អានតួអត្ថបទ

បារាំង​ចាប់ផ្តើម​បង្កើត​រដ្ឋាភិបាល​ថ្មី

លោក​អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី​ថ្មី​របស់​បារាំង នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ បាន​តែងតាំង លោក​អេដ័រ ហ្វីលីព អ្នកនយោបាយ​មក​ពីក្រុម​ប្រឆាំង គឺ​គណបក្ស​សាធារណរដ្ឋ ឲ្យ​ធ្វើ​ជា​នាយករដ្ឋមន្រ្តី។ នៅ​ថ្ងៃ​អង្គារ​ទី ១៦ ឧសភា លោក​អេដ័រ ហ្វីលីព នាយករដ្ឋមន្រ្តី​ថ្មី មាន​នាទី បង្កើត​រដ្ឋាភិបាល​ដែល​មាន​រដ្ឋមន្រ្តី ជាង​១៥រូប។ ប៉ុន្តែ នៅ​រសៀល​ថ្ងៃ​អង្គារ​ដដែល វិមាន​ប្រធានាធិបតី​បាន​ប្រកាស​ពន្យារ​ពេល​ការប្រកាស​ទៅ​ថ្ងៃ​ពុធទី ១៧​ឧសភា​វិញ

លោក​ប្រធានាធិបតី​អេម៉ានុយអែល ម៉ាក្រុង​ និង​លោក​នាយករដ្ឋមន្រ្តី​ អេដ័រ ហ្វីលីព
លោក​ប្រធានាធិបតី​អេម៉ានុយអែល ម៉ាក្រុង​ និង​លោក​នាយករដ្ឋមន្រ្តី​ អេដ័រ ហ្វីលីព LOIC VENANCE / AFP
ផ្សាយពាណិជ្ជកម្ម

លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង មាន​ប្រភព​មកពី​គណបក្ស​ឆ្វេង កណ្តាល​និយម ប៉ុន្តែ លោក​បាន​តែងតាំង​មនុស្ស​មក​ពី​គណបក្ស​ប្រឆាំង គណបក្ស​ស្តាំនិយម ឲ្យ​ធ្វើ​ជា​នាយករដ្ឋមន្រ្តី​បង្កើតរដ្ឋាភិបាល​ថ្មី។ នេះ​ជារឿង​ដែល​មិន​ធ្លាប់​កើត​មាន​ទេ នៅ​ក្នុង​ប្រវត្តិសាស្រ្ត​នយោបាយ​បារាំង។ កន្លងមក ប្រធានាធិបតី​បារាំង ត្រូវ​បង្ខំចិត្ត ធ្វើការ​ជាមួយ​នាយករដ្ឋមន្រ្តី​មក​ពី​គណបក្ស​ប្រឆាំង ដោយសារ​តែ​គណបក្ស​របស់​ប្រធានាធិបតី​មិនអាច​ឈ្នះឆ្នោត ប្រមូល​បាន​សំឡេងភាគច្រើន​នៅ​រដ្ឋសភា។

 
ប៉ុន្តែ នៅក្នុង​អាណត្តិ​របស់​លោក​អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី​និង​នាយករដ្ឋមន្រ្តី​មក​ពី​គណបក្ស​នយោបាយ​ពីរ​ផ្ទុយគ្នា ចាប់ដៃ​ធ្វើការ​ជាមួយ​គ្នា ដោយ​គ្មាន​ការចាប់បង្ខំ តាំង​ពី​មុន មាន​ការបោះឆ្នោត​សភា។ លោក​អេម៉ានុយអែល ម៉ាក្រុង ដឹងថា គណបក្ស​របស់​លោក ដែល​ទើប​តែ​បង្កើតឡើង នៅ​តែ​ជាង​មួយឆ្នាំ​មុននេះ មិនទាន់​មាន​សមាជិក​ដែល​មាន​ប្រជាប្រិយភាព ធ្វើ​យុទ្ធនាការ អូសទាញ​អ្នកបោះឆ្នោត នៅក្នុង​ការបោះឆ្នោត​សភា នៅ​ខែ​មិថុនា​ខាងមុខនេះទេ។ ដើម្បី​សង្ឃឹមឈ្នះឆ្នោត​សភា នាពេល​ខាងមុខ ប្រធានាធិបតី​បារាំង​គឺ​មាន​តែ​លេង​សន្លឹកបៀរ អូសទាញ អ្នកនយោបាយ​ចាស់ៗ មក​ពី​គណបក្ស​ប្រឆាំង ឬ​គណបក្ស​សង្គមនិយម ដែល​ជា​គណបក្ស​កាន់​អំណាច​កន្លងមក ឲ្យ​មក​ចូលរួម​ក្នុង​រដ្ឋាភិបាល​ថ្មី តាំង​ពី​ដំបូងទី។

លោក​អេម៉ានុយអែល ម៉ាក្រុង បាន​សន្យា​បង្កើត​រដ្ឋាភិបាល​មួយ ប្រមូល​ផ្តុំ​ដោយ​អ្នកនយោបាយ មក​ពី​គ្រប់​និន្នាការ​នយោបាយ ក្នុង​នោះ​មាន​ផង សមាជិក​របស់បក្ស​ប្រឆាំង។ លោក​អេដ័រ ហ្វីលីព មក​ពី​គណបក្ស​ប្រឆាំង មិនដែល​បាន​ចូលរួម​ក្នុង​ចលនា​En Marche តាំង​ពី​ដំបូងទី​មែន ប៉ុន្តែ ដោយ​តែងតាំង​លោក​អេដ័រ ហ្វីលីព មក​ពី​គណបក្ស​សាធារណរដ្ឋ ដែល​ជា​គណបក្ស​ប្រឆាំង លោក​ប្រធានាធិបតី​ម៉ាក្រុង រំពឹង​អូសទាញ បាន​សំឡេង​ពី​ម្ចាស់ឆ្នោត ដែល​គាំទ្រ​គណបក្ស​ស្តាំនិយម នៅ​ស្រុក​បារាំង។

សម្រាប់​អ្នកវិភាគ​មួយចំនួន នយោបាយ​អូសទាញ​របស់​លោក​អេម៉ានុយអែល ម៉ាក្រុង គឺ​មាន​ន័យ​ស្មើ​នឹង​បំផ្លាញ គណបក្ស​ប្រឆាំង​ឲ្យ​បែកបាក់​ខ្ទេចខ្ទីរ​គ្មាន​សល់ ម្តងទៀត នៅបន្ទាប់​ពី​លោក​បាន​បំផ្លាញ​គណបក្ស​ឆ្វេងនិយម។ ជាក់ស្តែង លោក​អេដ័រ ហ្វីលីព មក​ពី​គណបក្ស​សាធារណរដ្ឋ ដែល​ជា​គណបក្ស​ប្រឆាំង។ ប៉ុន្តែ នៅពេល​ត្រូវ​តែងតាំង​ឲ្យ​ធ្វើ​ជា​នាយករដ្ឋមន្រ្តី​របស់​លោក​ម៉ាក្រុង លោក​អេដ័រ ហ្វីលីព ត្រូវ​មាន​កាតព្វកិច្ច​បង្កើត​រដ្ឋាភិបាល​មួយ ដែល​មាន​ទិសដៅ យកឈ្នះ លើ​គណបក្ស​ប្រឆាំង គណបក្ស​សាធារណរដ្ឋ​នៅក្នុង​ការបោះឆ្នោត​សភា​នាពេល​ខាងមុខ។ មន្រ្តី​បក្ស​ប្រឆាំង​សោកស្តាយ ដែល​ឃើញ​លោក​អេដ័រ ហ្វីលីព​ចុះចូល​ជាមួយ​លោក​ម៉ាក្រុង។ នៅក្នុង​លិខិត​មួយ​សរសេរ​នៅ​ថ្ងៃ​អង្គារ លោក​Luc Chatel មន្រ្តី​ជាន់ខ្ពស់​របស់​បក្ស​សាធារណរដ្ឋ​បាន​និយាយ​ថា លោក​អេដ័រ ហ្វីលីព​កំពុង​ចូលរួម ចូលដៃ ជួយ​គណបក្ស​របស់​ប្រធានាធិបតី ឲ្យ​សម្លាប់​គណបក្ស​ប្រឆាំង ដែល​ជា​គណបក្ស​កំណើត​របស់​លោក​អេដ័រ ហ្វីលីព​យ៉ាង​ដូច្នេះ​ឯង។

ញតិ្ត​របស់​បក្ស​ប្រឆាំង ទាមទារ​ឲ្យ​គេ​ចាប់ដៃ​ធ្វើជាមួយ​រដ្ឋាភិបាល​
នៅក្រោយពេល​ដែល​ លោក​អេដ័រ ហ្វីលីព​មក​ពី​គណបក្ស​ប្រឆាំង ត្រូវ​បាន​លោក​ម៉ាក្រុង ជ្រើសរើស​ឲ្យ​ធ្វើ​ជា​នាយករដ្ឋមន្រ្តី​បង្កើត​រដ្ឋាភិបាល​ថ្មី សមាជិក​របស់​បក្ស​ស្តាំ និង​កណ្តាល​និយម​ផ្សេងទៀត បាន​ចេញ​មុខ ចង់​ចូលរួម​ជាមួយ​រដ្ឋាភិបាល​របស់​លោក​ម៉ាក្រុង​ដែរ។ សម្រាប់​ពួកគេ ការប្តូរឈ្មោះ​គណបក្ស ដូចជា​ការផ្លាស់ប្តូរ​អាវ មិន​សំខាន់ទេ។ អ្វី​ដែល​សំខាន់ គឺ​គេ​អាច​ធ្វើការ​បម្រើ​ជាតិ។

នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ សមាជិក​សំខាន់ៗ របស់​បក្ស​សាធារណរដ្ឋ និង​បក្ស​កណ្តាល​និយម​ដូចជា​UDI ប្រមាណ ៣០​នាក់ បានចុះ​ហត្ថលេខា​លើ​ញត្តិ មួយដែល​ទាមទារ​ឲ្យ​សមាជិក​របស់​បក្ស​ប្រឆាំង ពិចារណា​ទទួល​យក​ការបោះដៃ​របស់​ប្រធានាធិបតី​ម៉ាក្រុង។ លោក​Bruno Le Maire ជាដើម​ដែល​ធ្លាប់​ជា​បេក្ខជន​ប្រធានាធិបតី​របស់​បក្ស​សាធារណរដ្ឋ ត្រូវ​គេ​រំពឹង​ថា នឹង​អាច​ទទួល​តំណែង​សំខាន់ ដូចជា​ការបរទេស ឬ​ការពារ​ជាតិ នៅក្នុង​រដ្ឋាភិបាល​របស់​លោក​ម៉ាក្រុង។

វាយតម្លៃ​សមត្ថភាព​របស់​រដ្ឋមន្រ្តី​ជាទៀងទាត់ នៅ​រៀងរាល់​ឆ្នាំ
លោក​ម៉ាក្រុង​ធ្លាប់​បាន​សន្យា​បង្កើត​ក្រុមអ្នកនយោបាយ​ថ្មី នៅក្នុង​អាណត្តិ​របស់​លោក។ ជាក់ស្តែង លោក​អេដ័រ ហ្វីលីព ដែល​ត្រូវ​លោក​ម៉ាក្រុង​តែងតាំងជា​នាយករដ្ឋមន្រ្តី នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ ជា​ចៅហ្វាយស្រុក​មួយ ដែល​គេ​មិនធ្លាប់ ឃើញ កន្លងមក នៅ​តាម​ទូរទស្សន៍ និង​ដែល​មិន​ដែល​ធ្លាប់​ចូលរួម​ដឹកនាំ​ក្នុង​រដ្ឋាភិបាល​កន្លងមក។

លោក​ប្រធានាធិបតី ម៉ាក្រុង អះអាង​ហើយ​ថា អ្នកដែល​ចូលរួម​ក្នុង​រដ្ឋាភិបាល​របស់​ជាមនុស្ស​ដែល​ស្អាតស្អំ គ្មាន​ជាប់​ប្រឡាក់​នឹងរឿង​ក្តីក្តាំ​នៅ​តុលាការ។ លោក​ជ្រើសរើស​សមាជិក​របស់​រដ្ឋាភិបាល ដោយ​មើល​ទៅលើ​សមត្ថភាព បទពិសោធន៍។ លោក​ម៉ាក្រុង​បាន​បញ្ជាក់ថា មនុស្ស​ដែល​មក​ធ្វើការ​នៅក្នុង​រដ្ឋាភិបាល​របស់លោក គឺ​ជាមនុស្ស​ដែល​ធ្លាប់​មាន​បទពិសោធន៍​ធ្វើការ​នៅក្នុង​ស្ថាប័ន​រដ្ឋ ដូចជា​ចៅហ្វាយក្រុង ដែល​ធ្វើការ​ជិតស្និទ្ធ ដឹង​ពី​សុខទុក្ខ​របស់​ប្រជាជន។ ដូច្នេះ លោក​នឹង​មិន​ស្វាគម​ទេ អ្នកដែលមាន​តួនាទី​ត្រឹម​តំណាងរាស្រ្ត ​ដែល​មិន​ធ្លាប់​ចុះ​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​ប្រជាជន​នោះទេ។

លោក​ម៉ាក្រុង​បាន​បំបែកប្រព័ន្ធ​នយោបាយ ទំនៀមទម្លាប់​ចាស់​របស់​បារាំង ដោយ​បាន​បើក​ចំហរ​ឲ្យ​មនុស្ស​គ្រប់គ្នា អាច​ចូលរួម​ធ្វើ​នយោបាយ។ ជាក់ស្តែង បើ​មើល​ទៅលើ​បញ្ជីរ​ គណបក្ស​សាធារណរដ្ឋ​En Marche របស់​លោក​ម៉ាក្រុង បេក្ខជន​ដែលឈរ​ឈ្មោះ សម្រាប់​ការបោះឆ្នោត​សភា គឺ​មាន​លាយ​ចម្រុះ ដោយ​អ្នកសេដ្ឋកិច្ច អ្នកនយោបាយ និស្សិត សិល្បករ ឬ​អ្នកគ្មាន​ការងារ​ក៏មាន។ ម្យ៉ាងវិញ​ទៅ ដើម្បី​ធានា​ភាពស្មើគ្នា ក្នុង​ពិភពការងារ លោក​ម៉ាក្រុង​បាន​សន្យា​ផងដែរ​នូវការចូលរួម ពាក់កណ្តាល​របស់​មនុស្ស​ស្រី នៅក្នុង​ជួរ​រដ្ឋាភិបាល​របស់​លោក។ លើសពីនោះ មួយភាគបី​នៃ​សមាជិក​របស់​រដ្ឋាភិបាល មាន​ប្រភព​មក​ពី​សង្គម​ស៊ីវិល ដូចជា​អ្នកជំនួញ ជាដើម។ ដើម្បី​ធានា​ប្រសិទ្ធិភាព​ការងារ របស់​រដ្ឋាភិបាល​របស់​លោក លោក​ម៉ាក្រុង​បាន​ទាមទារ​ឲ្យ​មាន​ការវាយតម្លៃ​ជាប្រចាំ ​លើ​សមត្ថភាព​របស់​មន្រ្តី រដ្ឋាភិបាល។

លោកម៉ាក្រុង​បាន​និយាយ​ថា នៅក្រោយ​ពេល​វាយតម្លៃ​សមត្ថភាព លោក​នឹង​សម្រេច​ជាមួយ​នាយករដ្ឋមន្រ្តី នៅ​រាល់​មួយ​ឆ្នាំ​ម្តងថា តើ​រដ្ឋមន្រ្តី​ណា ដែល​ត្រូវ​ទុក ត្រូវ​ដកចេញ​ពី​តំណែង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ