អានតួអត្ថបទ
តួកគី-រស្ស៊ី

តួកគី​ស្នើ​រុស្ស៊ី​ឲ្យ​ចូលរួម​នៅ​ក្នុង​ប្រតិបត្តិការ​អន្តរជាតិ​ប្រឆាំង​អង្គការ​រដ្ឋអ៊ីស្លាម

នៅ​ថ្ងៃ​ចន្ទ ទី៤ កក្កដា ប្រទេស​តួកគី​បាន​ធ្វើ​សំណើ​ទៅ​កាន់​ប្រទេស​រុស្ស៊ី​ឲ្យ​ចូលរួម​ជាមួយ​សម្ព័ន្ធមិត្ត​អន្តរជាតិ​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​អង្គការ​រដ្ឋអ៊ីស្លាម​ក្នុង​ប្រទេស​ស៊ីរី។ សំណើ​របៀប​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ទីក្រុង​អង់ការ៉ា និង​ទីក្រុង​មូស្គូ​បាន​យល់ព្រម​កាត់​បន្ថយ​ភាព​តានតឹង និង​យល់ព្រម​ពង្រឹង​ទំនាក់ទំនង​រវាង​គ្នា​ឡើង​វិញ។ តែ​តួកគី​បាន​បដិសេធ​លើ​ព័ត៌មាន​ដែល​ថា តួកគី​បាន​យល់ព្រម​បើក​មូលដ្ឋាន​យោធា Incirlik របស់​តួកគី​សម្រាប់​កម្លាំងទ័ព​រុស្ស៊ី។

លោក​ប្រធានាធិបតី​តួកគី Recep Tayyip Erdogan
លោក​ប្រធានាធិបតី​តួកគី Recep Tayyip Erdogan Reuters
ផ្សាយពាណិជ្ជកម្ម

សំណើ​របស់​តួកគី​របៀប​នេះ​ត្រូវ​បាន​លោក​ប្រមុខ​ការទូត​តួកគី Mevlut Cavusoglu រម្លឹក​ប្រាប់​ជា​ថ្មី​ក្នុង​ថ្ងៃ​ចន្ទ ទី៤ កក្កដា។ តែ​លោក Mevlut បាន​បដិសេធ​ចំពោះ​ព័ត៌មាន​ដែល​ថា ការ​ចូលរួម​របស់​រុស្ស៊ី​មិនមែន​ជា​ការ​បើក​មូលដ្ឋាន​យោធា Incirlik របស់​តួកគី​ឲ្យ​យន្តហោះចម្បាំង​រុស្ស៊ី​ទេ។ « យើង​បាន​និយាយ​ថា យើង​អាច​នឹង​រួមសហការណ៍​ជាមួយ​ប្រទេស​រុស្ស៊ី​ក្នុង​ការ​ប្រឆាំង​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ស៊ីរី តែ​ខ្ញុំ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​សោះ​ឡើយ​ទាក់ទង​នឹង​ការ​អនុញ្ញាត​ឲ្យ​យន្តហោះចម្បាំង​រុស្ស៊ី​ប្រើប្រាស់​មូលដ្ឋាន​យោធា Incirlik របស់​តួកគី » នេះ​ជា​ការ​ថ្លែង​របស់​លោក​ប្រមុខ​ការទូត​តួកគី Mevlut។

សូម​ជម្រាប​ជូន​ថា​នៅ​ថ្ងៃ​អាទិត្យ ទី៣ កក្កដា​កន្លង​ទៅ រូប​លោក​រដ្ឋមន្រ្តី​ការបរទេស​តួកគី​ដដែល​បាន​ថ្លែង​នៅ​ក្នុង​កិច្ចសន្ទនា​មួយ​ជាមួយ​ទូរទស្សន៍​ក្នុង​ស្រុក TRT ថា តួកគី​ចូលរួម​ជាមួយ​គ្រប់ប្រទេស​ដែល​ប្រឆាំង​អង្គការ​រដ្ឋអ៊ីស្លាម​ដូច​ដែល​តួកគី​ធ្លាប់​បាន​ធ្វើ​កន្លង​មក និង​បាន​បើក​មូលដ្ឋាន​យោធា Incirlik របស់​តួកគី​សម្រាប់​ប្រទេស​ណា​ដែល​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​អង្គការ​រដ្ឋអ៊ីស្លាម។ លោក Mevlut បាន​ចោទ​សួរ​ខ្លួន​ឯង​ថា បើ​តួកគី​យល់ព្រម​ចូលរួម​ជាមួយ​ប្រទេស​ផ្សេង ចុះ​រឿង​អី​មិន​អាច​ចូលរួម​ជាមួយ​រុស្ស៊ី​បាន ព្រោះ​អង្គការ​រដ្ឋអ៊ីស្លាម​ជា​សត្រូវរួម​របស់​យើង​ទាំង​អស់​គ្នា និង​ដែល​យើង​ត្រូវ​តែ​កំចាត់​សត្រូវ​រួម​មួយ​នេះ។

អ្វី​ជា​ការ​កត់សម្គាល់​នៅ​ត្រង់​ថា បើ​តួកគី និង​រុស្ស៊ី​ចាត់​ទុក​អង្គការ​រដ្ឋអ៊ីស្លាម​ជា​សត្រូវ​រួម​ដូច​គ្នា​នៅ​ក្នុង​ប្រទេស​ស៊ីរី តែ​ទីក្រុង​អង់ការ៉ា និង​មូស្គូ​បាន​យល់​មិន​ដូច​គ្នា​ទេ​ចំពោះ​វិបត្តិនយោបាយ​ផ្ទៃក្នុង​នៅ​ស៊ីរី។ តួកគី​គាំទ្រ​ក្រុម​ប្រឆាំង​រដ្ឋាភិបាល​ស៊ីរី តែ​រុស្ស៊ី​គាំទ្រ​រដ្ឋាភិបាល​ស៊ីរី​របស់​លោក​ប្រធានាធិបតី​អាសាដ​ដោយ​មាន​ជន្ទល់​ពី​ប្រទេស​អ៊ីរ៉ង់។ ម្យ៉ាង​ទៀត ក្រុម​ប្រទេស​សមាជិក​អង្គការ​អូតង់​ដែល​តួកគី​ជា​សមាជិក​ម្នាក់​ដែរ​នោះ ពិត​ជា​មិន​ចង់​ឃើញ​វត្តមាន​ទាហាន និង​យន្តហោះចម្បាំង​រុស្ស៊ី​នៅ​លើ​មូលដ្ឋាន​យោធា Incirlik របស់​តួកគី​ឡើយ ពិសេស​ចំ​ពេល​ដែល​យន្តហោះ​អាមេរិក អាល្លឺម៉ង់ អង់គ្លេស អារ៉ាប៊ីសាអូឌីត និង​កាតា​កំពុង​មាន​វត្តមាន​នៅ​មូលដ្ឋាន​យោធា​នោះ។

យ៉ាង​ណា​ក៏​ដោយ រុស្ស៊ី​បាន​ចាត់​ទុក​សំណើ​របស់​តួកគី​ថា​មាន​សារៈសំខាន់ខ្លាំង និង​យល់ព្រម​យក​ទៅ​ពិនិត្យ ពិចារណា។ សំណើ​របៀប​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ទីក្រុង​អង់ការ៉ា និង​ទីក្រុង​មូស្គូ​បាន​យល់ព្រម​កាត់​បន្ថយ​ភាព​តានតឹង និង​យល់ព្រម​ពង្រឹង​ទំនាក់ទំនង​រវាង​គ្នា​ឡើង​វិញ បន្ទាប់​ពី​លោក​ប្រធានាធិបតី​តួកគី Erdogan យល់ព្រម​សុំទោស​រុស្ស៊ី​ក្នុង​រឿង​ការ​បាញ់​ធ្លាក់​យន្តហោះ​រុស្ស៊ី​ដោយ​ទ័ពអាកាស​តួកគី​ក្បែរ​ព្រំដែន​ស៊ីរី​កាល​ពី​ឆ្នាំ ២០១៥៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ