្រលាន​អវកាស​រុស្ស៊ី មួយទៀត​ឈ្មោះ Plessetsk ដែល​ស្ថិត​នៅ​ត្រង់​រយៈទទឹង​ខ្ពស់​ជាង។

មាន​ផ្ទៃ​ក្រឡា ដល់ ១.០០០ឝម2 មជ្ឈមណ្ឌល​អវកាស Vostotchny ដែល​សម្ពោធ​ព្រឹកមិញ គឺ​ទុក​សម្រាប់​បង្ហោះ កាំជ្រួចធុន Soyuz  ដែល​បន្ត​ស្ថិត​នៅជា យានជំនិះ​តែមួយ​គត់ ដែល បំពេញ មុខងារខាងដឹកអ្នកអវកាសទាំងជាតិរុស្ស៊ី ទាំងបរទេស ទៅស្នាក់នៅ​ធ្វើការ​មួយ​លើកៗ​ រយៈពេល​កន្លះឆ្នាំ ក្នុង​ស្ថានីយអវកាស​អន្តរជាតិ ហៅកាត់​ថា SSI ដើរតួ​ជា​មន្ទីរ​ពិសោធ​​ហោះ​ជា​ប្រចាំ នៅអវកាស​កំពស់ ប្រមាណ ៤០០គ.ម.ពីផែនដី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ