អានតួអត្ថបទ
បារាំង-អង់គ្លេស-កាណាដា​

ប្រមុខ​​រដ្ឋ​​បារាំង​​​​​​​​៖ការ​​​​​អប់រំ​​​​​​​​​​​ក្មេងស្រី​​​​ជា​កាតព្វកិច្ច​ចំបង​​របស់​​​ពិភពលោក​​​​​​

ប្រធានាធិបតី​​បារាំង​ នាយក​រដ្ឋ​មន្ត្រី​​អង់គ្លេស​​និង​​នាយក​រដ្ឋមន្ត្រី​​កាណាដា​​ បាន​​អំពាវនាវ​​កាលពី​​ម្សិលមិញ​អោយ​​​បណ្តា​​ប្រទេស​​នៅ​​លើ​​ពិភពលោក​​​ បង្កើន​​ការ​​ខិតខំ​​ប្រឹងប្រែង​​ជា​ទ្វេ​គុណ​​​ដើម្បី​​អោយ​​​ក្មេង​ស្រី​​រាល់​រូប​​​បាន​ទទួលការ​អប់រំ​យ៉ាង​ត្រឹមត្រូវ​។​​

​លោក  Emmanuel Macron​ នៅ​ក្នុងសន្និសីទសាព័ត៌មានមួយ​នៅ​ឱកាសសម័យប្រជុំលើកទី៧៣​​​របស់ អ.ស.ប. នៅទីស្នាក់ការ​នៅ​ទីក្រុង​ New York អាមេរិក​ថ្ងៃ​ទី​២៥​កញ្ញា​២០១៨​
​លោក Emmanuel Macron​ នៅ​ក្នុងសន្និសីទសាព័ត៌មានមួយ​នៅ​ឱកាសសម័យប្រជុំលើកទី៧៣​​​របស់ អ.ស.ប. នៅទីស្នាក់ការ​នៅ​ទីក្រុង​ New York អាមេរិក​ថ្ងៃ​ទី​២៥​កញ្ញា​២០១៨​ 路透社。
ផ្សាយពាណិជ្ជកម្ម

លោក Emmanuel Macron ​លោកស្រី​ Theresa May និង​ លោក Justin Trudeau បាន​​អំពាវនាវរួមគ្នា​កាលពី​​ម្សិលមិញ អោយ​​អ្នកដឹកនាំ​​​​ក្នុង​ពិភពលោក បង្កើន​ការ​ខិតខំ​ប្រឹងប្រែង​ថែមទៀត​​​ ដើម្បី​អោយ​​​ក្មេងស្រី​នៅក្នុង​​ពិភពលោកទំាងមូល​​​ បាន​ទទួល​ការ​អប់រំ​​យ៉ាង​ត្រឹមត្រូវ។

ជាការ​អំពាវនាវ​មួយ​ដែល​ថ្នាក់​ដឹកនាំ​បារាំង អង់គ្លេស​និង​កាណាដា ​បាន​ធ្វើ​ឡើង​នៅ​ក្រៅ​ក្របខ័ណ្ឌ​នៃ​​មហាសន្និបាត​ប្រចាំ​ឆ្នាំ​​របស់​អ.ស.ប. នៅ​ទីក្រុង​ញូយ៉ក។ ប្រមុខ​ដឹកនាំ​ទាំង​​៣​រូប​នោះ បាន​ថ្លែង​សង្កត់​ពាក្យ​ទៀត​ថា​ បើសិនជា​ក្មេងស្រី​នៅ​លើ​លោក​ ពុំ​បាន​ទទួល​ការ​អប់រំ​​យ៉ាងត្រឹមត្រូវ​​​ទេនោះ ​ប្រជាជាតិ​នៅ​លើ​លោក​ ទៅថ្ងៃមុខទៅ ​​នឹង​​​ខាត​បង់​​ផលិតភាព​របស់​ខ្លួន​ ជាពិសេស​ ការ​ប្រឈម​នឹង​ ​អស្ថិរភាព​និង​​បញ្ហាសង្គ្រាម​​​។​​​

រីឯ​​ក្រុម​អ្នកជំនាញ​វិញ​ បាន​​វាយតម្លៃ​​ថា បើ​ក្មេងស្រី​នៅ​លើ​លោក ពុំ​​បាន​ទទួលការអប់រំ​​ទេ​​នោះ ​ពួក​គេ​អាច​ប្រឈម​​នឹង​គ្រោះថ្នាក់​មួយ​ចំនួន ​ដូចជា​រៀបការ​នៅ​មុន​អាយុ​ពេញ​វ័យ ​ឬ​ក៏​​សុខភាពពុំ​ល្អ​ ឬ ​​ក៏​អត់​​ការងារ​ធ្វើ ​​និង​ភាព​​​ក្រីក្រ​ជាដើម​។ ក្រុម​អ្នក​ជំនាញ​ បាន​បន្ត​​​ទៀត​ថា ​ក្មេង​ស្រី​​ជាង ១៣០​លាន​នាក់​នៅ​លើ​លោក ដែល​ភាគ​ច្រើន​​​រស់​នៅ​ក្នុង​តំបន់​អសន្តិសុខ​ ​ដោយសារ​សង្គ្រាម​ឬ​ក៏​ដោយ​សារ​តែ​ភាពក្រីក្រ​ខ្លាំង​ ពុំ​បាន​​ចូលសាលា​​រៀន​ទេ​ ដែលជា​​មួលហេតុមួយដ៏​​​​ចម្បង​​​​​នៅ​ក្នុង​​​ការ​ខាត​បង់​​ប្រាក់​ចំណូល​​ប្រមាណ​ជាង ៣០​ពាន់​លាន​ដុល្លារ។

ចំពោះប្រធានាធិបតីបារាំង​“ការ​សិក្សា គឺ​ជា​​វិនិយោគ​មួយ​ដ៏​សំខាន់​បំផុតមួយ​ ហើយបើ​មនុស្ស​គ្រប់រូប ពុំ​បាន​ទទួល​ការអប់រំ​ត្រឹមត្រូវ​​នោះទេ នោះពិភពលោក​​ ​ក៏​ត្រូវ​​ប្រុង​ប្រៀប​​ឲ្យ​ហើយទៅ នៅ​ក្នុងការ​​ប្រឈម​​​នឹងគ្រោះ​​​មហន្តរាយ​នានា ។​ ​លោកប្រធានាធិបតីបារាំង​ បាន​សង្កត់ពាក្យទៀតថា ៖​ ការ​អប់រំណា​​ដែល​មាន​គុណភាព ត្រូវតែ​ដាក់​បញ្ចូល​នៅ​ក្នុង​បទដ្ឋាន​​វប្បធម៌​​និង​សង្គម ​ដើម្បី​ដោះស្រាយ​នៅ​លើ​បញ្ហា​វិសមភាព​រវាង​ភេទ។​

គួរបញ្ជាក់ថា ការ​ធានា​ឲ្យ​មនុស្ស​រាល់​រូប បាន​ទទួល​ការ​អប់រំ​ប្រកប​ដោយ​គុណភាព​នេះ គឺ​ជា​គោលដៅ​មួយ​​​​ក្នុង​ចំណោមគោលដៅទាំង​១៧​របស់​ពិភពលោក​ ដែល​ត្រូវ​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​កាលពី ៣ ឆ្នាំ​មុន ដោយ​បណ្តា​រដ្ឋ​សមាជិក​របស់ អ.ស.ប. ក្នុងការ​​​លុបបំបាត់​​បញ្ហា​ធំៗ​​ ដូចជា​ភាព​ក្រីក្រ​និង​វិសមភាពជាដើម​​ ចាប់ពី​អំណឹះតទៅ​រហូតដល់​ឆ្នាំ​២០៣០​ខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ