អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តួកគី៖​រដ្ឋប្រហារ​យោធា​មិន​បាន​សម្រេច!

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​តួកគី ស្ថានការណ៍​កំពុង​បន្ត​តានតឹង​ជុំវិញ​ព្រឹតិ្តការណ៍​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​យោធា​មិន​បាន​សម្រេច​ក្នុង​យប់​ថ្ងៃ​សុក្រ ទី១៥ កក្កដា។ ពេញ​មួយ​យប់​ថ្ងៃ​សុក្រ​ឆ្លង​ចូល​ដល់​ថ្ងៃ​សៅរ៍ ទី១៦ កក្កដា​នេះ ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រុម​ទាហាន​បះបោរ និង​កម្លាំង​រដ្ឋាភិបាល រួម​ទាំង​មហាជន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​ជា​ច្រើន​នាក់​នៅ​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ូល និង​អង់ការ៉ា។ លោក​អ៊ែរដូហ្កាន​បាន​ចាត់​ទុក​ទង្វើ​ប៉ុនប៉ង​រដ្ឋប្រហារ​យោធា​ថា ជា​ការ​រៀបចំ​របស់​លោក​ហ្វឺទូឡា ហ្គ៊ូឡេន។ ចំណែក​សហគមន៍​អន្តរជាតិ​បាន​ចេញ​មុខ​ថ្កោលទោស និង​អំពាវនាវ​គ្រប់ភាគី​តួកគី​ឲ្យ​គាំទ្រ​រដ្ឋាភិបាល​ស្របច្បាប់​របស់​លោក​ប្រធានាធិបតី​អ៊ែរដូហ្កាន។

តួកគី៖​រដ្ឋប្រហារ​យោធា​មិន​បាន​សម្រេច!
តួកគី៖​រដ្ឋប្រហារ​យោធា​មិន​បាន​សម្រេច! REUTERS/Baz Ratner
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​មាន​ភាព​ស្រពិចស្រពិល​អស់​ជា​ច្រើន​ម៉ោង​ក្នុង​យប់​ថ្ងៃ​សុក្រ ទី១៥ ឆ្លង​ចូល​ព្រលឹម​ថ្ងៃ​សៅរ៍ ទី១៦ កក្កដា​មក ស្ថានការណ៍​ទូទៅ​នៅ​តួកគី​ហាក់​ដូច​ស្ងប់ស្ងាត់​បន្តិច​វិញ។ លោក​ឧត្តមសេនីយ​អ៊ូមីត ឌុនដារ មេបញ្ជាការ​កងទ័ព​ស្តីទី​បាន​ប្រកាស​នៅ​ក្នុង​សន្និសីទកាសែត​ថ្ងៃ​នេះ​ថា ទង្វើ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​បាន​ចប់​ហើយ​ដោយ​ក្រុមទាហាន​បះបោរ​មិន​អាច​ទទួល​បាន​ជោគជ័យ​ទេ។ លោក​អ៊ូមីត​បាន​បន្ថែម​ថា រដ្ឋាភិបាល​បាន​ក្តាប់​ស្ថានការណ៍​បាន​ទាំង​ស្រុង​វិញ​ហើយ។

ទន្ទឹម​គ្នា​នេះ ឧត្តមសេនីយ​អ៊ូមីត ឌុនដារ​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ពី​តុល្យការ​នៃ​ចំនួន​មនុស្ស​ស្លាប់​ដែល​មាន​យ៉ាង​តិច​ជិត ៣០០នាក់ ក្នុង​នោះ​សម្លាប់​បាន​ទាហាន​ឧទ្ទាម​ជាង ១០០នាក់ ហើយ​អ្នក​ស្លាប់​ជាង ១៦០នាក់​ផ្សេង​ទៀត ជាប៉ូលិស ទាហាន និង​ជនស៊ីវិល​នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​នឹង​ពួក​ទាហាន​បះបោរ។ ការ​ប៉ះទង្គិច​ដែល​បាន​បណ្តាល​ឲ្យ​មាន​អ្នក​រងរបួស​ចម្រុះ​គ្នា​ជិត ១ ៥០០នាក់។

ក្រៅ​ពី​ការ​បាញ់​សម្លាប់​ពួក​ទាហានឧទ្ទាម រដ្ឋអំណាច​ក៏​ក្របួច ក​ទាហាន​បះបោរ​បាន​ជិត ៣ ០០០នាក់ មាន​ទាំង​មេទ័ព​ជា​ច្រើន​រូប​ដែល​ត្រូវ​បាន​ដក​សក្តិ​ភ្លាមៗ។ ឧត្តមសេនីយ​អ៊ុមីត​បាន​សន្យា​ថា នឹង​ធ្វើ​ការ​បោសសំអាត​មេទាហាន និង​នាយទាហាន​ដែល​លោក​គិត​ថា ជា​ជនក្បត់ជាតិ។

គួរ​រម្លឹក​ជូន​ឡើង​វិញ​ថា ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​យោធា​នៅ​ក្នុង​ប្រទេស​តួកគី​បាន​កើត​មាន​ឡើង​នៅ​យប់​ថ្ងៃ​សុក្រ ទី១៥ កក្កដា​ដែល​រៀបចំ​ដោយ​ក្រុម​ទាហាន​មួយ​ក្តាប់​តូច​ចេញ​ពី​ជួរ​កងទ័ព។ ភាព​ច្របូកច្របល់ និង​ភាព​ស្រពិចស្រពិល​បាន​កើត​មាន​ពេញ​មួយ​យប់​ថ្ងៃ​សុក្រ​ឆ្លង​ចូល​ដល់​ព្រលឹម​ថ្ងៃ​សៅរ៍​នេះ ព្រោះ​នៅ​មុន​អធ្រាត្រ​យប់​ថ្ងៃ​សុក្រ កងទ័ព​បាន​ផ្សព្វផ្សាយ​សេចក្តី​ជូនដំណឹង​មួយ​ដោយ​បញ្ជាក់​ពី​ការ​ក្តាប់​បាន​អំណាច​ដើម្បី​ស្ថាបនា​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ។

មួយ​វិញ​ទៀត​នៅ​ក្នុង​ពេល​កើត​ហេតុ​ភ្លាមៗ លោក​ លោក​ប្រធានាធិបតី​អ៊ែរដូហ្កាន​ក៏​កំពុង​សម្រាក​លំហែកាយ​ដោយ​មិន​នៅ​ក្នុង​វិមានប្រធានាធិបតី​ទេ។ តែ​ភ្លាមៗ និង​មុន​ត្រឡប់​ចូល​ទីក្រុង​អង់ការ៉ា​ទាំង​អធ្រាត្រ លោក​អ៊ែរដូហ្កាន​បាន​ប្រកាស​អំពាវនាវ​ឲ្យ​ប្រជាជន​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​យោធា​នោះ។ នៅ​ពេល​នេះ និង​ទោះ​បី​ជា​ស្ថានការណ៍​ស្ងប់ស្ងាត់​ក៏​ដោយ ក៏​លោក​អ៊ែរដូហ្កាន​ស្នើ​ឲ្យ​ប្រជាជន​បន្ត​ប្រមូលផ្តុំ​គ្នា​ជា​បន្ត​ទៀត​ដើម្បី​ប្រឆាំង​នឹង​ទង្វើ​ខុស​ច្បាប់។

លោក​អ៊ែរដូហ្កាន​ចង្អុល​មុខ​លោក​ហ្វឺទូឡា ហ្គ៊ូឡេន

សម្រាប់​លោក​ប្រធានាធិបតី​អ៊ែរដូហ្កាន អ្នក​ដែល​រៀបចំ​ឲ្យ​មាន​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ពេល​នេះ គឺ​គ្មាន​នរណា​ក្រៅ​ពី​លោក​ហ្វឺទូឡា ហ្គ៊ូឡេន​ទេ។ លោក​ហ្វឺទូឡា ហ្គ៊ូឡេន គឺ​ជា​អតីត​មិត្ត​ជិតដិត​ចាក់​ទឹកមិនលេច​របស់​លោក​អ៊ែរដូហ្កាន តែ​សព្វថ្ងៃ​កំពុង​ក្លាយ​ជា​សត្រូវស៊ីសាច់ហុចឈាម​របស់​លោក​អ៊ែរដូហ្កាន។ ការ​ដែល​លោក​អ៊ែរដូហ្កាន​បាន​ឡើង​កាន់​អំណាច​មក​ដល់​សព្វថ្ងៃ ក៏​ដោយ​សារ​តែ​មាន​ការ​ជួយជ្រោមជ្រែង​របស់​លោក​ហ្វឺទូឡា ហ្គ៊ូឡេន​ដែរ។

ក៏​ប៉ុន្តែ អ្វីៗ​បាន​ក្រឡាប់​ចាក់​នា​ដំណាច់​ឆ្នាំ ២០១៣ បន្ទាប់​ពី​មាន​ផ្ទុះ​រឿង​អាស្រូវ​ពុករលួយ​ប៉ះពាល់​ដល់​កិត្តិយស​លោក​អ៊ែរដូហ្កាន។ រឿង​អាស្រូវ​ពុករលួយ​ដែល​លោក​អ៊ែរដូហ្កាន​បាន​ចង្អុល​មុខ​លោក​ហ្វឺទូឡា​ថា​ជា​អ្នក​ប្រឌិត​ដើម្បី​បង្ខូច​ឈ្មោះ​លោក។ ទន្ទឹម​គ្នា​នេះ លោក​អ៊ែរដូហ្កាន​ក៏​បាន​ចោទ​លោក​ហ្វឺទូឡា​ពី​បទ​បង្កើត​ឲ្យ​មាន​រដ្ឋាភិបាល​ខុសច្បាប់​មួយ​ក្នុង​គោលដៅ​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់​របស់​លោក។ បច្ចុប្បន្ន​មាន​អាយុ ៧៥ឆ្នាំ លោក​ហ្វឺទូឡា ហ្គ៊ូឡេន​បាន​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​តាំង​ពី​ឆ្នាំ ១៩៩៩ មក​ម្ល៉េះ ពោល​តាំង​ពី​មុន​លោក​បាន​ទទួល​រង​ការ​ចោទ​ប្រកាន់​ពី​លោក​អ៊ែរដូហ្កាន។

បញ្ហា​នៅ​ត្រង់​ថា លោក​អ៊ែរដូហ្កាន​នៅ​បន្ត​សង្ស័យ​លើ​រូប​លោក​ហ្វឺទូឡា និង​ចលនា​របស់​លោក​ពី​ការ​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​តួកគី​បច្ចុប្បន្ន​តាម​គ្រប់រូបភាព ដូច​យ៉ាង​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​យោធា​នៅ​ពេល​នេះ។ តែ​លោក​ហ្វឺទូឡា ហ្គ៊ូឡេន​បាន​ចេញ​មុខ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​លោក​អ៊ែរដូហ្កាន។ សូម​ជម្រាប​ជូន​ថា លោក​ហ្វឺទូឡា ហ្គ៊ូឡេន​ដែល​ជា​អ្នកកាន់សាសនា​អ៊ីស្លាម និង​ចលនា​របស់​លោក​បាន​ធ្វើ​ការងារ​ច្រើន​ណាស់​សម្រាប់​ការ​អប់រំ​ផ្នែក​សាសនា​អ៊ីស្លាម​រហូត​ដល់​មាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​តួកគី​រាប់សិប​លាននាក់។

មក​ដល់​សព្វថ្ងៃ លោក​ហ្វឺទូឡា ហ្គ៊ូឡេន​នៅ​បន្ត​ជា​ឥស្សរជន​ម្នាក់​ដែល​មាន​ឥទ្ធិពល​ខ្លាំង​នៅ​ក្នុង​ប្រទេស​តួកគី។ អ៊ីចឹង​ហើយ​បាន​ជា​ក្រោយ​ការ​ចាកចេញ​របស់​លោក​ហ្វឺទូឡា ហ្គ៊ូឡេន​ទៅ​អាមេរិក លោក​អ៊ែរដូហ្កាន​បាន​បោសសំអាត​ដល់​ឫសគល់​រាល់​បណ្តាញ​សារព័ត៌មាន ចលនា ឬ​ក្រុម រួម​ទាំង​មន្រ្តី​ប៉ូលិស និង​ទាហាន​ដែល​ស្មោះស្ម័គ្រ​នឹង​លោកហ្វឺទូឡា ហ្គ៊ូឡេន។ ក្នុង​រយៈពេល ២ឆ្នាំ​កន្លង​ទៅ មាន​មនុស្ស​ប្រមាណ​ជា ១ ៨០០នាក់ ក្នុង​នោះ​មាន​មន្រ្តី​ប៉ូលិស ៧៥០នាក់ និង​មន្រ្តីយោធា ៨០នាក់​ដែល​ស្មោះស្ម័គ្រ​នឹង​លោក​ហ្វឺទូឡា ហ្គ៊ូឡេន​ត្រូវ​បាន​លោក​អ៊ែរដូហ្កាន​ចាប់​ដាក់គុក។

សហគមន៍​អន្តរជាតិ​ថ្កោលទោស​ទង្វើ​ប៉ុនប៉ង​រដ្ឋប្រហារ​នៅ​តួកគី

ប្រតិកម្ម​ថ្កោលទោស​លាយឡំ​នឹង​ក្តីបារម្ភ​របស់​សហគមន៍​អន្តរជាតិ​បាន​ធ្លាក់​មក​ជា​បន្តបន្ទាប់។ ប្រតិកម្ម​ភាគច្រើន​បាន​អំពាវនាវ​ឲ្យ​គ្រប់ភាគី​នៅ​តួកគី​គាំទ្រ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​អ៊ែរដូហ្កាន​ដែល​ជា​រដ្ឋាភិបាល​ស្របច្បាប់។ ទន្ទឹម​គ្នា​នេះ សហគមន៍​អន្តរជាតិ ពិសេស​អង្គការ​អូតង់​ក៏​មិន​ចង់​ឃើញ​តួកគី​ធ្លាក់​ក្នុង​ស្ថានការណ៍​ច្របូកច្របល់​ឡើយ។ នេះ​ក៏​ដោយសារ​តែ​តួកគី​ជា​សមាជិក​របស់​អង្គការ​អូតង់។ ក្តី​បារម្ភ​របស់​អូតង់​អាច​មាន​កាន់​តែ​ខ្លាំង ប្រសិន​បើ​ស្ថានការណ៍​នយោបាយ​នៅ​តួកគី​ត្រូវ​ក្រឡាប់ចាក់ ព្រោះ​សម្រាប់​អូតង់ តួកគី​ជា​ប្រទេស​ដែល​មាន​ទីតាំង​យុទ្ធសាស្រ្ត​សម្រាប់​អូតង់ និង​នៅ​ក្នុង​តំបន់។

តួគី​ជា​ឆ្មាំព្រំដែន​រវាង​តំបន់​ប៉ែក​ខាង​ត្បូង និង​ប៉ែក​ខាង​កើត។ តួកគី​ជា​ប្រទេស​ដែល​បាន​ចែក​សមុទ្រខ្មៅ​ជាមួយ​បណ្តា​អតីត​រដ្ឋ​ក្នុង​ជំនាន់​សហភាព​សូវៀត មាន​ប្រទេស​អ៊ុយក្រែន រូម៉ានី ប៊ុលហ្ការី និង​ហ្សកហ្ស៊ី។ គឺ​នៅ​តំបន់​ប៉ែក​ខាង​កើត​ប្រទេស​តួកគី​ដែល​អង្គការ​អូតង់​បាន​ដំឡើង​ខែលមីស៊ីល​ប្រឆាំង​ស៊ីល។ គឺ​ដែនដី​តួកគី​ដែល​អាមេរិក​បាន​ប្រើ​ដើម្បី​វាយប្រហារ​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ក្នុង​ទឹកដី​ស៊ីរី ហើយ​គឺ​នៅ​ក្នុង​ទឹកដី​តួកគី​ដែល​មាន​មូលដ្ឋាន​ទ័ព​របស់​អង្គការ​អូតង់។

ទន្ទឹម​គ្នា​នេះ កងទ័ព​តួកគី​ធ្លាប់​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​បេសកកម្ម​របស់​អង្គការ​អូតង់​នៅ​តំបន់​បាល់កង់ និង​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។ វត្តមាន​តួកគី​ដែល​ជា​ប្រទេស​កាន់​សាសនា​អ៊ីស្លាម​នៅ​ក្នុង​អង្គការ​អូតង់​ជា​សក្ខីកម្ម​មួយ​បញ្ជាក់​ថា អូតង់​មិន​មាន​តែ​សមាជិក​ប្រទេស​លោកខាង​លិច​ទេ។ ដូច្នេះ​ឃើញ​ថា តួកគី​ជា​ប្រទេស​កូនសោ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​អូតង់ ពិសេស​នៅ​ក្នុង​ដំណោះស្រាយ​នៅ​មជ្ឈិមបូព៌ា។ សម្រាប់​សហគមន៍​អន្តរជាតិ និង​អូតង់​គឺ​ច្បាស់ណាស់ ស្ថានភាព​នយោបាយ​វឹកវរ​នៅ​តួកគី​មិន​ត្រឹម​តែ​បង្ក​ផលវិបាក​សម្រាប់​តួកគី​មួយ​ទេ តែ​វា​ក៏​នឹង​ជះឥទ្ធិពល​អាក្រក់​ដល់​សហគមន៍​អន្តរជាតិ ពិសេស​ដល់​អង្គការ​អូតង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ