អានតួអត្ថបទ

ការប្រកួត​​បាល់ទាត់​​ស្ត្រី​​ពិភពលោក ចាប់បើក​​ជាមួយ​​នឹង​​ក្តី​សង្ឃឹម​​ខ្លាំង​​របស់​​បារាំង

ការ​ប្រកួត​បាល់ទាត់​ស្ត្រី​ដណ្តើម​ពាន​រង្វាន់​ពិភពលោក ឆ្នាំ ២០១៩ ​ត្រូវ​ចាប់​បើក​ធ្វើ​នៅ​ថ្ងៃ​ទី ៧ មិថុនា រហូត​ដល់​ថ្ងៃ​ទី ៧ កក្កដា នៅ​ប្រទេស​បារាំង។ ជា​សរុប​មាន​ប្រទេស​ចំនួន ២៤​ បាន​មក​ចូល​​ប្រកួត​កីឡា​ខ្នាត​អន្តរជាតិ ដែល​រៀប​ចំ​ធ្វើ​ជា​រៀង​រាល់​បួន​ឆ្នាំ​ម្តង។ ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ ក្រុម​កីឡាបាល់ទាត់​ស្ត្រី​បារាំង ត្រូវ​ប្រកួត​បើក​កម្មវិធី ជាមួយ​ក្រុមកីឡាករ​ប្រទេស​កូរ៉េខាង​ត្បូង នៅ​វេលា​ម៉ោង​៩​ល្ងាច​ម៉ោង​នៅ​ប្រទេស​បារាំង។ បារាំង​​សង្ឃឹម​ជា​ពិសេស​នៅ​លើក​នេះ ថា​នឹង​ដណ្តើម​បាន​ពាន​រង្វាន់​ជា​ជើង​ឯកពិភពលោក​​ជា​លើក​ដំបូង​។

ក្រុម​កីឡាការិនី​បាល់ទាត់​បារាំង
ក្រុម​កីឡាការិនី​បាល់ទាត់​បារាំង FRANCK FIFE / AFP
ផ្សាយពាណិជ្ជកម្ម

ក្រុមកីឡាបាល់ទាត់​ស្ត្រី​បារាំង ពុំ​ទាន់​បាន​​ចារ​ក្នុង​ប្រវត្តិ​បាល់ទាត់​ជាជើងឯកទេ ! កីឡាការិនី​បារាំង​ ​បានត្រឹម​​ឆ្លង​រួច​ដល់​​ដំណាក់កាល​មួយ​ភាគ​៨ ចំនួន​បី​ដង​ ក្នុង​ការ​ប្រកួត​ធំៗ​បី​លើក​ចុងក្រោយ និង​បាន​ឡើង​ដល់​ពាក់កណ្តាល​ផ្តាច់​ព័ត្រ​ម្តង​កាលពីសម័យ​ប្រកួត​បាល់ទាត់​ស្ត្រី​ពិភពលោក​​ឆ្នាំ​២០១១។ កន្លង​មក និង​តាំងពី​ឆ្នាំ​១៩៩១​មក ក្រុមកីឡាការិនី​បាល់ទាត់​បារាំង មិន​ដែល​ប្រកួត​ឈ្នះ​ក្នុង​ដំណាក់​កាល​មួយភាគ​បួន​ទេ។

ប៉ុន្តែនៅ​លើក​នេះ ក្រុម​បារាំង ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុម​កីឡាការិនី​៥​ប្រទេស​ដែល​មាន​ប្រជាប្រិយភាព​ខ្ពស់​ជាង​គេ (បារាំង-សហរដ្ឋ​អាមេរិក-ជប៉ុន-អង់គ្លេស និង​អាល្លឺម៉ង់)។ ម្យ៉ាង​ទៀត ការ​ប្រកួត​នៅ​ក្នុង​ទឹក​ដី​​របស់​ខ្លួន អាច​ជា​ការ​ផ្តល់​សំណាង និង​លើក​ទឹក​ចិត្ត​ខ្លាំង​ដល់​ក្រុមកីឡាការិនី។ ការ​ប្រកួត​បាល់ទាត់​អឺរ៉ុប​ឆ្នាំ​១៩៨៤ បាល់ទាត់​ពិភពលោក ឆ្នាំ​១៩៩៨ រៀប​ចំធ្វើ​បារាំង សុទ្ធ​តែ​បាននាំ​បារាំង​ឱ្យ​ក្លាយ​ជា​ជើង​ឯក​ទាំង​អស់។ បើ​ដូច្នេះនៅ​លើក​នេះ ​ក្រុមកីឡាបាល់ទាត់​ស្ត្រី​បារាំង នឹង​អាច​មាន​សំណាង​ក្លាយ​ជា​ជើង​ឯក​​ទទួល​ពាន​រង្វាន់​ពិភពលោក​ជា​លើកទី​​មួយ ដូច​អ្វី​ដែល​ក្រុមកីឡាបាល់ទាត់​បុរស​ធ្លាប់​សម្រេច​បាន​កាលពី​ឆ្នាំ​១៩៩៨ឬ ?! ក្រុមកីឡាការិនី​បាល់ទាត់​បារាំង​ កំពុង​ស្រមៃ និង​បានបង្ហាញ​មហិច្ឆតា​ដណ្តើម​ ​​យក​ជ័យ​ជំនះនៅ​លើក​នេះ​​​ខ្លាំងណាស់។

យ៉ាងណាក៏​ដោយ ក៏​ក្រុមកីឡាការិនី​បាល់ទាត់​បារាំង​អាច​សង្ឃឹមនិង​មានមោទនភាពបាន ព្រោះ​ការ​រៀប​ចំ​ប្រកួត​បាល់ទាត់​ពិភពលោក​ស្ត្រី នៅ​ក្នុង​ប្រទេស​បារាំង​នេះ ​មាន​ទម្រង់​និង​សណ្ឋាន​ ជា​លើក​ទី​មួយ ប្រហាក់ប្រហែល​នឹង​កា​រប្រកួត​បាល់ទាត់​ពិភពលោក​បុរស​។

​នេះ​ជា​លើក​ទី​មួយ​ដែល​បារាំង​ទទួល​រៀប​ចំ​​ការ​ប្រកួត​បាល់ទាត់​ស្ត្រី​ពិភពលោក​ ! និង​ជា​លើក​ទី​៦​ដែល​បារាំង​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​កំរិត​អន្តរជាតិ​។ ៥​លើក​មុន​ ​សុទ្ធ​តែ​ជា​​ការ​ប្រកួត​បាល់ទាត់​បុរសទាំង​អស់ ! (លើកទី​មួយ នៅ​ឆ្នាំ​១៩៣៨​ ទីពីរទីបី​​ជាការ​ប្រកួត​បាល់ទាត់​អឺរ៉ុប​ឆ្នាំ​១៩៦០ និង​១៩៨៤ លើក​ទីបួន​នៅ​ឆ្នាំ​១៩៩៨ ជា​ការ​ប្រកួត​បាល់ទាត់ពិភពលោក និង​បាល់ទាត់អឺរ៉ុប​នៅ​ឆ្នាំ​២០១៦)៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ