អានតួអត្ថបទ
បារាំង-អាហ្រ្វិក

លោក​ប្រមុខរដ្ឋ​បារាំង​អេម៉ានុយអែល ម៉ាក្រុង​ផ្តើម​ទស្សនកិច្ច​មួយជុំ​ទ្វីបអាហ្រ្វិក​លើកទី១

នៅ​ថ្ងៃ​ចន្ទ ទី២៧ វិច្ឆិកា លោក​ប្រធានាធិបតី​បារាំង​អេម៉ានុយអែល ម៉ាក្រុង​ផ្តើម​ទស្សនកចិ្ច​មួយ​ជុំ​ទ្វីបអាហ្រ្វិក។ នេះ​ជា​ទស្សនកិច្ច​លើកទី១ តាំង​ពី​លោក​ឡើង​កាន់​តំណែង​ប្រធានាធិបតី​បារាំង។ មាន​ប្រទេស​អាហ្រ្វិក​ចំនួន ៣ គឺ​បួគីណា ហ្វាសូ កូតឌីវ័រ និង​ប្រទេស​ហ្កាណា​ដែល​លោក​ម៉ាក្រុង​អញ្ជើញ​ទៅ​ធ្វើ​ទស្សនកិច្ច។ គោលដៅ គឺ​ពង្រឹង​ឡើង​វិញ​នូវ​ទំនាក់ទំនង​រវាង​បារាំង និង​អាហ្រ្វិក ពិសេស​ស្តារ​ឡើង​វិញ​នូវ​រូបភាព និង​ឥទ្ធិពល​របស់​បារាំង​នៅ​ក្នុង​តំបន់។ ក្រៅ​ពី​នោះ លោក​ម៉ាក្រុង​ក៏​និយាយ​ផង​ដែរ​ពី​ភាព​ជា​ដៃគូ​ក្នុង​វិស័យ​សេដ្ឋកិច្ច ឧស្សាហកម្ម អប់រំ កីឡា និង​ថាមពល​កើតឡើងវិញ។

លោក​ប្រធានាធិបតី​បារាំង Emmanuel Macron
លោក​ប្រធានាធិបតី​បារាំង Emmanuel Macron 路透社。
ផ្សាយពាណិជ្ជកម្ម

ប្រទេស​អាហ្រ្វិក​ដែល​លោក​ម៉ាក្រុង​ទៅ​ទស្សនកិច្ច​មុន​គេ គឺ​បួគីណា ហ្វាសូ​ដែល​លោក​ម៉ាក្រុង​ត្រូវ​ឡើង​ថ្លែង​សុន្ទកថា​នយោបាយ​នៅ​ចំពោះ​មុខ​និស្សិត​ប្រមាណ​ជា ៨០០នាក់​ក្នុង​មហាវិទ្យាល័យ Ouagadougou នា​ថ្ងៃ​អង្គារ ទី២៨ វិច្ឆិកា ហើយ​ត្រូវ​ឆ្លើយ​នឹង​សំណួរ​របស់​និស្សិត​ទាំង​នោះ។ វិមាន​ប្រធានាធិបតី​បារាំង​បាន​ទទួល​ស្គាល់​ថា វត្តមាន​មហាជន​ជា​និស្សិត​នា​ឱកាស​នោះ​មិន​មែន​ជា​រូបភាព​ល្អ​ប៉ុន្មាន​ទេ​សម្រាប់​បារាំង ពិសេស​តាំង​ពី​លោក Blaise Compaoré ត្រូវ​បាន​បាតុករ​មហាជន​ទម្លាក់​ពី​អំណាច​ប្រធានាធិបតី​បួគីណា ហ្វាសូ​ក្នុង​ឆ្នាំ ២០១៤ និង​ដែល​បារាំង​បាន​ជួយ​អន្តរាគមន៍​ជម្លៀស​លោក Blaise Compaoré ឲ្យ​ទៅ​ជ្រកកោណ​ក្នុង​ប្រទេស​កូតឌីវ័រ។

ទន្ទឹម​គ្នា​នេះ បួគីណា ហ្វាសូ​ក៏​បាន​ទាមទារ​បារាំង​ឲ្យ​ចាប់​បញ្ជូន​ប្អូនប្រុស​លោក Blaise Compaoré គឺ​លោក François Compaoré ទៅ​ឲ្យ​អាជ្ញាធរ​បួគីណា ហ្វាសូ​វិញ។ លោក François Compaoré ដែល​កំពុង​ជាប់ដីការ​ចាប់​ខ្លួន​អន្តរជាតិ​បាន​ជាប់​ចោទ​ពី​បទឃាតកម្ម​សម្លាប់​អ្នកកាសែត​ម្នាក់​កាល​ពី​ឆ្នាំ ១៩៩៨។ នា​ឱកាស​វត្តមាន​លោក​ម៉ាក្រុង​ក្នុង​ទឹកដី​បួគីណា ហ្វាសូ អង្គការ​ក្នុង​ស្រុក​ជា​ច្រើន​បាន​អំពាវនាវ​ឲ្យ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​ទាហាន​បារាំង ការ​បូម​យក​ធនធាន​ធម្មជាតិ​ពី​សំណាក់​រោងចក្រ សហគ្រាស​បារាំង និង​ការ​រក្សា​ទុក​រូបិយប័ណ្ណ Franc CFA សល់​ពី​សម័យ​អាណានិគម។

បន្ទាប់​ពី​បួគីណា ហ្វាសូ លោក​ម៉ាក្រុង​បន្ត​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​កូតឌីវ័រ​ដើម្បី​ចូលរួម​ជំនួបកំពូល​អឺរ៉ុប អាហ្រ្វិក។ អាទិភាព​របស់​លោក​ម៉ាក្រុង​នៅ​ក្នុង​ជំនួបកំពូល​អឺរ៉ុប អាហ្រ្វិក គឺ​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​អឺរ៉ុប​សម្រាប់​កម្លាំង​ប្រយុទ្ធប្រឆាំង​ភេរវនិយម​នៅ​ក្នុង​តំបន់ Sahel និង​សម្រាប់​យុទ្ធនាការ​ប្រឆាំង​នឹង​ក្រុម​ឈ្មួញ​នាំ​ជនអន្តោប្រវេសន៍​មក​កាន់​អឺរ៉ុប​ដែល​មាន​ជនអន្តោប្រវេសន៍​ខ្លះ​ត្រូវ​បាន​គេ​ទិញ លក់​ដូច​ជា​ទាសករ។ ប្រទេស​ចុង​ក្រោយ​នៃ​ទស្សនកិច្ច​របស់​លោក​ម៉ាក្រុង គឺ​ហ្កាណា​ដែល​មិនមែន​ជា​ប្រទេស​និយាយ​ភាសា​បារាំង​ទេ តែ​លោក​ម៉ាក្រុង​ចង់​បង្ហាញ​ពី​ការ​ខិត​ចូលជិត​របស់​បារាំង​ជាមួយ​ប្រទេស​អាហ្រ្វិក​ផ្សេង​ដែល​មិនមែន​ជា​អតីត​អាណានិគម​បារាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ