អានតួអត្ថបទ
រូម៉ានី

វិបត្តិ​នយោបាយ​រូម៉ានី៖​លោក​ប្រធានាធិបតី​ស្នើ​ឲ្យ​លោក​នាយករដ្ឋមន្រ្តី​លា​ចុះ​ពី​តំណែង

នៅ​ក្នុង​ប្រទេស​រូម៉ានី វិបត្តិ​នយោបាយ​បាន​ជំរុញ​ឲ្យ​លោក​ប្រធានាធិបតី​ខ្លៅ យ៉ូហានីស (Klaus lohannis) ចូល​ខ្លួន​អន្តរាគមន៍​នា​រសៀល​ថ្ងៃ​អង្គារ ទី៧ កុម្ភៈ។ នៅ​ក្នុង​បទអន្តរាគមន៍​នោះ លោក​ឡូហានីស​បាន​បញ្ជាក់​ពី​បំណង​ចង់​ឃើញ​ការ​លា​ចុះ​ពី​តំណែង​របស់​លោក​នាយករដ្ឋមន្រ្តី​សូរីន គ្រីនដានូ។ សូម​ជម្រាប​ជូន​ថា វិបត្តិ​នយោបាយ​នៅ​រូម៉ានី​បាន​ផ្ទុះ​ឡើង ក្រោយ​ពី​លោក​សូរីន​បាន​បង្កើត​ឲ្យ​មាន​ច្បាប់​មួយ​ដើម្បី​បន្ធូរបន្ថយ​អំពើ​ពុករលួយ។ តែ​ពលរដ្ឋ​មិន​ទទួល​យក និង​បាន​ផ្លូវ​ធ្វើ​បាតុកម្ម​ប្រឆាំង​យ៉ាង​ខ្លាំងក្លា។

លោក​ប្រធានាធិបតី​រូម៉ានី ខ្លៅ យ៉ូហានីស (Klaus lohannis)
លោក​ប្រធានាធិបតី​រូម៉ានី ខ្លៅ យ៉ូហានីស (Klaus lohannis) Reuters
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ចំពោះ​មុខ​សភា​ដែល​លោក​ប្រធានាធិបតី​ខ្លៅ យ៉ូហានីស​បាន​បញ្ជាក់​ពី​បំណង​ចង់​ឃើញ​លោក​នាយករដ្ឋមន្រ្តី​សូរីន គ្រីនដានូ​ចុះចេញ​ពី​តំណែង។ តែ​លោក​នាយករដ្ឋមន្រ្តី​បាន​ឆ្លើយ​បក​វិញ​ដោយ​បញ្ជាក់​ជា​ថ្មី​ថា លោក​គ្មាន​បំណង​នឹង​លា​ចេញ​ពី​តំណែង និង​បន្ថែម​ថា លោក​នឹង​បង្ហាញ​ពី​ជំហរ​លំអិត​របស់​លោក​នៅ​ថ្ងៃ​ពុធ ទី៨ កុម្ភៈ​នេះ​នា​ឱកាស​ការ​ជជែក​តស៊ូមតិ​លើ​ញត្តិ​ចាប់ថ្នាក់​មួយ។ សូម​ជម្រាប​ជូន​ថា លោក​គ្រីនដានូ​បាន​បង្កើត​ឲ្យ​មាន​ច្បាប់​មួយ​ដែល​អនុញ្ញាត​ឲ្យ​ឥស្សរជននយោបាយ​ពុករលួយ​គេច​ផុត​ពី​សំណាញ់​តុលាការ។

តែ​បញ្ហា​នៅ​ត្រង់​ថា ច្បាប់​មួយ​បាន​បញ្ឆេះ​កំហឹង​របស់​ប្រជាពលរដ្ឋ​ឲ្យ​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ប្រឆាំង​យ៉ាង​គគ្រឹកគ្រេង​រហូត​ជំរុញ​ឲ្យ​លោក​គ្រីនដានូ​លប់​ច្បាប់​នោះ​ចោល​វិញ​កាល​ពី​ថ្ងៃ​អាទិត្យ ទី៥ កុម្ភៈ។ ក៏​ប៉ុន្តែ កំហឹង​របស់​ប្រជាពលរដ្ឋ​កំពុង​បន្ត​មាន​ដោយ​ទាមទារ​ឲ្យ​លោក​គ្រីនដានូ​ចុះចេញ​ពី​តំណែង​តែ​ម្តង។ លោក​ប្រធានាធិបតី​យ៉ូហានីស​បាន​យល់​ឃើញ​ថា ការ​លប់ច្បាប់​ចោល​វិញ ឬ​មួយ​ក៏​ការ​ដក​តំណែង​លោក​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ពិត​ជា​មិន​ទាន់​គ្រប់គ្រាន់​ដើម្បី​រំងាប់​កំហឹង​របស់​ប្រជាពលរដ្ឋ​បាន​ដែរ។

សម្រាប់​លោក​យ៉ូហានីស ដំណោះស្រាយ​នៃ​វិបត្តិ​មួយ​នេះ​ស្ថិត​នៅ​ផ្ទៃក្នុង​គណបក្ស​សង្គមប្រជាធិបតេយ្យ​ដែល​កំពុង​កាន់​អំណាច​របស់​លោក​គ្រីនដានូ។ លោក​យ៉ូហានីស​បាន​បន្ថែម​ថា ដំណោះស្រាយ​ដែល​លោក​ចង់​បាន​ដើម្បី​បញ្ចប់​វិបត្តិ គឺ​ការ​រំលាយ​រដ្ឋាភិបាល​សព្វថ្ងៃ ហើយ​គណបក្ស​សង្គមប្រជាធិបតេយ្យ​ត្រូវ​រៀបចំ​បង្កើត​រដ្ឋាភិបាល​ថ្មី​ជាមួយ​នឹង​រូប​នាយករដ្ឋមន្រ្តី​ថ្មី។ លោក​យ៉ូហានីស​បាន​គូសបញ្ជាក់​ថា គណបក្ស​សង្គមប្រជាធិបតេយ្យ​ដែល​បាន​ឈ្នះឆ្នោត​កាល​ពី​ខែ​ធ្នូ​ត្រូវ​តែ​ដឹកនាំ​ប្រទេស តែ​មិនមែន​ដឹកនាំ​តាម​តែ​ទំនើង​ចិត្ត​របស់​ខ្លួន​ឡើយ។

នៅ​ទីបញ្ចប់ លោក​ប្រធានាធិបតី​បាន​ព្រមាន​ថា បើ​គណបក្ស​កាន់អំណាច​ដែល​ជា​អ្នក​បង្កើត​វិបត្តិ ហើយ​បែរ​ជា​មិន​ព្រម​ដោះស្រាយ​ឲ្យ​បាន​ឆាប់រហ័ស​ទេ លោក​នឹង​កោះ​ហៅ​គណបក្សនយោបាយ​ផ្សេង​ទៀត​ដើម្បី​ពិគ្រោះ​យោបល់​ដោយ​ផ្អែក​តាម​សិទ្ធិអំណាច​របស់​ប្រធានាធិបតី។ សូម​ជម្រាប​ជូន​ថា​នៅ​រូម៉ានី អ្នក​ដែល​មាន​អំណាច​ពិត គឺ​នាយករដ្ឋមន្រ្តី ចំណែក​អំណាច​ប្រធានាធិបតី​គ្រាន់​ជា​អំណាច​និមិត្តរូប​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ