អានតួអត្ថបទ
អង់គ្លេស

ការសិក្សា៖​សត្វខ្លារខិន​កំពុង​ប្រឈម​នឹង​ភាព​ផុត​ពូជ​ក្នុង​លោក

ការ​សិក្សា​មួយ​ចុះ​ផ្សាយ​ដោយ​ទស្សនាវដ្តី​វិទ្យាសាស្រ្ត​អាមរិកាំង​ឈ្មោះ Proceeding of the National Academy of Sciences បាន​ឲ្យ​ដឹង​ថា ខ្លារខិន​ដែល​ជា​សត្វ​ជើង ៤ រត់​លើ​ដី​លឿន​ជាង​គេ​ក្នុង​លោក​កំពុង​ឈាន​ទៅ​រក​ភាព​ផុតពូជ​ហើយ។ នៅ​ក្នុង​ន័យ​នេះ ទស្សនាវដ្តី​បាន​អំពាវនាវ​សហភាព​អន្តរជាតិ​ដើម្បី​អភិរក្ស​ធម្មជាតិ​ឲ្យ​ដក​សត្វ​ខ្លារខិន​ចេញ​ពី​ប្រភេទ​សត្វ​ដែល​ងាយ​រង​គ្រោះថ្នាក់​ទៅ​ជា​ប្រភេទ​សត្វ​ដែល​កំពុង​ជួប​គ្រោះថ្នាក់​វិញ។ កម្មវត្ថុ គឺ​ដើម្បី​ទប់ស្កាត់​ការ​វិនាស​ផុតពូជ​របស់​ខ្លារខិន។

ខ្លារខិន
ខ្លារខិន
ផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្ន​នៅ​ទូទាំង​ពិភពលោក នៅ​មាន​វត្តមាន​សត្វ​ខ្លារខិនស្ថិត​ក្នុង​សេរីភាព​ពេញលេញ​​មិន​ដល់ ៧ ១០០ក្បាល​ផង និង​ដែល​មាន ៩៩% កំពុង​រស់នៅ​លើ​ទឹកដី​អាហ្រ្វិក។ ទន្ទឹម​គ្នានេះ ទីធ្លា​ដែល​សត្វ​ជើង ៤​មួយ​នេះ​កំពុង​រស់នៅ​ក៏​មាន​ទំហំ​កាន់​តែ​តូច​ទៅៗ​ដែរ ពោល​នៅ​សល់​តែ​ជាង ៩% ប៉ុណ្ណោះ។ តួលេខ​នៃ​វត្តមាន​សត្វ​ខ្លារខិន​ចុះផ្សាយ​ដោយ​ទស្សនាវដ្តី​អាមេរិក​ពេល​នេះ​បាន​ធ្លាក់​ចុះ​ច្រើន បើ​ធៀប​នឹង​តួលេខ​ចុះ​ផ្សាយ​ដោយ​ក្រុមហ៊ុន​សត្តវិទ្យា​ក្នុង​ប្រទេស​អង់គ្លេស​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​ដែល​ថា ចំនួន​ខ្លារខិន​មាន​ប្រមាណ​ជា ១០០ ០០០ក្បាល​នៅ​ទូទាំង​ពិភពលោក​នា​ដើម​សតវត្សទី២០។

ក្រុមហ៊ុន​សត្តវិទ្យា​ក្នុង​ប្រទេស​អង់គ្លេស​ដដែល​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ជូនដំណឹង​ថា ខ្លារខិន​ដែល​ជា​សត្វ​ជើង ៤ រត់​លើ​ដី​លឿន​ជាង​គេ​ក្នុង​លោក​អាច​នឹង​ផុត​ពូជ​ឆាប់​រហ័ស ប្រសិន​បើ​គ្មាន​វិធានការ​ទប់​ស្កាត់​ទេ​នោះ។ ទាក់ទង​នឹង​ពូជ​ខ្លារខិន​អាស៊ី គេ​ឃើញ​មាន​នៅ​សល់​ចំនួន ៤៣ក្បាល​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់។ នៅ​ក្នុង​ប្រទេស​អាហ្រ្វិក​ស៊ីមបាវ៉េ ចំនួន​ខ្លារខិន​បាន​ធ្លាក់​ចុះ​ពី ១ ២០០ក្បាល​មក​នៅ​ត្រឹម ១៧០ក្បាល​ប៉ុណ្ណោះ​ក្នុង​រយៈពេល ១៦ឆ្នាំ ពោល​ធ្លាក់​ចុះ ៨៥%។

សូម​ជម្រាប​ជូន​ថា ពិត​មែន​តែ​ជា​សត្វ​ដែល​រត់លឿន​ជាង​គេ​ក៏​ដោយ ក៏​ខ្លារខិន​ត្រូវ​ការ​ទីធ្លា​ធំធេង​ដើម្បី​អាច​រត់​គេច​ផុត​ពី​ចំណី​របស់​សត្វ​មាន​ឥទ្ធិពល​ផ្សេង​ទៀត ដូច​ជា​សត្វ​តោ​ជា​ដើម។ ម្យ៉ាង​ទៀត និង​ដោយ​មាន ៧៧% កំពុង​រស់នៅ​ក្នុង​តំបន់​មិន​មាន​ការ ការពារ ខ្លារខិន​ក៏​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ងាយ​រងគ្រោះ​ថ្នាក់​ដោយសារ​សកម្មភាព​របស់​មនុស្ស។ នៅ​ក្នុង​ន័យ​នេះ និង​ដើម្បី​ទប់ស្កាត់​ការ​វិនាស​ផុតពូជ​របស់​ខ្លារខិន ទស្សនាវដ្តី​អាមេរិក​បាន​អំពាវនាវ​សហភាព​អន្តរជាតិ​ដើម្បី​អភិរក្ស​ធម្មជាតិ​ឲ្យ​ដក​សត្វ​ខ្លារខិន​ចេញ​ពី​ប្រភេទ​សត្វ​ដែល​ងាយ​រង​គ្រោះថ្នាក់​ទៅ​ជា​ប្រភេទ​សត្វ​ដែល​កំពុង​ជួប​គ្រោះថ្នាក់​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ