អានតួអត្ថបទ
បារាំង

បារាំង៖​តុលាការ​កាត់ទោស​លោក​យេរ៉ូម កាអ៊ុយហ្សាក់​ឲ្យ​ជាប់​គុក ៣ឆ្នាំ​ពី​បទ​គេចពន្ធ

នៅ​ក្នុង​ប្រទេស​បារាំង លោកយេរ៉ូម កាអ៊ុយហ្សាក់ (Jérôme Cahuzac) អតីត​រដ្ឋមន្រ្តី​ក្រសួង​ថវិកា និង​ដែល​មាន​គណនី​លួចលាក់​នៅ​បរទេស​ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់គុក​ចំនួន ៣ឆ្នាំ​នា​ថ្ងៃ​ព្រហស្បតិ៍ ទី៨ វិច្ឆិកា​ពីបទ​គេចពន្ធ និង​ការ​លាងលុយ​កខ្វក់។ ក្រៅ​ពី​រូប​លោក​កាអ៊ុយហ្សាក់ ភរិយា​របស់​លោក​គឺ​លោកស្រី Patricia ក៏​ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់​គុក​ចំនួន ២ឆ្នាំ​ពី​បទ​ចោទប្រកាន់​ដូច​គ្នា​នេះ។ តែ​មេធាវី​ម្នាក់​របស់​លោក​កាអ៊ុយហ្សាក់​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ពី​បំណង​ប្តឹង​ឧទ្ធរណ៍​របស់​គូស្វាមី​លោក​កាអ៊ុយហ្សាក់។ តើ​រឿងរ៉ាវ​គូស្រករ​លោក​កាអ៊ុយហ្សាក់​បាន​កើត​ឡើង​យ៉ាង​ដូច​ម្តេច​ខ្លះ?

លោកJérôme Cahuzac អតីត​រដ្ឋមន្រ្តី​ក្រសួង​ថវិកា​ត្រូវ​បាន​តុលាការ​កាត់ទោស​ដាក់​គុក ៣ឆ្នាំ​ពី​បទ​គេចពន្ធ
លោកJérôme Cahuzac អតីត​រដ្ឋមន្រ្តី​ក្រសួង​ថវិកា​ត្រូវ​បាន​តុលាការ​កាត់ទោស​ដាក់​គុក ៣ឆ្នាំ​ពី​បទ​គេចពន្ធ REUTERS/Philippe Wojazer TPX IMAGES OF THE DAY
ផ្សាយពាណិជ្ជកម្ម

រឿងរ៉ាវ​ទាក់ទង​នឹង​គូស្រករ​លោក​យេរ៉ូម កាអ៊ុយហ្សាក់​ត្រូវ​បាន​ទម្លាយ​ដោយ​គេហទំព័រ​ព័ត៌មាន Médiapart ក្នុង​ខែ​ធ្នូ ឆ្នាំ ២០១២ ដែល​ថា លោក​កាអ៊ុយហ្សាក់​មាន​គណនី​លួចលាក់​នៅ​ក្នុង​ប្រទេស​ស្វ៊ីស។ នៅ​ពេល​នោះ លោក​កាអ៊ុយហ្សាក់​ដែល​ជា​គ្រូពេទ្យ​វះកាត់​ម្នាក់​ដ៏​មាន​ថ្វីដៃ និង​បាន​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ​ទើប​ទទួល​បាន​មុខ​តំណែង​ជា​រដ្ឋមន្រ្តី​ក្រសួង​ថវិកា​ក្នុង​ជំនាន់​លោក​ប្រធានាធិបតី​ហ្រ្វង់ស័រ ហូឡង់​សព្វថ្ងៃ។ ក្នុង​នាម​ជា​រដ្ឋមន្រ្តី​ក្រសួង​ថវិកា លោក​កាអ៊ុយហ្សាក់​បាន​តាំង​ខ្លួន​ជា​អ្នក​ប្រយុទ្ធប្រឆាំង​នឹង​ការ​គេចពន្ធ។

ម្តង​ជា​ពីរ​ដង រដ្ឋមន្រ្តី​រូប​នេះ​បាន​ចេញ​មុខ​បដិសេធ​យ៉ាង​ដាច់​អហង្ការ និង​ច្រាន​ចោល​ព័ត៌មាន​ដែល​លើក​ឡើង​ដោយ Médiapart។ តែ​ទីបំផុត​ក្នុង​ថ្ងៃ​ទី១៩ មីនា ឆ្នាំ ២០១៣ លោក​កាអ៊ុយហ្សាក់​ដែល​បាន​ទទួល​គំនាប​កាន់​តែ​ខ្លាំង​បាន​យល់​ព្រម​លា​ចុះ​ពី​មុខ​តំណែង និង​ទទួល​ស្គាល់​ការ​ពិត​នា​ថ្ងៃទី២ មេសា ឆ្នាំ ២០១៣ ដដែល។ លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​បាន​ឲ្យ​ដឹង​ថា លុយ​ដែល​គូស្រករ​លោក​កាអ៊ុយហ្សាក់​លាក់​នៅ​បរទេស ពិសេស​ក្នុង​ធនាគារ​ប្រទេស​ស្វ៊ីស និង​សិង្ហបុរី​ដើម្បី​គេចពន្ធ​មាន​សរុប​ប្រមាណ​ជា ៣ ៥០០ ០០០អឺរ៉ូ។

នៅ​ចំពោះ​វត្តមាន​លោក​កាអ៊ុយហ្សាក់ និង​ភរិយា តុលាការ​បាន​សម្រេច​កាត់ទោស​ដាក់​គុក​លោក​កាអ៊ុយហ្សាក់​ចំនួន ៣ឆ្នាំ និង​ភរិយា​ចំនួន ២ឆ្នាំ​ពី​បទ​គេចពន្ធ លាង​លុយកខ្វក់ និង​ផ្តល់​ព័ត៌មាន​ក្លែងក្លាយ។ តុលាការ​បាន​ចាត់​ទុក​ទង្វើ​ទាំង​អស់​នេះ​ជា​បទល្មើស​ព្រហ្មទ័ណ្ឌ​ដ៏​ធ្ងន់ធ្ងរ។ ក្រោយ​ការ​ប្រកាស​សាលក្រម​របស់​តុលាការ លោក​កាអ៊ុយហ្សាក​អង្គុយ​ចុះ​ដោយ​ឱនមុខ​ចុះ​មិន​និយាយ​ស្តី​អ្វី​មួយ​ម៉ាត់​ឡើយ។ តែ​មេធាវី​ម្នាក់​របស់​លោក​បាន​បញ្ចាក់​ឲ្យ​ដឹង​ពី​បំណង​ប្តឹង​ឧទ្ធរណ៍​របស់​គូស្រករ​លោក​កាអ៊ុយហ្សាក់។

យ៉ាង​ណា​ក៏​ដោយ រឿងរ៉ាវ​របស់​លោក​កាអ៊ុយហ្សាក់​បាន​ធ្វើ​ឲ្យ​កក្រើក​ពិភព​អ្នក​នយោបាយ​ជំនាន់​លោក​ប្រធានាធិបតី​ហ្រ្វង់ស័រ ហូឡង់ ហើយ​ការ​កាត់ទោស​លោក​កាអ៊ុយហ្សាក់​ពេល​នេះ​អាច​ជា​ការ​ព្រមាន​មួយ​សម្រាប់​អ្នកនយោបាយ​គេចពន្ធ​ផ្សេង​ទៀត។ គួរ​ជម្រាប​ជូន​ថា តាំង​ពី​ធ្លាយ​រឿងអាស្រូវ​គេចពន្ធ​លោក​កាអ៊ុយហ្សាក់​មក រដ្ឋាភិបាល​បារាំង​បាន​ពង្រឹង​វិធានការ​ប្រឆាំង​ការ​គេច​ពន្ធ​ដោយ​បង្កើត​ឡើង​នូវ​អាជ្ញាធរជាន់ខ្ពស់​ដើម្បី​តម្លាភាព​ជីវិត​មន្រ្តី​សាធារណៈ និង​ទីភ្នាក់ងារ​ប្រឆាំង​អំពើ​ពុករលួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ