អានតួអត្ថបទ

សន្និសីទ​អន្តរជាតិ​ស្តី​ពី​ជំងឺ​អេដស៍ បារម្ភ​ពីការ​ងើប​ឡើង​វិញ​នៃ​ការឆ្លង​មេរោគ​ហ៊ីវ

សន្និសីទ​អន្តរជាតិ​ស្តីពី​ជំងឺ​អេដស៍​ឈាន​ចូល​ដល់​ថ្ងៃ​ទី២។ ​សន្នីសីទ​ពេញ​អង្គ ដែល​មាន​តំណាង​ប្រតិភូ​រាប់​ពាន់​នាក់ ចូល​រួម ​បាន​ចាប់ផ្តើម​ជជែកគ្នា​អំពី​សំណុំរឿង​ស្នូល ស្តី​អំពី​ក្តីបារម្ភ ចំពោះ​​ការ​ងើបឡើងវិញ​នៃ​ការឆ្លង​មេរោគ HIV ។ ចំនួន​​មនុស្ស​ ឆ្លង​​វីរ៉ុស​ហ៊ីវ បាន​កើន​ឡើង​ដល់​កំរិត​កំពូល ពោល​គឺ​ប្រមាណ​ជិត ៣៧​លាននាក់ នៅ​ទូទាំងពិភពលោក។

សន្និសីទ​អន្តរជាតិ​ស្តី​អំពី​ជំងឺ​អេដស៍​លើក​ទី​២២​នៅទីក្រុង​អាំស្ទែរដាំ ពី​ថ្ងៃទី ២២-២៧ កក្កដា ២០១៨
សន្និសីទ​អន្តរជាតិ​ស្តី​អំពី​ជំងឺ​អេដស៍​លើក​ទី​២២​នៅទីក្រុង​អាំស្ទែរដាំ ពី​ថ្ងៃទី ២២-២៧ កក្កដា ២០១៨ © Reuters
ផ្សាយពាណិជ្ជកម្ម

លែង​សូវ​ប្រុង​ប្រយ័ត្ន​ក្នុង​កិច្ចការពារ បូកផ្សំ​នឹងកញ្ចប់ថវិកា​អន្តរជាតិ​ចុះ​ថយ ការ​ឆ្លង​មេរោគ​ហ៊ីវ បាន​ស្ទុះ​​ងើប​ឡើង​វិញ ! នេះ​ជា​ការព្រួយបារម្ភ​របស់​អ្នក​ស្រាវជ្រាវ សកម្មជន​និង​អ្នក​មាន​ផ្ទុក​វីរ៉ុស​ហ៊ីវ រាប់​ពាន់​នាក់ ដែល​បាន​និង​កំពុង​ជួប​ជុំ​គ្នាក្នុង​​សន្និសីទ​អន្តរជាតិ​ស្តី​អំពីជំងឺ​អេដស៍​​ តាំង​ពី​ថ្ងៃ​ចន្ទមក។ នៅ​ក្នុង​ប្រទេសមួយ​ចំនួន​ផ្សេង​​ខ្លះ​ទៀត ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​ការ​ចម្លង​មេរោគ​ហ៊ីវ ឬ​ស៊ីដា គឺ​បណ្តាល​មក​ពី​ការ​រឹត​បន្តឹង​ច្បាប់​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​គ្រឿង​ញៀន​ ទើបមាន​ការ​​ប្រើប្រាស់​ម្ជុល​រួម​គ្នា​ច្រើន។ នេះ​បើ​តាម​ការ​អះអាង​របស់​អង្គសន្និសីទ​ដដែល។

បើ​តាម​សេចក្តី​ប្រកាស​របស់​ប្រធាន​សហគ្រាស​អន្តរជាតិ​ស្តី​ពី​ជំងឺ​អេដស៍ តំបន់​ដែល​បន្ត​មាន​កំណើន និង​អ្នក​ឆ្លង​មេរោគ​ហ៊ីវ​ច្រើន​ជាង​គេ ក្នុង​កំរិត​ដល់​ទៅ ៣០% គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១០មក គឺ​តំបន់​អឺរ៉ុប​ខាង​កើត និង​អាស៊ី​កណ្តាល ព្រមទាំង​រុស្ស៊ីផង។ ការ​ចាក់​គ្រឿង​ញៀន​ ជា​មូលហេតុ​ដ៏​សំខាន់​នៃ​កំណើន​សម្រាប់​តំបន់​នេះ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ក្រុម​សមាគមប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍ បាន​ស្នើ​ទៅ​កាន់​សន្និសីទ​អន្តរជាតិ​លើក​ទី​២២​នេះ ឱ្យ​ធ្វើ​យុទ្ធនាការ​ ក្រោម​ពាក្យ​ស្លោក​ថា “ថាទេនឹង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន"។​

បច្ចុប្បន្ន​នេះ ​ពិភពលោករាប់​ឃើញ​មាន​អ្នក​ឆ្លង​មេរោគ​អេដស៍ ដល់​ទៅ ជិត​៣៧លាន​នាក់។ ជា​ចំនួន​ដ៏​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ទេ។ មាន​ន័យ​ថា​កម្មវត្ថុ​របស់​អង្គការ​សហប្រជាជាតិ​​ ចង់​ទប់​ស្កាត់​មិន​ឱ្យ​មានចម្លង​មេរោគ​ស៊ីដា​ថ្មី នៅ​ឆ្នាំ​២០២០ មិន​អាច​សម្រេច​បាន​ទេ ព្រោះ​នៅ​មាន​តំបន់​ជា​ច្រើន​លើ​ភពផែន​ដី ដែល​ប្រជាពលរដ្ឋ​គ្មាន​មធ្យោបាយ​ទទួល​បាន​សេវា​ការពារ និង​សេវាព្យាបាល។

ថ្វី​បើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​វិវឌ្ឍ​លឿន​ខ្លាំង​ក៏​ដោយ ក៏​ប៉ុន្តែ​ដំណើរ​​បិទ​បញ្ចប់​ជំងឺ​ស៊ីដា នៅ​យឺត​ខ្លាំងណាស់។ ដើម្បី​​​លុប​បំបាត់​ការ​​គំរាមកំហែង​នៃ​ជំងឺអេដស៍ចំពោះ​​​សុខភាព​សាធារណៈ​ ឱ្យ​បាន នៅ​ឆ្នាំ​២០៣០ ​អង្គការ​សហប្រជាជាតិ នៅ​ខ្វះ​ថវិកា​ប្រមាណ​ដល់​៧ពាន់​លាន ក្នុង​មួយឆ្នាំៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ