លោកស្រីនាយករដ្ឋមន្រ្តីអាល្លឺម៉ង់ផ្តើមទស្សនកិច្ចមួយជុំវិញទ្វីបអាហ្រ្វិក
នៅថ្ងៃអាទិត្យ ទី៩ តុលា លោកស្រីនាយករដ្ឋមន្រ្តីអាល្លឺម៉ង់អង់ហ្គឺឡា មែរកិលបានផ្តើមទស្សនកិច្ចមួយជុំទ្វីបអាហ្វ្រិករយៈពេល ៣ថ្ងៃ ក្នុង ៣ប្រទេស គឺម៉ាលី នីហ្សេ និងប្រទេសអេត្យូពី។ បន្ទាប់មកនៅថ្ងៃពុធ ទី១២ តុលា លោកស្រីមែរកិលនឹងត្រឡប់ទៅកាន់ប្រទេសអាល្លឺម៉ង់វិញដើម្បីទទួលដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋអាហ្រ្វិកមកពីប្រទេសឆាដ និងប្រទេសនីហ្សេរីយ៉ា។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៤០
យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជនអន្តោប្រវេសន៍ត្រូវបានគេចាត់ទុកជាប្រធានបទអាទិភាពនៃដំណើរទស្សនកិច្ចមួយជុំទ្វីបអាហ្រ្វិករបស់លោកស្រីប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់អង់ហ្គឺឡា មែរកិល។ « វិធានការដ៏ប្រពៃក្នុងការប្រឆាំងនឹងលំហូរជនអន្តោប្រវេសន៍ គឺលើកស្ទួយកំណើនសេដ្ឋកិច្ចនៅអាហ្រ្វិក ប្រយុទ្ធប្រឆាំងភេរវកម្ម និងកំចាត់អំពើពុករលួយ » នេះជាសារដែលលោកស្រីមែរកិលត្រូវថ្លែងទៅកាន់ថ្នាក់ដឹកនាំប្រទេសម៉ាលី នីហ្សេរីយ៉ា និងប្រទេសអេត្យូពី។
ម៉ាលីជាប្រទេសដែលលោកស្រីមែរកិលបានទៅធ្វើទស្សនកិច្ចមុនគេ និងដែលលោកស្រីត្រូវបានលោកប្រធានាធិបតីម៉ាលីផ្ទាល់ខ្លួនទៅទទួលនៅឯព្រលានយន្តហោះ។ ចំណែកប្រធានបទដែលប្រមុខថ្នាក់ដឹកនាំទាំងពីរលើកទៅជជែកមានច្រើន ពិសេសបញ្ហាសន្តិសុខ និងការអភិវឌ្ឍ។ មន្រ្តីជាន់ខ្ពស់ម៉ាលីម្នាក់បានបញ្ជាក់ថា ក្នុងនាមជាអ្នកដែលបានទទួលស្គាល់ឯករាជ្យប្រទេសម៉ាលីមុនគេ អាល្លឺម៉ង់ជាប្រទេសស្ថិតក្នុងជម្រើសអាទិភាពរបស់ម៉ាលី។
រដ្ឋអំណាចទីក្រុងបាម៉ាកូបានកោតសរសើរពីកិច្ចសហប្រតិបត្តិការជាមួយទីក្រុងប៊ែរឡាំង។ ជាក់ស្តែងក្នុងឆ្នាំ ២០១៣ និងដើម្បីជួយជំរុញសន្ទុះសេដ្ឋកិច្ចម៉ាលី អាល្លឺម៉ង់បានដកលុយពីហោប៉ៅឲ្យម៉ាលីចំនួន ១០០លានអឺរ៉ូ។ នៅក្នុងទស្សនកិច្ចរបស់លោកស្រីនាយករដ្ឋមន្រ្តីអាល្លឺម៉ង់ពេលនេះទៀត បាម៉ាកូ និងប៊ែរឡាំងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមមាន អភិបាលកិច្ចល្អ កសិកម្ម ឬមួយក៏ផ្នែកទឹកស្អាត។ ក្រៅពីនេះ ក៏មានកិច្ចសហប្រតិបត្តិការផ្នែកយោធាផងដែរ។ បច្ចុប្បន្ននេះ មានទាហានអាល្លឺម៉ង់ប្រមាណជា ១០០នាក់កំពុងចូលរួមនៅក្នុងបេសកកម្មមួកខៀវរបស់អង្គការសហប្រជាជាតិក្នុងទឹកដីម៉ាលី និងមួយចំនួនទៀតកំពុងជួយបង្ហាត់បង្រៀនទាហានម៉ាលី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ