ស៊ុយអែតសុំការបំភ្លឺពីដូណាល់ ត្រាំ ដែលប្រកាសថាមានភេរវកម្មនៅស្តុកខុម
កាលពីថ្ងៃសៅរ៍ លោកដូណាល់ត្រាំ បានប្រកាសថាមានភេរវកម្មទាក់ទងនឹងអន្តោប្រវេសន៍ផ្ទុះឡើងនៅក្រុងស្តុកខុមប្រទេសស៊ុយអែត។ ប្រតិកម្មជាច្រើន បានធ្លាក់មកជាបន្តបន្ទាប់ភ្លាម និងបានធ្វើម្ចាស់ផ្ទះស៊ុយអែតផ្ទាល់ភ្ញាក់ផ្អើលយ៉ាងខ្លាំង។ នៅថ្ងៃអាទិត្យម្សិលមិញ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានកែសំដី ដោយអះអាងថា ភេរវកម្មដែលលោកបានលើកឡើងនោះ គឺលោកចង់សំដៅលើបទយកការណ៍ចាក់ផ្សាយនៅក្នុងកញ្ចក់ទូរទស្សន៍Fox Newsទេ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៤៤
ដោយចង់បង្ហាញថានយោបាយប្រយុទ្ធប្រឆាំងអន្តោប្រវេសន៍របស់លោកល្អ លោកដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ បានប្រកាសថាមាន ភេរវកម្មពាក់ព័ន្ធនឹងកំណើនអន្តោប្រវេសន៍ នៅស៊ុយអែត ៖ “មើលអ្វីដែលបានកើតនៅអាល្លឺម៉ង់ចុះ ! មើលស៊ុយអែត ដែលទើបរងគ្រោះភេរវកម្មកាលពីយប់មិញ។ នៅស៊ុយអែតណា ! តើមាននរណាដែលនឹងគិតដល់ទេ ?! ថាស៊ុយអែតដែលព្រមទទួលជនភៀសខ្លួនដ៏សន្ធឹកសន្ធាប់ បែរជាជួបបញ្ហាដែលមិនគួរកើត។”
ប៉ុន្តែតាមការពិតគ្មានហេតុការណ៍អ្វីកើតឡើងសោះនៅស៊ុយអែត។ ប្រសាសន៍របស់លោកត្រាំនេះ បានបង្កភាពស្រឡាំងកាំង និងប្រតិកម្មយ៉ាងខ្លាំង ពីខាងរដ្ឋាភិបាលស៊ុយអែត ដោយទាមទារឱ្យសេតវិមានពន្យល់បំភ្លឺ។ រដ្ឋមន្ត្រីការបរទេសបានបង្ហោះសារTwitter ព្រមានថាប្រជាធិបតេយ្យនិងការទូតត្រូវការការគោរពគ្នា គោរពវិទ្យាសាស្ត្រ គោរពការពិត និងគោរព ព័ត៌មាន។
ប្រឈមនឹងស្ថានភាពបែបនេះ លោកដូណាល់ត្រាំ បានបង្ហោះសារពន្យល់ថា សេចក្តីប្រកាសរបស់លោកទាក់ទងនឹងភេរវកម្មនៅស៊ុយអែត គឺសំដៅលើបទយកការណ៍ របស់ទូរទស្សន៍Fox News ស្តីពីអន្តោប្រវេសន៍នៅស៊ុយអែត។ Fox News ដែលមាននិន្នការគាំទ្រលោកត្រាំ បានចាក់ផ្សាយបទយកការណ៍មួយ នៅយប់ថ្ងៃសុក្រ រៀបរាប់អំពីកំណើនឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងវត្តមានជនភៀសខ្លួនលើទឹកដីស៊ុយអែត។ សេតវិមានបានគូសបញ្ជាក់ថា លោកត្រាំ គ្រាន់តែចង់បង្ហាញពីកំណើនអត្រាឧក្រិដ្ឋកម្មនិងកំណើនឧប្បត្តិហេតុប៉ុណ្ណោះ។
តែបើតាមស្ថិតិជាផ្លូវការ អត្រាឧក្រិដ្ឋកម្មនៅស៊ុយអែត បានធ្លាក់ចុះតាំងពីឆ្នាំ២០០៥មក ហើយប្រទេសបានទទួលជនអន្តោប្រវេសន៍និងភៀសខ្លួន មានទាំងជនជាតិស៊ីរី និងអ៊ីរ៉ាក់ផង ជាច្រើនរយនាក់។ លោក ដូណាល់ ត្រាំ បានរងការរិះគន់ជាច្រើនលើកច្រើនសាមកហើយ ក្នុងរឿងថ្លែងសុន្ទរកថាប្រឌិតរឿង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ