អានតួអត្ថបទ
រុស្ស៊ី

ចៅក្រមបារាំងចោទប្រកាន់សមាជិកសភារុស្ស៊ី ក្នុងបទបន្លំ គេចពន្ធ

សមាជិក​ព្រឹទ្ធសភា រុស្ស៊ី លោក Souleïma Kerimov នៅ​ថ្ងៃ​ព្រហស្បតិ៍ នេះ​ត្រូវ​បាន​ចៅក្រម​ស៊ើបអង្កេត​បារាំង​សម្រេច​ចោទប្រកាន់​ជាផ្លូវការ និង​ដកហូត​លិខិត​ឆ្លងដែន មិន​ឲ្យ​ចាកចេញ​ពី​ទឹកដី​បារាំង។ ជា​មហាសេដ្ឋី មាន​ប្រាក់​រាប់ពាន់​លាន​ដុល្លារ និង​ជាម្ចាស់​អចលនទ្រព្យ​ច្រើន​កន្លែង នៅ​ភាគខាងត្បូង​បារាំង លោក​ Souleïma Kerimov ត្រូវ​បាន​រដ្ឋអាជ្ញា​បារាំង​ចោទប្រកាន់​បាន​លួច​បន្លំ គេច មិន​បង់ពន្ធ​រដ្ឋ។

មហាសេដ្ឋី និង​ជា​សមាជិក​ព្រឹទ្ធសភា​រុស្ស៊ី លោក Suleiman Kerimovនៅ​ឆ្នាំ ២០១២
មហាសេដ្ឋី និង​ជា​សមាជិក​ព្រឹទ្ធសភា​រុស្ស៊ី លោក Suleiman Kerimovនៅ​ឆ្នាំ ២០១២ © REUTERS/Stringer/File Photo
ផ្សាយពាណិជ្ជកម្ម

សមាជិក​ព្រឹទ្ធសភា​រុស្ស៊ី លោក Souleïma Kerimov ត្រូវ​បាន​អាជ្ញាធរ​បារាំង ចាប់ឃាត់​ខ្លួន នៅ​ថ្ងៃ​ចន្ទ នៅព្រលាន​យន្តហោះ​ក្រុង​នីស​ភាគខាងត្បូង​បារាំង។ ផ្ទុយ​ពី​រដ្ឋអាជ្ញា​របស់​បារាំង ដែល​បានទាមទារ​ឲ្យ​មាន​ការចាប់ឃុំខ្លួន​បណ្តោះអាសន្ន ចៅក្រម​ស៊ើបអង្កេត​បាន​សម្រេច​ត្រឹម​ដកហូត​លិខិត​ឆ្លងដែន និង​តម្រូវ​ឲ្យ​សមាជិក​ព្រឹទ្ធសភា រុស្ស៊ី​បង់​តម្កល់​ប្រាក់ ៥លាន​អឺរ៉ូ។

ការសម្រេច​របស់​តុលាការ​បារាំង​បាន​បង្ក​ឲ្យ​មានក្តីខឹងសម្បារ​របស់​ក្រុង​ម៉ូស្គូ។ សភា​រុស្ស៊ី​បាន​បោះឆ្នោត​លើ​សេចក្តី​សម្រេច ដែល​បរិហារ លើ​ការរំលោភ​សន្ធិសញ្ញា​ក្រុង​វីយ៉ែន​ដែល​ចែង​ពី​អភ័យឯកសិទ្ធិ​របស់​មន្រ្តីការទូត។ តាម​អ្នកនាំពាក្យ​របស់​វិមាន​ក្រេមឡាំង រុស្ស៊ី នឹង​ធ្វើគ្រប់យ៉ាង​ដើម្បី​ការពារ​សិទ្ធិ តាមផ្លូវច្បាប់​របស់​លោក Souleïma Kerimov ដែល​ជា​សមាជិក​ព្រឹទ្ធសភា និង​ជាពលរដ្ឋ​រុស្ស៊ី។ ក្រសួងការបរទេស​បារាំង​វិញ​បាន​ប្រតិកម្ម​ថា នៅក្នុង​ដំណើរ​ផ្លូវ​ឯកជន លោក​ Souleïma Kerimov​ដែល​ជា​មហាសេដ្ឋី មាន​ប្រាក់​រាប់ពាន់​លាន​អឺរ៉ូ មិន​បាន​ប្រើ​លិខិត​ឆ្លងដែន​ការទូត នៅពេល​លោក​ធ្វើដំណើរ​ចូល​ក្នុង​ទឹកដី​បារាំង នៅ​ថ្ងៃ​ចន្ទ​នោះទេ។

លោក​​ Souleïma Kerimov អាយុ ៥១​ឆ្នាំ ត្រូវ​បាន​ទស្សនាវដ្តី Forbes ចាត់ទុក​ចូល​ក្នុង​ចំណាត់​ថ្នាក់ លេខ​២១ ជា​មហាសេដ្ឋី ដែល​មាន​ប្រាក់​ច្រើន​ជាងគេ ៧ពាន់​លាន​ដុល្លារ។ លោក​ Souleïma Kerimov បាន​ទាញ​យក​ប្រយោជន៍​ពីការដួលរលំ​នៃ​សហភាព​សូវៀត​ដើម្បី គ្រប់គ្រង​សហគ្រាសផលិត​ជីគីមី​ធំជាងគេ​លើ​ពិភពលោក។ ជា​ម្ចាស់​ក្លិប​បាល់ទាត់ និងម្ចាស់​អណ្តូងរ៉ែ​មាស មហាសេដ្ឋី និង​ជា​សមាជិក​ព្រឹទ្ធសភា​រុស្ស៊ី​រូបនេះ បាន​ចំណាយ​លុយ​រាប់លាន​អឺរ៉ូ ដើម្បី​ទិញ វីឡា និង​អចលនទ្រព្យ​សំខាន់ៗ​ជាច្រើន នៅ​ភាគខាងត្បូង​ប្រទេស​បារាំង។ ការចោទប្រកាន់​លើ​សមាជិក​ព្រឹទ្ធសភា​រុស្ស៊ី ធ្វើឡើង​នៅក្រោយ​ការស៊ើបអង្កេត ប្រមាញ់​រយៈពេល​៣​ឆ្នាំ របស់​ប៉ូលិស​ប្រឆាំង​ការគេចពន្ធ​របស់​បារាំង។ តាម​អាជ្ញាធរ​ពន្ធដារ​បារាំង មហាសេដ្ឋី​រុស្ស៊ី បាន​បន្លំ ប្រើជនជាតិ​បារាំង និង​ស្វ៊ីស ដើម្បី ទិញ អចលនទ្រព្យ នៅបារាំង និង​បាន​កុហក មិន​ប្រកាស​តម្លៃ​ទ្រព្យសម្បត្តិ​ពិតប្រាកដ ដើម្បី​លួច គេច​មិន​បង់ពន្ធ​រដ្ឋបារាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ