អន្តោប្រវេសន៍ ៖ អង្គការក្រៅរដ្ឋាភិបាលទាញសញ្ញាអាសន្ននៅសមុទ្ទមេឌីទេរ៉ាណេ
មានអន្តោប្រវេសន៍ឆ្លងសមុទ្ទមេឌីទែរ៉ាណេ ប្រថុយស្លាប់ ជារៀងរាល់ថ្ងៃ ដើម្បីបានមកអឺរ៉ុប ! អាកាសធាតុត្រជាក់ មិនបានបង្អាក់ដំណើររបស់ពួកគេឡើយ ! នេះជាសម្រែករបស់អង្គការសង្គ្រោះនៅមេឌីទែរ៉ាណេ អង្គការមួយក្នុងចំណោមអង្គការក្រៅរដ្ឋាភិបាលចំនួនពីរ ដែលនៅបន្តចាំជួយស្រោចស្រង់អន្តោប្រវេសន៍តាមទូក។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៤៩
នៅឆ្នាំនេះខុសពីឆ្នាំមុនៗ ជនអន្តោប្រវេសន៍នៅបន្តពុះពាររត់ឆ្លងសមុទ្ទមកអឺរ៉ុបដដែល មិនរង់ចាំដល់មេឃក្តៅបន្តិចទេ ! ហើយគិតត្រឹមពីដើមឆ្នាំមកប៉ុណ្ណោះ អង្គការសង្គ្រោះនៅ មេឌីទែរ៉ាណេ បានស្រោចស្រង់អន្តោប្រវេសន៍តាមទូកបាន៣៧៥នាក់។ ពួកគេមានគ្នារាប់សិបរយនាក់ កំពុងរិះរកមធ្យោបាយឆ្លងសមុទ្ទមេឌីទែរ៉ាណេបើទោះបីជាដឹងថាពេលនេះជារដូវត្រជាក់ក៏ដោយ។ នេះបើតាមការគូសបញ្ជាក់របស់នាយកអង្គការ ដែលប្រឹងដង្ហើយសុំអន្តរាគមន៍ និងជំនួយគាំទ្រមនុស្សធម៌ ព្រោះ បច្ចុប្បន្ននេះ មានទូកមនុស្សធម៌ធំតែមួយគត់ ចាំជួយ ក្នុងអំឡុងពេលរដូវត្រជាក់។
ក្នុងមួយឆ្នាំ២០១៦កន្លងទៅ មានអន្តោប្រវេសន៍ឆ្លងសមុទ្ទតាមទូក ប្រមាណ១៨១៤៣៦នាក់ បានមកដល់ត្រើយអ៊ីតាលី។ ជាចំនួនដ៏ច្រើនបំផុតមិនធ្លាប់មានទេ។ មកដល់ក៏ច្រើន ចំនួនអ្នកស្លាប់និងបាត់ខ្លួនក៏ច្រើនខ្លាំងបំផុតដែរ នៅឆ្នាំ២០១៦ ពោលគឺប្រមាណជាង៥ពាន់នាក់។
ចរន្តរត់មកអឺរ៉ុបតាមសមុទ្ទ មិនបានថមថយទេ ! ទូករខេករខាក បានចេញដំណើរចម្លងមនុស្សជារៀងរាល់ថ្ងៃ តែខ្លះក៏បានបាត់កណ្តាលមហាសាគរ។ គ្រាន់តែពេលនេះ គ្មាននរណាចាប់អារម្មណ៍និយាយទៀតឡើយ។ នេះជាការសោកសង្វេងរបស់លោកស្រីនាយកអង្គការសង្គ្រោះមេឌីទែរ៉ាណេ ដែលអំពាវនាវសុំឱ្យអាជ្ញាធរ និងមតិសាធារណៈ មានស្មារតីចងចាំថាសោកនាដកម្មក្នុងសមុទ្ទមេឌីទែរ៉ាណេបន្តមានជារៀងរាល់ថ្ងៃ។
អង្គការសង្គ្រោះមេឌីទេរ៉ាណេ ដែលអង្គការក្រៅរដ្ឋាភិបាល ដំណើរការបានដោយរំពឹងស្ទើរតែទាំងស្រុងលើវិភាគទានឯកជន កំពុងអំពាវនាវសុំជំនួយហិរញ្ញវត្ថុ ពីគ្រប់ទិសទី ព្រោះអង្គការមានថវិកាត្រឹមពីរខែទៀត នឹងអស់លទ្ធភាពចេញទូកទៅសង្គ្រោះអន្តោប្រវេសន៍ហើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ