អានតួអត្ថបទ
បារាំង-ភេរវកម្ម

ប៉ូលិស​បាន​បាញ់សម្លាប់ភេរវជន​សម្លាប់​មនុស្ស នៅ​ផ្សារ ណូអែល ក្រុង​ស្ត្រាសបួរ

បន្ទាប់ពី​តាម​ប្រមាញ់ អស់​ពីរ​ថ្ងៃ ប៉ូលិស​បារាំង​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ បាន​បាញ់​សម្លាប់​ខ្មាន់កាំភ្លើង ដែល​បាន​ភេរវកម្ម​សម្លាប់​មនុស្ស នៅ​ភាគខាងកើត​បារាំង។ នៅក្នុង​សន្និសីទ កាសែត នៅថ្ងៃ​សុក្រ រដ្ឋអាជ្ញា​បារាំង លោក​Rémy Heitz បាន​អះអាងបន្ថែម​ថា ប៉ូលិស​បាន​ចាប់ឃុំខ្លួន​មនុស្ស​ពីរនាក់ បន្ថែមទៀត ដែល​ជិតស្និទ្ធ​នឹង​ជនដៃដល់ Chérif Chekatt ដែល​បាន​បាញ់​សម្លាប់​មនុស្ស​៣នាក់ នៅ​ផ្សារណូអែល កាលពី​យប់​ថ្ងៃ អង្គារ​កន្លងទៅ។ 

Investigators work on the street during a police operation during which the suspected gunman, Cherif Chekatt, who killed three people at a Christmas market in Strasbourg, was killed, in the Meinau district in Strasbourg, France, December 13, 2018. REUTERS/
Investigators work on the street during a police operation during which the suspected gunman, Cherif Chekatt, who killed three people at a Christmas market in Strasbourg, was killed, in the Meinau district in Strasbourg, France, December 13, 2018. REUTERS/ © REUTERS/Christian Hartmann .
ផ្សាយពាណិជ្ជកម្ម

ភេរវជន Chérif Chekatt ដែល​បាន​បាញ់​សម្លាប់​មនុស្ស ៣នាក់ និង​ធ្វើ​ឲ្យ​របួស​មនុស្ស​១៣នាក់ នៅ​ផ្សារណូអែល នៅភាគខាងកើត​ប្រទេស​បារាំង ត្រូវ​បាន​ប៉ូលិស បាញ់​សម្លាប់ នៅក្នុង​ហេតុការណ៍​បាញ់​តទល់គ្នា មួយ នៅ​ភាគខាងត្បូង​ទីក្រុង​ស្រា្តសបួរ ជាទី ដែល​គេ​ឃើញ​ដាន​ចុងក្រោយ​របស់​ឧក្រិដ្ឋជនរូបនេះ។ ចាប់តាំង​ពី​កើតមាន ភេរវកម្ម នៅ យប់​ថ្ងៃ​អង្គារ ប៉ូលិស​បារាំង ស្វ៊ីស និង​អាល្លឺម៉ង់ ជាង ៧០០​នាក់ បាន​រួមគ្នា ស្វែងតាម​រកចាប់​ភេរវជន។ តាម​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​បារាំង ដោយ​មាន​ជំនួយ​ផ្តល់ព័ត៌មាន​ពី​សាក្សី​រាប់រយនាក់ ​ប៉ូលិស​ល្បាត​បារាំង បាន​ប្រទះ​ឃើញ ជនសង្ស័យ កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍។

តាម​រដ្ឋអាជ្ញា​ក្រុង​ប៉ារីស លោក​Rémy Heitz រហូត​មកដល់​ថ្ងៃ​ព្រហស្បតិ៍ ប៉ូលិស​បាន​ចាប់ឃុំខ្លួន​ មនុស្ស ៧នាក់ ដែលនៅក្នុង​នោះ មាន​ឪពុកម្តាយ និង​បងប្អូន​របស់​ភេរវជន ចំនួន ៤នាក់ ដើម្បី​ស៊ើបអង្កេត កំណត់​រកមុខ​របស់​អ្នកផ្សំគំនិត អ្នកលើកទឹកចិត្ត ឬ​អ្នកចូលរួម​រៀបចំ​ផែនការ​ធ្វើ​ភេរវកម្ម កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​ផ្សារណូអែល នៅទីក្រុង​ស្ត្រាសបួរ។នៅ​ថ្ងៃ​ពុធ ក្រុម​តាមដាន ចលនា​ភេរវនិយម នៅលើ​បណ្តាញ​សង្គម បាន​ដកស្រង់​សេចក្តីថ្លែងការណ៍​របស់​វិបសៃតិ៍ ឃោសនា​របស់​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ដែល​បាន​អះអាងថា Cherif Chekatt ខ្មាន់កាំភ្លើង​ដែល​បាន​បាញ់សម្លាប់មនុស្ស​នៅ​ផ្សារណូអែល គឺជា​ទាហាន​របស់​ក្រុមខ្លួន។

ធ្លាប់​ត្រូវ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​សម្រាប់​បទល្មើស ចំនួន ២៧ នៅក្នុង​ប្រទេស​បារាំង អាល្លឺម៉ង់ ហើយ​និង​ស្វ៊ីស ឧក្រិដ្ឋជន Cherif Chekatt ស្ថិតនៅក្នុង​បញ្ជី​S បញ្ជី​ភេរវជន របស់​ប៉ូលិស​ប្រឆាំង​ភេរវកម្មបារាំង។ គេ​ជឿថា Cherif Chekatt ដែល​បាន​បាញ់សម្លាប់មនុស្ស​ដោយឈាម​ត្រជាក់ បាន​លង់ខ្លួន ជឿ​មនោគមវិជ្ជា​របស់​ក្រុមអ៊ីស្លាម​ភេរវនិយម នៅក្នុង​អំឡុងពេល ជាប់​ពន្ធនាគារ។ តាម​ប្រភពស្និទ្ធ​នឹង​ក្រុមស៊ើបអង្កេត​បារាំង តាំងតែចេញ ពី​ពន្ធនាគារ  Cherif Chekatt ត្រូវ​បាន​ប៉ូលិស​តាម​ដានរហូត។ ជាក់ស្តែង នៅថ្ងៃ អង្គារ នៅ ប៉ុន្មាន​ម៉ោង មុន​ធ្វើ​សកម្មភាព ភេរវកម្ម Cherif Chekatt តាមពិតទៅ ត្រូវ​បាន​ប៉ូលិស កោះហៅ​ឲ្យ​ចូល​ខ្លួន សម្រាប់​ការស៊ើបអង្កេត មួយផ្សេងទៀត ប៉ុន្តែ  Cherif Chekatt បាន​រត់គេចខ្លួន និង​ទៅ​បាញ់​រះ​សម្លាប់​មនុស្ស នៅ​ផ្សារណូអែល នៅ​ស្ត្រាសបួរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ