អានតួអត្ថបទ

Brexit ៖ នាយករដ្ឋមន្ត្រីអង់គ្លេស​បដិសេធ​សេណារីយោ​​ធ្វើ​ប្រជាមតិ​ជាលើក​ទីពីរ

ថ្លែង​ទៅកាន់​សភា​ជា​ថ្មី​នៅរសៀល​​ថ្ងៃចន្ទ​នេះ លោកស្រីនាយក​រដ្ឋមន្ត្រី​អង់គ្លេស តេរ៉េហ្សា ម៉េ (Theresa May) បាន​បញ្ជាក់​ជា​ថ្មី​ ថានឹង “គ្មាន​ទេ ការ​រៀប​ចំ​ប្រជាមតិ​ស្តី​អំពី​BREXITជា​លើក​ទី​ពីរ !” គំនិត​ផ្តួច​ផ្តើម​នេះ​មិន​អាច​សម្រេច​ទៅ​បាន​ឡើយ​ ព្រោះ​វា​នឹង​ធ្វើ​ឱ្យប្រជាពលរដ្ឋ​អង់គ្លេស​បាត់​បង់​ទំនុក​ចិត្ត។

លោកស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស Theresa May នៅ​ចំពោះ​មុខ​សមាជិក​សភា ថ្ងៃទី ៤ ធ្នូ ២០១៨
លោកស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស Theresa May នៅ​ចំពោះ​មុខ​សមាជិក​សភា ថ្ងៃទី ៤ ធ្នូ ២០១៨ HO / AFP / PRU
ផ្សាយពាណិជ្ជកម្ម

ដោយ​ឃើញការ​ចរចា​រវាង​រដ្ឋាភិបាល​អង់គ្លេស​និង​អឺរ៉ុប ត្រូវ​ជាប់​គាំង ដោយឃើញ​​ពេល​វេលា​កាន់​តែ​ខើច ​​ដោយ​ឃើញ​សេណារីយោ​អង់គ្លេស​ដើរ​ចេញ​ពី​អឺរ៉ុបទាំង​​គ្មាន​កិច្ចព្រមព្រៀង(ដែល​ជា​ទី​​​ព្រួយ​បារម្ភសម្រាប់​​​អ្នក​សេដ្ឋកិច្ច)​នោះ មាន​រដ្ឋមន្ត្រី​ ក្នុង​ជួរ​រដ្ឋាភិបាល​លោកស្រី ម៉េ ​ជា​ច្រើន​រូប​ បាន​ព្រលយ កាលពី​ថ្ងៃ​សៅរ៍ ​អំពី​លទ្ធភាព​នៃ​ការ​រៀប​ចំ​ប្រជាមតិ​ស្តីអំពី​Brexit ជា​លើក​ទីពីរ។ នេះ​បើ​គេ​ជឿ​​តាម​សារព័ត៌មាន​Times។ អតីត​នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោក តូនី ប្លែរ ក៏​បាន​ចេញ​មុខ​ទាមទារ​ឱ្យមាន​ការ​​រៀប​ចំ​ប្រជាមតិឡើង​វិញ​ដែរ រហូតមាន​ការ​តតាំង​​សំដី​ជា​សាធារណៈ​​ជាមួយលោក​ស្រី​ ម៉េ ផង កាលពី​ថ្ងៃអាទិត្យ។​​ ​

ប៉ុន្តែ​នៅ​ថ្ងៃ​នេះ ដើម្បី​បំបិទ​ពាក្យ​ចចាម​អារាម លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អង់គ្លេស​ បាន​ចេញ​មុខ​បដិសេធ​​ ​ជា​ផ្លូវការ​​​ នៅ​ចំពោះ​មុខ​រដ្ឋ​សភាតែ​ម្តង។ សម្រាប់​លោកស្រី ធ្វើ​ប្រជាមតិ​ជា​លើក​ទីពីរ គឺ​ប្រៀប​ដូច ជីករូង​​បំបែក​អង់គ្លេស​ឱ្យ​កាន់​តែ​ប្រេះ​ឆាគ្នា និង​​ជា​ទង្វើ​ក្បត់​នឹង​សេចក្តី​សម្រេច​របស់​ប្រជាពលរដ្ឋ​អង់គ្លេស ដែល​បាន​បោះឆ្នោត​ដើរ​ចេញ​ពី​សហភាព​អឺរ៉ុប​កាលពី​ខែ​មិថុនា​២០១៦។

“កុំ​បំបែក​ទំនុក​ចិត្ត​ពលរដ្ឋ​អង់គ្លេស​ ដោយ​សាកល្បង​រៀប​ចំ​ប្រជាមតិ​ជា​ថ្មី ! ការ​បោះឆ្នោត​ថ្មី នឹង​បង្ក​ឱ្យ​មានផល​ខូចខាត​ដល់​នយោបាយ​ទាំង​មូល​ដែល​មិន​អាច​ស្តារ​បានឡើយ ព្រោះ​វា​ដូច​ជា​ទៅ​ដាស់​ប្រាប់​ពលរដ្ឋ​ ថាលើ​លទ្ធិប្រជាធិបតេយ្យ​ដែលអង់គ្លេស​​ជឿជាក់​ ​លែង​ដំណើរ​ការ​ហើយដូច្នេះ !” នេះ​ជាប្រសាសន៍​របស់​លោកស្រី ម៉េ ​ថ្លែង​​​ទៅ​កាន់អង្គ​សភា ដែល​មាន​​សមាជិក​​​កាន់​តែ​ច្រើនឡើងៗ ងាក​ជំហរ​ចង់​រៀប​ចំ​ប្រជាមតិ​ស្តីអំពី​Brexit ជាថ្មី​ដែរ ព្រោះ​មិន​ពេញ​ចិត្ត​នឹង​កិច្ចព្រមព្រៀង​Brexitសម្រេច​បាន​កាលពី​ខែ​វិច្ឆិកា។

ក្នុង​សុន្ទរកថា​នេះ លោកស្រី​នាយករដ្ឋមន្ត្រី​ក៏​បាន​ផ្តល់​កាលបរិច្ឆេទថ្មី នៃ​​ការ​​បោះឆ្នោត​អនុម័ត​កិច្ចព្រមព្រៀងជាមួយ​អឺរ៉ុប ដែល​លោកស្រី​បាន​សម្រេច​លើក​ពេល​​កាលពី​សប្តាហ៍​មុន។ ​រដ្ឋ​សភានឹង​ធ្វើ​ការ​​​បោះឆ្នោត​​លើ​កិច្ចព្រមព្រៀង​Brexit ដែល​រដ្ឋាភិបាល​សម្រេច​បាន នៅ​សប្តាហ៍​ទីពីរ​នៃ​ខែ​មករា មិនមែន​នៅ​មុន​ដំណាច់​ឆ្នាំ​ដូច​អ្វី​ដែល​បក្ស​ប្រឆាំង​ទាមទារ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ